ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​អំពាវនាវ​ឱ្យ​មាន​ការ​វិនិយោគ​ពី​បរទេស ខណៈ​គោល​នយោបាយ​របស់​ខ្លួន​​បង្អាក់​ដល់​ការ​វិនិយោគ​ទាំង​នោះ


រូបឯកសារ៖ បុរស​ម្នាក់​ដើរ​កាត់​ហាង​សម្លៀក​បំពាក់​ ZARA នៅ​ក្នុង​ទីក្រុងប៉េកាំង​កាលពីថ្ងៃទី​២១ កក្កដា ឆ្នាំ២០២៣។
រូបឯកសារ៖ បុរស​ម្នាក់​ដើរ​កាត់​ហាង​សម្លៀក​បំពាក់​ ZARA នៅ​ក្នុង​ទីក្រុងប៉េកាំង​កាលពីថ្ងៃទី​២១ កក្កដា ឆ្នាំ២០២៣។

ថ្នាក់​ដឹកនាំ​ចិន ដែល​បារម្ភ​ដោយសារ​របាយការណ៍​សេដ្ឋកិច្ច​ដ៏​ស្រងាក​ចិត្ត បាន​អំពាវនាវ​ដល់​ក្រុម​អ្នក​បណ្ដាក់​ទុន​បរទេស​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​ចិន​ស្រាប់​ឱ្យ​បន្ត​ស្ថិត​នៅ​ទីនោះ​តទៅ​ទៀត និង​វិនិយោគិន​បរទេស​ផ្សេង​ទៀត​ឱ្យ​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស បើ​ទោះបីជា​មន្ត្រី​បស្ចិម​ប្រទេស​នានា​បាន​ចង្អុល​បង្ហាញ​ថា​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ចិន​ផ្ទាល់​ជា​អ្វី​ដែល​បាន​ធ្វើ​ឱ្យ​វិនិយោគិន​ទាំង​នោះ​លែង​វិនិយោគ​នៅ​ក្នុង​ប្រទេស​ចិន​ក៏ដោយ។

កាល​ពី​ខែ​សីហា មន្ត្រី​ពាណិជ្ជកម្ម​ចិន​ជា​ច្រើន​នាក់​បាន​និយាយ​ទៅ​កាន់​បណ្ដាញ​ព័ត៌មាន​រដ្ឋ​អំពី​ការ​ប្ដេជ្ញា​របស់​រដ្ឋាភិបាល​ចិន​នៅ​ក្នុង​ការ «លើក​កម្ពស់​បរិយាកាស​វិនិយោគ​បរទេស» និង «កិច្ច​ប្រឹងប្រែង​នៅ​ក្នុង​ការ​រក្សា​មូលធន​បរទេស​នៅ​ក្នុង​ប្រទេស»។

សេចក្ដី​ប្រកាស​ទាំង​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​ប្រជុំ​មួយ​នៅ​ថ្ងៃ​ទី ២៤ ខែ​កក្កដា​របស់​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​គណបក្ស​កុម្មុយនីស្ដ​ចិន​ដែល​មាន​សមាជិក ២៤ នាក់​ក្រោម​អធិបតីភាព​របស់​អគ្គលេខាធិការ​គណបក្ស​លោក Xi Jinping ដែល​នៅ​ក្នុង​ការ​ប្រជុំ​នោះ បញ្ហា​ធ្លាក់​ចុះ​ជា​ទូទៅ នៃ​សេដ្ឋកិច្ច​ចិន​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា។

បើ​យោង​តាម​សេចក្ដី​រាយការណ៍​អំពី​ការ​ប្រជុំ​នេះ​របស់​កាសែត People's Daily ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ការ​ក្រើន​រំឭក​ឱ្យ​បង្កើន​ការ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​និង​ការ​បង្កើន​ការងារ​គឺ​អម​ដោយ​ការ​ណែនាំ​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​ច្បាស់​ថា «គ្រឹះ​សំខាន់​នៃ​ពាណិជ្ជកម្ម​បរទេស​និង​ការ​វិនិយោគ​បរទេស​គ្មាន​ការ​ប្រែប្រួល»។

