មន្រ្តីនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមឲ្យដឹងថា ការបរិច្ចាគឈាមពីអ្នកស្ម័គ្រចិត្ត ធ្លាក់ចុះនៅក្នុងអំឡុងនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដែលធ្វើឲ្យឈាមក្នុងស្តុកប្រឈមកង្វះខាត។
លោក លី សុវិត្យ អនុប្រធាននៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៅកម្ពុជា ប្រាប់VOAនៅថ្ងៃច័ន្ទនេះថា កង្វះខាតឈាមនេះគឺដោយសារមានការបារម្ភពីសុវត្ថិភាពក្នុងការផ្តល់ឈាមក្នុងចំណោមអ្នកស្ម័គ្រចិត្ត និងការផ្អាកយុទ្ធនាការប្រមូលឈាមដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
លោកមានប្រសាសន៍ថា៖ «អ៊ីចឹងនៅក្នុងរដូវកូវីដហ្នឹង ចាប់ពីដើមឆ្នាំ២០២០ ចុងឆ្នាំ២០១៩អត្រាអ្នកផ្តល់ឈាមដោយស្ម័គ្រចិត្ត ដោយមិនគិតកម្រៃ គឺធ្លាក់ចុះតែម្តង ដោយសារតែយើងមិនបានចេញទៅប្រមូលឈាមនៅតាមក្រសួងស្ថាប័ននានាខាងក្រុមហ៊ុនឯកជនមួយចំនួន គឺយើងមិនបានធ្វើblood drive [យុទ្ធនាការរៀបចំដើម្បីប្រមូលឈាមពីអ្នកស្ម័គ្រចិត្ត]»។
មជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជាទទួលបានឈាមពីអ្នកស្ម័គ្រចិត្ត ដោយមិនគិតកម្រៃ តាមរយៈយុទ្ធនាការរៀបចំដើម្បីប្រមូលឈាមពីអ្នកស្ម័គ្រចិត្តតាមស្ថាប័នរដ្ឋនិងឯកជននានា។ ប៉ុន្តែការរក្សាគម្លាតពីគ្នា និងការមិនចេញពីផ្ទះធ្វើឲ្យការផ្តល់ឈាមនេះធ្លាក់ចុះ។
ជាមធ្យម មជ្ឈមណ្ឌលទទួលឈាមបានពីអ្នកស្ម័គ្រចិត្តទាំងនេះប្រមាណ២៥០ប្លោកក្នុងមួយថ្ងៃ នៅមុនការរាតត្បាតនៃជំងឺកូវីដ១៩ ដែលស្មើប្រមាណ២០ភាគរយនៃឈាមក្នុងស្តុក។
ប៉ុន្តែលោក លី សុវិត្យ លើកឡើងថា នៅពេលនេះ ចំនួននេះធ្លាក់ចុះទាបជាង២០ភាគរយ ដែលនាំឲ្យមានការព្រួយបារម្ភ។លោកថា មជ្ឈមណ្ឌលនេះត្រូវការយ៉ាងហោចណាស់ ៥០ភាគរយនៃឈាមក្នុងស្តុកគឺប្រហែល៦០០ប្លោកក្នុងមួយថ្ងៃ។
បច្ចុប្បន្ន ដើម្បីទទួលបានឈាមពីក្នុងស្តុក អ្នកជំងឺដែលត្រូវការការបញ្ចូលឈាមជាបន្ទាន់ ត្រូវពឹងផ្អែកលើអ្នកផ្តល់ឈាមជាលក្ខណៈក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភក្តិរបស់អ្នកជំងឺដែលត្រូវការឈាមបន្ទាន់។ ក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភក្តិ របស់អ្នកជំងឺត្រូវទៅបរិច្ចាគឈាមភ្លាមៗ ដើម្បីឲ្យអ្នកជំងឺទទួលបានឈាមពីស្តុក។
លោក សុវិត្យ អនុប្រធាននៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ឲ្យដឹងទៀតថា ជាមធ្យម អ្នកជំងឺម្នាក់ត្រូវការឈាមជាមធ្យមចំនួន៣ប្លោកឬ៥ប្លោកទៅតាមស្ថានភាពនៃជំងឺ។លោកថា ការទទួលឈាមគ្រប់គ្រាន់ពីអ្នកស្ម័គ្រចិត្ត អាចកាត់បន្ថយការជួញដូរឈាមខុសច្បាប់ដែលកើតមានកន្លងមក។
«អ្នកមានអាជីពជាអ្នកលក់ដូរឈាមហ្នឹងគឺយើងចាប់បានរាល់ថ្ងៃ។ យើងខំលុបបំបាត់ និងបង្កើនអ្នកស្ម័គ្រចិត្តនិងចាប់អ្នកលក់ដូរឈាមហ្នឹង ដើម្បីអប់រំធ្វើកិច្ចសន្យាឲ្យគាត់ឈប់រករបររកស៊ីរបៀបហ្នឹង»។
អ្នកនាង សុខ សូភៀច ដែលឪពុកកំពុងត្រូវការឈាមនិងកំពុងសម្រាកព្យាបាលជំងឺសួតនៅមន្ទីរពេទ្យមួយនៅទីក្រុងភ្នំពេញ មានប្រសាសន៍ថា កាលពីខែមករា អ្នកនាងទទួលបានជំនួយពីមិត្តភក្តិដែលមានកាតបញ្ជាក់ការផ្តល់ឈាមរបស់គេដែលអាចផ្តល់ដល់ឪពុករបស់នាងបានពីរប្លោក។
តែក្រោយមក នៅខែឧសភា បើទោះជាអ្នកនាងបានបង្ហាញបណ្ណផ្តល់ឈាមរបស់មិត្តភក្តិ អត្តសញ្ញាណបណ្ណរបស់ម្ចាស់ឈាម និងលិខិតបញ្ជាក់ពីមន្ទីរពេទ្យក៏ដោយ ក៏អ្នកនាងថា មជ្ឈមណ្ឌលបញ្ជាក់ថា ខ្វះខាតឈាមក្នុងស្តុក។
អ្នកនាងថ្លែងថា៖ «ព្រោះយើងធ្លាប់មានបទពិសោធន៍ហ្នឹងមួយសារ… ឲ្យតែមានកាតហ្នឹង គឺងាយស្រួលរត់។ អ៊ីចឹងក៏ទាក់ទងមិត្តភក្តិ ពួកម៉ាករបស់គាត់។ គាត់មានកាតមួយដែលគាត់បញ្ចូលបាន៣ដងបានន័យថា ៣ប្លោក។ គាត់បញ្ចូល[ឆ្នាំ] ២០១៩ដល់២០២០ បានន័យថា អត់ទាន់អស់សុពលភាពឆ្នាំទេ»។
អ្នកនាងបន្តថា៖ «គាត់ថាលើកមុនប្រើបានឥឡូវប្រើលែងបានហើយ ដោយសារតែឈាមអស់ស្តុកអ៊ីចឹងណា៎»។
អ្នកនាងបានឲ្យដឹងថាបុគ្គលិកនៅមជ្ឈមណ្ឌលជាតិបាន ណែនាំឲ្យអ្នកនាងរកអ្នកផ្តល់ឈាមមកផ្តល់ឈាមជំនួសវិញ។
«វាអាចថា ខាងមជ្ឈមណ្ឌលអស់ស្តុកមែនក៏ថាបានតែគ្រាន់តែថា វាត្រូវតែមានការបកស្រាយណាមួយព្រោះអីវាអាចធ្វើឲ្យម្ចាស់កាតខកចិត្តនៅពេលដូចករណីខ្ញុំអ៊ីចឹងភ្លាមៗគិតដល់ថា អ្នកកាន់កាត។ បើត្រូវការជួយបន្ទាន់អ៊ីចឹង យ៉ាងម៉េចវិញ?»
លោក លី សុវិត្យ ឲ្យដឹងថា ជំងឺ ខ្សោយតម្រងនោម និងទឹកនោមផ្អែម ដែលតម្រូវឲ្យមានការលាងឈាម គ្រោះថ្នាក់ចរាចរណ៍ ការវះកាត់បេះដូង ជំងឺមហារីក និងស្រ្តីឆ្លងទន្លេដែលជួបប្រទះនឹងភាពមិនប្រក្រតី ត្រូវការឈាមជាចាំបាច់។លោកបញ្ជាក់ថា ប្រភេទជំងឺនេះមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