អ្នកស្រី ម៉ៅ ម៉ាប់ នាយិកាប្រតិបត្តិអង្គការក្លាហាន បានបង្ហាញការប្តេជ្ញាខិតខំលើកិច្ចការងារការពារសិទ្ធិមនុស្សបន្តទៀត បន្ទាប់ពីទទួលបានពានរង្វាន់ផ្នែកសិទ្ធិមនុស្សពីស្ថានទូតបារាំង និងអាល្លឺម៉ង់ កាលពីពេលថ្មីៗនេះ។
នៅក្នុងបទសម្ភាស៍ជាមួយវីអូអេ អ្នកស្រី ម៉ៅ ម៉ាប់ អាយុ ៤៣ ឆ្នាំ ថ្លែងថា ពានរង្វាន់ដែលអ្នកស្រីទទួលបាន គឺជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់ការងារការពារសិទ្ធិមនុស្ស សមភាពយេនឌ័រ ក៏ដូចជាសិទ្ធិស្រ្តីជាដើម ដែលជាការចូលរួមចំណែកនៅក្នុងការលើកកម្ពស់ការការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
អ្នកស្រីថ្លែងថា៖ «ជាការបង្ហាញមួយ ដើម្បីឲ្យយើងដឹងថា យើងនៅមានកិច្ចការងារជាច្រើនទៀតដែលយើងត្រូវធ្វើ ដោយយើងមើលឃើញថា នៅពេលបច្ចុប្បន្ននេះ ការគោរពសិទ្ធិមនុស្សគឺមិនទាន់បានពេញលេញ ជាពិសេសទាក់ទងនឹងសិទ្ធិស្រ្តី សមភាពយេនឌ័រ តួនាទីយេនឌ័រអីហ្នឹង គឺនៅតែបន្តដាក់គំនាបពីការចូលរួមរបស់ស្រ្តី។ ខ្ញុំគិតថា យើងនៅមានការងារជាច្រើនត្រូវធ្វើ មិនមែនមានតែខ្ញុំម្នាក់ដែលត្រូវធ្វើទេ គឺត្រូវការធ្វើការរួមគ្នាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីធ្វើយ៉ាងណាឲ្យមនុស្សគ្រប់រូបទទួលបានយុត្តិធម៌ស្មើៗគ្នាចំពោះមុខច្បាប់»។
អ្នកស្រី ម៉ៅ ម៉ាប់ ទទួលបានពានរង្វាន់មួយពីបារាំងនិងអាល្លឺម៉ង់រួមគ្នាផ្នែកសិទ្ធិមនុស្ស និងនីតិរដ្ឋឆ្នាំ ២០២៤ (Franco-German Prize for Human Rights and the Rule of Law 2024) ក្នុងឱកាសនៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ពីលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំង និងលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់។
បើយោងតាមសារបង្ហោះរបស់ស្ថានទូតបារាំងនិងអាល្លឺម៉ង់លើទំព័រហ្វេសប៊ុករបស់ខ្លួន រយៈពេល ២០ ឆ្នាំមកហើយដែលអ្នកស្រី ម៉ៅ ម៉ាប់ គឺជាសកម្មជនដ៏មោះមុតផ្នែកសិទ្ធិមនុស្ស និងជាពិសេសផ្នែកសមភាពយេនឌ័រ។ អ្នកស្រីបានទទួលពានរង្វាន់នេះ ដោយសារសេចក្តីក្លាហានដ៏មោះមុតក្នុងការការពារសិទ្ធិស្ត្រីគ្រប់រូប។
អ្នកស្រី ម៉ៅ ម៉ាប់ បានចាប់ផ្តើមការងារចេញពីតួនាទីជាអ្នកទទួលភ្ញៀវនៅសមាគមការពារសិទ្ធិមនុស្សអាដហុក រហូតបានក្លាយជាអ្នកការពារសិទ្ធិមនុស្ស និងសមភាពយេនឌ័រ។ អ្នកស្រីលើកទឹកចិត្តឲ្យយុវជនកម្ពុជាចូលរួមក្នុងកិច្ចការការពារសិទ្ធិមនុស្សឲ្យបានច្រើន ជាពិសេសការការពារសិទ្ធិមនុស្សផ្អែកលើយេនឌ័រ។ អ្នកស្រីក៏ជំរុញឲ្យរដ្ឋាភិបាលបើកលំហបន្ថែមដើម្បីឲ្យប្រជាពលរដ្ឋទទួលបានសិទ្ធិការពារដោយច្បាប់ដោយពេញលេញ។
អ្នកស្រី ម៉ៅ ម៉ាប់ ប្រាប់វីអូអេថា៖ «ជំរុញលើកទឹកចិត្តឲ្យយុវជនចូលរួមឲ្យសកម្មក្នុងការការពារសិទ្ធិមនុស្ស ពិសេសទាក់ទងនិងអំពើហិង្សាផ្អែកលើយេនឌ័រ ដោយសារយើងមើលឃើញពីតួលេខនៃអំពើហិង្សាផ្អែកលើយេនឌ័រមានការថយចុះ ប៉ុន្តែក្នុងចំនួនតួលេខមួយដែលនៅតែព្រួយបារម្ភ។ ស្ថានភាពក្នុងការបញ្ចេញមតិក៏អត់ទាន់មានភាពល្អប្រសើរ។ មួយវិញទៀ តរដ្ឋាភិបាលត្រូវបំពេញតួនាទីបើកឲ្យទូលាយឲ្យប្រជាពលរដ្ឋបានអនុវត្តនូវសិទ្ធិដែលការពារដោយច្បាប់ឲ្យបានពេញលេញ ដើម្បីឲ្យប្រទេសកម្ពុជាឈានទៅប្រទេសដែលមាននីតិរដ្ឋពេញលេញ»។
អ្នកស្រី ចក់ សុភាព អតីតនាយិកានៃមជ្ឃមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានសាទរចំពោះអ្នកស្រី ម៉ៅ ម៉ាប់ ដែលទទួលបានពានរង្វាន់ផ្នែកសិទ្ធិមនុស្សពីស្ថានទូតបារាំង និងអាល្លឺម៉ង់។ អ្នកស្រីថា ពានរង្វាន់នេះពិតជាស័ក្តិសមបំផុតសម្រាប់អ្នកស្រី ម៉ៅ ម៉ាប់។
អ្នកស្រីថ្លែងថា៖ «បទពិសោធន៍ និងការចូលរួមរបស់គាត់កន្លងមក និងបច្ចុប្បន្ននៅក្នុងអង្គការក្លាហាននេះ គឺយើងបានធ្វើការរួមគ្នាច្រើនក្នុងវិស័យសិទ្ធិមនុស្ស ហើយយើងឃើញថា ការខិតខំប្រឹងប្រែងទន់ភ្លន់ ប៉ុន្តែវិធីសាស្រ្ត យុទ្ធសាស្រ្តការងារ គឺគាត់មានភាពទន់ភ្លន់ តែច្បាស់លាស់។ គាត់ស័ក្តិសមនឹងទទួលបានការឲ្យតម្លៃច្រើនជាងពានរង្វាន់នេះទៅទៀត បើយើងមើលទៅលើការប្រឹងប្រែងនិងការចូលរួមចំណែកកន្លងមក»។
បើតាមស្ថានទូតបារាំង នៅពេលធ្វើការងារនៅសមាគមអាដហុកដែលបច្ចុប្បន្ន អ្នកស្រីគឺជាសមាជិកក្រុមប្រឹក្សាភិបាល អ្នកស្រី ម៉ៅ ម៉ាប់ បានបំពេញការងារក្នុងការប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ដោយគាំទ្រលទ្ធភាពទទួលបានយុត្តិធម៌ និងការធ្វើសមាហរណកម្មអ្នករស់រានមានជីវិត ក៏ដូចជាការពារស្ត្រីចំណាកស្រុក។
ក្នុងពេលបំពេញការងារជានាយិកាអង្គការក្លាហាន អ្នកស្រីដើរតួនាទីសំខាន់ក្នុងនាមជាស្ត្រីតស៊ូ ដើម្បីសមភាពយេនឌ័រ និងសិទ្ធិស្ត្រី ដោយពុំមានការរើសអើងប្រភព អាយុ ពណ៌សម្បុរ និងជាតិសាសន៍ ហើយអ្នកស្រីគឺជាអ្នកគាំទ្រសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (LGBT+) និងស្ត្រីមកពីសហគមន៍ជនជាតិដើម។
លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «តាមរយៈការទូតដែលផ្តោតលើស្ត្រី ប្រទេសបារាំងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញសមភាពរវាងស្ត្រីនិងបុរស និងក្នុងការប្រយុទ្ធប្រឆាំងនឹងហិង្សាដែលផ្អែកលើយេនឌ័រគ្រប់ទម្រង់ទាំងអស់។ ពានរង្វាន់នេះគឺជាការទទួលស្គាល់ការងាររបស់លោកស្រី ម៉ៅ ម៉ាប់ ដែលបានចំណាយពេលប្រមាណ ២០ ឆ្នាំ ក្នុងការការពារសិទ្ធិស្ត្រី និងការពារស្ត្រីងាយរងគ្រោះបំផុត។ ការផ្តល់ពានរង្វាន់នេះក៏ជាការទទួលស្គាល់ផងដែរនូវការប្តេជ្ញាចិត្ត និងភក្តីភាពរបស់អ្នកការពារសិទ្ធិមនុស្សកម្ពុជា»។
ចំណែកលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជាវិញ ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានមួយដែរ ដោយលើកឡើងថា៖ «ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សគឺជាអាទិភាពមួយនៃគោលនយោបាយការបរទេសអាល្លឺម៉ង់នៅក្នុងពិភពលោក។ ក្នុងន័យនេះ ការការពារនីតិរដ្ឋ និងសេរីភាពជាមូលដ្ឋាន គឺជាសសរស្តម្ភនៃការប្តេជ្ញាចិត្តអន្តរជាតិរបស់អាល្លឺម៉ង់។ នៅឆ្នាំនេះ យើងប្រគល់ពានរង្វាន់ជូនលោកស្រី ម៉ៅ ម៉ាប់ ដោយសារភាពក្លាហានមោះមុតរបស់លោកស្រីក្នុងការការពារសិទ្ធិទាំងនេះ ជាពិសេសដើម្បីជាប្រយោជន៍ស្រ្តីជនជាតិដើម និងស្រ្តីដែលត្រូវបានរើសអើង»។
បើតាមស្ថានទូតបារាំងនិងអាល្លឺម៉ង់ តាមរយៈពានរង្វាន់សិទ្ធិមនុស្ស និងនីតិរដ្ឋនេះ ប្រទេសបារាំងនិងអាល្លឺម៉ង់វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សង្គមស៊ីវិលនៅកម្ពុជាដើម្បីសេចក្តីថ្លៃថ្នូរនៃមនុស្សជាតិ និងសិទ្ធិមនុស្ស«ដែលមិនអាចដកហូតបាន»៕
វេទិកាបញ្ចេញមតិ