ថ្នាក់​ដឹកនាំ​គណបក្ស​កុម្មុយនីស្ដ​ចិន​មាន​ហេតុផល​ត្រឹមត្រូវ​សម្រាប់​ការ​ខ្វាយ​ខ្វល់​របស់​ខ្លួន។ សេចក្ដី​រាយការណ៍​មួយ​ដែល​បាន​បោះពុម្ព​ផ្សាយ​ដោយ​បណ្ដាញ​ព័ត៌មាន​រដ្ឋ​របស់​ចិន​កាលពី​ខែ​សីហា ឆ្នាំ ២០២១ បាន​ដក​ស្រង់​សម្ដី​របស់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន​លោក Wang Wentao ដែល​បាន​និយាយ​ថា​ក្រុមហ៊ុន​ដែល​មាន​ការ​បណ្ដាក់​ទុន​ពី​បរទេស​បាន​បង្កើត «ការងារ ៤០ លាន​នៅ​ក្នុង​ប្រទេស​ចិន ស្មើ​នឹង ១០% នៃ​កម្លាំង​ការងារ» និង​បាន​បង់​ពន្ធ​ស្មើ​នឹង​មួយ​ភាគ​ប្រាំ​មួយ​នៃ​ប្រាក់​ចំណូល​ពន្ធដារ​សរុប​របស់​រដ្ឋាភិបាល។

ប៉ុន្តែ​ទស្សនាវដ្ដី​ព័ត៌មាន Nikkei Asia បាន​រាយការណ៍​កាល​ពី​ខែ​សីហា​ថា វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) នៅ​ក្នុង​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​នៅ​ក្នុង​ត្រីមាស​ទី ២ នៃ​ឆ្នាំ​នេះ។ កាសែត Bloomberg បាន​រាយការណ៍​ថា ការ​វាស់វែង​មួយ​របស់​វិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​ក្នុង​រយៈពេល ២៥ ឆ្នាំ​ក្នុង​ត្រីមាស​ពី​ខែ​មេសា​ដល់​ខែ​មិថុនា។

អ្វី​ដែល​ដូចជា​យុទ្ធនាការ​មួយ​សម្រាប់​ការពារ​នូវ​គ្រឹះ​សំខាន់​នៃ​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​បរទេស​បាន​ចាប់ផ្ដើម​ដំណើរការ​ពេញលេញ​កាល​ពី​ថ្ងៃ​ទី ១៣ ខែ​សីហា​ដោយ​ការ​បោះពុម្ព​ផ្សាយ​នូវ «បទ​អត្ថាធិប្បាយ» មួយ​ចំនួន​ដែល​ចេញ​ផ្សាយ​ដោយ​ក្រុមប្រឹក្សា​រដ្ឋ​អំពី​អ្វី​ដែល​ក្រុមប្រឹក្សា​នេះ​យល់​ថា​គួរ​ធ្វើ​ដើម្បី «លើក​កម្ពស់​បន្ថែម​ទៀត​នូវ​បរិយាកាស​វិនិយោគ​បរទេស​និង​ទាក់ទាញ​វិនិយោគ​បរទេស​បន្ថែម​ទៀត»។

បទ​អត្ថាធិប្បាយ​ទាំង​នេះ​បាន​ចែង​ថា៖ «ការ​ប្រឹងប្រែង​ត្រូវ​ធ្វើ​បន្ថែម​ទៀត»។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក​អ្នកស្រី Gina Raimondo ធ្វើ​ទស្សនកិច្ច​ទៅប្រទេស​ចិន
រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក​អ្នកស្រី Gina Raimondo ធ្វើ​ទស្សនកិច្ច​ទៅប្រទេស​ចិន

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក​អ្នកស្រី Gina Raimondo បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន​ពី​ថ្ងៃ​ទី ២៧ ដល់​ថ្ងៃ​ទី ៣០ ខែ​សីហា​កន្លង​ទៅ​នេះ។

នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​នោះ អ្នកស្រី Raimondo ហាក់​ដូចជា​មាន​ទំនាក់ទំនង​មិត្តភាព​ជាមួយ​សម​ភាគី​ចិន​របស់​អ្នកស្រី ហើយ​បណ្ដាញ​ព័ត៌មាន CNN បាន​ដក​ស្រង់​សម្ដី​របស់​អ្នកស្រី​ដែល​បាន​លើក​ទឹកចិត្ត​អាជីវកម្ម​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទីក្រុង​សៀងហៃ​ឱ្យ «បន្ត​ធ្វើ​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​ត​ទៅ​ទៀត»។

ប៉ុន្តែ នៅ​ពេល​ដែល​ប្រឈម​នឹង​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ពេល​ធ្វើ​ដំណើរ អ្នកស្រី Raimondo បាន​និយាយ​បែប​ផ្សេង​ទៅ​វិញ។

អ្នកស្រី Raimondo បាន​ប្រាប់​អ្នក​កាសែត​នៅ​លើ​រថភ្លើង​ល្បឿន​លឿន​ពី​ទីក្រុង​ប៉េកាំង​ទៅ​កាន់​ទីក្រុង​សៀងហៃ​ថា៖ «ខ្ញុំ​បាន​ឮ​កាន់តែ​ច្រើន​ឡើង​ពី​អាជីវកម្ម​នានា​ថា​ពួកគេ​មិន​អាច​ធ្វើ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ចិន​បាន​ទេ​ដោយសារតែ​វា​មាន​ហានិភ័យ​ខ្ពស់»។

អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​ម្នាក់​នៃ​វិទ្យាស្ថាន American Enterprise បាន​បញ្ជាក់​នៅ​ក្នុង​អត្ថបទ​មួយ​នៃ​កាសែត The Wall Street Journal ថា អាជីវកម្ម​បរទេស​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​គោល​នយោបាយ​ធានា​រ៉ាប់រង​ដែល​គ្រប​ដណ្ដប់​លើ​ហានិភ័យ​ផ្នែក​នយោបាយ​សម្រាប់​ការ​ប្រកប​អាជីវកម្ម​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​ចិន។

អ្នកស្រី Elisabeth Braw នៃ​វិទ្យាស្ថាន​នេះ បាន​ប្រាប់ VOA ផ្នែក​ភាសា​ចិន​កុកងឺ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ថា ក្រុមហ៊ុន​ធានា​រ៉ាប់រង​បាន​ដក​ខ្លួន​ថយ​ដោយសារ​មាន​ការ​ព្រួយ​បារម្ភ «តាំង​ពី​ការ​ជ្រៀតជ្រែក​ខាង​នយោបាយ​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​របស់​ខ្លួន​រហូត​ដល់​បញ្ហា​សង្គ្រាម [របស់​ចិន​ដែល​អាច​កើតឡើង] ជាមួយ​នឹង​កោះ​តៃវ៉ាន់»។

នៅ​ក្នុង​ការ​លើក​ឡើង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន អ្នកស្រី Raimondo បាន​មាន​ប្រសាសន៍​ថា កត្តា​មួយ​ចំនួន​ដែល​នាំ​ឱ្យ​ក្រុមហ៊ុន​របស់​សហរដ្ឋ​អាមេរិក​ព្រួយ​បារម្ភ​មាន​ដូចជា​ច្បាប់​ប្រឆាំង​នឹង​ចារកម្ម​ដែល​ត្រូវ​បាន​អនុវត្ត​កាលពី​ពេល​ថ្មីៗ​នេះ​របស់​ប្រទេស​ចិន និង «ការ​ពិន័យ» ប្រឆាំង​នឹង​ក្រុមហ៊ុន​ដែល​ប្រកប​អាជីវកម្ម​នៅ​ទីនោះ​ជាដើម៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG