ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ផ្តាសាយ​បក្សី​មួយ​ករណី​ទៀត តែ​ស្ថានភាព​ឆ្លង​ស្ថិត​ក្នុង​ការគ្រប់គ្រង​បាន


មន្ត្រី​ផ្នែក​សុខភាព​សត្វ និង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ដាក់​ផ្ទាំង​ផ្សាយ​អំពី​ការ​យល់​ដឹង​អំពី​ជំងឺ​ផ្តាសាយ​បក្សី H5N1 នៅ​ខេត្ត​ព្រៃវែង​នៃ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣។
មន្ត្រី​ផ្នែក​សុខភាព​សត្វ និង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ដាក់​ផ្ទាំង​ផ្សាយ​អំពី​ការ​យល់​ដឹង​អំពី​ជំងឺ​ផ្តាសាយ​បក្សី H5N1 នៅ​ខេត្ត​ព្រៃវែង​នៃ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣។

ក្រសួង​សុខាភិបាល​កម្ពុជាបាន​ឲ្យដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ បុរស​ដែល​ជាឪពុក​បង្កើត​របស់​កុមារី​ ដែល​បានស្លាប់​ដោយ​សារ​ជំងឺផ្តាសាយ​បក្សី H5N1 ត្រូវ​បាន​រក​ឃើញ​ថា​ឆ្លង​ជំងឺផ្តា​សាយ​នេះ​ ហើយ​កំពុង​ទទួលការ​ព្យាបាល​នៅ​មន្ទីពេទ្យ​ស្រុក​មួយ​ក្នុង​ខេត្ត​ព្រៃវែង​។ នេះ​បើតាម​មន្ត្រី​នាំ​ពាក្យ​ក្រសួង​សុខាភិបាល និង​សេចក្តី​ប្រកាសអង្គការ​សុខ​ភាព​ពិភព​លោក​។​

​ជំងឺ​ផ្តាសាយ​បក្សី H5N1 គឺជា​ជំងឺឆ្លង​ក្នុងចំណោម​ពពួក​បក្សី​ ឬ​សត្វស្លាប​ តែ​អាច​មាន​ការ​ឆ្លង​ជំងឺ​នេះមក​លើ​មនុស្ស​ ហើយ​អាច​បង្ក​ជា​ជំងឺ​ធ្ងន់​ធ្ងរ​ និង​មាន​អត្រា​ស្ថាប់​ខ្ពស់​។ នេះ​បើ​តាម​អង្គការ​សុខភាព​ពិភពលោក ដែល​បាន​ឲ្យដឹង​ថា​ ការ​រាយ​ការណ៍​អំពីជំងឺ​នេះ​ត្រូវបាន​ធ្វើឡើង​យូរៗ​ម្តង​នៅ​ប្រទេស​កម្ពុជា។

ក្នុង​សារ​ឆ្លើយ​តប​សំណួរ​របស់​សំឡេង​សហរដ្ឋ​អាមេរិក​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​ WhatsApp​ នៅ​ថ្ងៃចន្ទ​នេះ​ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​អ្នកស្រី ​ឱ វណ្ណឌីន​ លើក​ឡើង​ថា​ ស្ថាន​ភាព​ជំងឺ​ផ្តាសាយ​បក្សី​ H5N1​នៅ​ភូមិ​រលាំង​ ឃុំ​រំលេច​ ស្រុក​ស៊ីធរ​កណ្តាល​ ខេត្ត​ព្រៃវែង​ ប្រទេស​កម្ពុជា «ពេល​នេះ​កំពុង​ស្ថិតក្រោម​ការ​គ្រប់​គ្រង​ហើយ​»​ ហើយ ​«មានតែពីរករណី​នៃ​ H5N1 ​ត្រូវ​បាន​រក​ឃើញមក​ទល់​ថ្ងៃ​ទី​២៦​ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ ដែល​បញ្ជាក់ដោយ​មន្ទីរ​ពិសោធន៍»​។

អ្នក​ស្រី​បន្ត​ថា ​កុមារី​ដែល​មាន​អាយុ​១១​ឆ្នាំ បាន​ស្លាប់​ ហើយ​ឪពុក​របស់​នាងត្រូវបាន​បញ្ជាក់​ថា​ មាន​ផ្ទុក​មេរោគ H5N1 និង​ដាក់​ឲ្យ​ស្ថិត​ក្រោមការមើល​ថែទាំ​ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក។

អ្នកស្រី​បញ្ជាក់​ថា៖ «បន្ទាប់ពី​ព្យាបាល​គាត់​ វត្ថុ​សំណាក​បន្ថែម​របស់​គាត់​ត្រូវបាន​យក​ទៅធ្វើ​តេស្ត​ និង​ទទួលបាន​លទ្ធផល​អវិជ្ជមាន​ នៅ​ព្រឹក​ថ្ងៃទី២៧ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ ប៉ុន្តែ​គាត់​នៅ​ស្ថិត​ក្នុង​មន្ទីរ​ពេទ្យដើម្បីបញ្ចប់​វគ្គ​ព្យាបាល​របស់​គាត់​តាម​ពិធីការ​នៃ​ការ​ប្រើ​ប្រាស់​ថ្នាំ»។ ​

​បើតាម​អ្នកស្រី ​ឱ វណ្ណឌីន​ សរុប​វត្ថុ​សំណាក​ចំនួន​២៩​ (អ្នក​ប៉ះពាល់​ផ្ទាល់​ ១៦នាក់​ និង​អ្នក​មាន​ជំងឺ​ដូច​ជា​គ្រុន​ផ្តាសាយ​ ១៣​នាក់​) ដែល​ប្រមូល​បាន​ដោយ​ក្រុម​អង្កេត​ស្រាវ​ជ្រាវ​ត្រូវ​បានធ្វើ​តេស្ត​នៅ​មន្ទីរ​ពិសោធន៍​ ហើយ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​ទាំង​អស់។ អ្នកស្រី​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បន្តការ​ប្រុងប្រយ័ត្ន​ និង​អនុវត្ត​វិធានការ​ការ​ពារ​ដោយ​លាង​ដៃ​ ជាមួយ​សាប៊ូ​ និង​ទឹក​ស្អាត​ឲ្យ​បាន​ទៀង​ទាត់​ មិន​ត្រូវ​ប៉ះ​ ឬនៅ​ឲ្យ​ឆ្ងាយ​ពី​សត្វ​បក្សី​ឈឺ ឬងាប់​បរិភោគ​អាហារ​ឆ្អិន​ល្អ​...ជា​ដើម​។

បើ​តាម​សេច​ក្តី​ជូន​ព័ត៌មាន​របស់ក្រសួង​សុខា​ភិបាល​ ស្តី​ពី​ការ​រក​ឃើញ​ករណី​ទី១​នៃ​ជំងឺ​ផ្តាសា​យ​បក្សី​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៣​ខែ​កុម្ភៈ​ ​ករណី​ស្លាប់​កុមារី​ខាងលើ​ជា​ករណី​លើក​ទី១​ហើយ បន្ទាប់​ពី​ជំងឺ​ផ្តាសាយ​បក្សី​នេះ​ មិន​បាន​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា អស់​រយៈពេល​៩​ឆ្នាំ​មក​ហើយ តាំង​ពី​ឆ្នាំ​២០១៤​មក​។ ក្រសួង​សុខាភិបាល​បន្ថែម​ថា ​ជំងឺផ្តាសាយ​បក្សី​នេះ​ចាប់ ផ្តើម​កើត​មាន​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​ឆ្នាំ​២០០៥​ ដោយ​មាន​អ្នកឆ្លង​ជំងឺ​នេះ​សរុប​ចំនួន​ ៥៧​នាក់ ហើយ​ក្នុង​នោះ ៣៨​នាក់​បាន​ស្លាប់​។

មេរោគ​ផ្តាសាយ​បក្សី​ ​H5N1​ ​ជា​រៀង​រាល់​ឆ្នាំ​តែង​តែ​ត្រូវ​បាន​រក​ឃើញ​នៅ​ពេល​ដែល​អាកាស​ធាតុ​ចាប់​ផ្តើម​ត្រជាក់ គឺ​ចាប់​ពី​ខែ​ធ្នូ​រហូត​ដល់​ខែ​មេសា ហើយ​ក្រសួង​សុខាភិបាល និង​ក្រសួង​កសិកម្ម​តែង​តែ​ចាត់​វិធាន​ការ​ភ្លាម​ៗ​។ នេះ​បើតាម​មន្ត្រី​សុខាភិបាល​កម្ពុជា​។

វីអូអេ​មិន​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយពី​ លោក សេង បញ្ញាឬទ្ធិ​ ប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​ព្រៃ​វែង​បាន​ទេ​ នៅថ្ងៃ​ចន្ទ​នេះ។

ដោយ​ឡែក​ អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​ចុះថ្ងៃទី​២៦​ ខែ​កុម្ភៈ​នេះ​ថា​ ករណី​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី​ដែល​ឆ្លង​លើ​មនុស្ស​នេះ​ ត្រូវបាន​រាយការណ៍​ជាលើក​ដំបូង​នៅ​ប្រទេសកម្ពុជា​ គិតចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក។ ​ អង្គការ​នេះ​ឲ្យ​ដឹង​ទៀតថា​ ផ្អែកលើ​ភស្តុតាង​ដែល​មាន​មក​ទល់​ពេល​នេះ​ មេរោគ​ផ្តាសាយ​បក្សី​មិន​ចម្លង​ទៅ​មនុស្ស​ដោយ​ស្រួល​ទេ​ ហើយ​ការ​រីករាលដាលនៃ​ការ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​នោះ​ គឺ​ជា​រឿងមិន​ប្រក្រតី​។

ទាក់​ទិន​ករណី​ឆ្លង​នៅខេត្ត​ព្រៃវែង អង្គការសុខភាព​ពិភពលោក​បញ្ជាក់​ឲ្យ​ដឹងថា ​បុរស​ដែល​ជាឪពុក​របស់​កុមារ​ដែលបានឆ្លង​ជំងឺផ្តាសាយ​បក្សីនេះ​ ត្រូវបាន​រក​ឃើញ​ថា ឆ្លង​ជំងឺនេះ​ ពីរថ្ងៃក្រោយការ​ស្លាប់​របស់​កូនគាត់។ ​

អង្គការ​សុខភាព​ពិភពលោកបានព្រមាន​ថា​ ដោយ​សារ​តែ​មេរោគ​នៅបន្ត​រក​ឃើញ​ក្នុងចំណោម​សត្វ​ស្លាប​នោះ​ ការ​ឆ្លង​ទៅលើ​មនុស្ស​អាច​រំពឹង​ថា​នឹង​កើត​មាន​ទៀត។

សេចក្តីថ្លែងការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ថ្លែងថា៖ «​នៅពេល​ដែល​មេរោគឆ្លង​ផ្លូវដង្ហើម​របស់​បក្សី​បាន​រីកសាយ​ក្នុងចំណោមពពួក​សត្វ​ស្លាប​ចិញ្ចឹម​ក្នុង​ស្រុក​ វានឹង​មាន​ហានិភ័យ​នៃ​ការ​ឆ្លង​ម្តងម្កាល​ ឬក៏ជាចង្កោម​តូច​មួយ​នៃ​ករណី​ឆ្លង​លើ​មនុស្ស​ ដោយ​សារ​តែការ​ប៉ះពាល់​ទៅ​លើសត្វ​ស្លាប​ចិញ្ចឹម​ដែល​បាន​ឆ្លង​មេរោគ​នេះ​ ឬ​ក៏បរិស្ថាន​ដែល​មាន​លក្ខណៈ​បិទជិត​»។

បើតាមអង្គការ​សុខភាព​អន្តរជាតិ​មួយនេះ​ គិតចាប់តាំង​ពី​ឆ្នាំ២០០៣​ មក​ត្រឹម​ថ្ងៃទី​២៥ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ មានករណីឆ្លង​ផ្តាសាយ​បក្សី​ H5N1​លើ​មនុស្ស​សរុប៨៧៣ករណី​ ហើយ​ការស្លាប់​មាន​ចំនួន​៤៥៨​ករណី​ត្រូវ​បាន​គេ​រាយការណ៍​ពីប្រទេស​ចំនួន​២១​នៅ​ទូទាំងសកលលោក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG