ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ថ្មី​កម្ពុជា​ប្រកាស​គាំទ្រ​ចិន​លើ​ឆាក​អន្តរ​ជាតិ ​ខណៈ​ចិន​ប្តេជ្ញា​បន្ត​ជួយ​កម្ពុជា


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ចាប់ដៃជាមួយប្រធានាធិបតីចិនលោក Xi Jinping ក្នុងអំឡុងជំនួបមួយ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣។ (Cambodia's Prime Minister Telegram via AP)

បន្ត​គាំទ្រ​នយោបាយ​ចិន​តែ​មួយ ​គាំទ្រ​គំនិត​ផ្តួច​ផ្តើម​របស់​ចិន​ជា​លក្ខណៈ​អន្តរ​ជាតិ ​រួម​គ្នា​ប្រឆាំង​នឹង​ការ​ធ្វើ​នយោបាយ​ក្រោម​ស្លាក​សិទ្ធិ​មនុស្ស ​និង​ប្រជា​ធិបតេយ្យ ​ទាំង​អស់​នេះ​ជា​ការ​បញ្ជាក់​របស់​មេ​ដឹកនាំ​កម្ពុជា​ទៅ​កាន់​មេដឹក​នាំ​របស់​ចិន ​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​ទីក្រុង​ប៉េកាំង​ ដែល​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី​១៤ ​ខែ​កញ្ញា។​

ក្រៅពី​នេះ​ មេដឹកនាំ​កម្ពុជា និងចិនបាន​ប្តេជ្ញា​បន្ត​ទំនាក់​ទំន​ង​មិត្ត​ភាព​ដែក​ថែប ​ដែល​មាន​រយៈ​ពេល​ជាង​៦០​ឆ្នាំ ​និង​បាន​ឯក​ភាព​បន្ស៊ី​ចូល​គ្នានូវ​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​របស់​កម្ពុជា។ ​នេះ​បើតាម​មន្ត្រី​ជាន់​ខ្ពស់នៃ​រដ្ឋាភិបា​លកម្ពុជា​ដែល​លើក​ឡើងអំពីសមិទ្ធ​ផល​នៃ​ដំណើរ​ទស្សន​កិច្ចផ្លូវ​ការរបស់​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន ម៉ាណែត​ ដែល​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​កាល​ពី​ថ្ងៃ​អាទិត្យ។​

នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ទៅ​ទីក្រុង​ប៉េកាំង ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​បាន​ជួប​ពិភាក្សា​ជាមួយ​មេដឹក​នាំ​សំខាន់​របស់​ចិន ដោយ​រួម​មាន​ ​លោក ​ស៊ី ជីនពីង ​(Xi Jinping) ​ប្រធានាធិបតី​ចិន ​និង​លោក ​លី ឈាង ​(Li Qiang) ​នាយក​រដ្ឋ​មន្រ្តី​ចិន​ជា​ដើម។​

លោក​ តាន់ ហ្សង់ហ្រ្វង់ស័រ ​អតីត​អ្នក​គ្រប់​គ្រងវិ​ទ្យុ​បារាំង​អន្តរ​ជាតិ​ជា​ភាសាខ្មែរ ​និង​បច្ចុប្បន្ន​ជា​រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ​បាន​ធ្វើសន្និ​សីទ​សារ​ព័ត៌មាន​មួយ ​កាល​ពី​ថ្ងៃ​ទី១៧ ​ខែ​កញ្ញា ​ដោយ​លើក​ឡើងថា សមិទ្ធ​ផល​នៃ​ដំណើរ​ទស្សន​កិច្ច​ រួម​មានការប្តេជ្ញា​បន្ត​ទំនាក់​ទំន​ង​មិត្តភាព​យូរ​អង្វែង​ ឬ​ហៅ​ថា​ មិត្ត​ភាព​ដែក​ថែប​រវាង​កម្ពុជា-ចិន​ ​ការឯក​ភាព​គ្នា​ក្នុង​ការ​បន្ស៊ី​ចូល​គ្នានូវ​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​របស់​ប្រទេស​កម្ពុជា​ និង​ការ​បន្តគាំទ្រ​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវ៉ាត់ ​និង​ផ្លូវ។​

លោក ​ហ៊ុន ម៉ាណែត​ បញ្ជាក់​ជា​ថ្មី​ទៅ​កាន់​ថ្នាក់​ដឹក​នាំ​ប្រទេស​ចិន​ថា ​កម្ពុជាបន្ត​ប្រកាន់​យ៉ាង​ខ្ជាប់នយោបាយ​ចិន​តែ​មួយ​ និងបង្កើត​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​ក្លាយ​ជា​ត្បូង​ពេជ្រពិត​ប្រាកដ។ ​នេះ​បើ​តាមរដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី ​លោក តាន់ ហ្សង់ហ្រ្វងស័រ។​

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន ម៉ាណែត​ថ្លែង​នៅ​កិច្ច​ប្រជុំ​កំពូលពាណិជ្ជកម្ម​និង​វិនិយោគអាស៊ានក្នុង​ទីក្រុងហ្សារកាតា​កាលពីថ្ងៃទី​០៤ កញ្ញា ឆ្នាំ២០២៣។
នាយករដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន ម៉ាណែត​ថ្លែង​នៅ​កិច្ច​ប្រជុំ​កំពូលពាណិជ្ជកម្ម​និង​វិនិយោគអាស៊ានក្នុង​ទីក្រុងហ្សារកាតា​កាលពីថ្ងៃទី​០៤ កញ្ញា ឆ្នាំ២០២៣។

លោក​ថ្លែង​ថា៖ ​«ទី​បី ​កម្ពុជា​តាម​រយៈសម្តេច​ធិបតី​ ហ៊ុន ម៉ាណែត ​បញ្ជាក់​ជា​ថ្មី ​ជូន​ថ្នាក់​ដឹក​នាំ​ចិន​ នូវ​ជំហរ​របស់​កម្ពុជា ​ដែល​នៅ​បន្ត​ប្រកាន់​យ៉ាង​ខ្ជាប់​គោល​ការណ៍​នយោបាយ​ចិន​តែ​មួយ។ ​ឯ​ទី​៤​ ទាំង​អស់​គ្នា​ច្បាស់​ជា​បានឃើញ​ហើយ​តាម​រយៈ​រូប​ភាព​សោត​ទស្សន៍​ ​ក្នុង​រយៈ​ពេល​៤​ថ្ងៃ​បន្ត​បន្ទាប់​គ្នា​នេះ​ គឺ​ភាគី​កម្ពុជា​ និង​ភាគីចិន​បាន​ចុះ​ហត្ថលេខា​លើ​ឯក​សារ​ចំនួន​១៥ ​រួម​មាន​ដូច​ជា​ឯក​សារ​ផែន​ការ​សកម្ម​ភាព​ក្នុង​ការ​កសាង​សហ​គមន៍​វាសនា​រួម​កម្ពុជា ​សម្រាប់​២០២៤-២០២៨ ...​ ជា​រួម​សុទ្ធ​សឹងជា​គោល​ការណ៍ ដែល​ត្រូវ​ផ្តល់​សន្ទុះ​ដល់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​ក្លាយ​ទៅ​ជា​ត្បូង​ពេជ្រពិត​ប្រាកដ»។​

ភាគី​កម្ពុជា ​និង​ចិន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​រួម​មួយ​ថា៖ ​«កម្ពុជា​ប្រឆាំង​នឹង​ការ​ប៉ុន​ប៉ង​នានា​ក្នុង​ការ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ចិន​ ឬ​រារាំង​ ឬ​ទប់​ទល់​នឹង​ប្រទេស​ចិន ​ក្រោម​ឧបាយកល​យក​បញ្ហា​តៃវ៉ាន់​ជា​លេស ​ឬ​សកម្ម​ភាព​បំបែក​ខ្លួន​តាម​ទម្រង់​ណា​មួយ​ក៏​ដោយ ​ដើម្បី​ទាម​ទារ​ឯក​រាជ្យ​ភាព​តៃវ៉ាន់»។​

លោក ​ហ៊ុន ម៉ាណែត ​និង​នាយក​រដ្ឋ​មន្ត្រី​ចិន​ លោក ​លី ឈាង ​ក៏​បានអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថ​លើឯក​សារ​ចំនួន​១៥​ និងកិច្ច​ព្រម​ព្រៀងឥណទាន​សម្ប​ទាន ​សម្រាប់​គម្រោង​សាង​សង់​ស្ពាន​ទន្លេ​បាសាក់​(ចាក់​អង្រែ​ក្រោម-ព្រែក​ប្រា)។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​កម្ពុជាចេញ​ផ្សាយថ្ងៃទី​១៧​ ខែ​កញ្ញា។​

