ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​ចិន​ប្ដេជ្ញា​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក និង​ប្រឆាំង​នយោបាយ​លើ​បញ្ហា​សិទ្ធិ​មនុស្ស


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ចាប់ដៃជាមួយប្រធានាធិបតីចិនលោក Xi Jinping ក្នុងអំឡុងជំនួបមួយ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣។ (Cambodia's Prime Minister Telegram via AP)
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ចាប់ដៃជាមួយប្រធានាធិបតីចិនលោក Xi Jinping ក្នុងអំឡុងជំនួបមួយ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣។ (Cambodia's Prime Minister Telegram via AP)

ក្នុងដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ភាគី​កម្ពុជា​និង​ចិន​បាន​ប្តេជ្ញា​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​លើ​ឆាក​អន្តរ​ជាតិ និង​ប្រឆាំង​នឹង​ការ​ធ្វើ​នយោបាយ​លើ​បញ្ហា​សិទ្ធិ​មនុស្ស ដែល​កម្ពុជា​រង​ការ​រិះគន់​ថា​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​រួម រវាង​រដ្ឋាភិបាល​កម្ពុជា និង​ចិន ចុះ​ថ្ងៃ​ទី១៦ ខែ​កញ្ញា ឆ្នាំ​២០២៣។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ចាប់​ពី​ថ្ងៃ​ទី​១៤ ខែកញ្ញា លោក ហ៊ុន ម៉ាណែត បាន​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​សំខាន់​របស់​ចិន មាន​លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី​ចិន និង​លោក លី ឈាង (Li Qiang) នាយករដ្ឋមន្រ្តី​ចិន​ផង​ដែរ។ លោក​បាន​ដឹកនាំ​គណៈប្រតិភូ​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម ភាគី​ទាំង​ពីរ​សង្កត់​ធ្ងន់​ថា ​មិន​ថា​ស្ថានភាព​អន្តរជាតិ​ប្រែប្រួល​យ៉ាងណា​នោះ​ទេ ប្រទេស​ទាំង​ពីរ​នឹង​«អភិវឌ្ឍ​ឥត​ឈប់ឈរ»​នូវ​ទំនាក់​ទំនង​មិត្តភាព​យូរ​អង្វែង​របស់​ខ្លួន និង​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ ដើម្បី​ប្រយោជន៍​ទៅ​វិញ​ទៅ​មក។

សេចក្តី​ប្រកាស​បញ្ជាក់​ថា៖ «ភាគី​ចិន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ សន្តិសុខ និង​ប្រយោជន៍​នៃ​ការ​អភិវឌ្ឍ ខណៈ​បញ្ជាក់​ពី​ការ​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​ជ្រៀត​ជ្រែក​ពី​បរទេស​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា»។

ចំណែក​កម្ពុជា​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ប្រកាន់​ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោល​នយោបាយ​ចិន​មួយ​ ហើយ​តៃវ៉ាន់ គឺ​ជា​ផ្នែក​មួយ​មិន​អាច​កាត់​ផ្តាច់​ចេញ​ពី​ទឹក​ដី​ចិន។ នេះ​បើ​តាម​សេចក្តី​ប្រកាស។

សេចក្តី​ប្រកាស​បញ្ជាក់​ថា៖ «កម្ពុជា​ប្រឆាំង​នឹង​ការ​ប៉ុន​ប៉ង​នានា​ក្នុង​ការ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ចិន​ឬ​រារាំង​ឬ​ទប់​ទល់​នឹង​ប្រទេស​ចិន ក្រោម​ឧបាយកល​យក​បញ្ហា​តៃវ៉ាន់​ជា​លេស ឬ​សកម្មភាព​បំបែក​ខ្លួន​តាម​ទម្រង់​ណា​មួយ​ក៏ដោយ ដើម្បី​ទាមទារ​ឯករាជ្យ​ភាព​តៃវ៉ាន់»។

បន្ថែម​ពី​នេះ ភាគី​ទាំង​ពីរ​បញ្ជាក់​ពី​«ការ​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​ធ្វើ​នយោបាយ​លើ​បញ្ហា​សិទ្ធិ​មនុស្ស ការ​អនុវត្ត​ស្តង់ដារ​ពីរ និង​ការ​ជ្រៀតជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ ក្រោម​ហេតុ​ផល​សិទ្ធិមនុស្ស ឬ​ប្រជាធិបតេយ្យ»។

ភាគី​ទាំងពីរ​ក៏​បាន​ឯកភាព​គ្នា​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ប្រឆាំង​នឹង​ការ​ជ្រៀត​ជ្រែក​ពី​ខាង​ក្រៅ និង​បដិវត្តន៍​ពណ៌ ដែល​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​រង​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​របស់​គណបក្សប្រជាជន​កម្ពុជា​ថា​ ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន។

ដោយ​សារ​តែ​លោក ហ៊ុន ម៉ាណែត បាន​ទទួល​ការ​អប់រំ​នៅ​សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស អ្នក​តាមដាន​មួយ​ចំនួន​បាន​ផ្តល់​ក្តី​រំពឹង​ថា ​មេដឹកនាំ​ថ្មី​របស់​កម្ពុជា​នឹង​ស្តារ​ទំនាក់ទំនង​ជាមួយ​ប្រទេស​លោក​ខាង​លិច ខណៈ​ប្រទេស​កម្ពុជា​កាន់​តែ​ខិត​ទៅ​ប្រទេស​ចិន។

គួរ​បញ្ជាក់​ថា​ ចិន​គឺ​ជា​ប្រទេស​ទី​មួយ​ដែល​លោក ហ៊ុន ម៉ាណែត ​ទៅ​បំពេញ​ទស្សនកិច្ច​ទ្វេភាគី​ផ្លូវ​ការ​មុន​គេ ក្រោយ​លោក​ចូល​កាន់​តំណែង​បាន​ជិត​មួយ​ខែ ក្រោយ​លោក​បាន​ចូល​រួមកិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ឥណ្ឌូណេស៊ី កាល​ដើម​ខែ​កញ្ញា​នេះ។ លោក​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ម្តង​ទៀត នា​ខែ​តុលា​ខាង​មុខ ដើម្បី​ចូលរួម​វេទិកា​ស្តី​ពី​គម្រោង​ខ្សែ​ក្រវ៉ាត់​ពាណិជ្ជកម្ម​របស់​ចិន​ឬ Belt and Road Initiative (BRI)៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG