ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​សាសនា​​ ដាក់កំហិត​​សេរី​ភាព​ព្រះ​សង្ឃ​ធ្វើ​បាតុកម្ម


រូបឯកសារ៖ ព្រះសង្ឃប្រើប្រាស់ទូរស័ព្ទដៃ ថតផ្ដិតយកទិដ្ឋភាពពិធីរំឭកខួប៧០ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលធ្វើឡើងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ ព្រះសង្ឃប្រើប្រាស់ទូរស័ព្ទដៃ ថតផ្ដិតយកទិដ្ឋភាពពិធីរំឭកខួប៧០ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលធ្វើឡើងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

ក្រសួង​ធម្មការ​និង​កិច្ចការ​សាសនា​កំពុង​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​សាសនា​ ដែល​នឹង​អាច​ដាក់​ទោស​ទណ្ឌ​ព្រះ​សង្ឃ​ដែល​ចូលរួម​ធ្វើ​បាតុកម្មឬ​តវ៉ា​អ្វី​មួយ។​

សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​ទាន់​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​មន្រ្តី​ក្រសួង​សាសនា​បញ្ជាក់​ថា ​វា​ជា​សេចក្តី​ព្រាង​ច្បាប់​មួយ​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ពិភាក្សា​ជាមួយ​ក្រសួង​យុត្តិធម៌​បន្ថែម​ទៀត។​

មាត្រា​ ៣៥ ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ចែង​ថា ​ព្រះ​សង្ឃ​ព្រះ​ពុទ្ធ​សាសនា​ដែល​មាន​ចេតនា​ចូល​រួម​ធ្វើ​បាតុកម្ម ​កូដកម្ម ​កុបកម្ម​ដើម្បី​ប្រឆាំង ​ឬ​ប្រឆាំង​នឹង​គណបក្ស​នយោបាយ​ណា​មួយ ​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​ ៧​ឆ្នាំដល់​១៥​ឆ្នាំ​ ដោយ​មិន​គិត​ពី​ទោស​ដទៃ​ទៀត​ដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្ម​ទណ្ឌ។ ចំណែក​មាត្រា​មួយ​ទៀត​ចែង​ថា ​បុគ្គល​ដែល​បង្ខិត​បង្ខំ​ឲ្យ​អ្នក​ដទៃ​ជឿ​ឬ​មិន​ឲ្យ​ជឿ​លើ​សាសនា​ណា​មួយ​ ដោយ​ការ​គំរាម​ប្រើ​មុខ​ងារ​អំណាច ​អំពើ​ហិង្សា​លួង​លោម​ទិញ​ទឹក​ចិត្ត​ ឬ​គ្រូ​ចូល​រូប​ គ្រូ​អាប​ធ្មប់​ជា​ដើម​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​៦​ខែ​ដល់​៣​ឆ្នាំ។​

លោក​ សេង សុមុនី ​រដ្ឋ​លេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ​និង​កិច្ចការ​សាសនា​ប្រាប់​វីអូអេ​ថា​សេចក្តី​ព្រាង​ច្បាប់​នេះ​ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ពិភាក្សា​ជាមួយ​ភាគី​ពាក់​ព័ន្ធ​នៅ​ឡើយ។​

លោក​បញ្ជាក់​ថា៖​ «នៅ​កំពុង​តែ​ជជែក​ក្នុង​កម្រិត​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ មេ​ដឹកនាំ​សាសនា​នៅ​ឡើយ​ទេ​ដើម្បី​ប្រមូល​ធាតុ​ចូល។​ ហើយ​ច្បាប់​នេះ​មាន​គោល​បំណង​ដើម្បី​ពង្រឹង​សុខដុម​រមណីកម្ម​ដែល​យើង​កំពុង​តែ​មាន​លើ​វិស័យ​សាសនា​ឲ្យ​រឹង​មាំ​ឲ្យ​ស្ថិត​ស្ថិរ​ហើយ​នឹង​ល្អ​ប្រសើរ»។​

លោក​បន្ថែម​ថា​ចំពោះ​មាត្រា​៣៥​ ដែល​ចែង​អំពី​ទោស​ទណ្ឌ​ ក្រសួង​យុត្តិធម៌​បាន​ជួយ​កំណត់​ឲ្យ​ ហើយ​កំពុង​ពិភាក្សា​បន្ថែម​ទៀត។​

រូបឯកសារ៖ ព្រះតេជគុណ សកម្មជន លួន សុវ៉ាត កំពុងថតសកម្មភាពទូទៅ នៅខាងមុខមណ្ឌលអប់រំកែប្រែទី១ កាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៨ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖ ព្រះតេជគុណ សកម្មជន លួន សុវ៉ាត កំពុងថតសកម្មភាពទូទៅ នៅខាងមុខមណ្ឌលអប់រំកែប្រែទី១ កាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៨ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ (ទុំ ម្លិះ/VOA)

ព្រះ​អង្គ ​លួន សុវ៉ាត ​ដែល​ជា​សកម្ម​សង្ឃ​រឿង​ដី​ធ្លី​និង​កំពុង​ភៀស​ព្រះកាយ​នៅ​ក្រៅ​ប្រទេស​មាន​សង្ឃ​ដីកា​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​ធ្វើ​ឡើង​ដើម្បី​បំបិទ​សេរី​ភាព​របស់​ព្រះសង្ឃ​ដែល​ហ៊ាន​ចេញ​ព្រះភក្រ្ត​តវ៉ា​ដោយ​សារ​បារម្ភ​អំពី​កិច្ចការ​សង្គម​និង​នយោបាយ។​ ព្រះអង្គ​បញ្ជាក់​ថា​ វា​មិន​មាន​ភាព​ចាំបាច់​ដែល​មាន​ច្បាប់​អាណាចក្រ​មក​គ្រប់​ដណ្តប់​លើ​អំណាច​ពុទ្ធចក្រ​ឡើយ។​

ព្រះ​អង្គ​មាន​សង្ឃ​ដីកា​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា៖​ «ជា​ចេតនា​នយោបាយ​ដើម្បី​ធ្វើ​ច្បាប់​ក្នុង​ន័យ​...​ហើយនឹង​ចាប់​ព្រះ​សង្ឃ​ដែល​សកម្ម​នឹង​ការងារ​សង្គម​ដូច​ជា​ការពារ​សិទ្ធិ​មនុស្ស​ដី​ធ្លី​ ព្រៃ​ឈើ​ បរិស្ថាន​ឬ​ក៏​ការ​ប្រើ​សិទ្ធិ​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​យ៉ាង​សកម្ម​នៅ​ក្នុង​កិច្ច​ការ​ងារ​សង្គម​ឬ​ក៏​កិច្ច​ការ​នយោបាយ​ហ្នឹង»។​

ព្រះ​អង្គ​បន្ថែម​ថា​ព្រះ​ពុទ្ធ​សម្តែង​ឲ្យ​ព្រះ​សង្ឃ​ចេះ​ទាម​ទារ​តវ៉ា​និង​ចេះ​បញ្ចេញ​មតិ។​

ព្រះ​អង្គ​មាន​សង្ឃ​ដីកា​បន្ថែម​ថា៖​ «ហើយ​បើ​បិទ​សិទ្ធិ​សេរីភាព​ព្រះ​សង្ឃ​មិន​ឲ្យ​មើល​ឃើញ​នូវ​ខុស​ហើយ​លោក​មិន​ហ៊ាន​និយាយ​ថា​ខុស​ មើល​ឃើញ​ថា​ត្រូវ​ ហើយ​លោក​មិន​ហ៊ាន​គាំទ្រ​ថា​ត្រូវ​ហើយ​អ៊ីចឹង​លោក​សម្តែង​ធម៌​ទេសនា​ទាំង​៨៤.០០០​ព្រះ​ធម្មក្ខន្ធ​ដើម្បី​ប្រោស​មនុស្ស​សត្វ​ទេវតា​ហ្នឹង​បាន​ការ​អី?»​

លោក ​កើត សារ៉ាយ ​អាយុ​៣១​ឆ្នាំ​ ជា​អតីត​សង្ឃ​ដែល​ត្រូវ​បាន​ចាប់​ផ្សឹក​ក្រោយ​ចេញ​ព្រះភក្ត្រ​តវ៉ា​កាល​ពី​ឆ្នាំ​មុន​ ប្រាប់​វីអូអេ​ថា ​លោក​មិន​អាច​ទទួល​យក​បាន​ទេ​នូវ​ការ​បង្កើត​ច្បាប់​ដែល​ហាម​សិទ្ធិ​សេរីភាព​របស់​ព្រះ​សង្ឃ។​ លោក​បន្ថែម​ថា ​ច្បាប់​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​កម្ពុជា​ដឹកនាំ​ដោយ​ឯកបក្ស​ដែល​វា​ងាយ​ស្រួល​នឹង​បង្កើត​ឡើង។​

លោក​ថ្លែង​ថា៖ ​«ក្នុង​នាម​ខ្ញុំ​ជា​សកម្មជន​សិទ្ធិ​មនុស្ស ហើយ​ជា​អតីត​អ្នក​បួស​គឺ​ខ្ញុំ​សូម​ប្រកាស​ដំបូង​គេ​ឲ្យ​ហើយ​ណា៎​ថា​ ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ​ច្បាប់​នេះ។​ ហើយ​ប្រសិន​បើ​ច្បាប់​នេះ​នៅ​តែ​ចេញ​បែប​នេះ​ទៀត​ គ្មាន​ការ​កែ​តម្រូវ​ដែល​អាច​ឆ្លើយ​តប​ជាមួយ​នឹង​ស្មារតី​រដ្ឋ​ធម្មនុញ្ញ​ឬ​ក៏​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​និង​ការ​រស់​នៅ​នៅ​ក្នុង​លទ្ធិ​ប្រជា​ធិបតេយ្យ​ដែល​ធានា​ដោយ​សិទ្ធិ​និង​សេរីភាព​ ខ្ញុំ​ក៏​នឹង​ធ្វើ​ការ​តស៊ូ​មតិ​ដើម្បី​ឲ្យ​លុប​ច្បាប់​ហ្នឹង​ចោល​ឬ​ក៏​កែ​សម្រួល​ឡើង​វិញ​នូវ​អត្ថន័យ​និង​ខ្លឹម​សារ​ រហូត​ដល់​ពួក​យើង​គិត​ថា​អាច​ទទួល​យក​បាន»។​

គួរ​បញ្ជាក់​ថា​ កាល​ពី​កន្លង​ទៅ ព្រះ​សង្ឃ​មួយ​ចំនួន​ក៏​ត្រូវ​បាន​ចាប់​ផ្សឹក​ ហើយ​ដាក់​ពន្ធនាគារ​ដោយ​សារ​ការ​ចេញ​ព្រះ​ភក្រ្ត​តវ៉ា។​ ក្នុង​នោះ​មាន​លោក​កើត សារ៉ាយ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០២០​ក្រោយ​តវ៉ា​ទាមទារ​ឲ្យ​ដោះ​លែង​លោក​រ៉ុង ឈុន​មេ​ដឹកនាំ​សហជីព​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​រឿង​រិះគន់​បញ្ហា​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀត​ណាម៕

XS
SM
MD
LG