ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​គ្រោង​ចំណាយ​ប្រាក់​ជាង​១១​លាន​ដុល្លារ​លើ​បញ្ហា​គ្រឿង​ញៀន និង​លើក​កម្ពស់​ប្រព័ន្ធ​យុត្តិធម៌ នៅ​ឆ្នាំ​ក្រោយ


រូបឯកសារ៖ មន្ត្រីកម្ពុជាត្រៀមដុតបំផ្លាញគ្រឿងញៀនខុសច្បាស់ដែលរឹបអូសបាន នាទិវាអន្តរជាតិរបស់អង្គការសហប្រជាជាតិដើម្បីប្រឆាំងនឹងគ្រឿងញៀននិងការជួញដូរគ្រឿងញៀន នៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១។
រូបឯកសារ៖ មន្ត្រីកម្ពុជាត្រៀមដុតបំផ្លាញគ្រឿងញៀនខុសច្បាស់ដែលរឹបអូសបាន នាទិវាអន្តរជាតិរបស់អង្គការសហប្រជាជាតិដើម្បីប្រឆាំងនឹងគ្រឿងញៀននិងការជួញដូរគ្រឿងញៀន នៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១។

រដ្ឋា​ភិបាល​កម្ពុជា​គ្រោង​ចំណាយ​ថវិកាជាង ១១លាន​ដុល្លារ​អាមេ​រិក​ ក្នុង​ឆ្នាំ​២០​២៤ ដើម្បី​ដោះ​ស្រាយ​បញ្ហាគ្រឿង​ញៀន​ ​តាម​រយៈ​គោល​នយោ​បាយ«ភូមិ​ ឃុំ​ សង្កាត់ មាន​សុវត្ថិ​ភាព» និង​ការ​លើក​កម្ពស់​ប្រសិទ្ធ​ភាព​នៃប្រព័ន្ធ​យុត្តិ​ធម៌​។ នេះ​បើ​យោង​តាម​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០​២៤ ដែល​ត្រូវ​បាន​អនុម័ត​កាល​ពី​សប្តាហ៍​មុន ​ហើយ​វីអូអេ​ទទួល​បាន​។

​នៅ​ក្នុង​សេច​ក្តី​ព្រាង​ច្បាប់​ស្តីពី​«​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០​២៤​» ​រដ្ឋា​ភិបាល​អាណត្តិ​ទី៧ ​គ្រោង​ចំណាយ​ថវិកាប្រមាណ​៩​លាន​ដុល្លារ​អាមេ​រិក ​ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​គោល​នយោ​បាយ«ភូមិ-ឃុំ-​សង្កាត់ ​មាន​សុវត្ថិ​ភាព​» ​ដែល​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ លើ​ការ​កាត់​បន្ថយ និង​លុប​បំបាត់ការ​ជួញ​ដូរ​គ្រឿង​ញៀន​ និង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​សហ​គមន៍​ និង​ការ​ចំណាយប្រមាណ​២,៥​លាន​ដុល្លារ​អាមេរិក​ ​លើ​ការ​បន្ត​ពង្រឹង​ និង​លើក​កម្ពស់​គុណ​ភាព​ និង​ប្រសិទ្ធ​ភាព​នៃ​ប្រព័ន្ធ​យុត្តិ​ធម៌​។ ​ចំណុច​ទាំង​២នេះ ស្ថិត​ក្នុង​ការ​អនុវត្ត​វិធាន​ការ​គន្លឹះ​ចំនួន​៥​របស់​រដ្ឋា​ភិបាល ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន ម៉ាណែត​។

ចំណែកវិធាន​ការ​គន្លឹះ​ផ្សេង​ទៀត​ រួម​មាន​ការ​ពង្រឹង​សមត្ថ​ភាព​រដ្ឋ​បាល​សាធារណៈ​ ដែល​ត្រៀម​ថវិកា​ប្រមាណ១២០​លាន​ដុល្លារ​អាមេរិក​ ការ​លើក​ក​ម្ពស់​គុណ​ភាព​អប់រំ ​ផ្តោត​សំខាន់​លើ​ការ​ពង្រឹង​គុណ​ភាព​សាលា​រដ្ឋ​ចាប់​ពី​ថ្នាក់​មតេយ្យ​ដល់​មធ្យម​សិក្សា​ គ្រោង​ថវិកា​ប្រមាណ​ ១០២​លាន​ដុល្លារ​អាមេរិក​ និង​ការ​លើក​កម្ពស់​គុណ​ភាព​សេវា​សុខា​ភិបាល​ គ្រោង​ថវិកា​ប្រមាណ ៥៩​លាន​ដុល្លារ​អា​មេ​រិក​។

​លោក មាស វិរិទ្ធ​ អគ្គ​លេខា​ធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀននៃក្រសួង​មហា​ផ្ទៃ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ថវិកា​ដែល​រដ្ឋា​ភិបាល​គ្រោង​ចំណាយលើ​ការ​កាត់​បន្ថយ ​និង​លុប​បំបាត់ការ​ជួញ​ដូរ​គ្រឿង​ញៀន​តាម​សហ​គមន៍​នេះ នឹង​ជួយ​ពង្រឹង​ការ​ងារ​មន្រ្តីបន្ថែម​ទៀត ​ដូច​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ និង​បង្កើត​សេវា​ព្យា​បាល​ថែ​ទាំ ​សម្រាប់ជន​ដែល​បាន​ប្រើ​ប្រាស់​គ្រឿង​ញៀន។

​លោក​ថ្លែង​ថា៖ «ខ្ញុំ​ជឿ​ថា​ថវិកា​នេះ​ នឹង​ជួយ​ដល់​មន្ត្រី​មូល​ដ្ឋាន​ ហើយ​យក​ចិត្ត​ទុក​ដាក់​ក្នុង​កិច្ច​ការងារ​ទាំង​ការងារ​ផ្សាយ​អប់រំ​ ទាំង​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ ការ​ព្យាបាល​ស្តារ​នីតិ​សម្បទា​ចំពោះ​អ្នក​ញៀន​គ្រឿង​ញៀន​ដែល​គេ​បាន​ពង្រាយ​សេវា​ព្យាបាល​នៅ​ទី​នោះ​ ប្រសិន​បើ​ភូមិ​ឃុំ​សង្កាត់​មាន​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​ក្នុង​នោះ​»។

ក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋ​បាល​ថ្មី ​និង​សមិទ្ធ​ផល​នៅ​ខេត្ត​កំពង់ស្ពឺ នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ថា រដ្ឋា​ភិបាល​នឹង​ខិត​ខំ​លុប​បំបាត់​ការ​ជួញ​ដូរ ​និង​ការប្រើ​ប្រាស់​គ្រឿង​ញៀនឱ្យ​អស់​ពី​កម្ពុជា​ ក្រោម​ការ​ដឹក​នាំ​ដោយ​មន្រ្តី​ជាន់​ខ្ពស់​នៃ​ស្ថាប័ន​ពាក់​ព័ន្ធ​ រួម​មាន​ក្រសួង​មហា​ផ្ទៃ ​និង​យុត្តិ​ធម៌​ផង​ដែរ​។

​លោក​ថ្លែង​ថា​៖​ «​ទំងន់​នេះ​ វា​ស្មើ​នឹង​ការ​ទទួល​ខុស​ត្រូវ ​និង​អាទិ​ភាព​ដែល​រាជ​រដ្ឋា​ភិបាល​ ផ្តោត​នៅ​ក្នុង​ការយ​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​កាត់​បន្ថយ​ និង​ឈាន​ទៅ​លើ​ការ​លុប​បំបាត់​ការ​ជួញ​ដូរ និង​ការប្រើ​ប្រាស់​គ្រឿងញៀន​ ឱ្យ​អស់​ពី​កម្ពុជា​។ ​នេះ​គឺជា​អ្វីដែល​យើង​ខិត​ខំ​ប្រឹង​ប្រែង​»​។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក​ អំ សំអាត ​ប្រាប់​វីអូអេ​ថា​ ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋា​ភិបាល​ ក្នុង​ការ​ដាក់​ថវិកាពង្រឹង​លើ​ការ​បង្រ្កាប​ ឬ​ការ​ចែក​ចាយ​គ្រឿង​ញៀន​នៅ​ភូមិ​ឃុំ​មូល​ដ្ឋាន​ជា​រឿង​ចាំ​បាច់ ប៉ុន្តែត្រូវពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹម​ត្រូវ បើ​មិន​ដូច្នោះ​ទេ ​ការ​លុប​បំបាត់​គ្រឿង​ញៀន ​នឹង​មិន​មាន​ប្រសិទ្ធ​ភាព​ឡើយ​។

លោក​ថ្លែង​ថា៖ «​ប្រសិទ្ធ​ភាព ​គឺ​ការ​អនុវត្ត​ អ៊ីចឹង​ការ​អនុវត្ត​ទី​១​ គឺ​ពង្រឹងការ​អនុវត្ត​ច្បាប់​ ទី​២​លុប​បំបាត់​នៃ​អំពើ​ពុក​រលួយ​ ទី​៣​ បើ​មន្ត្រី​ណា​ដែល​ជាប់​ពាក់​ព័ន្ធ​ជាមួយ​បទ​ល្មើស​ ជា​ពិសេស​បញ្ហា​គ្រឿង​ញៀន​ ត្រូវ​តែ​អនុវត្ត​តាម​ផ្លូវ​ច្បាប់​»។

​លោក អំ សំអាត បន្ថែម​ថា​រដ្ឋា​ភិបាល​ក៏​គួរ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹង​រ៉ឹង​លើ​ករណី​គ្រឿង​ញៀន ដែល​ហូរ​ចូល​ប្រទេស​កម្ពុជា​ និងបង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​ក្នុង​ការ​បង្ក្រា​ប​ការ​នាំ​ចូល​គ្រឿង​ញៀន ​និង​ត្រូវចុះ​ត្រួត​ពិនិត្យ​កន្លែង​ដែល​សង្ស័យ​ថា​ជា​កន្លែង​ផលិត ​និង​ចែក​ចាយ​គ្រឿង​ញៀន​ជាដើម​។

​បើ​តាម​គម្រោង​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០​២៤ ​រដ្ឋា​ភិបាល​គ្រោង​ចំណាយ​ថវិកា​សរុបជាង ​៩​ពាន់​លាន​ដុល្លារ​អាមេ​រិក ដែល​ថយ​ចុះ​៥%​។

​អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ ​លោក មាស សុខ​សេន​សាន​ បញ្ជាក់​ថា​ ការ​ថយ​ចុះ​នៃ​ចំណូល ​និង​ចំណាយថវិកា​ជាតិ​ឆ្នាំ​២០​២៤ ​គឺ​ដោយ​សារ​រដ្ឋា​ភិបាលអាណត្តិ​ទី៧​ បាន​លើក​លែង​ពន្ធ​លើ​ការវិនិ​យោគ​ថ្មី​ៗ ​និង​បាន​អនុ​គ្រោះ​ពន្ធមួយ​ចំនួន​ទៀត​សម្រាប់​ការ​វិនិ​យោគ​ក្នុង​ស្រុក​។

លោក​ប្រាប់​វីអូអេ​ជា​អក្សរ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេ​ក្រាម​ថា៖ «​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ថ្មី​ៗ យើង​មាន​កាតព្វ​កិច្ច​លើក​លែង​ពន្ធ ​រាប់​ទាំង​ការ​វិនិ​យោគ​ថ្មី​ ក៏​ផ្ដល់​នូវ​ភាព​អនុ​គ្រោះ​មួយ​ចំនួន​ដល់​ការ​វិនិ​យោគ​ក្នុង​ស្រុក​សម្រា​ប់​ការ​លើក​លែង​ពន្ធ​ អ៊ីចឹង​ធ្វើ​ឱ្យ​ចំណូល​រដ្ឋ​ធ្លាក់​ចុះ​។ ​ធម្មតា​បើ​ចំណូល​ធ្លាក់​ចុះ ​ចំណាយ​គឺ​ត្រូវ​ថយ​ចុះ​ជា​ស្វ័យ​ប្រវត្តហើយ ​ព្រោះ​ថវិកា​របស់​យើង​ជា​ថវិកា​តុល្យ​ភាព​»។

នៅ​ក្នុង​ឆ្នាំ​២០​២៤ រដ្ឋា​ភិបាល​អាណត្តិ​ទី​៧ ​ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត​ ​នឹង​យក​ចិត្ត​ទុក​ដាក់លើ​ វិស័យ​សង្គម​ ​ដែល​គ្រោង​ចំណាយ​ថវិកា​ច្រើន​ទៅ​លើ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ​ក្រសួង​ការងា​រ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ក្រសួង​សុខា​ភិបាល​ និង​ក្រសួង​សង្គម​កិច្ច​ ដែល​ផ្តោតលើ​សមត្ថ​ភាពសា្ថប័ន​ មនុស្ស​ ​ការ​កែ​ទម្រង់​រដ្ឋ​បាល​សាធារ​ណៈ​ និង​ការ​កែ​ទម្រង់​រចនា​សម្ព័ន្ធ​ដែល​មាន​អភិ​បាល​កិច្ច​ជា​ស្នូល​។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​រដ្ឋា​ភិបាល​៕​

XS
SM
MD
LG