ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រក​ឃើញ ៥៧៦ ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ​ក្នុង​មួយ​ថ្ងៃ


បុគ្គលិកសុខាភិបាលកំពុងយកសំណាកពីប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើេតស្តរកជំងឺកូវីដ១៩ កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១។ (ទុំ ម្លិះ/វីអូអេ)
បុគ្គលិកសុខាភិបាលកំពុងយកសំណាកពីប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើេតស្តរកជំងឺកូវីដ១៩ កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១។ (ទុំ ម្លិះ/វីអូអេ)

កម្ពុជា​បាន​កត់ត្រា​កំណើន​ឆ្លង​កូវីដ១៩​ ប្រចាំថ្ងៃ​ច្រើន​បំផុត​មិន​ធ្លាប់​មាន ដល់​ទៅ ​៥៧៦ ករណី​ នៅថ្ងៃសុក្រនេះ ដែល​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​ក្នុង​ផ្សារម្ហូប​និង​រោងចក្រ​កាត់ដេរ។

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​លើកទឹកចិត្ត​ឱ្យ​រដ្ឋ​និង​ប្រជាជន​កម្ពុជា​ចូលរួម​បិទ​បញ្ចប់​ការចម្លង​នេះ មុន​ពេល​កម្ពុជា​ពើប​ប្រទះនឹង «គ្រោះ​មហន្តរាយ​ថ្នាក់​ជាតិ »​បង្ក​ដោយ​ជំងឺ​កូវីដ១៩។

ក្នុង​ចំណោម​ករណីថ្មី​ទាំង​នោះ មាន ​៥៤៤ ករណី​រក​ឃើញ​នៅ​ភ្នំពេញ ដែល​មាន​ចង្កោម​ឆ្លង​ចម្បងៗពីរ​គឺផ្សារ​អូរឫស្សី​ និងរោងចក្រ​កាត់ដេរ​របស់​តៃវ៉ាន់​ នៅខណ្ឌ​មានជ័យ​ ហើយក៏​មាន​ឆ្លង​នៅ​ទី​តាំង​ផ្សេង​ទៀត​ផង​ដែរ។ នេះ​បើ​តាមលោក ម៉េត មាសភក្ដី​ អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ។

លោក ​ម៉េត មាសភក្ដី បាន​ប្រាប់​វីអូអេ​ថា៖ «ជាធម្មតា​អ៊ីចឹង​ហើយ វា​ត្រូវ​តែ​ចេញ​ពី​ស្ថានភាព​នៃ​ភូមិសាស្ត្រ​ចាស់ គ្រាន់​តែ​ក្នុង​នោះ​ក៏​វា​មាន​ការ​ចេញ​នៅ​ទីតាំង​ផ្សេងៗ​ទៀត​ផង​ដែរ មិន​ចេញ​តែ​ពី​គោលដៅ​ហ្នឹង​ទាំងស្រុង​ ១០០% ទេ ... មានចម្រុះ​គ្នា​ណា មាន​ចម្រុះ​គ្នា»។

មន្ត្រី​រូប​នេះ​បន្ត​ថា ផ្សារ​ម្ហូប​និង​ទីតាំង​ផ្សេង​ទៀត​បានបង្កើន​ការ​ប្រុងប្រយ័ត្ន​ដែល​មាន​ស្រាប់ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​បន្ត​ទៅ​ទៀត ដូច​នឹង​នៅ​ផ្សារ​អូរ​ឫស្សី ដែល​បាន​បិទទ្វារ​តាំង​ពី​ដើម​សប្ដាហ៍​នេះ។

«ការយក​ចិត្តទុកដាក់​លើកិច្ចការ​ហ្នឹង​ជាច្រើន​យូរ​មក​ហើយ មិន​មែន​ទើប​តែ​ពេល​នេះ​ទេ ហើយ​វិធាន​ការ​ផ្សេងៗ ​ក៏​ត្រូវ​បាន​អនុវត្ត​កន្លង​មក​ដែរ គ្រាន់​តែ​វា​មាន​ឧបទ្ទវ​ហេតុ​នៃ​កិច្ចការ​ខ្លះ​ដែល​យើងពិបាក​នឹង​នេះ​ដែរ វា​បាន​កើត​ឡើង ជា​ឧទាហរណ៍​នៅក្នុង​ផ្សារ​អូរឫស្សី​ជា​ដើម»។

តាមការផ្សាយ​នៅថ្ងៃសុក្រ​នេះ​របស់​អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវីដ១៩ ការ​តាមដាន​រក​អ្នកប៉ះពាល់​បាន​ប្រកាស​ឡើង​បន្ថែម ខណៈ​មាន​អ្នក​វិជ្ជមានកូវីដ១៩ ធ្វើដំណើរ​ទៅ​ផ្សារ​ដើមគរ ផ្សារនាគមាស និង​ផ្សារ​បឹង​ត្របែក​ផ្លាហ្សា។

លោក​ឧត្ដមសេនីយ៍ឯក ​ឌី វិជ្ជា ​ប្រធាន​អនុគណៈកម្មការ​បានប្រាប់​វីអូអេ​នារសៀល​ថ្ងៃសុក្រថា៖ «គិត​ត្រឹមម៉ោង​នេះ យើងបាន​ត្រឹមតែ​ដឹងថា ​ផ្សារ​ទាំងនោះ​មាន​វត្តមាន​អ្នកជំងឺទៅដល់ ​ប៉ុន្តែ​មិនទាន់​រក​ឃើញ​ថា​មាន​អ្នកឆ្លងនៅក្នុង​តំបន់ផ្សារ​ទាំងនោះ​នៅ​ឡើយ​ទេ»។

ទីតាំង​ឆ្លងធំ​នៅ​រោងចក្រ​ឌីនហាន់ (Din Han) ស្ថិតក្នុង​ខណ្ឌ​មានជ័យ មាន​កម្មករ​កម្មការិនីបម្រើ​ការងារ​ប្រមាណ ​២.៥០០ នាក់។ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​ព្រមាន​ពី​ការ​បាត់បង់​ការងារ ​បន្ទាប់​ពី​ការ​ឆ្លងបាន​ធូរស្បើយ​សម្រាប់​កម្មករ ​ដែល​បដិសេធ​មិនព្រម​ចូល​ខ្លួន​ទៅ​ធ្វើ​តេស្ដ​រក​វីរុសជំងឺកូវីដ១៩។

លោក ហេង សួរ​ អ្នកនាំពាក្យ​ក្រសួងការងារ​មិន​បាន​ឆ្លើយតប​នឹង​សំណួរ​របស់​វីអូអេ​នៅ​ឡើយ ​គិត​ត្រឹម​រសៀល​ថ្ងៃសុក្រ​នេះ។

កំណើន​ការ​ឆ្លង​យ៉ាង​គំហុក​នៅ​ថ្ងៃនេះ​បាន​នាំឱ្យ​ករណី​ឆ្លង​កូវីដ១៩ ​សរុប​នៅ​កម្ពុជា​កើន​ដល់ ៣.៦០៤​ ករណី ដែល​ក្នុង​នោះ​មាន​ ៣.០៧២ ករណី ​ស្ថិត​ក្នុង​ចង្កោម​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ​២០ ​កុម្ភៈ ​ដែល​អូស​បន្លាយ ​៧ សប្ដាហ៍​មក​ហើយ។

ក្រុមការងារដែលស្ថិតក្នុងសម្លៀកបំពាក់ការពារខ្លួនពីមេរោគ កំពុងបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារអូរឬស្សី បន្ទាប់ពីមានករណីឆ្លងក្នុងចំណោមអាជីវករនៅផ្សារនេះ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២១។
ក្រុមការងារដែលស្ថិតក្នុងសម្លៀកបំពាក់ការពារខ្លួនពីមេរោគ កំពុងបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារអូរឬស្សី បន្ទាប់ពីមានករណីឆ្លងក្នុងចំណោមអាជីវករនៅផ្សារនេះ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២១។

នៅព្រឹក​ព្រហាម​ថ្ងៃសុក្រ​នេះ វេជ្ជបណ្ឌិត​ ឱ វណ្ណឌីន ​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ បាន​បង្ហាញ​ក្ដី​បារម្ភ​អំពី​កំណើន​នៃ​ការឆ្លង​កូវីដ​ដែល​ចេះ​បន្ត។

លោកស្រី​ បានសរសេរ​ក្នុង​ន័យ​ដើម​ថា៖ «ឃើញកើនឡើង​ច្រើន​បង្កើត​ការ​ព្រួយបារម្ភ​ដល់​ផលប៉ះពាល់​សុខភាព​សាធារណៈ ក្នុង​រយៈពេលយូរ​ដែល​យើង​កំពុង​ប្រឈមទៅ​នឹង​ហានិភ័យ​ខ្ពស់​ណាស់​សម្រាប់​ឈាន​ចូល​ដល់​ការ​រា​តត្បាត​ទ្រង់ទ្រាយ​ធំ នៅ​ក្នុង​សហគមន៍ និង​ផល​រំខាន​ដល់​កំណើន​សេដ្ឋកិច្ច​គ្រួសារ​និង​សង្គម»។

វេជ្ជបណ្ឌិត ​Li Ailan ​តំណាង​ប្រចាំប្រទេស​កម្ពុជា​នៃ​អង្គការ​សុខភាព​ពិភពលោក​ និយាយ​ថា ​ទោះ​បី​មាន​ឆ្លង លោកស្រី​មិន​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​បិទទ្វារ​ទាំង​ស្រុង​នូវ​រោងចក្រ​និង​ផ្សារ​ម្ហូប​នោះ​ទេ ប៉ុន្តែគួរ​ប្រកាន់​វិធានរក្សា​គន្លាត និង​បិទ​បើកទីតាំង​តាម​ស្ថានភាព​ហានិភ័យ​ជាក់​ស្ដែង។

មន្ត្រី​អង្គការសុខភាពពិភពលោករូបនេះប្រាប់វីអូអេតាមសារ​អ៊ីមែលថា៖ «តួលេខ​នៃ​ករណី​រកឃើញ​ថ្មី​នៅ​ថ្ងៃ​នេះ​បង្ក​ជា​ការ​ព្រួយ​បារម្ភ​ជាអនេក។ កម្ពុជា​កំពុង​រំកិល​ខ្លួនមកដល់​ចំណុច​របត់​ផ្លូវ​បំបែក​ដ៏​សំខាន់​មួយ នៃ​កិច្ច​ខិតខំ​របស់​ប្រទេស​ក្នុង​ការ​គ្រប់គ្រង​ការ​ផ្ទុះឆ្លងដែល​កំពុង​មាន​សព្វ​ថ្ងៃ»។

វេជ្ជបណ្ឌិត Li Ailan បាន​បន្ថែម​ថា៖ «អ្វីដែលគួរ​បារម្ភ​ផងដែរ​នោះ​គឺ​ថា ការផ្ទុះឆ្លង​នេះ​មាន​បង្កប់​នូវ​ប្រភេទ​វីរុស​វ៉ារ្យ៉ង់​ថ្មីបម្លែងខ្លួន (B.1.1.7) ដែល​ឆ្លង​លឿន​ជាង​មុន និង​បង្ក​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ។ មាន​លទ្ធភាព​ច្រើន​ដែល​ថាព្រឹត្តិការណ៍​នៃ​ការ​ផ្ទុះ​ឆ្លង​សព្វថ្ងៃ​អាច​នឹង​វិវត្ត​ទៅជាគ្រោះ​មហន្តរាយ​ថ្នាក់​ជាតិ ដែល​យើង​ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​បង្ការ​សេណារីយោ​បែប​នេះ»។

បើតាម​ក្រសួង​សុខាភិបាល គិត​ត្រឹម​ព្រឹក​ថ្ងៃទី ៩ ខែ​មេសា​នេះ មាន​អ្នកជំងឺ ៤៩៧ នាក់​នៅភ្នំពេញ មិន​ទាន់​ត្រូវបាន​បែងចែក​ទៅ​មណ្ឌល​ព្យាបាល​នៅ​ឡើយ។ ព្រម​ពេល​ជាមួយគ្នា នៅ​ថ្ងៃ​សុក្រ​នេះ​ដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​យកវិទ្យាល័យ​ជា ស៊ីម ​សាមគ្គី ជា​មន្ទីរ​ពេទ្យបណ្ដោះ​អាសន្ន​សម្រាប់​ព្យាបាល​អ្នកជំងឺកូវីដ១៩ អាច​ទទួល​អ្នកជំងឺ​បាន​ ២៣៨ នាក់។

លោក​ ម៉េត មាសភក្ដី ​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​បញ្ជាក់​ប្រាប់​វីអូអេ​ថា អាជ្ញាធរ​កំពុងសំឡឹង​មើល​ទីតាំង​ផ្សេង​ទៀត ដែល​អាច​ប្រែ​ក្លាយ​ជា​មណ្ឌល​ព្យាបាល​បាន តាម​ស្ថាន​ភាព​ជាក់​ស្ដែង៕

XS
SM
MD
LG