ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​វិទ្យាស្ថាន​ប៉ាស្ទ័រ៖ ការ​ធ្វើ​តេស្ត​សំណាក​រក​​ជំងឺ​កូវីដ​បន្ត​កើន​ឡើង ​ខណៈ​បារម្ភ​កង្វះ​សារធាតុ​ធ្វើ​តេស្ត​រក​វីរុសកូរ៉ូណា


រូបឯកសារ៖ រូបភាពបង្ហាញវីរុសកូរ៉ូណា (ពណ៌លឿង) ដែលបង្កជាជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ កូវីដ១៩។ (Niaid-RML/Handout via Reuters)
រូបឯកសារ៖ រូបភាពបង្ហាញវីរុសកូរ៉ូណា (ពណ៌លឿង) ដែលបង្កជាជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ កូវីដ១៩។ (Niaid-RML/Handout via Reuters)

មន្រ្តីវិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​លើក​ឡើង​ថា​ ​ការ​ធ្វើ​តេស្ត​សំណាក​ដើម្បី​រក​វីរុស​កូរ៉ូណា​ «ស្ថិត​ក្នុង​ភាព​អាច​ទប់​ទល់​បាន» ​ប៉ុន្តែ​ព្រួយ​បារម្ភ​អំពី​កំណើន​នៃ​ការ​ធ្វើ​តេស្ត​បន្ត​ទៀត ​ដែល​អាចខ្វះ​សារ​ធាតុ​ Reagent​ សម្រាប់​ធ្វើ​តេស្ត​រក​វីរុសកូរ៉ូណា។​

ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​អ្នក​សារ​ព័ត៌មាន​ លោក ដួង វាសនា​ អនុ​ប្រធាន​ផ្នែក​វីរុសាស្រ្ត​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ ​មាន​ប្រសាសន៍​ថា​ ក្រោយ​ពី​កម្ពុជា​សម្រេច​លើក​បម្រាម​ធ្វើ​ដំណើរ​ពី​ប្រទេស​ចំនួន ​៦​ ចូល​កម្ពុជា​ ការ​ធ្វើ​តេស្ត​សំណាក​ក​វីរុស​កូរ៉ូណា​កើន​ឡើង​ ដោយសារ​អ្នក​ធ្វើ​ដំណើរ​ទាំង​អស់​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​ជំងឺ​កូវីដ។

លោក​មាន​ប្រសាសន៍​ថា៖​ «ហើយ​អាហ្នឹង​ជា​វិធានការ​មួយ​ល្អ​ដែល​ក្រសួង​យើង​បាន​ដាក់ ​ដាក់​ឲ្យ​គាត់​ធ្វើ​តេស្ត​ហ្នឹង​ តែ​ផល​វិបាក​ គឺ​យើង​មាន​ចំនួន​ Sample​ (សំណាក)​ ច្រើន ​តែ​ជា​វិធានការ​មួយទប់​ស្កាត់ការ​នាំ​ចូល​វីរុស​ចូល​មក​នៅ​ក្នុង​ប្រទេស​យើង»។​

ចាប់​ពី​ពាក់​កណ្តាល​ខែ​ឧសភា​មក​ ប្រទេស​កម្ពុជា​បាន​សម្រេច​លើក​បម្រាម​ធ្វើ​ដំណើរ​ពី​ប្រទេស​ចំនួន​ ៦​ ​ចូល​កម្ពុជា ​រួម​មាន​សហ​រដ្ឋ​អាមេរិក ​បារាំង​ អាល្លឺម៉ង់​ អ៊ីតាលី ​អេស្ប៉ាញ​ និង​អ៊ីរ៉ង់។ ​

បើ​តាម​ទិន្នន័យ​របស់វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ ​កាល​ពី​សប្តាហ៍​មុន ​ការ​ធ្វើ​តេស្ត​សំណាក​ស្ថិត​ក្នុង​ចន្លោះ​ពី​ ១៥០ ​ទៅ ​២០០ ​សំណាក​ក្នុង​មួយ​ថ្ងៃ។​ ប៉ុន្តែ​លោក​ថា​ ​នៅ​សប្តាហ៍​នេះការ​ធ្វើ​តេស្តមាន​កំណើន​ខ្ពស់​ ​ដែល​ថ្ងៃ​ខ្លះ​មាន​ទៅ​ដល់​ជាង​ ៣០០ ​សំណាក។​

បើ​តាម​លោក​ ដួង វាសនា ​វិទ្យាស្ថាន​ប៉ាស្ទ័រមាន​សមត្ថភាព​ធ្វើ​តេស្តសំណាក​ទៅ​ដល់ ​៤០០ ​ក្នុង​មួយ​ថ្ងៃ ហើយបុគ្គលិក​វិទ្យាស្ថាន​ប៉ាស្ទ័រ​បំពេញ​ការងារ​ធ្វើ​តេស្ត​សំណាក​នេះ ​៧ ​ថ្ងៃ​ ពេញ​មួយ​សប្តាហ៍​ ​ប៉ុន្តែ​ការ​ធ្វើ​តេស្ត​មិន​អាច​ធ្វើ​ឡើង ២៤ ​ម៉ោង​លើ ​២៤ ​ម៉ោង​នោះ​ទេ។ ​

លោក​ក៏​មាន​ការ​ព្រួយ​បារម្ភថា​ ប្រសិន​បើ​មាន​ការ​ធ្វើ​តេស្ត​ច្រើន​ វា​អាចខ្វះ​សារធាតុ​ Reagent​ សម្រាប់​ធ្វើ​តេស្ត​រក​វីរុស​នេះ​ ហើយ​សារធាតុនេះ​ត្រូវ​បញ្ជា​ទិញ​ពី​ក្រៅ​ប្រទេស។ ​

«យើង​បាន​គ្រោង​ទុក​ជា​មុន​ហើយ។​ យើង​បាន​កម្មង់​ទិញ​ច្រើន​ហើយ។ ​ប៉ុន្តែ​ដោយសារ​មាន​តម្រូវ​ការ​ខ្ពស់ ​អ៊ីចឹង​អ្នក​ផលិត​ហ្នឹងមិន​អាច​ផ្គត់​ផ្គង់​ឲ្យ​បាន​ទាន់​ពេល​វេលា​ទេ។ ​អ៊ីចឹងអាហ្នឹង​ វា​អាច​ជា​បញ្ហា​មួយ​ដែល​យើង​ជួប​ប្រទះ ដោយសារ​តែ​កង្វះ ​[សារធាតុ] ​Reagent»។

បើ​តាម​ទិន្នន័យ​របស់​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ ចាប់​តាំង​ពី​ថ្ងៃ​ទី​ ២២ ​ខែ​មករា ​ដល់​ថ្ងៃ​ទី​៤ ​ខែ​មិថុនា ​ វិទ្យាស្ថាននេះ​បាន​ធ្វើ​តេស្ត​មនុស្ស​ចំនួន ​១៣.​៨៧០​ នាក់ ​ដែល​ក្នុង​នោះ​មាន​អ្នក​ធ្វើ​ដំណើរ​តាម​កប៉ាល់​ទេសចរណ៍​ Westerdam និង​ Dream World​ ផង​ដែរ។ ​មនុស្សចំនួន​ជាង​ ១៣.០០០​ នាក់​នេះ​ស្មើ​នឹង​សំណាក​ចំនួន ​១៦.៥០៦ ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​ ដោយ​សារ​មនុស្ស​ម្នាក់​អាច​ទទួល​តេស្ត​លើស​ពី ​២​ ​ដើម្បី​រក​ជំងឺ​នេះ​ ​ហើយ​រាល់​ការ​ធ្វើ​តេស្ត​វិជ្ជមាន​ត្រូវ​ធ្វើ​ឡើង​យ៉ាង​តិច​ ២​ ដង​ ដើម្បី​បញ្ជាក់​ថា​ ត្រឹម​ត្រូវ។​

រហូត​មក​ពេល​នេះ​ ប្រទេស​កម្ពុជា​បាន​រាយ​ការណ៍​ថា​ ករណី​ឆ្លង​កូវីដ​១៩ ​សរុប​ក្នុង​ប្រទេស​មាន​ចំនួន​ ១២៥ ​នាក់ ​ដែល​ក្នុង​នេះ​ ១២៣​ នាក់​បាន​ជា​សះ​ស្បើយ ​ហើយ​មិន​មាន​របាយ​ការណ៍​អំពីមនុស្ស​ស្លាប់​ដោយសារ​ជំងឺ​នេះ​ទេ៕

XS
SM
MD
LG