ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​កម្ពុជា​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ឆ្លងដែន​ចូល​ប្រទេស​ថៃ​ដែល​ស្ថិត​ក្នុង​គ្រា​អាសន្ន


រូបឯកសារ៖ ពលករចំណាកស្រុកកម្ពុជារង់ចាំទទួលឯកសារនៅស្ថានីយប៉ូលិស Aranyaprathet ក្នុងខេត្តសាកែវ ប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤។
រូបឯកសារ៖ ពលករចំណាកស្រុកកម្ពុជារង់ចាំទទួលឯកសារនៅស្ថានីយប៉ូលិស Aranyaprathet ក្នុងខេត្តសាកែវ ប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤។

ប្រទេសថៃ​កំពុង​ដាក់​ប្រទេស​ក្នុងគ្រា​មាន​អាសន្ន ​ហើយ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​និង​ថៃ នៅបន្ត​បិទ​នៅឡើយ ​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​ ឬជំងឺ​កូវីដ១៩។​ តែ​ដោយសារ​ពលរដ្ឋ​កម្ពុជា​ខ្លះ​លួចឆ្លង​ដែន​ចូល​ទៅ​កាន់​ទឹកដី​ថៃ​ដើម្បី​រក​ការងារ​ធ្វើ ​ទាំង​ខុស​ច្បាប់​ក្តី លោក​ឧបនាយក​រដ្ឋមន្ត្រី ​ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា​ បាន​ស្នើសុំ​ដល់​អាជ្ញាធរ​កម្ពុជា​ជាប់​ព្រំដែន​បន្ត​ហាមឃាត់​ពលរដ្ឋ​កម្ពុជា ​មិន​ឲ្យ​លួចឆ្លង​ដែន​ចូល​ទៅ​កាន់​ប្រទេស​ថៃ​ទេ ​ដោយចាត់​ទុកថា​ នេះ​ជា​ទង្វើ​ខុស​ច្បាប់។

«ថៃ​នៅ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​នៅឡើយ​ មិន​ទាន់​បើកទេ​ អីចឹង​វា​ច្បាស់​ណាស់​ថា ការ​លួច​ឆ្លងដែន​ទៅ​នេះ ​វាខុស​ច្បាប់​ហើយ។​ អ្នក​ទៅ​ក៏​ខុស​ច្បាប់​ អ្នក​ដែល​នាំគេ​ទៅ​ហ្នឹង​ ក៏​រឹតតែ​ខុសច្បាប់​ ហើយ​ឃុបឃិត​ជាមួយ​នឹង​ក្រុមហ៊ុន​ឯកជន​នៅថៃ​ អាហ្នឹង​ក៏ខុស​ច្បាប់។​ អីចឹង​ហើយ​ខ្ញុំ​សូម​ស្នើ​ដល់​សមត្ថកិច្ច​នៅ​តាម​ព្រំដែន​ទាំងអស់​ មិន​ថា​សមត្ថកិច្ច​ណា​នោះ​ទេ​ គឺ​រដ្ឋបាល​ដែនដី កម្លាំង​កងយុទ្ធពល​ខេមរភូមិន្ទ​ កម្លាំង​នគរបាល​ជាតិ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​រួមគ្នា​ ដើម្បី​ទប់ស្កាត់​កុំឲ្យ​មាន​ការ​លួច​ឆ្លងកាត់​ទៅ​ប្រទេស​ថៃ​ជា​ពិសេស»។

លោក​ ស ខេង ​ថ្លែង​ដូច្នេះ​ ​ក្នុងពេល​ដែល​លោក​ចូលរួម​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វ​ផ្សាយ​របាយ​ការណ៍​ជាតិ​ស្តី​អំពី​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​ ២០១៩ ​កាលពី​ថ្ងៃទី​២៧​ ខែ​ឧសភា ​ឆ្នាំ​ ២០២០​ ក្នុង​ក្រសួង​មហាផ្ទៃ។

លោក​ ស ខេង ​បាន​បន្តថា​ ពលករ​ចំណាក​ស្រុក​នៅ​ព្យាយាម​ធ្វើ​ដំណើរ​តាម​ច្រក​របៀង​ ដើម្បី​ចូល​ទៅ​កាន់​ប្រទេស​ថៃ ​តាមរយៈ​មេខ្យល់​ជាអ្នក​ដឹកនាំ​ និង​សម្រួល​ការ​លួចឆ្លង​កាត់​តាម​ច្រក​របៀង ដែល​លោក​បាន​បញ្ជាក់​ថា​ នេះគឺ​ជាការ​រត់​ពន្ធ​មនុស្ស​ខុសច្បាប់​ផងដែរ។

ពលករ​ចំណាក​ស្រុក​កម្ពុជា​ដែល​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​ចំនួន​ជិត​ ១០ ម៉ឺន​នាក់ ​ក្នុង​ចំណោម​ពលករ​សរុប​ទាំង​ស្របច្បាប់​និង​ខុស​ច្បាប់​ជាង ​១ លាននាក់ ​ដែល​បាន​វិលត្រឡប់​មក​កម្ពុជា​វិញ នៅពេល​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ​ត្រូវគេ​ដឹងថា​ កំពុង​ជាប់គាំង​នៅក្នុង​ប្រទេស​ ដោយសារ​ប្រទេស​ទាំងពីរ​នៅ​បន្ត​រឹតត្បិត​ការ​ឆ្លង​ព្រំដែន​ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​វីរុស​កូរ៉ូណា។

សេចក្តី​រាយការណ៍​ពី​ព្រំដែន​ បាន​ឲ្យ​ដឹង​ថា ​ពលករ​ចំណាក​ស្រុក​ត្រូវ​ចំណាយ​ទឹកប្រាក់​ដើម្បីធ្វើ​ដំណើរ​ខុសច្បាប់​ផង ​ហើយ​អាច​នឹង​ប្រឈម​មុខ​ជាមួយ​នឹង​អាជ្ញាធរ​ប៉ូលិស​ថៃ​ ចាប់​បញ្ជូន​មកកម្ពុជា​វិញ​ផង។

បើតាម​មន្ត្រី​អង្គការ​និងមន្ត្រី​មូលដ្ឋាន​ ដែល​ធ្វើ​កិច្ចការ​ទាក់ទង​នឹង​ពលករ​ចំណាក​ស្រុក​ ការ​ប្រថុយ​ប្រថាន​របស់​ពលករ​កម្ពុជា​ចំណាក​ស្រុក​ចូល​ទៅ​ប្រទេស​ថៃ​ ដើម្បី​រក​ការងារ​ធ្វើ​នៅ​ខេត្ត​ថៃ​មួយ​ចំនួន​ជាប់​ព្រំដែន​កម្ពុជា​ និងខ្លះ​ទៅឆ្ងាយ​ពីព្រំដែន​ នៅ​ទីក្រុង​ធំៗ​នេះ ​គឺដោយសារ​កត្តា​ជីវភាព​ខ្សត់ខ្សោយ និង​ការ​ចង់​ដោះ​បំណុល។

ទោះជា​យ៉ាងណា​ក្តី ថ្លែង​ប្រាប់​ VOA ​ពី​ប្រទេស​ថៃ​ លោក ​វិន មករា​ ពលករ​ចំណាក​ស្រុក​ម្នាក់​ ធ្វើការ​ក្នុងរោង​ចក្រ​ក្រណាត់​នៅ​ខេត្ត​សមុទ្រ​ប្រាកាន ​ភាគ​ខាងត្បូង​នៃ​ទីក្រុង​បាងកក​ ប្រទេសថៃ​ បានថ្លែងថា​ ពេលនេះ​ប្រទេស​ថៃ​នៅ​បន្តបិទ​រោងចក្រ​ធំៗ​នៅឡើយ​ ដោយ​មិនទាន់​បើកទ្វារ​ទេ​រហូត​ដល់​ចុងខែ​មិថុនា​ខាងមុខ ​ប្រសិនបើ​វីរុស​កូរ៉ូណា​មាន​ការ​ថមថយ ​ក្រៅពី​បញ្ជាក់​ថា ​ទោះ​ជា​ពលរដ្ឋ​ខ្មែរ​ចូល​មក​ថៃ​ពេលនេះ​ក៏ត្រូវ​រង់ចាំ​ដែរ។

«ទោះ​គាត់​ចូលមក​ដល់​ទឹកដី​ថៃ ​ឬមក​ដល់​ក្រុង​ថេប ​(ក្រុងបាងកក) ​តាម​ច្រករបៀង​ក្តី ​ខ្ញុំគិត​ថា អត់ទាន់​មាន​កន្លែង​ដែល​គាត់​អាចធ្វើ​ការងារ​បាន​ទេ​ ព្រោះ​រោងចក្រ​នីមួយៗ​អត់ទាន់​បើកដំណើរការ​ទេ ​ហើយ​តាម​ភោជនីយ៍ដ្ឋាន​ខ្លះ ​ភោជនីយដ្ឋាន​ធំៗ​ ក៏អត់​ទាន់​បើក​ដំណើរការ​ដែរ។ អីចឹង​គេអត់​ទាន់​ទទួល​ពួកគាត់​ទេ ​បើសិន​គាត់​ចូល​មក​បាន​មែន​ ក៏គាត់​អត់​ទាន់បាន​ការងារ​ធ្វើ​ដែរ មក​ដល់​ក៏គាត់​ត្រូវ​ដេក​ស៊ីឬក៏​ត្រូវនៅ​ជាមួយ​បងប្អូន​ វា​នាំ​តែខាត​ពេល​វេលា​ទេ។​ ទាល់តែ​ប្រទេស​គេ​ស្រួល​បួល​វិញ​ហើយ ​បើ​គាត់​ចូលមក​តាម​ផ្លូវច្បាប់​ អាហ្នឹង​គេអាច​នឹង​ទទួល​ហើយ ​អាហ្នឹង​គឺ​ដឹងថា​មាន​ការងារ​ធ្វើ​ ១រយ​ភាគរយ»។

លោកថ្លែង​ថា​ រូបលោក​និង​ពលករ​ផ្សេងៗ​ទៀត​នៅ​ប្រទេស​ថៃ ធ្វើ​ការងារ​ជាង​ ១០ ឆ្នាំ​ហើយ​ គឺ​មាន​ការ​លំបាក​ រាំង​ស្ទះ​មិនអាច​ធ្វើដណើរ​ទៅស្រុក​ក៏​មិនបាន ​ហើយខ្លះ​មក​វិញ​ ក៏មិន​បាន​ ដោយសារ​ច្បាប់​ធ្វើ​ដំណើរ​មាន​ការ​កម្រិត​ និង​ហាម​មិន​ឲ្យ​ជួប​ប្រជុំ​ច្រើនគ្នា។ បើ​ពុំដូច្នោះ​ទេ ​ពលករ​អាចត្រូវ​ចាប់បង់​ពិន័យ​ដល់ច្រើន​ម៉ឺនបាត ​ឬ​ជាច្រើន​រយដុល្លារ។​ លោក​បាន​បន្ថែមថា​ សូម្បី​តែ​ភោជនីយដ្ឋាន​ធំ (ហៅជាភាសា​ថៃ​រ៉ានអាហាន)​ ​នោះ​ក៏មិន​ទាន់​បើកទ្វារ​វិញ​ផង។

នៅ​សប្តាហ៍​នេះ ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​ធ្វើ​សេចក្តី​ជូនដំណឹង​ដល់​ពលរដ្ឋ​កម្ពុជា ដែល​កំពុង​ធ្វើការងារ​នៅក្នុង​ប្រទេស​ថៃ​ អំពីការ​ពន្យារ​ពេល​ដាក់​ប្រទេស​ក្នុងភាព​អាសន្ន​ចំនួន​ ១ ខែទៀត ​រហូត​ដល់​ថ្ងៃទី​៣០ ​ខែមិថុនា​ ដើម្បី​ទប់ស្កាត់​ការរីក​រាល​ដាល​នៃជំងឺ​កូវីដ១៩​ ដោយ​បាន​ទទូច​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ចូលរួម​អនុវត្តន៍​តាម​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល​ថៃ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន។

វីរុស​កូរ៉ូណា​ថ្មី​ដែល​កើតឡើង​ដំបូង​នៅក្នុង​ទីក្រុង​វូហាន​ប្រទេស​ចិន​នោះ​ បាន​រាល​ដាល​ពាស​ពេញ​ពិភព​លោក​ ដោយ​បាន​សម្លាប់​មនុស្ស​ជាង​ ៣៥ ម៉ឺន​នាក់ ​និងឆ្លង​ដល់​មនុស្ស​ជាង​ ៥ លាន ៦ សែន​នាក់​ ហើយ​បាន​ធ្វើ​ឲ្យសេដ្ឋកិច្ច​ពិភព​លោក​ជាប់​គាំង​ដំណើរ។ ដោយ​ឡែក ​មនុស្ស​ស្លាប់​ក្នុង​ប្រទេស​ថៃ ដោយសារ​វីរុស​នេះ​មាន​ចំនួន​ ​៥៧ នាក់​ ហើយ​ចំនួន​អ្នក​ឆ្លងមាន​ដល់​ទៅ​ ៣០៥៤​ នាក់​ គិត​មក​ដល់​ត្រឹម​ថ្ងៃ​ពុធ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG