សេចក្តីស្នើច្បាប់ដើម្បីដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជា បានទៅដល់ព្រឹទ្ធសភាសហរដ្ឋអាមេរិកហើយ បន្ទាប់ពីសភាតំណាងរាស្រ្តបានអនុម័តកាលពីដើមសប្តាហ៍នេះ។ នេះបើតាមការជូនដំណឹងរបស់គេហទំព័រសភាជាតិនៅថ្ងៃព្រហស្បតិ៍នេះ។
សេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា (Cambodia Democracy Act) ឬHR-526 ត្រូវបានព្រឹទ្ធសភាទទួលយក និងអានពីរដង មុននឹងបញ្ជូនទៅគណៈកម្មាធិការទំនាក់ទំនងការបរទេសកាលពីល្ងាចថ្ងៃអង្គារទី១៦ខែកក្កដាដែលត្រូវជាព្រឹកថ្ងៃពុធម៉ោងនៅកម្ពុជា។
សេចក្តីស្នើច្បាប់ដែលមានការគាំទ្រទាំងពីរគណបក្សធំៗនៅក្នុងសភាតំណាងរាស្រ្តត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃច័ន្ទ(ម៉ោងនៅសហរដ្ឋអាមេរិកដែលត្រូវជាព្រឹកថ្ងៃអង្គារម៉ោងនៅប្រទេសកម្ពុជា) ហើយមានគោលបំណងដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលកម្ពុជា មន្ត្រីយោធា និងមន្ត្រីសន្តិសុខណា ដែលទទួលខុសត្រូវចំពោះការធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យនិងរំលោភសិទ្ធិមនុស្ស។ ទណ្ឌកម្មនោះមានការបង្កកទ្រព្យសម្បត្តិដែលពួកគេមាននៅសហរដ្ឋអាមេរិក ហាមឃាត់ទិដ្ឋាការមិនឱ្យចេញចូលសហរដ្ឋអាមេរិកនិងមិនឱ្យធ្វើជំនួញបានជាមួយនឹងសហរដ្ឋអាមេរិក។
លោកថេត យូហូ អ្នកតំណាងរាស្ត្រនៃគណបក្សសាធារណរដ្ឋដែលជាអ្នកស្នើច្បាប់នេះបានបញ្ជាក់ប្រាប់ VOA ថា៖
«នេះគឺជាជំហានមួយបង្ហាញថាសហរដ្ឋអាមេរិកជឿថាពលរដ្ឋកម្ពុជាគួរតែមានប្រជាធិបតេយ្យ។ វាគឺជាជំហានមួយឆ្ពោះទៅទិសដៅត្រឹមត្រូវដើម្បីដាក់ទណ្ឌកម្មលើមនុស្សដែលបដិសេធមិនឱ្យពួកគេមានប្រជាធិបតេយ្យដែលរាប់ពីលោកហ៊ុន សែនចុះក្រោមរហូតដល់ក្រុមឧត្តមសេនីយ៍របស់គាត់ដែលជាអ្នករារាំងសិទ្ធិសេរីភាពក្នុងការនិយាយស្តីនៅក្នុងប្រទេសនោះនិងការបោះឆ្នោតដោយត្រឹមត្រូវនិងបើកចំហរ»។
លោក អាឡាំង ឡូវឹនសល អ្នកតំណាងរាស្ត្រនៃគណបក្សប្រជាធិបតេយ្យដែលបានគាំទ្រច្បាប់នេះបានបញ្ជាក់ក្នុងបទសម្ភាសពិសេសជាមួយ VOA ថាទាំងរដ្ឋសភានិងព្រឹទ្ធសភាសហរដ្ឋអាមេរិកនិងលោកប្រធានាធិបតីបានចាប់អារម្មណ៍កាន់តែច្រើនក្នុងការឱ្យថ្នាក់ដឹកនាំកម្ពុជាទទួលខុសត្រូវចំពោះការសន្យាកន្លងមកដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
រដ្ឋាភិបាល រដ្ឋសភានិងព្រឹទ្ធសភាកម្ពុជាបានសម្តែងការសោកស្តាយដែលសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកអនុម័តច្បាប់នេះនិងបានស្នើឱ្យសហរដ្ឋអាមេរិកគិតគូដល់ការពង្រឹងទំនាក់ទំនងល្អរវាងរដ្ឋាភិបាលនិងពលរដ្ឋនៃប្រទេសទាំងពីរ។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាក់ថាខ្លួន «សម្តែងសេចក្តីសោកស្តាយយ៉ាងខ្លាំង»ដែលសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកអនុម័តសេចក្តីស្នើច្បាប់ H.R. 526 ដែលនេះជាការ «បង្ហាញឱ្យឃើញជាក់ស្តែងនូវការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រិត អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ»។
អ្នកនាំពាក្យព្រឹទ្ធសភានៃកម្ពុជាបានបន្ថែមទៀតថា៖
«ព្រឹទ្ធសភា សូមគាំទ្រការខិតខំរបស់ប្រជាជននិងប្រទេសទាំងពីរ កម្ពុជា-អាមេរិក ក្នុងការលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដោយផ្អែកលើផលប្រយោជន៍រួមនិងការគោរពគ្នាទៅវិញទៅមក»៕