កំណត់និពន្ធ៖ កាលពីថ្ងៃច័ន្ទ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានអនុម័តសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា។ សេចក្តីស្នើច្បាប់ដែលមានការគាំទ្រទំាងពីរគណបក្ស នឹងដាក់ទណ្ឌកម្មទិដ្ឋាការនិងបង្កកទ្រព្យសម្បត្តិលើមន្ត្រីរដ្ឋាភិបាលកម្ពុជានិងក្រុមយោធា ដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនិងរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ លោក ថេត យូហូ អ្នកតំណាងរាស្ត្រ ដែលបានស្នើច្បាប់នេះ បានផ្តល់សម្ភាសដល់ VOA។
VOA៖ នៅរសៀលនេះសភាតំណាងរាស្រ្តបានអនុម័តជាឯកច្ឆ័ន្ទនូវសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាដែលលោកបានស្នើឡើងកាលពីខែមករា តើក្តីសង្ឃឹមលើអនាគតនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានយ៉ាងណាដែរ?
Ted Yoho៖ នេះ គឺជាជំហានមួយបង្ហាញថាសហរដ្ឋអាមេរិកជឿថាពលរដ្ឋកម្ពុជាគួរតែមានប្រជាធិបតេយ្យ។ វាគឺជាជំហានមួយឆ្ពោះទៅទិសដៅត្រឹមត្រូវដើម្បីដាក់ទណ្ឌកម្មលើមនុស្សដែលបដិសេធមិនឱ្យពួកគេមានប្រជាធិបតេយ្យដែលរាប់ពីលោកហ៊ុន សែនចុះក្រោមរហូតដល់ក្រុមឧត្តមសេនីយ៍របស់គាត់ដែលជាអ្នករារាំងសិទ្ធិសេរីភាពក្នុងការនិយាយស្តីនៅក្នុងប្រទេសនោះនិងការបោះឆ្នោតដោយត្រឹមត្រូវនិងបើកចំហរ»។
VOA៖ សេចក្តីស្នើច្បាប់នេះក៏បានតម្រូវឱ្យដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិនិងហាមឃាត់ទិដ្ឋាការ ប៉ុន្តែទន្ទឹមគ្នានេះដែរមន្ត្រីកម្ពុជាខិតខំព្យាយាមបង្ហាញពីទិដ្ឋភាពមួយផ្សេងពីប្រទេសកម្ពុជា ដោយខិតខំជួបជាមួយនឹងអ្នកតំណាងរាស្រ្តខ្លះ ដែលក្នុងនោះមានលោកតំណាងរាស្រ្តផងដែរ។ ប៉ុន្តែការអនុម័តច្បាប់នេះបានបង្ហាញសំឡេងឮជាងនោះ។ ដូច្នេះតើលោកមានសារអ្វីដល់អ្នកទាំងនោះទេ?
Ted Yoho៖ យើងមានសារដដែល ដែលយើងបានបញ្ជាក់ជាថ្មីប្រាប់ដល់ឯកអគ្គរាជទូតកម្ពុជាកាលពីជំនួបលើកមុននិងអ្នកដទៃទៀតដែលបានមកជួបយើង នោះគឺថាយើងនឹងឈរនៅខាងសិទ្ធិសេរីភាពដែលនេះគឺជាអ្វីដែលកម្ពុជាបាននិយាយថាខ្លួននឹងគោរពតាមហើយយើងឱ្យពួកគេធ្វើតាមហ្នឹង។ សរុបទាំងយើងនិងសហភាពអឺរ៉ុបគឺយើងមានពាណិជ្ជកម្ម៦៥ភាគរយជាមួយនឹងកម្ពុជា។ យើងចង់បន្តការងារនេះហើយយើងក៏ចង់ឱ្យកម្ពុជាបន្តអនុវត្តតាមការសន្យារបស់ពួកគេផងដែរ។ ជាពិសេសគឺលោកហ៊ុន សែន ដែលត្រូវរៀបចំការបោះឆ្នោតដោយសេរីនិងយុត្តិធម៌។ ការបោះឆ្នោតកាលពីលើកមុនមិនបានត្រឹមត្រូវទេ។
VOA៖ កាលពីលើកមុនសេចក្តីស្នើច្បាប់នេះដែលមានលេខHR5754 ក៏ត្រូវសភាតំណាងរាស្រ្តអនុម័តដែរប៉ុន្តែខាងព្រឹទ្ធសភាមិនបានយកមកពិភាក្សាទេ។ ដូច្នេះតើលោកត្រូវធ្វើយ៉ាងណាដើម្បីធានាថាសេចក្តីស្នើច្បាប់លើកនេះអាចនឹងត្រូវអនុម័តបាន?
Ted Yoho៖ យើងបានអស់ពេលវេលា សម្រាប់ពិភាក្សាសេចក្តីស្នើច្បាប់នោះ។ ឥឡូវយើងមានសេចក្តីស្នើច្បាប់មួយដែលស្នើឡើងដោយព្រឹទ្ធសភាហើយវាជាច្បាប់ល្អ។ លោកនឹងឃើញថាសភាជាតិអណត្តិនេះនឹងអនុម័តច្បាប់នេះ។
VOA៖ ពលរដ្ឋខ្មែរអាមេរិកាំងនឹងធ្វើបាតុកម្មមួយនៅខាងមុខវិមានសភាជាតិនៅថ្ងៃពុធនេះ។ តើលោកយល់ថាពួកគេគួរតែធ្វើយ៉ាងម៉េចទៀតដើម្បីជំរុញដំណើរការអនុម័តច្បាប់?
Ted Yoho៖ ខ្ញុំគិតថានេះគឺជាអ្វីដែលពួកគេត្រូវសម្តែងមតិរបស់ពួកគេហើយជាពិសេសមេដឹកនាំកម្ពុជាគួរតែអនុញ្ញាតឱ្យពលរដ្ឋកម្ពុជាដទៃទៀតសម្តែងមតិដែរ។ សហគមន៍ខ្មែរនៅក្រៅប្រទេសមានធំណាស់ដែលមិនមែនមានតែនៅសហរដ្ឋអាមេរិកទេគឺមាននៅកូរ៉ខាងត្បូង អង់គ្លេស អាល្លឺម៉ង់ ហើយពលរដ្ឋទាំងនេះចង់បានសិទ្ធិនិងសេរីភាពដែលនេះគឺជាសិទ្ធិមូលដ្ឋាន ដែលពួកគេចង់បាន។ ពួកគេចង់បានសិទ្ធិស្វ័យសម្រេចនិងមានប្រព័ន្ធមួយដែលការពារសិទ្ធិបុគ្គល។
VOA៖ តើលោកសង្ឃឹមថាសេចក្តីស្នើច្បាប់នេះនឹងត្រូវបញ្ជូនទៅព្រឹទ្ធសភាពេលណាដែរ?
Ted Yoho៖ នៅខាងព្រឹទ្ធសភាពួកគេកំពុងដំណើរការហើយ។ មានសមាជិកព្រឹទ្ធសភាជាច្រើនរូបកំពុងតែធ្វើកិច្ចការនេះហើយប៉ុន្តែខ្ញុំមិនអាចប្រាប់ឈ្មោះអស់នៅឡើយទេ។ ខ្ញុំគិតថាលោកសមាជិកព្រឹទ្ធសភាCory Gardner មានច្បាប់នេះ។ មានសកម្មភាពច្រើនណាស់នៅខាងព្រឹទ្ធសភា។ ខ្ញុំអាចប្រាប់លោកនៅពេលក្រោយប៉ុន្តែឥឡូវនេះខ្ញុំមិនអាចប្រាប់លោកបាននៅឡើយទេ។
VOA៖ សំណួរចុងក្រោយ។ មេដឹកនាំក្រុមប្រឆាំងគឺលោកសម រង្ស៊ី បានសម្រេចវិលត្រឡប់ទៅ ប្រទេសកម្ពុជាវិញក្នុងពេលឆាប់ៗនេះហើយ គឺប្រហែលជានៅក្នុងខែកញ្ញា ហើយមានអ្នកតំណាងរាស្ត្រសហភាពអឺរ៉ុបខ្លះបានសន្យាថានឹងអមដំណើរលោកទៅប្រទេសកម្ពុជា។ ដូច្នេះសមាជិកសភាសហរដ្ឋអាមេរិកខ្លះដូចជារូបលោកគួរតែដើរតួនាទីយ៉ាងម៉េចខ្លះដែរ។ តើត្រូវតាមដានសង្កេតការណ៍ទេ?
Ted Yoho៖ ខ្ញុំនឹងគាំទ្រលោកហើយជូនពរលោកឱ្យមានសំណាងល្អ។ បើនិយាយវិលត្រឡប់មករឿងដើមវិញគឺនេះឯងជាអ្វីដែលលោកហ៊ុន សែនបានធ្វើ គឺគាត់បានដាក់គណបក្សប្រឆាំងឱ្យនៅក្រៅច្បាប់ ដោយសារតែពួកគេឈ្នះអាសនៈកាន់តែច្រើនហើយគាត់ដូចជាមិនស្រួលក្នុងចិត្ត។ អីចឹងហើយគាត់ចាប់គេដាក់ពន្ធនាគារ ខ្លះដោះលែងមកវិញ ហើយខ្លះត្រូវហាមឃាត់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ដូច្នេះសម្រាប់លោកសម រង្ស៊ីដែលហ៊ានចេញមុខដូច្នេះគឺពិតជាសកម្មភាពក្លាហានណាស់។ នេះគឺជាសកម្មភាពក្លាហានខ្លាំងណាស់ហើយខ្ញុំសូមគាំទ្រគាត់។
VOA៖ តើលោកនឹងពិចារណាអមដំណើរលោកទៅដែរទេ?
Ted Yoho៖ ខ្ញុំមិនអាចទៅទីនោះជាមួយគាត់បានទេប៉ុន្តែនឹងចូលរួមតាមស្មារតី។
VOA៖ សូមអរគុណលោកតំណាងរាស្ត្រដែលផ្តល់បទសម្ភាសន៍ដល់ VOA។
Ted Yoho៖ បាទសូមជម្រាបលា!