ភាគី​ចិន​ក៏​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​កម្ពុជា ​ដើម្បី​ការពារ​អធិប​តេយ្យ​ជាតិ ​សន្តិ​សុខ ​និង​ប្រយោជន៍​នៃ​ការ​អភិវឌ្ឍ ​ខណៈ​បញ្ជាក់​ពី​ការ​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​ជ្រៀត​ជ្រែក​ពី​បរទេស​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។​

ភាគី​កម្ពុជា​ និង​ចិន​ក៏​បាន​ប្តេជ្ញា​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​លើ​ឆាក​អន្តរ​ជាតិ ​និង​ប្រឆាំង​នឹង​ការ​ធ្វើ​នយោបាយ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ ដែល​កម្ពុជា​រង​ការ​រិះ​គន់​ថា ​រំលោភ​បំពាន​ធ្ងន់​ធ្ងរ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​រួម​រវាង​រដ្ឋាភិបាល​កម្ពុជា ​និង​ចិន ​ចុះ​ថ្ងៃ​ទី១៦ ​ខែ​កញ្ញា​ ឆ្នាំ​២០២៣។

បន្ថែម​ពី​នេះ​ ភាគី​ទាំង​ពីរ​បញ្ជាក់​ពី ​«ការ​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​ធ្វើ​នយោបាយ​លើ​បញ្ហា​សិទ្ធិ​មនុស្ស ​ការ​អនុវត្ត​ស្តង់ដារ​ពីរ ​និង​ការ​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ​ ក្រោម​ហេតុ​ផល​សិទ្ធិ​មនុស្ស ​ឬ​ប្រជា​ធិបតេយ្យ»។ ​ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ប្រឆាំង​នឹង​ការ​ជ្រៀត​ជ្រែក​ពី​ខាង​ក្រៅ ​និង​បដិវត្តន៍​ពណ៌ ​ដែល​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​រង​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ថា​ ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក ​ហ៊ុន សែន ​ អតីត​នាយក​រដ្ឋ​មន្ត្រី។​

លោកគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាស្នើអ្នកនយោបាយឲ្យគិតដល់ការគោរពសិទ្ធិមនុស្សនិងការបង្រួបបង្រួមជាតិ ដោយមិនត្រូវផាត់ចោល​ផ្នែកណាមួយនៃសង្គមទេ។ បទសម្ភាសន៍តាមប្រព័ន្ធ Skype ថ្ងៃទី​២០ ខែកញ្ញា​ឆ្នាំ​២០២១។ (Skype)
លោកគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាស្នើអ្នកនយោបាយឲ្យគិតដល់ការគោរពសិទ្ធិមនុស្សនិងការបង្រួបបង្រួមជាតិ ដោយមិនត្រូវផាត់ចោល​ផ្នែកណាមួយនៃសង្គមទេ។ បទសម្ភាសន៍តាមប្រព័ន្ធ Skype ថ្ងៃទី​២០ ខែកញ្ញា​ឆ្នាំ​២០២១។ (Skype)

លោក ​គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល ​ថ្លែង​ថា ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ាណែត ​ទទួល​បាន​ផល​វិជ្ជមាន​ច្រើន​ជាង​អវិជ្ជ​មាន​ បើ​ទោះ​បី​ជា​មាន​ការ​លើក​ឡើង​ពីជ្រុង​អវិជ្ជ​មាន​ទាក់​ទងនឹង​ទំនោរ​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​ជ្រុល​ខ្លាំងក៏​ដោយ។​

លោក​ថ្លែង​ថា៖ ​«ទិដ្ឋ​ភាពជា​យុទ្ធ​សាស្ត្រ​ ជា​នយោ​បាយ​ការទូត ​មាន​ន័យ​ថា ​កម្ពុជា​កំពុង​តែ​ពង្រឹង​នូវ​ក្រប​ខណ្ឌ​មិត្ត​ភាព​ជាមួយប្រទេស​ដែល​ជា​មហា​យក្ស​សេដ្ឋកិច្ច​ទីពីរ ​របស់​ពិភព​លោក។ ​ក៏​ប៉ុន្តែ​អ្វី​ដែល​យើង​និយាយ​ថា ​ភាព​ស្កៀប​រមាស់សម្រាប់​ដំណើរ​ទស្សន​កិច្ច​របស់​នាយក​រដ្ឋ​មន្ត្រី​នេះ ​ប្រហែល​ជា​មើល​ក្នុង​ជ្រុង​អវិជ្ជ​មាន។ ​គេគិត​ថា ​អាច​ថា ​កម្ពុជា​មាន​ទំនោរ​ជ្រុល​ខ្លាំង​ទៅ​ប្រទេស​ចិន​ជា​ដើម»។​

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

លោក​ ស៊ឹង សែនករុណា ​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​លើក​ឡើង​ថា​ ថ្នាក់​ដឹក​នាំ​កម្ពុជា​មិនយក​ចិត្ត​ទុក​ដាក់ក្នុង​ការ​លើក​កម្ពស់​ និង​ការ​ពារ​សិទ្ធិ​មនុស្ស​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ និង​គោល​ការណ៍​អន្តរ​ជាតិ ​ជាពិសេស​ហាក់​មិន​សូវ​ខ្វល់​ខ្វាយ​អំពី​អនុសាសន៍​ពី​សហ​គមន៍​អឺរ៉ុប ​និង​សហ​រដ្ឋ​អាមេរិក។​

លោក​ថ្លែង​ថា៖ ​«ហើយ​រដ្ឋាភិបាល​ បើ​យើង​ពិនិត្យ​មើល​ គឺ​ហាក់​ដូច​ជា​កំពុង​ដើរ​ផ្ទុយ​អំពី​គោល​ការណ៍​[លទ្ធិ​ប្រជា​ធិបតេយ្យ]​នេះ។ ​យើង​ឃើញ​ទាំង​អស់​គ្នា​ហើយពាក់​ព័ន្ធ​មេ​ដឹក​នាំ​ប្រទេស​យើង​ ទោះ​បីជាយើង​លើក​ឡើង​អំពី​ទំនាក់​ទំនង​ការ​បរទេស ​សេដ្ឋ​កិច្ច​ ពាណិជ្ជ​កម្ម​ផ្សេងៗ ​ក៏ប៉ុន្តែ​ឃើញ​ថា មាន​ភាព​ស្អិតល្មួត​តែ​ខាង​ភាគីចិន ​ដែល​ជា​ប្រទេស​ប្រកាន់​ការ​ដឹក​នាំ​បែប​កុម្មុយនីស្ត​ទៅ​វិញ»។​

ដោយ​សារ​តែ​លោក ​ហ៊ុន ម៉ាណែត ​បាន​ទទួល​ការ​អប់រំ​នៅ​សហ​រដ្ឋ​អាមេរិក ​និង​ចក្រភព​អង់គ្លេស ​អ្នក​តាម​ដាន​មួយ​ចំនួន​បាន​ផ្តល់​ក្តី​រំពឹង​ថា ​មេដឹក​នាំ​ថ្មី​របស់​កម្ពុជា​នឹង​ស្តារ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​លោក​ខាង​លិច ​ខណៈ​ប្រទេស​កម្ពុជា​កាន់​តែ​ខិត​ទៅ​ប្រទេស​ចិន។​

គួរ​បញ្ជាក់​ថា​ ចិន​គឺ​ជា​ប្រទេស​ទី​មួយ​ដែល​លោក ​ហ៊ុន ម៉ាណែត ​ទៅ​បំពេញ​ទស្សន​កិច្ច​ទ្វេ​ភាគី​ផ្លូវ​ការ​មុន​គេ ​បន្ទាប់ពីលោក​ចូល​កាន់​តំណែង​បាន​ជិត​មួយ​ខែ ​និង​ក្រោយ​ពេលលោក​បាន​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ឥណ្ឌូណេស៊ី កាល​ដើម​ខែ​កញ្ញា​នេះ។ ​លោក​នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន​ម្តង​ទៀត​ នា​ខែ​តុលា​ខាង​មុខ ​ដើម្បី​ចូលរួម​វេទិកា​ស្តីពី​គម្រោងផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម‍របស់​ចិន​ ឬ ​Belt and Road Initiative (BRI)៕

បទ​យក​ការណ៍​វីអូអ៖ ដក​ទំនប់​ចេញ​វិញ​ពី​ទន្លេ Klamath នៅ​អាមេរិក

ចូល​ទៅ​កាន់​ទំព័រ​ពិសេស​នៃ​បទ​យក​ការណ៍​ទាំង​៤​ភាគ
XS
SM
MD
LG