ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការកម្ពុជាផ្តន្ទាទោសជនបរទេស២នាក់ឱ្យជាប់គុកមួយជីវិតរឿងគ្រឿងញៀន


រូបផ្គុំបង្ហាញជនជាតិឡាវនិងជនជាតិវៀតណាមត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទជួញដូរសារធាតុញៀន នៅរាជធានីភ្នំពេញ។ (Facebook/General Commissariat of National Police)
រូបផ្គុំបង្ហាញជនជាតិឡាវនិងជនជាតិវៀតណាមត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទជួញដូរសារធាតុញៀន នៅរាជធានីភ្នំពេញ។ (Facebook/General Commissariat of National Police)

តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទា​ទោស​ជន​បរទេសពីរ​នាក់ គឺ​វៀតណាម និង​ឡាវ ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ «រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ឆ្លងដែន​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន» ដែល​អាជ្ញាធរ​រឹបអូស​គ្រឿង​ញៀន​បាន​ទម្ងន់​ ១៦០​គីឡូ​ក្រាម កាល​ពី​ឆ្នាំ ​២០២២​។ នេះ​បើ​តាម​អ្នកនាំ​ពាក្យ​តុលាការ និង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាការ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ។

​កាល​ពី​ថ្ងៃទី​ ១៩ ​ខែមីនា ឆ្នាំ​ ២០២៤ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បានប្រកាស​សាលក្រម​កាត់​ទោស​ជន​បរទេស​ពីរនាក់ ពី​បទ​«រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ឆ្លងដែន​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន» ដោយ​ក្នុង​នោះ​បានផ្តន្ទា​ទោស​ពួកគេ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​ពិន័យ​ជា​ប្រាក់​ ៨០ ​លានរៀល ​ឬ​ប្រហាក់​ប្រហែល​ ២ ម៉ឺន​ដុល្លារ​អាមេរិក។ ជន​ទាំង​ពីរនោះ ​មាន​ឈ្មោះ ​ង្វៀន ជុងហឹង និង​ឈ្មោះ ប៊ុន ស៊ូកែវអា​លុន។ ​អាជ្ញាធរបាន​រឹប​អូស​គ្រឿង​ញៀន​ពី​ពួកគេ​បាន​ទម្ងន់ ​១៦០ ​គីឡូក្រាម ​ដែល​ប្រព្រឹត្ត​ក្នុងរាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី ​២៥ ខែ​តុលា ​ឆ្នាំ​ ២០២២​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា​ដំបូង​រាជធានីភ្នំពេញ​ ចុះថ្ងៃទី​ ២០ ខែ​មីនា ឆ្នាំ​ ២០២៤។ តុលាការ​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​ករណី​នេះ កាល​ពី​ថ្ងៃ​ទី​ ២៨ ខែ​កុម្ភៈ ឆ្នាំ​ ២០២៤។

លោក សួស វិទ្យា​រ៉ាន់ឌី អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ប្រាប់​វីអូអេ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​តុលាការ​ពិត​ជា​បាន​ចោទ​ប្រកាន់​ជន​បរទេស​ទាំង​ពីរ​នាក់​នេះ​។ ប៉ុន្តែ​លោកបដិសេធ​មិន​បញ្ជាក់​ថា ​ពួកគេ​ជាជន​ជាតិ​អ្វី​នោះ​ទេ​។

លោក​បញ្ជាក់​ថា៖ «យើង​អត់​ដាក់ហ្នឹង ​យើង​អត់ចង់​ឱ្យ​ប៉ះ​ពាល់​ប្រទេស​គេ​។​ អ៊ីចឹង​យើង​ដាក់​តែ​ឈ្មោះ​ប៉ុណ្ណឹង​ទៅ​។ ហើយ​ទាក់​ទង​ទម្ងន់​គ្រឿង​ញៀន គឺ​ទម្ងន់​សរុប»។

ប៉ុន្តែ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន អាជ្ញាធរ​បាន​ចាប់​ខ្លួន​ជន​បរទេស​ ម្នាក់​ឈ្មោះ​លោក ង្វៀន ជុងហឹង ជា​ជន​ជាតិ​វៀត​ណាម ​និង​ជន​បរទេស​ម្នាក់​ទៀត លោក ប៊ុន ស៊ូកែវ​អាលុន ជា​ជន​ជាតិ​ឡាវ នៅ​ក្នុង​ករណី​បង្រ្កាប​គ្រឿង​ញៀន​មួយ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​ ២៥ ខែ​តុលា ឆ្នាំ​ ២០២២ ។

បើ​តាម​ព័ត៌មាន​លើ​គេហទំព័រ សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​ការ​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​ជួញដូរ​គ្រឿង​ញៀន​ឆ្លង​ដែន​ពី​ឡាវ​មក​កម្ពុជា​ នៅ​ចំណុច​ផ្លូវ​លេខ ​៥៣​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​១​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ ដោយ​ចាប់​បាន​វត្ថុ​តាងរួម​មានមេ​តំ​ហ្វេ​តា​មីន ​(ICE)​ ១៦០​ដុំ​ ទម្ងន់​ប្រមាណ​ ១៦០​គីឡូក្រាម។

ជុំវិញ​ករណី​កាត់​ទោស​ជន​បរទេស​ដាក់​ពន្ធនាគារ​មួយ​ជីវិត​នេះ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា ​តើ​ជនជាតិ​រៀត​ណាម និង​ជន​ជាតិ​ឡាវ​នឹងត្រូវ​បាន​បញ្ជូនទៅប្រទេស​កំណើត​វិញ ឬ​យ៉ាងណា​នោះ​ទេ។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សួស វិទ្យារ៉ាន់ឌី ថា ​លោក​មិន​ដឹង​ទាក់​ទង​នឹង​ការ​ធ្វើ​បត្យាប័ន​ឬ​បញ្ជូន​ជន​បរទេស​ទាំង​ពីរ​នាក់​នេះ​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​ឡើយ។

វីអូអេ​មិន​ទាន់​អាច​សុំការ​បញ្ជាក់ពី​ស្ថានទូត​វៀត​ណាម និង​ស្ថាន​ទូតឡាវ​ប្រចាំ​កម្ពុជា​បាន​នៅ​ឡើយ​ទេ។

លោក អំ សំអាត​ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ប្រាប់​វីអូអេ​ថា​ កម្ពុជា​បាន​ចុះ​សន្និសញ្ញា​ស្តីពីបត្យាប័ន​ជាមួយ​ប្រទេស​វៀត​ណាម និង​ឡាវ ​ដើម្បី​បញ្ជូន​ខ្លួន​មនុស្សដែលប្រព្រឹត្ត​សកម្មភាព​ខុស​ច្បាប់ទៅ​ប្រទេស​កំណើត​វិញ ប៉ុន្តែ​ករណី​នេះ​កើត​ឡើង លុះត្រា​តែប្រទេស​សាមី​ជា​អ្នក​ស្នើសុំ។

លោក​បញ្ជាក់​ថា៖ ​«បើ​សិន​ជា​មិន​មាន​ការ​ស្នើ​សុំ​ធ្វើ​បត្យាប័ន​ទេ ​ការ​កាត់​ទោសនៅ​ប្រទេស​ខ្មែរ​ ត្រូវ​តែ​ឃុំ​នៅ​ប្រទេស​ខ្មែរ លុះត្រា​តែ​ប្រទេស​ជា​សាមី​សុំ​ធ្វើ​បត្យាប័ន​ត្រឡប់​ទៅ​ប្រទេស​គេ​វិញ»។

ទាក់​ទង​នឹង​ការ​ផ្តន្ទាទោស​ជន​បរទេស​ដាក់ពន្ធនាគារ​អស់​មួយ​ជីវិត​នេះ​ គឺដោយ​សារ​កម្ពុជា​មិន​មាន​ច្បាប់​ប្រហារ​ជីវិត​ដូច​ប្រទេស​វៀត​ណាម​។ នេះ​បើតាម​លោក អំ សំអាត​។

ជុំវិញ​បញ្ហា​គ្រឿង​ញៀន​ក្នុង​ប្រទេស​កម្ពុជា លោក អំ សំអាត យល់​ឃើញថា ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ចេះ​សហការ​គ្នា ​និង​ត្រូវ​រឹត​បន្តឹង​ការ​អនុវត្ត​យន្តការ​នានា​ ដូច​ជា​ការ​ពង្រឹង​ច្បាប់ ការលុប​បំបាត់​អំពើ​ពុក​រលួយ ការ​ត្រួត​ពិនិត្យ​សារ​ធាតុ​គីមី​ផ្សំ​ដែល​អាច​បំឡែង​ជា​គ្រឿង​ញៀន​ឱ្យ​បាន​តឹងរ៉ឹង ​និងត្រូវ​ធ្វើ​កិច្ចសហប្រតិបត្តិ​ការ​ជាមួយ​បណ្តា​ប្រទេស​ជិត​ខាង​ ដើម្បី​ទប់​ស្កាត់​ការហូរ​ចូល​គ្រឿង​ញៀន​ពី​ក្រៅ​ប្រទេសនិង​ក្នុង​ស្រុក​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​។ ក្រៅ​ពីនេះ​លោក​ថា ​ប្រសិន​បើ​មន្ត្រី​ណា​ម្នាក់​រក​ឃើញ​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿង​ញៀន​នេះ ​ត្រូវ​ផ្តន្ទា​ទោស​តាម​ច្បាប់ ដោយ​គ្មាន​ការ​លើក​លែង។

​គួរបញ្ជាក់ថា ​នៅក្នុង​ខែ​កុម្ភៈ និងកាលពី​ពេលថ្មី​ៗនេះ ​តុលាការ​រាជធានី​ភ្នំពេញ​ក៏បាន​ចោទ​ប្រកាន់​ជនជាតិ​ខ្មែរ និង​ជន​បរទេស​មួយ​ចំនួន​ទៀត ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​នេះ​ផង​ដែរ ​ដោយ​តុលាការ​សម្រេច​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ ២៨ ​ឆ្នាំ ៣០ ឆ្នាំ និង​អ្នក​ខ្លះទៀត គឺ​ផ្តន្ទា​ទោសដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG