ការចាប់ផ្ដើមធ្វើជំនួញនៅប្រទេសកម្ពុជា កាន់តែអស់ថ្លៃទុនច្រើនដោយសារការចំណាយនានាពាក់ព័ន្ធនឹងការចុះបញ្ជីអាជីវកម្មនៅក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាន់តែខ្ពស់។
នេះគឺជាការវាយតម្លៃរបស់ធនាគារពិភពលោកក្នុងរបាយការណ៍ដែលចេញផ្សាយជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ។
របាយការណ៍ដែលមានចំណងជើងថា៖ «ការធ្វើជំនួញឆ្នាំ២០២០៖ ល្បឿននៃកំណែទម្រង់បរិយាកាសធ្វើជំនួញថយល្បឿនក្នុងតំបន់អាស៊ីខាងកើត និងអាស៊ីប៉ាស៊ីហ្វិក» បង្ហាញថាបើធៀបទៅនឹងឆ្នាំ២០១៩នេះ បរិយាកាសធ្វើជំនួញរបស់កម្ពុជា មិនមានភាពប្រសើរឡើងនោះឡើយ។ មិនបានប្រសើរដោយសារប្រទេសកម្ពុជាបានទទួលចំណាត់ថ្នាក់លេខរៀងទី១៤៤ ក្នុងចំណោមប្រទេសសរុបចំនួន ១៩០ សម្រាប់បរិយាកាសនៃការធ្វើជំនួញឆ្នាំ២០២០ដូចគ្នានឹងការវាយតម្លៃសម្រាប់បរិយាកាសធ្វើជំនួញនៅឆ្នាំ២០១៩ដែរ ពោលគឺជាចំណាត់ថ្នាក់អាក្រក់ជាងការវាយតម្លៃកាលពីឆ្នាំ២០១៧ ដែលកាលនោះកម្ពុជាឈរនៅលំដាប់ទី១៣១។
របាយការណ៍របស់ធនាគារពិភពលោកដដែលបង្ហាញថាបរិយាកាសធ្វើជំនួញនៅកម្ពុជាមិនល្អដូចនៅប្រទេសថៃនិងវៀតណាមនោះទេ។ កម្ពុជាទទួលបានការវាយតម្លៃចំនួន៥៣.៨ ពិន្ទុ នៅពីក្រោយវៀតណាមចំនួន ១៦ពិន្ទុ និងចាញ់ប្រទេសថៃចំនួន២៦.៣ពិន្ទុ។
របាយការណ៍របស់ធនាគារពិភពលោក បានគូសបញ្ជាក់បន្ថែមថាកម្ពុជាមិនបានបង្ហាញឲ្យឃើញពីការកែទម្រង់ដើម្បីធ្វើឲ្យមានភាពងាយស្រួលក្នុងការធ្វើជំនួញនោះទេ។ ផ្ទុយទៅវិញ កម្ពុជានៅឆ្នាំ២០២០ មានការកែប្រែដែលធ្វើឲ្យមានការពិបាកច្រើនក្នុងការធ្វើជំនួញ។
ទោះជាយ៉ាងណា របាយការណ៍បង្ហាញថាកម្ពុជាមានបរិយាកាសធ្វើជំនួញប្រសើរជាងប្រទេសឡាវ ដែលឈរនៅលំដាប់ទី១៥៤ និងប្រសើរជាងប្រទេសមីយ៉ាន់ម៉ា ដែលឈរនៅលំដាប់ទី១៦៥។
លោក ហេង សួ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងលោកស៊ាង ថៃ មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្ម មិនអាចទាក់ទងដើម្បីស្នើសុំសេចក្ដីអត្ថាធិប្បាយបានទេនៅថ្ងៃព្រហស្បតិ៍នេះ។
ដោយឡែក លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាល បានទទួលស្គាល់ថាមានបន្ទុកមួយចំនួនសម្រាប់អ្នកប្រកបរបរជំនួញនៅកម្ពុជា មុននឹងលោកបង្វែរសំណួរទៅកាន់មន្ត្រីអ្នកនាំពាក្យនៃក្រសួងទាំងពីរខាងលើ។
យ៉ាងណាក៏ដោយ មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលដដែលអះអាងថាកម្ពុជាកំពុងធ្វើការកែសម្រួលសម្រាប់បរិយាកាសធ្វើជំនួញ។
«អាស្រ័យហេតុដូច្នេះ បានរាជរដ្ឋាភិបាល កាត់បន្ថយរាល់ប្រាក់ចំណាយ ទាំងព្រមដែលវាមិន នែវាមិនជាការចាំបាច់ ដើម្បីបង្កើនភាពប្រកួតប្រជែង ដែលគេហៅថា ធ្វើកំណែទម្រង់ទាំងកញ្ចប់ កាត់លុបចោលនូវភ្នាក់ងារ ដូចកាំត្រូល ដូចភ្នាក់ងារជាច្រើនដែលនៅតាមច្រកព្រំដែនអន្តរជាតិនោះ»។
ធនាគារពិភពលោក មិនបានបញ្ជាក់លម្អិតពីថ្លៃចំណាយបែបណាក្នុងការចុះបញ្ជីការធ្វើជំនួញនៅកម្ពុជាក្នុងរបាយការណ៍របស់ខ្លួននោះទេ។ ទោះយ៉ាងណា របាយការណ៍ដដែលឲ្យដឹងថា ប្រទេសកម្ពុជាបានធ្វើឲ្យមានភាពងាយស្រួលក្នុងវិស័យសំណង់ ដោយសារតែមានការចំណាយតិចតួចក្នុងការទទួលបានការអនុញ្ញាតសម្រាប់ការសាងសង់។
របាយការណ៍របស់ធនាគារពិភពលោកស្ដីពីបរិយាកាសធ្វើជំនួញក្នុងឆ្នាំ២០២០នេះ ធ្វើឡើងតែជាងមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីធនាគារនេះ បានព្រមានពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលនឹងរំកិលធ្លាក់ពីកំណើន៧,៥ភាគរយនៅឆ្នាំ២០១៨ មកត្រឹម៧ភាគរយវិញសម្រាប់ឆ្នាំ២០១៩នេះ។
ការចុះថមថយកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានេះ គឺអាចបណ្ដាលមកពី«ភាពមិនច្បាស់លាស់នៃការអនុគ្រោះពន្ធចូលទីផ្សារអឺរ៉ុប គឺអ្វីៗទាំងអស់លើកលែងតែអាវុធ ឬ EBA (Everything but Arms) និងការស្រុតចុះយ៉ាងគំហុកណាមួយនៃសេដ្ឋកិច្ចរបស់ប្រទេសចិនដែលទទួលរងផលប៉ះពាល់ពីសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក»៕