ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន អំពាវ​នាវ​ឱ្យ​​ចាប់​ផ្តើម​ចរចា ដើម្បី​សម្រេច​បទ​ឈប់​បាញ់​នៅ​តំបន់​ហ្កាហ្សា


រូបឯកសារ៖ លោក ហ៊ុន សែន ដែលពេលនោះជានាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។
រូបឯកសារ៖ លោក ហ៊ុន សែន ដែលពេលនោះជានាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។

មេដឹកនាំ​គណបក្ស​គ្រប់គ្រង​ប្រទេស​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​អង្គារ បាន​អំពាវ​នាវ​ឱ្យគ្រប់​ភាគី​ពាក់​ព័ន្ធ​ចាប់​ផ្តើម​ចរចា ដើម្បី​ឈាន​ទៅ​សម្រេច​បទ​ឈប់​បាញ់​មួយ​នៅ​តំបន់​ហ្កាហ្សា​(Gaza)។

លោក ហ៊ុន សែន លើក​ឡើង​បែប​នេះ នៅ​ក្នុង​សារ​មួយ​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក។

លោក ហ៊ុន សែន ថ្លែង​ថា​ប្រសិន​បើ​មិន​មាន​បទ​ឈប់​បាញ់​មួយ​ទេ តំបន់​ហ្កាហ្សា​នឹង​ក្លាយ​ទៅ​ជា​«វាល​ពិឃាដ និង​ជា​កន្លែង​កប់​ខ្មោច​ដ៏​ធំ​ជាង​គេ​នៅ​លើ​ពិភព​លោក»។

លោក ហ៊ុន សែន បន្ថែម​ថា​កន្លង​មក​មាន​ការ​អំពាវនាវ​ពី​សហគមន៍​អន្តរ​ជាតិ​ឱ្យមាន​បទ​ឈប់​បាញ់​មួយ​នៅ​តំបន់​ហ្កាហ្សា ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​ដោយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រា​អែល ដោយ​សារមិន​មាន​ការ​ដោះ​លែង​ចំណាប់​ខ្មាំង។

លោក​បញ្ជាក់​ថា៖ «ប្រសិន​ជា​ពាក្យ​នេះ​ ជា​ពាក្យ​របស់​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល ដូច​សារ​ព័ត៌មាន​ចុះ​ផ្សាយ​ពិត​ប្រាកដ​មែន ខ្ញុំ​មើល​ឃើញ​ថា​វា​ជា​ច្រក​ចេញ​ឆ្ពោះ​ទៅ​រក​បទ​ឈប់​បាញ់​មួយ ប្រសិន​បើ​ក្រុម​ហាម៉ាស់​យល់​ព្រម​ដោះ​លែង​ចំណាប់​ខ្មាំង ដើម្បី​ដោះដូរ​ជា​មួយ​បទ​ឈប់​បាញ់​»។

លោក ហ៊ុន សែន ក៏​បាន​អំពាវនាវ​ដល់​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ និង​ភាគី​ពាក់​ព័ន្ធ ឱ្យចាប់​ផ្តើម​រក​ការ​ចរចា​ដោយ​ផ្តើម​ចេញ​ពី​ការ​ដោះ​លែង​ចំណាប់​ខ្មាំង ដោយ​ក្រុម​ហាម៉ាស់ និង​ការ​សន្យា​របស់​អ៊ីស្រាអែល​ថា​នឹង​ឈប់​បាញ់ ប្រសិន​មាន​ការ​ដោះ​លែង​ចំណាប់​ខ្មាំង។

លោក ហ៊ុន សែន បញ្ជាក់​បន្ថែម​ថា៖ «ខ្ញុំ​ក៏​សូម​អំពាវ​នាវ​ដល់​ក្រុម​ហាម៉ាស់​នៃ​ប៉ាឡេ​ស្ទីន សូម​ធ្វើ​ការដោះ​លែង​ចំណាប់​ខ្មាំង ដើម្បី​ឈាន​ឆ្ពោះ​ទៅ​រក​បទ​ឈប់​បាញ់​ដែល​ជា​ផល​ប្រយោជន៍​អាយុ​ជីវិត នៃ​ប្រជាជន​ប៉ាឡេស្ទីន នៅ​តំបន់​ហ្កាហ្សា​ស្រ្ទីប​(Gaza Strip)​ទាំង​មូល»។

កាល​ពី​ថ្ងៃ​អង្គារ សារព័ត៌មាន​អន្តរ​ជាតិ​បាន​ចុះ​ផ្សាយ​ថា​នាយក​រដ្ឋមន្ត្រី​អ៊ីស្រា​អែល​លោក Benjamin Netanyahu បាន​និយាយ​ថា​ប្រទេស​អ៊ីស្រាអែល​នឹង​ពិចារណា​អំពី​ការ​ផ្អាក​ប្រតិបត្តិការ​យោធា​រយៈ​ពេល​ខ្លី ដើម្បី​អនុញ្ញាត​ឱ្យ​ជំនួយ​មនុស្ស​ធម៌​បាន​ចូល​ទៅ​ដល់​តំបន់​ហ្កាហ្សា​(Gaza) ឬ​ក៏​ដើម្បី​អនុញ្ញាត​ឱ្យ​ចំណាប់​ខ្មាំង​ដែល​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់(Hamas) ចាប់​ឃុំ​អាច​ចាក​ចេញ​បាន ប៉ុន្តែ​លោក​បាន​ច្រាន​ចោល​នូវ​កិច្ច​ឈប់​បាញ់​គ្នា​ជា​ទូទៅ​នៅ​ក្នុង​សង្គ្រាម​រយៈ​ពេល​មួយ​ខែ​កន្លង​មក​នេះ​របស់​អ៊ីស្រា​អែល​ជាមួយ​នឹង​ក្រុម​ហាម៉ាស់។

លោក Netanyahu បាន​ថ្លែង​ប្រាប់​ទូរទស្សន៍​ABC News ថា​លោក​ប្រមើល​មើល​ឃើញ​ថា​ប្រទេស​អ៊ីស្រា​អែល​នឹង«មាន​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​សន្តិ​សុខ​ជា​រួម» នៅ​ក្នុង​តំបន់​ហ្កាហ្សា​សម្រាប់​រយៈ​ពេល​មិន​កំណត់​មួយ​នៅ​ក្រោយ​ពេល​ដែល​ខ្លួន​សម្រេច​បាន​នូវ​គោល​បំណង​នៃ​ការ​កម្ទេច​ក្រុម​ហាម៉ាស់​បាន​ទាំង​ស្រុង។

រដ្ឋាភិបាល​កម្ពុជា​បាន​ព្យាយាម​រក្សា​ជំហរ​កណ្តាល​ទៅ​លើ​សង្រ្គាម​ដែល​កំពុង​កើត​ឡើង​នេះ។ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០២៣ អ្នកស្រី អ៊ាត សោភា តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ស្តី​ពី​ជម្លោះ​ប៉ាឡេស្ទីន-អ៊ីស្រាអែល ដោយ​អំពាវ​នាវឱ្យ​«បញ្ឈប់​ការ​ចង្អុល​ដៃ​ចោទ​ដាក់​គ្នា» និង​សូមអនុញ្ញាត​ឱ្យមាន​សេចក្តី​ស្រឡាញ់ចំពោះ​មនុស្ស​ជាតិ​ទាំង​អស់​នៅ​ដោយ​គ្មាន​ការប្រកាន់​ពូជសាសន៍ និង​ជំនឿ។

សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា៖ «ជម្លោះ​ប៉ាឡេស្ទីន-អ៊ីស្រាអែល​គឺ​ជា​បញ្ហា​ដ៏​ស្មុគស្មាញ និង​ផុយ​ស្រួយ​បំផុត។ ហេតុ​ដូចនេះ កម្ពុជា​សូម​លើក​ឡើង​នូវ​ជំហរ​ជា​គោល​ការណ៍​របស់​ខ្លួន​លើ​បញ្ហា​នេះ ដោយ​មិន​ចូលរួម​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​ធ្វើ​ឡើង​ក្នុង​នាម​ក្រុម​ណា​មួយ​នោះ​ទេ»។

ការ​បាញ់​ប្រហារ​នៅ​តំបន់​ហ្កាស្សា​កាល​ពី​កន្លង​ទៅ ក៏​បាន​សម្លាប់​យុវជន​ខ្មែរ​ម្នាក់ ឈ្មោះ ចាន់ ឧត្តម ដែល​ទើប​ទៅ​ហាត់​ការ​នៅ​ប្រទេស​អ៊ីស្រាអែល​ផ្នែក​ពេទ្យ​សត្វ​នៅ​ទីនោះ។

ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា លោក គិន ភា ថ្លែង​ថា​លោក​ចង់​ឃើញ​តំបន់​ហ្កាហ្សា​ស្រ្ទីប​ក្លាយ​ជា​តំបន់​សន្តិភាព​មាន​ប្រជា​ពលរដ្ឋ​រស់​នៅ​ដោយ​ស្មើភាព​គ្នា​និង​ចង់​ឃើញ​ប៉ាឡេ​ស្ទីន និង​អ៊ីស្រាអែល​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ បូរណភាព​ទឹកដី និង​រស់​នៅ​ដោយ​សន្តិ​សហវិជ្ជមាន។​លោក​បន្ថែម​ថា​អ្វី​ដែល​ភាគី​កម្ពុជា​អាច​ធ្វើ​ទៅ​បាន គឺ​តាម​រយៈ​ការ​បោះ​ឆ្នោត​នៅ​អង្គការ​សហ​ប្រជា​ជាតិ​នូវ​រាល់​ដំណោះ​ស្រាយ​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ឡើង​ដោយ​សន្តិវិធី​ការ​ទូត​ក្នុង​ការ​ជំរុញ​ឱ្យ​បញ្ឈប់​ការ​បាញ់​គ្នា និង​ទាម​ទារ​ឱ្យ​មាន​ការ​ដោះលែង​ចំណាប់​ខ្មាំង​ទាំង​អស់​នៅ​តំបន់​ហ្កាហ្សា​ស្រ្ទីប។

បើ​តាម​លោក គិន ភា សង្រ្គាម​រវាង​អ៊ីស្រា​អែល​ និង​ក្រុម​ហាម៉ាស់ ពិបាក​នឹង​រក​ច្រក​ចេញ ប្រសិន​បើ​ភាគី​មហា​អំណាច​គាំទ្រ​តែ​ភាគី​ម្ខាងៗ។

លោក​លើក​ឡើង​ថា​៖ «បើសិន​ជា​យើង​នៅ​តែ​គាំទ្រ​តែ​ម្ខាងៗ​ សង្គ្រាម​នេះ​គឺ​មិន​អាច​ចប់​ទេ ហើយ​អ្នក​ដែល​រង​សោក​នាដកម្ម​ខ្លាំង​ជាង​គេ​ គឺ​មិនមែន​ប្រទេស​មហា​អំណាច​ មិន​មែន​កង​ទ័ព​ទាំង​សង​ខាង​ទេ គឺ​ជា​ជន​ស៊ីវិល​ជា​ពិសេស​គឺ​ជន​ស៊ីវិល​ស្លូត​ត្រង់​ដែល​កំពុង​តែ​រស់​នៅ​តំបន់​ហ្កាហ្សា​ស្រ្ទីប ដែល​កំពុង​តែ​រង​នូវ​ការ​បាញ់​ប្រហារ​រង​នូវ​ការហ៊ុំ​ព័ទ្ធ​មិន​ឱ្យ​មាន​ការ​បញ្ជូន​ស្បៀង​អាហារ​ ទឹក សូម្បី​តែ​ភ្លើង​អគ្គិសនី​នៅ​មន្ទីរ​ពេទ្យ​ក៏​ត្រូវ​បាន​កាត់​ផ្តាច់។ ទាំង​អស់​នេះ​គឺ​ជា​សោកនាដ​កម្ម​របស់​មនុស្ស​ជាតិ​នា​សតវត្សរ៍​ទី​២១»។

លោក គិន ភា ឱ្យ​ដឹង​ទៀត​ថា​សង្គ្រាម​នេះ​អាច​នឹង​បន្ត​អូសបន្លាយ​រាប់​សតវត្សរ៍​ទៀត បើ​សិន​ជា​ប្រទេស​មហា​អំណាច​មិន​មាន​សុឆន្ទៈ​ក្នុង​ស្វែង​រក​ដំណោះ​ស្រាយ​រួម​មួយ ប្រកប​ដោយ​យុត្តិធម៌​ទេ​នោះ និង​ថា​សង្រ្គាម​នេះ​ក៏​ប៉ះពាល់​ដល់​អាស៊ាន និង​កម្ពុជា​រួម​ទាំង​ពិភព​លោក​ទាំង​មូល​ផង​ដែរ បន្ទាប់​ពី​វិបត្តិ​កូវីដ​១៩ និង​សង្រ្គាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែន៕

XS
SM
MD
LG