ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​២​នាក់​ទៀត​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ ខណៈ​មាន​អ្នក​ឆ្លង​ថ្មី​ជាង​១០០​នាក់​ទៀត


ក្រុមការងារម្នាក់ដែលស្ថិតក្នុងសម្លៀកបំពាក់ការពារមេរោគ កំពុងបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារអូរឬស្សីដែលបានបិទ បន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ១៩ ក្នុងចំណោមអាជីវករ នៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២១។
ក្រុមការងារម្នាក់ដែលស្ថិតក្នុងសម្លៀកបំពាក់ការពារមេរោគ កំពុងបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារអូរឬស្សីដែលបានបិទ បន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ១៩ ក្នុងចំណោមអាជីវករ នៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២១។

ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ មនុស្ស​ ២ ​នាក់​ទៀត​ដែលជា​ជនជាតិ​ខ្មែរ បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ ដែល​នាំ​ឲ្យ​ករណី​ស្លាប់​សរុបគិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ មាន​ចំនួន​ ២៤ ​នាក់។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចុះ​ថ្ងៃ​ទី​ ៨ ខែ​មេសា ក្រសួង​បាន​ឲ្យ​ដឹង​ថា ​មនុស្ស​ ២ ​នាក់ដែលម្នាក់​ជាបុរសអាយុ​ ៦៨ ​ឆ្នាំ​ និង​ម្នាក់​ទៀត​ជាបុរសអាយុ​ ៤៩ ​ឆ្នាំ រស់​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ​ដូចគ្នា បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ កាល​ពី​ថ្ងៃ​ទី ​៧ ខែ​មេសា។

បុរស​អាយុ​ ៦៨ ​ឆ្នាំ ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ជំងឺ​កូវីដ​១៩ នៅ​ថ្ងៃ​ទី​ ៧ ខែ​មេសា ហើយ​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរ​ពេទ្យ​ហ្លួងម៉ែ​ នៅ​ថ្ងៃ​ដដែល «ក្នុង​ស្ថាន​ភាព​គ្មាន​សញ្ញា​ជីវិត» សន្លប់​បាត់​បង់​ស្មារតី។ ចំណែក​បុរស​អាយុ​ ៤៩ ​ឆ្នាំ ត្រូវ​បាន​បញ្ជូន​មក​មន្ទីរ​ពេទ្យ​ក្នុង​ស្ថាន​ភាព​ «ធ្ងន់ធ្ងរ​ហត់​ដង្ហក់​ខ្លាំង»។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ​អ្នក​ទាំង​ពីរ​ស្លាប់​ដោយ​សារ​វិបត្តិ​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ​ស្រួច​ស្រាវ និង​រលាក​សួត​សង​ខាង​ធ្ងន់ធ្ងរ ដោយ​សារ​វីរុសកូរ៉ូណាដែលបង្កជាជំងឺ​កូវីដ​១៩។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រសួង​សុខា​ភិបាល​បាន​ឲ្យ​ដឹង​ថា ​មនុស្ស​ ១១៣ ​នាក់ ត្រូវ​បាន​រក​ឃើញ​ថា​ឆ្លង​ជំងឺ​កូវីដ​១៩ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​ក្នុង​ព្រឹត្តិ​ការណ៍​ ២០ កុម្ភៈ មាន​ចំនួន ​២.៤៩៦ ​នាក់។ ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​នៅ​ថ្ងៃ​នេះ ក៏​មាន​កម្មករ​រោងចក្រ​កាត់​ដេរ​និង​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ផ្សារ​អូរ​ឬស្សី​ផង​ដែរ។

អនុ​គណៈ​កម្មការ​ស្រាវជ្រាវ​ជំងឺ​កូវីដ​១៩ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ​ក្នុង​ករណី​ផ្ទុះ​ការ​ឆ្លង​ជំងឺកូវីដ​១៩ នៅ​ផ្សារ​អូរឫស្សី​ មនុស្ស​សរុប​ចំនួន​ ១១១ ​នាក់ ត្រូវ​បាន​រ​ក​ឃើញ​ថា​វិជ្ជមាន​ជំងឺ​កូវីដ​១៩ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ​៨ ខែ​មេសា។

គួរ​បញ្ជាក់​ថា​ កាល​ពី​ថ្ងៃ​អង្គារ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​រៀប​ចំ​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩​ ស្រាល​នៅ​តាម​ផ្ទះ ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ការ​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ​នានា៕

XS
SM
MD
LG