ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភ្នំពេញ​ក្នុង​ទំនាក់​ទំនង​អនាគត​ជាមួយ​មេដឹក​នាំ​ថ្មី​នៅ​ហាណូយ


លោក Nguyen Xuan Phuc (ឆ្វេង) ដែល​បាន​ក្លាយជា​ប្រធានាធិបតី​ថ្មី​នៅក្នុង​ពិធី​ផ្លូវការ​មួយ​នៅ​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ កាន់​បាច់ផ្កា​ជាមួយ​លោក Pham Minh Chinh នាយក​រដ្ឋមន្រ្តី​ថ្មី របស់​ប្រទេស​វៀតណាម។
លោក Nguyen Xuan Phuc (ឆ្វេង) ដែល​បាន​ក្លាយជា​ប្រធានាធិបតី​ថ្មី​នៅក្នុង​ពិធី​ផ្លូវការ​មួយ​នៅ​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ កាន់​បាច់ផ្កា​ជាមួយ​លោក Pham Minh Chinh នាយក​រដ្ឋមន្រ្តី​ថ្មី របស់​ប្រទេស​វៀតណាម។

ខណៈ​គណៈ​រដ្ឋមន្ត្រី​ថ្មី​និងថ្នាក់​ដឹកនាំ​នយោបាយ​ថ្មី​ចូល​កាន់​តំណែង​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម នា​សប្ដាហ៍​នេះ អ្នកវិភាគ​និងមន្ត្រីបក្ស​កាន់​អំណាច​នៅ​ទីក្រុង​ភ្នំពេញ​មិន​រំពឹង​ថា​ ទំនាក់​ទំនង​កម្ពុជា​-វៀតណាម នឹង​មាន​អ្វី​ប្រែប្រួល​ច្រើន​នោះ​ទេ។

តាម​រយៈ​ការ​ឧទ្ទេសនាម​ដោយ​សមាជ​ជាតិ​នៃ​បក្ស​កុម្មុយនិស្ដ​វៀត​ណាម​តាំង​ពី​ដើម​ខែ​កុម្ភៈ រដ្ឋ​សភា​វៀត​ណាម ក្នុង​សប្ដាហ៍​នេះ បាន​ជ្រើស​តាំង​លោក Nguyen Xuan Phuc អតីត​នាយក​រដ្ឋ​មន្ត្រី​ទៅ​កាន់​តំណែង​ប្រធាន​រដ្ឋ និង​ជ្រើស​តាំង​លោក Pham Minh Chinh ដែល​មាន​ពិសោធន៍​ជា​អតីត​មន្ត្រី​ចារកម្ម​ផ្ទៃ​ក្នុង​ជាង​ម្ភៃ​ឆ្នាំ ឡើង​ធ្វើ​ជា​ប្រមុខ​រដ្ឋាភិបាល​ជំនួស​លោក​ Phuc។

សមាស​ភាពថ្មី​គណៈ​រដ្ឋមន្ត្រី​វៀតណាម​ដែល​ទើប​បង្ហាញ​មុខ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ក៏​មានការ​ប្រែ​ប្រួល​ដែរ។ នេះ​បើ​តាម​វិទ្យុ​ផ្សាយ​សំឡេង​វៀត​ណាម ​VOV ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​វៀតណាម។

លោក Bui Thanh Son ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ថ្មី ជំនួស​លោក Pham Binh Minh ដែល​នៅ​រក្សា​តំណែង​ជា​ឧបនាយក​រដ្ឋមន្ត្រី។

នាយ​ឧត្ដម​សេនីយ៍ Phan Van Giang អគ្គសេនាធិការ​កងទ័ព​ប្រជាជន​វៀត​ណាម ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស ជំនួស​នាយ​ឧត្ដម​សេនីយ៍ Ngo Xuan Lich។

លោក Vu Duc Dam ដែល​កាន់​តួនាទី​ស្នូលដឹកនាំ​ក្រុម​ការងារ​រដ្ឋ​វៀតណាម​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ នៅ​រក្សា​តំ​ណែង​ជា​ឧប​នាយក​រដ្ឋមន្ត្រី​ក្នុង​រដ្ឋាភិបាល​លោក Pham Minh Chinh។

ឧប​នាយក​រដ្ឋមន្ត្រី​ថ្មី​ថ្មោង​២រូប​ដែល​ទើប​លេច​មុខ គឺ​លោក Le Minh Khai ជំនាញ​សវនកម្ម​និង​គណ​នេយ្យ និង​លោក Le Van Thanh ជំនាញ​គ្រប់​គ្រង​សេដ្ឋកិច្ច ត្រូវ​បាន​តែង​តាំង​ចំ​ពេល​ដែល​វៀតណាមកំពុង​សំឡឹង​ការ​កសាង​សេដ្ឋកិច្ច​ដើរ​ចេញ​ពី​វិបត្តិ​កូវីដ​១៩។

លោក​បណ្ឌិត ផាត់ កុសល អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកល​វិទ្យាល័យ​ក្រុង​ញូវយ៉ក CUNY​ ជឿ​ថា ប្រធាន​រដ្ឋ​ថ្មី Nguyen Xuan Phuc និង​អគ្គលេខា​បក្ស​កុម្មុយនិស្ដ Nguyen Phu Trong នឹង​បន្ត​ឃុំ​គ្រង​ដឹកនាំ​នយោ​បាយ​ផ្ទៃក្នុង​និង​នយោបាយ​ការ​បរទេស​របស់​វៀតណាម។

«[នាយក​រដ្ឋ​មន្ត្រី] Pham Minh Chinh ត្រូវ​បាន​ជ្រើស​រើស​មក​ដើម្បី​គាំទ្រ​របៀប​វារៈ​របស់​លោក Trong ក្នុង​ការ​វាយ​បង្ក្រាប​អំពើ​ពុករលួយ ផ្ដោត​លើ​ការ​អភិវឌ្ឍ​និង​ការ​ធ្វើ​ទំនើប​កម្ម​សេដ្ឋកិច្ច​ និង​បង្កើន​សន្ទុះ​នៃ​ការ​ធ្វើ​ទំនើប​កម្ម​វិស័យ​យោធា​ក្នុង​រយៈពេល​៥​ឆ្នាំ​ ទៅ​ខាង​មុខ​នេះ»។

អ្នក​ជំនាញ​រូប​នេះ​បន្ដ​ថា ​ខណៈ​វៀត​ណាម​នឹង​ខិត​ទៅ​ជិត​រុស្ស៊ី ជប៉ុន និង​ឥណ្ឌា កាន់​តែ​ខ្លាំង ហាណូយ​ក៏​នឹង​ដើរ​នយោបាយ​យ៉ាង​ប្រយ័ត្ន​ប្រយែង​ក្នុង​បរិបទ​ការ​ប្រជែង​គ្នា​ជា​ប្រព័ន្ធ​រវាង​ចិន​ និង​សហរដ្ឋ​អាមេរិក។

លោក​បណ្ឌិត ផាត់ កុសល បន្ថែម​ថា វៀតណាម​ប្រាថ្នា​រក្សា​ទំនាក់​ទំនង​«ជា​ប្រពៃណី»​ជាមួយ​ថ្នាក់​ដឹកនាំបក្ស​កាន់​អំណាច​នៅ​ឡាវ​និង​នៅ​កម្ពុជា ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សន្ដិសុខ​ភូមិ​សាស្ត្រ។​

លោក​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា​ ទីក្រុង​ហាណូយ​អាច​យល់​បាន​អំពី​បុព្វហេតុ​ដែល​កម្ពុជា​រំកិល​ខ្លួន​ទៅ​ជិត​ចិន​កាន់​តែ​ស្និទ្ធ​ទៅ​ៗ លុះ​ក្នុង​ប្រយោជន៍​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​ប៉ុន្តែ​មេដឹកនាំ​វៀត​ណាម​ដែល​មាន​ការ​យល់​ដឹង​ពី​ប្រវត្តិ​សាស្ត្រ​ច្បាស់​នោះ​ កាន់​តែ​មាន​ការ​បារម្ភ​កើន​ឡើង​ជា​លំដាប់​ចំពោះ​ឥទ្ធិពល​ដែល​គ្មាន​ការ​ត្រួត​ពិនិត្យ​របស់​ចិន​នៅ​កម្ពុជា ដែល​ចេះ​តែកើន​ឡើង​និង​បង្ក​ផល​វិបាក​សម្រាប់​សន្ដិសុខ​ជាតិ​នៅ​ប៉ែក​ខាង​ត្បូង​ និង​ប៉ែក​ខាង​លិច​ប្រទេស​វៀត​ណាម»។

បញ្ហា​រវាង​ប្រទេសកម្ពុជា​និង​វៀតណាម ​បាន​ស្ដែង​ឡើង​នៅ​កាល​ដំបូង​នៃ​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​ កាល​ពី​ដើម​ឆ្នាំ​២០២០ ពេល​ដែល​វៀតណាម​បាន​សម្រេច​បិទ​ព្រំដែន និង​កសាង​ជម្រក​តង់​តាម​បណ្ដោយ​ព្រំដែន​គោក ដែល​តំបន់​ខ្លះ​ មិន​ទាន់​ឯក​ភាព​ដាច់​ស្រេច​ទៅ​ទៀត។ កាល​នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​ខ្លាំង ដោយ​ហៅ​ការ​បិទ​ច្រក​ព្រំដែន ដោយ​ឯកតោភាគី និង​បញ្ជា​ឲ្យ​កម្ពុជា​បិទ​ច្រក​ព្រំដែន​ជាប់​នឹង​វៀតណាម​ដែរ។

លោក សួស យ៉ារ៉ា អ្នកនាំពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ថា​ បញ្ហា​នានា​ទាំង​នោះ ​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​ការ​សន្ទនា​រវាង​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំង​២ និង​មិន​បង្ក​ភាព​ល្អក់​កករ​ដល់​ទំនាក់​ទំនង​ទ្វេ​ភាគី​នោះ​ទេ។

នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ឥទ្ធិពលលើទំនាក់​ទំនង​ទ្វេ​ភាគី ក្រោយ​មាន​ការដូរ​មេ​ដឹកនាំ​នៅ​ហាណូយ លោក សួស យ៉ារ៉ា ដែល​ជា​សមាជិក​សភា​មណ្ឌល​ព្រះ​វិហារផង​នោះ មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ថា​៖

«កម្ពុជា​វៀតណាម យើង​មាន​មិត្តភាព​ជា​ពិសេស ហើយ​យើង​ហៅ​ថា​មិត្តភាព​ជា​ប្រពៃណី អ៊ីចឹង​សាមគ្គី​ភាព​របស់​យើង​ជា​ប្រទេស​ជិត​ខាង​ល្អ ជា​ប្រទេស​មាន​ព្រំដែន​សន្តិភាព ​អ៊ីចឹង​ទោះ​បី​ថ្នាក់​ដឹក​នាំ​មួយណា​ក៏​ដោយ ក៏​ប្រជាជន​ប្រទេស ប្រទេស​វៀតណាម និង​រដ្ឋាភិបាល​វៀតណាម​នៅ​ជា​មិត្ត​របស់​កម្ពុជា»។

ចំពោះ​ការ​គំរាម​កំហែង​ដែល​អាច​មាន​ឡើង​សម្រាប់​ទំនាក់​ទំនង​កម្ពុជា​វៀត​ណាម​ ពី​សំណាក់​ការ​ប្រកួត​ប្រជែង​រវាង​អាមេរិក​និង​ចិន លោក សួស យ៉ារ៉ា លើក​ឡើង​ថា​ទាំង​កម្ពុជាទាំង​វៀតណាម​មាន​សិទ្ធិ​ស្វ័យ​សម្រេច​លើ​នយោ​បាយ​ការ​បរទេស​របស់​ខ្លួន ហើយ​វៀតណាម​ក៏​យល់​ច្បាស់​អំពី​រឿង​នេះ​ដែរ។

«អ្វី​ដែល​យើង​បារម្ភ​ គឺ​ប្រទេស​មហា​អំណាច​ទាំងពីរ​នោះ​ទេ ដែល​បាន​ប្រើ​ប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ ដើម្បី​ប្រកួត​ប្រជែង​ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ​រវាង​ប្រទេស​តូចៗ​ថា​មាន​ការ​ឈ្លោះ​គ្នា​ឬ​ការ​មិន​ពេញ​ចិត្ត​គ្នា។​ មិន​ដូច្នោះ​ទេ»។

​កាល​ពី​ថ្ងៃ​អង្គារ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជជែក​សន្ទនា​តាម​ទូរស័ព្ទ​ជា​លើក​ដំបូង ​ជាមួយ​សមភាគី​ថ្មី​វៀត​ណាម​របស់​លោក គឺ​លោក Pham Minh Chinh។

បើ​យោង​តាម​ការ​ផ្សាយ​របស់​រដ្ឋាភិបាល​វៀត​ណាម ​«នាយក​រដ្ឋ​មន្ត្រី Chinh បាន​បញ្ជាក់​អំពី​ក្ដី​ប្រាថ្នា​របស់​លោក ក្នុង​ការ​ធ្វើការស្និទ្ធ​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​បន្ត​រក្សា​ដោយ​ចីរភាព​និង​ប្រសិទ្ធ​ភាព​នូវ​ការ​អភិវឌ្ឍ​ភាព​ជាអ្នក​ជិត​ខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ច​សហ​ប្រតិបត្តិ​ការ​គ្រប់​ជ្រុង​ជ្រោយ ​រវាង​ប្រទេស​និង​រដ្ឋាភិបាល​ទាំង​២»។

ថ្នាក់​ដឹកនាំ​បក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​បាន​ចូល​មក​កាន់​អំណាច​ដំបូង​កាល​ពី​ឆ្នាំ​១៩៧៩ តាម​រយៈ​ការ​ជួយ​ទំនុក​បម្រុង​របស់​វៀត​ណាម​និង​អតីត​សហភាព​សូវៀត​ក្នុង​ការ​ផ្ដួល​រំលំ​របប​កម្ពុជា​ប្រជាធិប​តេយ្យ​របស់​ខ្មែរក្រហម​ដែល​គាំទ្រ​ដោយ​ចិន។

ប្រទេស​កម្ពុជា​និង​វៀតណាម ​មាន​ព្រំដែន​គោក​រួម​គ្នា​ប្រវែង​១១៥៨​គីឡូម៉ែត្រ ដែល​ក្នុង​នោះ​មាន​ប្រមាណ​១៦%​មិន​ទាន់​បាន​ចរចា​គ្នា​ត្រូវ​ ដើម្បី​កំណត់​ព្រំ​ប្រទល់​និង​បោះ​បង្គោល​ព្រំដែន​នៅ​ឡើយ​ទេ។ សន្ធិសញ្ញា​សំខាន់ៗ​ដែល​បាន​ឈាន​ទៅ​ដល់​ការ​ចរចា​កំណត់​ព្រំប្រទល់​កម្ពុជា​វៀតណាម ត្រូវ​បាន​ធ្វើ​ឡើង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ពេល​កងទ័ព​វៀតណាម​ស្ថិត​ក្នុង​ទឹកដី​កម្ពុជា​នៅ​ឡើយ។

បណ្ដា​រដ្ឋាភិបាល​បស្ចិមលោក​ បាន​មក​ជិត​ស្និទ្ធ​នឹង​វៀតណាម​នា​ពេល​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ ខណៈ​ទីក្រុង​ហាណូយ​ឈរ​នៅ​ជួរ​មុខ​គេ​ក្នុង​ការ​តស៊ូ​នយោបាយ​ផ្លូវ​ច្បាប់ និង​យោធា តប​នឹង​ឥទ្ធិពល​របស់​ចិន​ក្នុង​តំបន់​និង​ជម្លោះ​ដែន​អធិបតេយ្យ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ចំណែក​កម្ពុជា​និង​ចិន​ បាន​ហៅ​គ្នា​ទៅ​វិញ​ទៅ​មក​ថា ​ជា​«មិត្ត​ដែក​ថែប»។ ខណៈ​ទំនាក់​ទំនង​នយោបាយ​ សេដ្ឋ​កិច្ច និង​យោធា​ស្និទ្ធ​គ្នា​ស្រាប់​ទៅ​ហើយ​នោះ ប៉េកាំង​បាន​ផ្ដល់​ជំនួយ​មនុស្ស​ធម៌ជា​វ៉ាក់សាំងដល់​កម្ពុជា និង​ការ​ព្រម​លក់​វ៉ាក់​សាំង​ប្រឆាំង​ជំងឺ​កូវីដ​១៩​ មក​កម្ពុជា​ផង​ដែរ។

យ៉ាង​ណា​ក៏​ដោយ លោក​បណ្ឌិត ផាត់ កុសល អ្នក​វិទ្យាសាស្ត្រ​នយោបាយ បាន​លើក​ឡើង​ថា ​លោក​នៅ​តែ​មើល​ឃើញ​មេដឹក​នាំ​បក្ស​ប្រជាជន​កម្ពុជា និង​មេដឹក​នាំ​បក្ស​កុម្មុយនិស្ដ​វៀតណាម ព្យាយាម​ដោះ​ស្រាយ​ការ​យល់​ច្រឡំ​លើ​គ្នា​និង​កសាង​ទំនុក​ចិត្ត​ផ្នែក​យុទ្ធ​សាស្ត្រ​ ខណៈ​ការ​ប្រកួត​ប្រជែង​ភូមិ​សាស្ត្រ​នយោ​បាយ​ក្នុង​តំបន់ ​ចេះ​តែ​ឡើង​កម្ដៅ៕

XS
SM
MD
LG