ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​អ្នក​ស្លាប់​ដោយ​​កូវីដ​កើន​ឡើង​បង្ហាញ​ពី​ប្រព័ន្ធ​សុខាភិបាល​​​កម្ពុជា​ទន់​ខ្សោយ​និង​សុខ​ភាព​ពលរដ្ឋ​​មិន​ល្អ​ប្រសើរ


រូបឯកសារ៖ ទិដ្ឋភាព​មណ្ឌល​ចត្តាឡីស័ក​នៅ​រាជធានី​ភ្នំពេញ កាលពី​ខែមីនា ឆ្នាំ២០២១។ (រូបថត​ផ្តល់​ឲ្យ​ដោយ ព្រីង សំរាំង)
រូបឯកសារ៖ ទិដ្ឋភាព​មណ្ឌល​ចត្តាឡីស័ក​នៅ​រាជធានី​ភ្នំពេញ កាលពី​ខែមីនា ឆ្នាំ២០២១។ (រូបថត​ផ្តល់​ឲ្យ​ដោយ ព្រីង សំរាំង)

ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩​ក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់​នៅ​រយៈ​ពេល​២​សប្តាហ៍​ចុង​ក្រោយ​នេះ។ នៅ​ថ្ងៃ​ពុធ​នេះ ក្រសួង​សុខា​ភិបាល​បាន​រាយ​ការណ៍​ថា​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ មាន​ចំនួន​៧​នាក់ ដែល​នាំ​ឲ្យ​ករណី​ស្លាប់​សរុប​ក្នុង​ប្រទេស​កម្ពុជា គិត​ចាប់​ពី​ខែ​កុម្ភៈ ឆ្នាំ​២០​២១​នេះ មាន​ចំនួន​៣៦៨​នាក់​។ ក្នុង​រយៈ​ពេល១៥​ថ្ងៃ​នៃ​ខែ​មិថុនា​នេះ អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​ដែល​ត្រូវ​បាន​ក្រសួង​សុខា​ភិបាល​ប្រកាស មាន​ប្រមាណ១៥០​នាក់​។

កាល​ពី​ថ្ងៃ​អង្គារ ក្រសួង​បាន​រាយ​ការណ៍ថា​មនុស្ស​១៣​នាក់បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩។ ចំណែកកាល​ពី​ថ្ងៃ​ច័ន្ទ ក្រសួង​បញ្ជាក់​ថា​មនុស្ស​១៣​នាក់ ក៏​បានស្លាប់​ដោយ​សារ​ជំងឺ​នេះ។

កំណើន​ករណី​ស្លាប់​ចុង​ក្រោយ​នេះ នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ទៅ​លើ​ភាព​ទន់​ខ្សោយ​នៃ​ប្រព័ន្ធ​សុខា​ភិបាល​កម្ពុជា ស្ថាន​ភាព​សុខភាពរបស់​ប្រជា​ពលរដ្ឋ​មិន​ល្អ និង​កង្វះ​ខាត​ឧបករណ៍​ជំនួយ​ផ្លូវ​ដង្ហើម​ជា​ដើម ខណៈ​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​ខ្លាំង និង​កង្វះ​កន្លែង​ព្យាបាលសម្រាក​ព្យាបាល​ផង​ដែរ។

ចាប់​តាំង​ពី​ផ្ទុះ​ឆ្លង​ព្រឹត្តិ​ការ​ណ៍​២០​កុម្ភៈ កម្ពុជា​រាយ​ការណ៍​ករណី​ឆ្លង​សរុប​ប្រមាណ​៤​ម៉ឺន​នាក់​ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​១៦ ខែ​មិថុនា​នេះ។ ​ករណី​ឆ្លង​ក្នុង​រយៈ​ពេល​១៥​ថ្ងៃ​ក្នុង​ខែ​មិថុនា​នេះ​ មាន​ប្រមាណ​៩.៣៧០​នាក់។

អង្គការ​សុខភាព​ពិភព​លោក​ (WHO)​ បាន​លើក​ឡើងថាមនុស្ស​ឆ្លង​កូវីដ​១៩ ហើយ​ស្ថិត​ក្នុង​ហានិ​ភ័យខ្ពស់​ គឺ​ជា​ក្រុម​មនុស្ស​ចាស់​ជរា អ្នក​ជក់​បារី អ្នក​ជំងឺ​ធាត់ អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ ដូច​ជា​បេះ​ដូង​និង​ទឹក​នោម​ផ្អែម​ជា​ដើម។

លោក នុត សម្បត្តិ ប្រធាន​វិទ្យាស្ថាន​វេជ្ជ​សាស្ត្រ ជីវ​សាស្ត្រ និង​កសិកម្ម​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា និង​ជា​វេជ្ជ​បណ្ឌិត​មួយ​រូប មាន​ប្រសាសន៍​ថា​ចំនួន​អ្នកស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​នេះ​ ជា​«​តួលេខ​ខ្ពស់​» បើធៀប​នឹង​ប្រទេស​ជិត​ខាង​កម្ពុជា ដូច​ជា​ឡាវ ថៃ​ និង​វៀត​ណាម ក្នុង​ចំណោមប្រជាជន​សរុប។ លោក​ថា​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ ភាគ​ច្រើន​ដោយ​សារ​ពួកគេ​មាន​ជំងឺ​រ៉ាំរៃ​ច្រើន និង​មាន​អាយុ​លើស​ពី​៦៥​ឆ្នាំ។ លោក​បញ្ជាក់​ថា​នេះ​បង្ហាញ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​មាន​បញ្ហា​សុខភាព​ច្រើន ហើយ​វា​អាច​មក​ពី​ឥទ្ធិពល​នៃ​ការ​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម។

លោក​ថ្លែង​ថា៖ «អាហ្នឹង​យើង​ក៏​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​ប្រជាជន​យើង​ហ្នឹង​មាន​បញ្ហា​សុខ​ភាព​ច្រើន ហើយ​គាត់​អាយុ​ប៉ុណ្ណឹង គាត់​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម។ អញ្ចឹង​អាការ​បន្សល់​ពី​របប​ខ្មែរ​ក្រហម​នេះ ធ្វើ​ឲ្យ​គាត់​ខ្លះ​មាន​ជំងឺ​រ៉ាំរ៉ៃ គាត់​ខ្វះ​ជីវភាព ហូប​មិន​គ្រប់គ្រាន់ វា​ធ្វើ​ឲ្យ​វា​ខ្វះ​នូវ​ជីវជាតិ ធ្វើ​ឲ្យ​សរីរាង្គ​គាត់​ហ្នឹង មិន​មាន​អង់ទីករ​គ្រប់​គ្រាន់​សម្រាប់​ប្រឆាំង​នឹង​មេរោគ។ អញ្ចឹង​គាត់​ងាយ​នឹង​ឆ្លង ហើយ​គាត់​ងាយ​នឹង​ស្លាប់​ដែរ អាហ្នឹង​ក៏​ជា​កត្តា​មួយ​ដែរ»។

លោក នុត សម្បត្តិ បន្ថែម​ថា​ប្រព័ន្ធ​សុខាភិបាល​របស់​កម្ពុជា​នៅ​មាន​កម្រិត​នៅ​ឡើយ​ ដូច្នេះ​ពេល​ជួប​ហានិភ័យ នឹង​មាន​បញ្ហា​ច្រើន​ផង​ដែរ។

លោក​បញ្ជាក់​បន្ថែមថា៖ «ដូច្នេះ​ហើយ បាន​ជា​អាហ្នឹង​បាន​ជា​កត្តា​មួយ​ដែរ ដែល​ធ្វើ​ឲ្យការ​ឆ្លង​របស់​យើង ក៏​ងាយ​នឹង​ឆ្លង​ ហើយ​ក៏​ងាយ​រង​គ្រោះ​ដល់​អាយុ​ជីវិត»។

កន្លង​ទៅ​ ក្រសួង​សុខា​ភិបាល​ធ្លាប់​បាន​ប្រកាស​ករណី​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ ដោយ​បញ្ជាក់​ថា​ដោយ​សារ​ពួក​គេ​មាន​ជំងឺ​ប្រចាំកាយធ្ងន់​ធ្ងរ​បន្ថែម​ពី​លើជំងឺ​កូវីដ​១៩ ទើប​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់សួត​របស់​ពួកគេ​ធ្ងន់​ធ្ងរ បណ្តាលឲ្យ​ស្លាប់​ក្នុង​រយៈ​ពេល​ខ្លី​។ ក្រសួង​បញ្ជាក់​ថា​អ្នក​ខ្លះ​មក​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ហើយត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​វិជ្ជ​មាន​ជំងឺ​កូវីដ​១៩។ ហើយ​អ្នក​ជំងឺបាន​ស្លាប់​នៅ​ថ្ងៃ​បន្ទាប់។

ប៉ុន្តែ​ក្រោយ​មក ក្រសួង​សុខា​ភិបាល​លែង​ផ្សព្វ​ផ្សាយសេចក្តី​ប្រកាសព័ត៌មាន​នៃ​ករណី​ស្លាប់​នីមួយ​ៗ ដោយគ្រាន់​តែ​បញ្ជាក់​ចំនួនអ្នក​ស្លាប់ក្នុង​មួយ​ថ្ងៃតែ​ប៉ុណ្ណោះ។

VOA ​មិន​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពីលោក​ ហុក គឹម​ចេង អគ្គ​នាយក​បច្ចេក​ទេស​នៃ​ក្រសួង​សុខាភិបាល​និង​លោក​ស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងបានទេ កាល​ពីថ្ងៃ​អង្គារ​និង​នៅថ្ងៃ​ពុធ​នេះ។

VOA ​ក៏​មិនទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​លោក ងី ម៉េង ប្រធាន​មន្ទីរ​ពេទ្យ​ខ្មែរ​សូវៀត ដែល​ជា​កន្លែង​ព្យាបាល​ជំងឺ​កូវីដ១៩​ធ្ងន់​ធ្ងរ បាន​នៅ​ឡើយ​ទេ​។ ចំណែក​អនុ​ប្រធាន​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត លោក ឆឹង យ៉ៅ​យ៉េន បាន​បដិសេធ​មិនផ្តល់​ការ​អត្ថា​ធិប្បាយ ដោយ​បង្វែរ​សំណួរ​ទៅ​លោក ងី ម៉េង​ វិញ។

នៅ​រាជធានី​ភ្នំពេញ ក្រសួង​សុខាភិបាល​ក៏​បាន​ផ្សព្វ​ផ្សាយ​សារ​ដែលមាន​នៅ​លើ​បដា​និង​មាន​អត្ថន័យ​ថា​«​ប្តេជ្ញា​ឈប់​ជក់​បារី​នៅ​ថ្ងៃ​នេះ អ្នក​នឹង​អាច​ចូល​រួម​កាត់​បន្ថយ​ហានិភ័យ ផល​វិបាកសុខភាព​ធ្ងន់​ធ្ងរ​ បណ្តាល​មក​ពី​ជំងឺ​កូវីដ​១៩​»។

លោក ភិន ទិត្យ អាយុ​៤៦​ឆ្នាំ ជា​ប្រជាពលរដ្ឋ​ម្នាក់​ រស់​នៅ​ក្នុង​ឃុំ​ប៉ាតេ ស្រុក​អូរ​យ៉ា​ដាវ ខេត្ត​រតនគិរី ដែល​បាន​បាត់​បង់​កូន​ស្រីរបស់​លោកឈ្មោះ​ ភិន សុដាលីន អាយុ​១៧​ឆ្នាំ ដែល​ត្រូវ​បាន​រាយការណ៍​ថា​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩​។ កូនស្រី​របស់​លោក​ត្រូវ​បាន​ពេទ្យ​បញ្ជាក់​ថា​មាន​ជំងឺ​កូវីដ​១៩ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាលនៅ​មណ្ឌល​ព្យាបាលដឺព្រីមៀរ​សែន​សុខ ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

ឪពុក​របស់​ជន​រង​គ្រោះ​បាន​រៀបរាប់​ថា​កូនស្រី​មាន​ជំងឺ​ប្រចាំ​កាយ​ផ្នែក​តម្រង​នោម ដោយ​បាន​សម្រាក​ព្យាបាល​ជាង​មួយ​ខែ​នៅ​មន្ទីរ​ពេទ្យ​កេតុ​មាលា។ ប៉ុន្តែ​បន្ទាប់​មក​រក​ឃើញ​ថា​មាន​ជំងឺ​កូវីដ​១៩។

សម្រាប់​លោក​ជា​ឪពុក​មិន​ដឹង​ច្បាស់​នោះ​ទេ​ថា​កូន​ស្រី​ពិត​ជា​មាន​ជំងឺ​កូវីដ​១៩​ ឬ​យ៉ាងណា ដោយ​សារ​កូន​មិន​មាន​អាការៈ​ផ្តាសាយ ក្អក ពិបាក​ដក​ដង្ហើម ក្រៅ​តែ​ពី​ក្តៅ​ខ្លួន​តែ​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា៖ «អត់​មាន​ហត់​ អត់​មាន​ក្អក។ កូន​របស់​ខ្ញុំនៅ​ថែ​ទាំ​ផ្ទាល់​ដៃ នៅ​នឹង​ពេទ្យ​ហ្នឹង​មួយ​ខែ​ហើយ អត់​មាន​អី​ផង»។

ខណៈ​ពេល​កូនលោក​ត្រូវ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​ជំងឺ​កូវីដ​១៩​ លោក​មិន​បាន​ដឹង​ដំណឹង​អ្វី​ទាល់​តែ​សោះ ដោយ​សារ​លោក​និង​ភរិយា​ត្រូវ​បាន​យក​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​កន្លែង​ផ្សេង។ ក្រោយ​មក​លោក​បាត់​ដំណឹង​កូន​ស្រី រក​មិន​ឃើញ ទើប​លោកប្រកាស​រក​តាម​ហ្វេស​ប៊ុក រហូត​ដល់​ពេទ្យ​ខល​មក​រូប​លោក ហើយ​ប្រាប់​ថាកូន​បាន​ស្លាប់​រួច​ទៅ​ហើយ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា គឺ​នៅ​ថ្ងៃ​ដែល​បញ្ជូន​ចេញពី​មន្ទីរ​ពេទ្យ​កេតុមាលា មក​កន្លែង​សម្រាក​ព្យាបាល​នៅ​ខណ្ឌ​សែន​សុខ។

លោក យង់ គិម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពល​រដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាពមាន​ប្រសា​សន៍ថា​ករណី​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩​មាន​ចំនួន​ច្រើន ដែល​ជា​ការ​ព្រួយ​បារម្ភ​មួយ​ចំពោះ​ការ​រីក​រាល​ដាល​នៃជំងឺ​កូវីដ​១៩​ក្នុង​ប្រទេស​កម្ពុជា។ លោក​ជំរុញ​រដ្ឋាភិបាល​រក​មធ្យោ​បាយ​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​អត្រា​នៃ​ការ​ស្លាប់​នេះធ្លាក់​ចុះ ខណៈ​ក្រសួង​សុខា​ភិបាល​កំពុង​ប្រឹង​ប្រែង​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​នេះ​។

លោក​ថ្លែង​ថា៖ «អញ្ចឹង​ខ្ញុំ​ក៏​ទទួល​ស្គាល់​ថា​ក្រសួង​សុខា​ភិបាល​លោក​បាន​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ កូវីដ​១៩ ប៉ុន្តែជាមួយ​គ្នា​នោះ​ដែរ​ ក៏​គួរ​រិះរក​មធ្យោ​បាយឲ្យ​អស់​ពី​លទ្ធភាព​ ដើម្បី​ជួយ​សង្រ្គោះ​ជីវិត​អ្នក​ដែល​ឆ្លង​កូវីដ​១៩​ហ្នឹង ដើម្បី​ឲ្យ​មាន​អត្រា​នៃការ​ស្លាប់​នៅ​ទាប ឬ​ក៏​អត់​មាន​សោះ​ដែល​ជា​ការ​ប្រសើរ​»។

បន្ថែម​ពី​នេះ លោកក៏​បារម្ភ​ថា​អ្នក​ជំងឺកូវីដ​១៩​ពុំ​មាន​គ្រួសារ​អាច​ជួយ​មើល​ថែ ក្រៅ​ពី​អ្នក​ជំងឺ​ខ្លួន​ឯងនិង​ក្រុមគ្រូ​ពេទ្យ​តែ​ប៉ុណ្ណោះ។

លោក​បញ្ជាក់​បន្ថែម​ថា៖ «ក្នុង​នោះ​ដែរ យើង​ក៏​មាន​ការ​ព្រួយ​បារម្ភ​ដែរថា​តើ​បំពង់​អុក​ស៊ីសែនហ្នឹង វា​គ្រប់​គ្រាន់​សម្រាប់​ផ្តល់​ឲ្យ​ពួក​គាត់​ទេ​នៅ​ពេល​ដែល​គាត់​មាន​អាការៈ​ធ្ងន់​ធ្ងរ ដែល​ត្រូវ​ការ​ខ្យល់​អុក​ស៊ី​សែន​ ដើម្បី​ជំនួយ​ដល់​ការ​ដក​ដង្ហើម​អី​ជាដើម»។

លោក យង់ គិម​អេង ឲ្យ​ដឹង​ទៀត​ថា​ការ​ដែល​ប្រជា​ពលរដ្ឋមិន​ដឹង​ថាខ្លួន​មាន​ជំងឺ​កូវីដ​១៩ ហើយ​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់ធ្ងរ ​ទើប​ទៅ​មន្ទីរ​ពេទ្យ​ក៏​នៅ​ជា​បញ្ហា​មួយ​ដែរ៕

XS
SM
MD
LG