ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា​បើក​សម័យ​ប្រជុំ​ជា​ថ្មី


លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន អង្គុយ​នៅ​ក្នុង​សាលប្រជុំ​រដ្ឋសភា​ជាតិ​ជាមួយ​នឹង​តំណាងរាស្ត្រ​ផ្សេង​ទៀត​ពី​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៣។
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន អង្គុយ​នៅ​ក្នុង​សាលប្រជុំ​រដ្ឋសភា​ជាតិ​ជាមួយ​នឹង​តំណាងរាស្ត្រ​ផ្សេង​ទៀត​ពី​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៣។
រដ្ឋ​សភា​ជាតិ​បាន​បើក​សម័យ​ប្រជុំ​នៅ​ថ្ងៃ​អង្គារ​នេះ​ជា​ឯកបក្សក្នុង​ខណៈ​ពេល​ដែល​វិបត្តិ​នយោ​បាយ​ក្រោយ​ពី​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​មុន​នៅ​មិន​ទាន់​ដោះស្រាយ​រួច​នៅ​ឡើយ។​

កិច្ច​ប្រជុំ​ដែល​មាន​តែ​សមាជិក​តំណាងរាស្ដ្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៦​រួប​តែ​ប៉ុណ្ណោះ រីឯសមាជិក​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​បន្ត​ធ្វើ​ពហិការ​កិច្ច​ប្រជុំ​សភា​រហូត​ដល់មាន​ការ​ដោះ​ស្រាយ​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។​

លោក​ ងួន​ ញ៉ិល​ អនុ​ប្រធាន​ទី​១នៃ​រដ្ឋ​សភាបាន​ថ្លែង​អំពី​របៀបវារៈ​នៃ​កិច្ច​ប្រជុំនេះ​ថា៖​ «របៀប​វារៈនៃ​សម័យ​ប្រជុំ​រដ្ឋ​សភា​លើក​ទី​២​នីតិកាល​ទី​៥​រួម​មាន៖​ ១​សេចក្តី​ព្រាង​ច្បាប់​ស្តី​អំពី​ផ្លូវ​ថ្នល់​ ២​សេចក្តី​ព្រាងច្បាប់ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​ពិធីសារ​ស្តី​អំពី​វិសោធកម្ម​លើ​កិច្ច​ព្រម​ព្រៀងរាជ​រដ្ឋា​ភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម​ស្តីពី​ការ​ជំរុញ​និង​ការ​ការពារ​វិនិយោគ»។​

រដ្ឋសភា​កម្ពុជា​បាន​បើក​ទ្វារ​ជា​លើក​ទី​១​កាល​ពី​ខែ​កញ្ញា ​ឆ្នាំ​២០១៣ ​ក្រោយ​ពី​ការ​បោះឆ្នោតជ្រើស​តាំង​តំណាង​រាស្ដ្រ​ដ៏​ចម្រូង​ចម្រាស់។ ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៦៨​អាសនៈ​ រីឯ​គណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​៥៥​អាសនៈ។​ ​ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បរិហារ​ពី​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ដែល​ខ្លួន​អះអាង​ថា​ ជា​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ដែល​ខ្លួន​គួរ​តែ​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​ងួន ញ៉ិល​បាន​បង្ហាញ​របាយ​ការណ៍ពី​សកម្មភាព​មួយ​ចំនួន​របស់​សមាជិក​រដ្ឋ​សភា​ ប៉ុន្តែ​មិន​មាន​ការ​អនុម័ត​ច្បាប់​សំខាន់​ណាមួយ​ក្រៅ​ពី​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១២។​

លោកស្រី​មូរ សុខហួរ ​តំណាង​រាស្ដ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​មណ្ឌល​ខេត្ត​បាត់​ដំបង​ អធិ​ប្បាយ​ថា​ ការ​អនុម័ត​ច្បាប់​ដោយ​គ្មាន​ការ​ចូលរួម​ពី​គណបក្ស​ជំទាស់​គឺ​ជា​ការ​ខុស​ច្បាប់។​

«បើ​សិន​ជា​សភា​ជាសភា​ឯកបក្ស​ ហើយ​ជា​សភា​ដែល​មិន​គ្រប់​ទឹក​ ខុស​រដ្ឋ​ធម្មនុញ្ញ ​ច្បាប់​ទាំង​ប៉ុន្មាន​ លុយ​កម្ចី​ទាំង​ប៉ុន្មាន ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទទួល​ស្គាល់។​ ​យើង​បាន​ប្រកាស​ហើយ​គឺ​មិន​ស្រប​ច្បាប់​ទេ។​ បើ​សិនជា​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​មិន​គោរព​អ្វី​ជា​រដ្ឋ​ធម្មនុញ្ញ​ ហើយ​ចង់​បន្ត​កាន់​អំណាច​ដោយខ្លួន​ឯង​នេះ​គឺ​ទទួល​ខុសត្រូវ​ដោយ​ខ្លួន​ឯង​ទៅ»។​

ក្រោយ​ពី​កិច្ច​ប្រជុំ​សភា​នោះ​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​មិន​បាន​អត្ថាធិប្បាយ​លើ​ដំណោះ​ស្រាយ​នយោបាយ​នោះ​ទេ ​ដោយ​លោកលើក​ឡើង​ថា ​នោះ​គឺ​ជា​ចំណោទ​របស់​គណបក្ស​សង្គ្រោះជាតិ។

ដំណាល​គ្នា​នឹង​កិច្ច​ប្រជុំ​សភា​នេះ ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាបាន​អំពាវនាវ​ឲ្យ​រដ្ឋ​សភា​ផ្អាកការ​អនុ​ម័ត​ច្បាប់​ថ្មីៗនានា​រហូត​ដល់ភាព​ជាប់​គាំង​នយោបាយ​ត្រូវ​បាន​ដោះ​ស្រាយ​ចប់​សព្វ​គ្រប់។​

មជ្ឈមណ្ឌល​នេះបាន​សម្តែងការ​ព្រួយ​បារម្ភ​ថា​ សេចក្តី​ព្រាង​ច្បាប់​ទាំង​នោះ​មិន​ត្រូវ​បានពិនិត្យ​ពិច័យ​គ្រប់​គ្រាន់ និង​មិន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ទាំងស្រុង​នោះ​ទេ​ ប្រសិន​បើ​មាន​តែ​តំណាង​រាស្ដ្រ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​អង្គុយ​ពិភាក្សា​ច្បាប់​នៅ​ក្នុង​រដ្ឋ​សភា​នោះ៕
XS
SM
MD
LG