ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករ​ជិត​​៥០​នាក់​នៅ​ភ្នំពេញ​ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូវីដ​១៩ ​ដែល​បង្ក​ជា​ក្តី​បារម្ភ​ពី​ការ​ផ្ទុះ​ឆ្លង​នៅ​តាម​រោង​ចក្រ


បុគ្គលិកសុខាភិបាលកំពុងចុះធ្វើតេស្តរកជំងឺកូវីដ១៩ លើកម្មការិនីដែលធ្វើការនៅរោងចក្រ ឌីនហាន់ នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២១។ (រូបថតដោយសាលាសង្កាត់ស្ទឹងមានជ័យ)
បុគ្គលិកសុខាភិបាលកំពុងចុះធ្វើតេស្តរកជំងឺកូវីដ១៩ លើកម្មការិនីដែលធ្វើការនៅរោងចក្រ ឌីនហាន់ នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២១។ (រូបថតដោយសាលាសង្កាត់ស្ទឹងមានជ័យ)

កម្មករ​ប្រមាណ​ ៥០​ នាក់ ដែល​ធ្វើ​ការ​នៅ​រោង​ចក្រ​មួយ​ក្នុង​ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​បាន​រក​ឃើញ​ថា ​មាន​ផ្ទុក​វីរុស​ជំងឺ​កូវីដ​១៩​ កាល​ពី​ថ្ងៃ​ពុធ ​ដែល​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​លទ្ធភាព​ឆ្លង​រាល​ដាល​លឿន​ក្នុង​សហគមន៍​កម្មករ​រោងចក្រ។​ នេះ​បើ​យោង​តាម​អាជ្ញាធរ​ខណ្ឌមាន​ជ័យ។

រោង​ចក្រ​នោះ​មាន​ឈ្មោះ​ថា​សហគ្រាស ​ឌីន​ហាន់ ​(Din Han Enterprise) ដែល​ស្ថិត​ក្នុង​ភូមិ​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ដែល​ជា​រោង​ចក្រ​តៃវ៉ាន់​ផលិត​អាវ​ធំ អាវ​យឺត​ជា​ដើម ​និងមាន​កម្មករ​ជាង​ ២​ ពាន់​នាក់។ នេះ​បើ​យោង​តាម​ព័ត៌មាន​ក្នុង​បញ្ជី​ចុះ​ឈ្មោះ​របស់​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ​(GMAC)។

លោក ឌី រ័ត្ន​ខេម​រុណ អភិបាល​រង​ខណ្ឌ​មាន​ជ័យ បាន​ប្រាប់ ​VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍ថា ​កម្មករ​រោង​ចក្រ​ប្រមាណ​ ៥០​ នាក់ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ជំងឺ​កូវីដ​១៩។ លោក​បន្ត​ថា ​ក្រុម​គ្រូ​ពេទ្យ​បន្ត​យក​សំណាក​របស់​កម្មករ​ដែល​ធ្វើ​ការ​នៅ​ក្នុង​រោង​ចក្រ​នោះ។ លោក​មិន​ទាន់​អាច​បញ្ជាក់​ពី​ប្រភព​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ នៅ​ក្នុង​រោងចក្រ​បាន​ឡើយ​ទេ។​

បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​សាលា​សង្កាត់​ស្ទឹង​មាន​ជ័យ ក្រុម​គ្រូ​ពេទ្យ​បាន​ចុះ​ទៅ​យក​សំណាក​របស់​កម្មករ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​ ៧ ខែ​មេសា ​និង​បន្ត​យក​សំណាក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ។

កាល​ពី​ថ្ងៃ​ពុធ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ក៏​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ Freshnews​ ថា​ កម្មករ​នៅ​រោង​ចក្រ​ឌីន​ហាន់​ ជិត ​៥០ ​នាក់ ​បាន​ឆ្លង​ជំងឺកូវីដ​១៩។

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​បាន​បញ្ជាក់​ឈ្មោះ​របស់​កម្មករ​មក​ពី​រោងចក្រ​ ឌីន​ហាន់ ដែល​មាន​វីរុស​ជំងឺ​កូវីដ​១៩។

VOA ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ និង​តំណាង​រោងចក្រ​ឌីនហាន់​ បាន​ឡើយ​ទេ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា លោកស្រី យ៉ាង សុភ័ណ្ឌ មាន​ប្រសាសន៍​ថា ​វា​មាន​ការ​លំបាក​សម្រាប់​កម្មករ​រោងចក្រ ​ក្នុង​ការ​រក្សា​គម្លាត​សុវត្ថិភាព​នៅ​ពេល​កំពុង​ធ្វើការ ហើយ​ថា​ នេះ​ជា​ទំនួល​ខុស​ត្រូវ​របស់​ថៅ​កែ​រោង​ចក្រ​ក្នុង​ការ​រៀបចំ។ លោកស្រី​ថា ​ការ​ឆ្លង​ក្នុង​សហគមន៍​កម្មករ វា​នឹង​បង្ក​ផល​លំបាក​ក្នុង​ការ​ទប់​ស្កាត់។

លោកស្រី​បញ្ជាក់​ថា៖ «ប្រាកដ​ណាស់ គាត់​មាន​ការ​ព្រួយ​បារម្ភ គាត់​ខ្លាច ប៉ុន្តែ​គាត់​គ្មាន​ជម្រើស​ក្នុង​រើស​ថា​គាត់​ងាក​ទៅ​ធ្វើ​អី​ផ្សេង​ក្រៅ​ពី​ហ្នឹង។ ធម្មតា​បើ​សិន​ជា​គាត់​មាន​ជម្រើស​ផ្សេង គាត់​មិន​នៅ​ធ្វើ​ការ​ងារ​ដោយ​មាន​ការ​ប្រមូល​ផ្តុំ ជិះ​ឡាន​មាន​គ្នា​ច្រើន»។

​ប្រសិន​បើ​មាន​ការ​អនុញ្ញាត​ឲ្យ​កម្មករ​សម្រាក​រយៈ​ពេ​ល​ខ្លី មេ​ដឹក​នាំ​សហជីព​រូប​នោះ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក៏​ដូច​ជា​រោងចក្រ ត្រូវបន្ត​ផ្តល់​ថវិកា​ឲ្យ​កម្មករ​ ដើម្បី​ឲ្យ​ពួកគេ​អាច​ដោះស្រាយ​បន្ទុក​ក្នុង​គ្រួសារ​និង​សង​បំណុល​ធនាគារ​ជាដើម។

VOA មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ខេន លូ ​អគ្គលេខាធិការ​និង​លោក កាំង ម៉ូនីកា អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​នៅ​កម្ពុជា​បាន​ឡើយ​ទេ។​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ មនុស្ស ១១៣ ​នាក់​ទៀត ​ត្រូវ​បាន​រក​ឃើញ​ថា​ឆ្លង​ជំងឺ​កូវីដ​១៩ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​ក្នុង​ព្រឹត្តិការណ៍ ​២០ កុម្ភៈ មាន​ចំនួន​ ២.៤៩៦​ នាក់។

ករណី​ឆ្លង​នៅ​ថ្ងៃ​នេះ មាន​ ១០៣ ​នាក់​ នៅ​រាជធានី​ភ្នំពេញ។ ប៉ុន្តែ​ក្រសួង​មិន​បាន​បែង​ចែក​ថា​ មាន​កម្មករ​រោងចក្រ​ប៉ុន្មាន​នាក់​នោះ​ទេ។ ក្រសួង​សុខាភិបាល​ក៏​បាន​ឲ្យ​ដឹង​ថា ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺកូវីដ​១៩ ​ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន ​២៤ ​នាក់ ដោយ​អ្នកជំងឺ ២ ​នាក់​ទៀត បានស្លាប់ ក្រោយពី​ក្រសួង​សុខា​ភិបាលបានប្រកាស​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។

តំណាង​អង្គការ​សុខភាព​ពិភព​លោក (WHO) លោកស្រី Li Ailan មាន​ប្រសាសន៍​ថា​ លោក​ស្រី​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​អំពី​ស្ថានភាព​ឆ្លង​បច្ចុប្បន្ន​នេះ ដោយ​សារ «នេះ​ជា​សញ្ញា​ព្រមាន​មួយ​ថា​វីរុស​នេះ​កំពុង​តែ​រាល​ដាល​ស្ងាត់ៗ​ នៅ​ក្នុង​សហគមន៍»។

លោកស្រី​ប្រាប់​ VOA កាល​ពី​ថ្ងៃ​ពុធ តាម​សារ​អ៊ីមែល​ថា​៖ «ជំងឺ​កូវីដ​១៩ ​អាច​រាល​ដាល​ស្ងាត់​ៗ ពីព្រោះ​ពាក់​កណ្តាល​នៃ​ករណី​ដែល​រក​ឃើញ​នៅ​ក្នុង​ការ​ផ្ទុះ​ឆ្លង​នេះ មិន​មាន​បង្ហាញ​រោគ​សញ្ញា​អ្វី​ទេ។ នេះ​មាន​ន័យ​ថា​ ប្រជា​ពលរដ្ឋ​មិន​គិត​ថា ​ពួកគេ​ឈឺ​នោះ​ទេ ប៉ុន្តែ​តាម​ពិត​ទៅ ពួកគេរាល​ដាល​ជំងឺ​នេះ​ទៅ​គ្នា នៅ​កន្លែង​ណា​ក៏​ដោយ ដែល​ពួកគេ​ធ្វើ​ដំណើរ»។

លោកស្រី​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជា​ពលរដ្ឋ​ស្នាក់​នៅ​ផ្ទះ ហើយ​កុំ​ចេញ​ទៅ​ណា​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ខ្មែរ​ខាង​មុខ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG