ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលករ​ខ្មែរ​ជាង​១០០​នាក់​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ ​ក្រោយ​ឆ្លង​ព្រំដែន​អំឡុង​ថៃ​បិទ​ប្រទេស


រូបឯកសារ៖ ពលករចំណាកស្រុកកម្ពុជា ដែលធ្វើការនៅប្រទេសថៃ កំពុងធ្វើដំណើរតាមរថយន្តឆ្លងចូលទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤។

ពលករ​ខ្មែរ​ជាង ​១០០ ​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ ​ក្រោយ​ឆ្លងព្រំ​ដែន​ចូល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​នោះ​ ក្នុង​អំឡុង​ពេល​ថៃ​កំពុង​បិទ​ប្រទេស​ក្នុងគ្រា​អាសន្ន​ ដោយ​សារ​ជំងឺ​កូវីដ១៩។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ។

លោកស្រី​ ជូ ប៊ុនអេង ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ​ប្រាប់​ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​គិត​ចាប់​ពី​ចុង​ខែ​មីនា​មក ​ ពលករ​ជាង ​៩ ​ម៉ឺន​នាក់​បាន​ត្រឡប់​មក​កម្ពុជា​វិញ ​ដោយ​សារ​តែ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​នៅ​ទូទាំង​ពិភព​លោក។​ លោក​ស្រី​បន្ត​ថា ​ពលករ​ទាំង​ជាង ​៩ ​ម៉ឺន​នាក់​នោះ ​ភាគ​ច្រើន​មក​ពី​ប្រទេស​ថៃ ​បន្ទាប់​ពី​ប្រទេស​ជាប់​កម្ពុជា​មួយ​នេះ​ប្រកាស​បិទ​ច្រកព្រំ​ដែន ​និងបិទ​ប្រទេស​ក្នុង​គ្រា​អាសន្ន។​

បើ​តាម​លោក​ស្រី ​ជូ ប៊ុនអេង ​ក្នុង​ចំណោម​ពលករ​ទាំង​ជាង​ ៩ ​ម៉ឺន​នាក់​នោះ ​មាន​ពលករ​តិចតួច​ប៉ុណ្ណោះ​ដែល​ត្រឡប់​មក​ពី​ប្រទេស​វៀតណាម ​ជប៉ុន ​និង​ម៉ាឡេស៊ី​ជាដើម។​

លោក​ស្រី​ ជូ ប៊ុនអេង​ លើក​ឡើង​ថា ​ពលករ​ដែល​មក​ពី​ប្រទេស​ថៃ​វិញ​ត្រូវ​បន្ត​នៅ​កម្ពុជា​ រហូត​ដល់​រយៈ​ពេល​ ៦​ ខែ​ទៅ ​១ ​ឆ្នាំ ​បន្ទាប់​ពី​ប្រទេស​ថៃ​បាន​ប្រកាស​ពន្យារ​បិទ​ប្រទេស​ជា​បណ្តោះ​អាសន្ន ​រហូត​ដល់​ខែ​មិថុនា ​ឆ្នាំ​ ២០២០​ ក្នុង​អំឡុង​វិបត្តិ​ជំងឺ​កូវីដ១៩ ។​

លោក​ស្រី ​ជូ ប៊ុនអេង​ បន្ថែម​ថា ​ពលករ​ចំនួន​ ១០៦​ នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​ត្រឡប់​មក​កម្ពុជា​ជា​បន្ត​បន្ទាប់​ ក្រោយ​ពី​ពួក​គេ​ត្រូវ​បាន​មេខ្យល់​នាំ​ទៅ​ប្រទេស​ថៃ​វិញ។​ អ្នកស្រី​បញ្ជាក់​ថា ​ពលករ​ដែល​ត្រូវ​បាន​មេខ្យល់​នាំ​ទៅ​ប្រទេស​ថៃ​នោះ​ ត្រូវ​បង់​ឲ្យ​មេខ្យល់​ប្រមាណ​ជា ​៣ ​ពាន់​បាត ​ដែល​ស្មើ​នឹង​ប្រមាណ​ ១០០​ ដុល្លារ​អាមេរិក។​

«ក្នុង​រយៈ​ពេល​សប្តាហ៍​មុន​មក​ដល់​ឥឡូវ​យើង​បាន​រក​ឃើញ​តាម​រយៈ​ការ​បញ្ជូន​ត្រឡប់​របស់​ថៃ​ ដែល​មួយ​ចំនួន​ត្រូវ​បាន​គេ​ចាប់​នៅ​ឯ​ប្រទេស​គេ​ ហើយ​នឹង​មួយ​ចំនួន​ទៀត​ត្រូវ​បាន​យើង​ឃាត់​នៅ​ប្រទេស​យើង។ ​ប៉ុន្តែ​ពេល​ឃាត់​នៅ​ប្រទេស​យើង​ យើង​មិន​ចាត់​ទុក​ថា​ គាត់​ចូល​ហើយ​ទេ​ គ្រាន់​តែ​យើង​ឃាត់​ ហើយ​ឲ្យ​គាត់​ត្រឡប់​មក​ភូមិ​ស្រុក​វិញ​មក។​ ប៉ុន្តែ​ការ​បញ្ជូន​ត្រឡប់​ពី​ខាង​ថៃ​ហ្នឹង ​គឺ​គេ​រក​ឃើញ​នៅ​ប្រទេស​គេ​ ពេល​ឆ្លង​ដែន​ទៅ»។​

រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​រូប​នេះ​បន្ថែម​ថា ​សមត្ថ​កិច្ច​ពាក់ព័ន្ធ​បាន​និង​កំពុង​រៀបចំ​វិធាន​ការ​គាំទ្រ​ពលករ​ដែល​ត្រឡប់​មក​ពី​ក្រៅ​ប្រទេស​វិញ​ តាម​រយៈ​វិធានការ​សុខភាព​ និង​អាហា​រូបត្ថម្ភ ​សន្តិសុខ​ស្បៀង។ ​ក្នុង​នោះ​នឹង​មាន​ការ​កំណត់​អត្តសញ្ញាណ​ពលករ​ ដែល​ត្រូវ​ទទួល​បាន​បណ្ណ​ក្រីក្រ​ដើម្បី​ទទួល​បាន​ការ​ឧបត្ថម្ភ​ ប៉ុន្តែ​អ្នក​ស្រី​សុំ​មិន​បញ្ជាក់​លម្អិត​ពី​ចំនួន​ទឹក​ប្រាក់​ដែល​នឹង​ត្រូវ​ផ្តល់​ឲ្យ​ជា​រៀង​រាល់​ខែ​នោះ​ទេ។​

«មិនមែន​អ្នក​ដែល​ត្រឡប់​មក​ទាំង​អស់​ហ្នឹង​សុទ្ធ​តែ​ក្រីក្រ​ទាំងអស់​ទេ​ គឺ​មាន​ស្ថានភាព​ខុសៗ​គ្នា។ ​អ៊ីចឹង​ហើយ​បាន​ជា​ឥឡូវ​នេះ​ រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​ឲ្យ​ធ្វើការ​ស្រង់​ស្ថិតិ​ រក​អ្នក​ដែល​កំពុង​តែ​ប្រឈម​នឹង​ស្ថានភាព​ក្រីក្រ​ហ្នឹង​ ដើម្បី​ដាក់​បញ្ជូល​ក្នុង​បញ្ជី​បណ្ណ​ក្រីក្រ​សម្រាប់​ការ​ឧបត្ថម្ភ​គាត់»។​

លោក​ស្រី ជូ ប៊ុនអេង​ បន្ថែម​ថា ​ទឹក​ប្រាក់​ដែល​ឧបត្ថម្ភ​នោះ​គឺ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ ​ដូច្នេះ​អ្នកស្រី​ជំរុញ​ឲ្យ​ពលករ​ទាំងអស់​ស្វែង​រក​ការងារ​ធ្វើ​ទាំងអស់​គ្នា។​

លោក​ ឌីថេ ហូយ៉ា ​មន្រ្តី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ ​និង​សិទ្ធិ​មនុស្ស ​(សង់ត្រាល់) ​លើក​ឡើង​ថា​ ពលករ​ដែល​ត្រឡប់​មក​ពី​ក្រៅ​ប្រទេស​វិញ​ កំពុង​ប្រឈម​នឹង​បញ្ហា​ធំៗ​ពីរ​ គឺ​ពួកគេ​មិន​មាន​ប្រាក់​ចំណូល​ និង​អាហារ​សម្រាប់​ជីវភាព ​និង​មិន​មាន​លុយ​សម្រាប់​បង់​ធនាគារ​ ដែល​ពួក​គេ​ជំពាក់។​លោក​បន្ត​ថា​ ប្រសិន​បើ​ស្ថានភាព​ជំងឺ​កូវីដ​នៅ​តែ​បន្ត ​ហើយ​ពលករ​មិនមាន​ការងារ​ធ្វើ​គ្រប់​គ្រាន់​សម្រាប់​ផ្គត់​ផ្គង់​ជីវភាព​របស់​ពួកគេ​ នោះ​ពួក​គេ​នឹង​ជួប​វិបត្តិ​កាន់​តែ​ធ្ងន់ធ្ងរ​ ដែល​ចាំ​បាច់​រដ្ឋាភិបាល​ត្រូវ​ធ្វើ​អន្តរាគមន៍។​

«រដ្ឋ​គួរ​តែ​ពិចារណា​ទៅ​លើ​ការ​ពន្យារ​នូវ​ការ​សង​បំណុល ​ដែល​គាត់​ប្រឈម​ពី​ការ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​អី​ផ្សេងៗ​ជាដើម។ ​អ៊ីចឹង​ប្រសិន​បើ​មាន​វិធានការ​មួយ​ហ្នឹង​ ដើម្បី​ពន្យារ​នូវ​ការ​បង់​បំណុល​សម្រាប់​ពួកគាត់​ដែល​ប្រឈម​ខ្លាំង​ពី​ការ​ខ្ចី​មីក្រូ​ហិរញ្ញ​វត្ថុ​អ្នក​ឲ្យ​ខ្ចី​បុល​ ឬ​មួយ​ធនាគារ​វា​ក៏​ជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​បញ្ហា​គាត់​ម្យ៉ាង​ដែរ»។

បើ​តាម​លោក​ ឌីថេ ហូយ៉ា ​ក្នុង​ឆ្នាំ​ ២០១៩ ​ពលករ​កម្ពុជា​ដែល​ចំណាក​ស្រុក​ទៅធ្វើការ​នៅ​ក្រៅ​ប្រទេស​ទាំង​ស្រប​ច្បាប់ ​និង​មិន​ស្រប​ច្បាប់ ​មាន​ចំនួន​ជាង​ ២ ​លាន​ ២ សែន​នាក់។ ​ក្នុង​នោះ​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​មាន​ចំនួន​ជាង​ ២ ​លាន​នាក់។​

លោក​ ស៊ុន ចិន​ ពលករ​ម្នាក់​ដែល​ត្រឡប់​មក​ពី​ស៊ី​ឈ្នួល​លក់​ស្បែក​ជើង ​នៅ​ប្រទេស​ថៃ ​ប្រាប់​ VOA ​ថា​ ក្នុង​អំឡុង​ពេល​លោក​លក់​ស្បែក​ជើង​នៅ​ទីនោះ​ លោក​មាន​អាហារ​គ្រប់គ្រាន់ ​និង​ទទួល​បាន​កម្រៃ​ជិត​ ២០០​ ដុល្លារ​ក្នុង​មួយ​ខែ។ ​លោក​បន្ត​ថា​ លោក​បាន​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ​ កាលពី​ថ្ងៃ​ទី​ ២៣​ ខែ​មីនា ​និង​ធ្វើ​ជា​ជាង​សំណង់​នៅ​ខេត្ត​កំពង់ចាម។ ​លោក​ថា​ លោក​កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ខាត​ជីវភាព ​និង​កំពុង​ទន្ទឹង​រង់​ចាំ​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ នៅ​ពេល​ថៃ​បើក​ប្រទេស។​

«អត់​ទៀង!​ ទាល់​តែ​លក្ខណៈ​ថា ​មាត់​ច្រក​គេ​បើក ​បាន​ទៅ​វិញ»។​

នៅ​សប្តាហ៍​នេះ ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​កម្ពុជា ​ដែល​កំពុង​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ អំពី​ការ​ពន្យារ​ពេល​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ចំនួន​ ១​ខែ​ទៀត ​រហូត​ដល់​ថ្ងៃ​ទី​៣០ ​ខែ​មិថុនា​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩។​ ស្ថានទូត​បាន​ទទូច​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ចូលរួម​អនុវត្ត​តាម​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល​ថៃ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG