ប្រតិភូពាណិជ្ជកម្មជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានជួបពិភាក្សាជាមួយនឹងរដ្ឋាភិបាលកម្ពុជាដើម្បីពង្រីកពាណិជ្ជកម្មនិងការវិនិយោគទុនរវាងប្រទេសទាំងពីរក្នុងនោះរួមមានការលើកទឹកចិត្តឱ្យអ្នកវិនិយោគទុនកម្ពុជាមកធ្វើវិនិយោគទុននៅសហរដ្ឋអាមេរិកផងដែរ។
លោកស្រីខែតលីន សាន់ទីលឡូ នាយកគ្រប់គ្រងថ្នាក់តំបន់នៃក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិកនិងអាស៊ានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃសុក្រថា៖
«យើងមានការលើកទឹកចិត្តដោយសារផែនការដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសបន្ថែមទៀត។ កិច្ចពិភាក្សារបស់យើងជាមួយនឹងរដ្ឋាភិបាលផ្តល់នូវព័ត៌មានជាច្រើនជាពិសេសទាក់ទងនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម។ ក្រុមប្រឹក្សានេះមានចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់ជំនាញនិងភាពជាដៃគូដើម្បីគាំទ្រការរីកចម្រើនក្នុងពេលអនាគតរបស់កម្ពុជានិងបង្កើតឱកាសបន្ថែមទៀតសម្រាប់កម្ពុជានិងសហរដ្ឋអាមេរិក»។
មានតំណាងក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកចំនួន៨ក្នុងនោះមានក្រុមហ៊ុន Bechtel កូកាកូឡា កូនូកូហ្វីលីព អ៊ិកសនម៉ូប៊ីល ហ្វដGeneral Electric RMA Group និង វីសា បានជួបជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោកសុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាដទៃទៀតក្នុងនោះមានរដ្ឋមន្ត្រីពាណិជ្ជកម្មស៊ុន ចាន់ថុល ផងដែរ។
លោកផៃ ស៊ីផានរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់វីអូអេក្រោយពីជំនួបរវាងលោកសុខ អាន ជាមួយនឹងប្រតិភូធុរកិច្ចជនអាមេរិកថាកម្ពុជាមានចំណាប់អារម្មណ៍នឹងការបើកចំហរទីផ្សារសហរដ្ឋអាមេរិកសម្រាប់វិនិយោគិនកម្ពុជាដែលក្រុមប្រតិភូបានលើកឡើង។
លោកបន្ថែមថា៖
«ដូច្នេះការស្វាគមន៍ ការលើកទឹកចិត្តឱ្យពាណិជ្ជករកម្ពុជាទៅបណ្តាក់ទុនរកស៊ីនៅសហរដ្ឋអាមេរិកក៏បង្ហាញ អំពីមោទនភាពរបស់កម្ពុជា បង្ហាញពីសមត្ថភាពនៃពាណិជ្ជករកម្ពុជាដែលអាចបើកចំហរជើងមេឃទៅបណ្តាក់ទុននៅកន្លែងនោះដែរដូច្នេះនេះជាការរីកចម្រើនរបស់កម្ពុជា»។
លោកផៃ ស៊ីផានបានបន្ថែមថាសក្តានុពលដែលកម្ពុជាមានក្នុងការទៅវិនិយោគនិងនាំផលិតផលទៅសហរដ្ឋអាមេរិកគឺផលិតផលកសិកម្ម។
ពេលបច្ចុប្បន្ននេះកម្ពុជាត្រូវខ្ចីដៃរបស់វៀតណាមនិងថៃដើម្បីវាយតម្លៃគុណភាពមុននឹងនាំទៅ សហរដ្ឋអាមេរិកព្រោះនៅទីនោះអាមេរិកមានដាក់ការិយាល័យតំណាងទីភ្នាក់ងារម្អូបអាហារនិងថ្នាំពេទ្យ (FDA)។ នេះបើតាមការបញ្ជាក់របស់លោកផៃ ស៊ីផាន។
«ឥឡូវនេះយើងប្រើការិយាល័យនៅប្រទេសវៀតណាម។ យើងប្រើការិយាល័យនៅ ប្រទេសថៃដោយសារអីវ៉ាន់ដែលយើងមានដូចជាត្រីសាច់ អ្វីៗទាំងអស់ជាផលិតផលកសិកម្មហ្នឹងត្រូវតែលក់ទៅឱ្យវៀតណាមដើម្បីវៀតណាមនិងថៃវេចខ្ចប់ដោយសារគេទាំងអស់ហ្នឹងមានការិយាល័យដែលមកពីស្រុកអាមេរិក។ នៅ កម្ពុជាយើងមាន FDA មកពី EU សហភាពអឺរ៉ុប របស់ចិនក៏មាននៅ កន្លែងយើងដែរ ដូច្នេះយើងនៅ ខ្វះតែសហរដ្ឋអាមេរិក»។
ក្នុងអំឡុងពេលទស្សនកិច្ចនោះ ប្រតិភូសហរដ្ឋអាមេរិកក៏បានពិភាក្សាជាមួយនឹងរដ្ឋាភិបាលកម្ពុជាអំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសដ៏ក្រីក្រមួយនេះក្នុងការកែប្រែមុខមាត់ប្រទេសកម្ពុជា និងវិធីសាស្រ្តក្នុងការពង្រីកការពិភាក្សាជាមួយនឹងដៃគូពាក់ព័ន្ធក្នុងអំឡុងពេលនៃការតាក់តែងគោលនយោបាយផងដែរ។ ក្រុមបេសកកម្មនេះក៏ បានពិភាក្សាពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការដើម្បីជួយដល់ប្រទេសកម្ពុជាក្នុងការរៀបចំខ្លួនចូលក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានដែលនឹងចូលជាធរមាននៅចុងឆ្នាំ២០១៥៕