រដ្ឋាភិបាលកម្ពុជាបានសម្រេចរក្សាច្រកនាំត្រីចេញចូលចំនួនបួនប្រភេទពីក្រៅប្រទេស ដើម្បីបំពេញតម្រូវការក្នុងស្រុក។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម។
ការបញ្ជាក់អំពីការបើកច្រកឲ្យមានការនាំចេញចូលត្រីនេះ ធ្វើឡើងមួយខែក្រោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា ផ្អាកជាបណ្តោះអាសន្ននូវការនាំចូលត្រីចំនួនបួនប្រភេទ រួមមានត្រីប្រា ត្រីពោត្រីអណ្តែង និង ត្រីឆ្តោ ពីក្រៅប្រទេស ដែលប៉ះពាល់ការនាំចូលពីវៀតណាម។
ក្រសួងកសិកម្មបានផ្តល់ការពន្យល់អំពីការអនុញ្ញាតឲ្យនាំចេញចូលត្រីទាំងបួនប្រភេទខាងលើក្នុងន័យដើមថា៖ «ក្រសួងនៅតែបន្តការអនុញ្ញាតឲ្យនាំចូលផលិតផលជលផល ជាពិសេសត្រីចំនួន ៤ ប្រភេទដូចជាត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ តាមតម្រូវការជាក់ស្តែងក្នុងស្រុក ដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន»។
ក្រសួងបន្ថែមក្នុងសេចក្តីប្រកាស ចុះថ្ងៃទី៨ ខែកុម្ភៈថា៖ «តាមរយៈយន្តការគណៈកម្មការជំរុញវារីវប្បកម្មកម្ពុជាក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទសហការជាមួយក្រសួងពាក់ព័ន្ធ នឹងបន្តដោះស្រាយបញ្ហាប្រឈមរបស់វារីវប្បករ ដើម្បីអភិវឌ្ឍវិស័យវារីវប្បកម្មនិងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់វារីវប្បករ ស្របតាមគោលការណ៍ពាណិជ្ជកម្មសេរី ព្រមទាំងធានាដល់ការការពារសុខភាពមនុស្ស សត្វ បរិស្ថាននិងជំរុញកំណើនពាណិជ្ជកម្ម»។
កាលពីខែមករា លោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានសរសេរលិខិតមួយច្បាប់មករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាលោក ប៉ាន សូរស័ក្តិ ដោយស្នើឱ្យពិចារណាដកវិធានការហាមឃាត់ការនាំចូលត្រីពីវៀតណាម។
លោករដ្ឋមន្ត្រីក្រសួងកសិកម្ម វេង សាខុន ដែលជាអ្នកតស៊ូមតិការពារទីផ្សារទិន្នផលត្រីក្នុងស្រុកបានតបនឹងសំណួរវីអូអេ ដោយលើកឡើងថា៖ «ការប្រមូលទិញផលិតផលក្នុងស្រុកមានការជួបប្រទះនឹងបញ្ហាប្រឈមខ្លះៗ ដែលអាចជះឥទ្ធិពលទៅដល់ការផ្គត់ផ្គង់សេចក្តីត្រូវការលើទីផ្សារក្នុងស្រុក ស្របពេលដែលការរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់របស់សមាជិកសមាគមន៍ នៅមិនទាន់មានលក្ខណៈគ្រប់គ្រាន់ ក្នុងការប្រមូលផ្តុំផលិតផល ដោយសមាគមន៍វារីវប្បករទើបតែចាប់បដិសន្ធិឡើង នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ»។
លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា មិនជំទាស់នឹងការកែប្រែជំហររបស់ក្រសួងកសិកម្មក្នុងការបើកផ្លូវឲ្យបន្តការនាំចូលត្រីពីប្រទេសវៀតណាម ដែលតវ៉ានឹងបម្រាមនាំចូលត្រីមកកម្ពុជានោះទេ។
លោកបន្ថែមថា រហូតមកដល់ពេលនេះ កម្ពុជាមានប្រភេទត្រីបួនប្រភេទខាងលើជាង ២ ម៉ឺនតោនដែលត្រូវលក់ចេញឲ្យបានឆាប់ ខណៈមានការកើនឡើងកម្តៅ ដោយសារការប្រែប្រួលអាកាសធាតុហើយម្ចាស់កសិដ្ឋានចិញ្ចឹមត្រីក៏ត្រូវការលុយដើម្បីដោះបំណុល។
លោក សុខ រ៉ាដែន ថ្លែងថា៖ «អានេះចំណាត់ការក្រសួងខ្ញុំអត់មានបដិសេធ ឬក៏អត់ មានមតិអីទេអានេះគឺចំណាត់ការរបស់រដ្ឋនិងរដ្ឋ។ ប៉ុន្តែរឿងប្រឈមដឹងតែប្រឈមហើយ ដោយសារទីមួយ យើងជំពាក់លុយធនាគារ។ ទីពីរយើងត្រូវការលក់អាត្រីនោះទៅដើម្បីយកលុយនោះសងចំណីគេ»។
អ្នកជំនាញជលផលរូបនេះចង់ឃើញរដ្ឋាភិបាលកំណត់ចំនួនការនាំចូលត្រីពោ ត្រីអណ្តែង និងត្រីឆ្តោដែលនាំចូលពីវៀតណាម ដើម្បីបញ្ចៀសការជន់លេចផលិតផលត្រីក្នុងទីផ្សារកម្ពុជា។ លោកលើកឡើងទៀតថា ការធ្វើវិញ្ញាបណ្ណបត្រកំណត់ប្រភពដើម (Certificate of Origin) នៃត្រីដែលនាំ ចូលមកកម្ពុជា ក៏ជាផ្នែកសំខាន់មួយដើម្បីជួយដល់អ្នកចិញ្ចឹមត្រី និងអ្នកបរិភោគត្រីក្នុងស្រុក។
«ហើយឥឡូវនេះដោយសារបញ្ហាអ៊ីចឹង ខ្ញុំនឹងស្នើទៅឲ្យខាងក្រសួងក្នុងនាមវារីវប្បករ សមាគមវារីវប្បករហ្នឹង ឲ្យក្រសួងជាពិសេសរដ្ឋបាលជលផល លោកមេត្តាកំណត់ ឬក៏មាននីតិវិធីអ្វី ដើម្បីទប់ដើម្បីកុំឲ្យគាត់នាំមកជន់អារបស់ដែលយើងមានអ៊ីចឹង។ កាលណាគាត់នាំមកអានេះគាត់ អ្នកឈ្មួញឬក៏អ្នកអាជីវករហ្នឹង គាត់អត់ទៅទិញអារបស់ក្នុងស្រុក វាបណ្តាលឲ្យយើងមានហានិភ័យ ត្រីយើងអស់ទឹកត្រូវការលក់ប្រមូលលុយដូចខ្ញុំនិយាយចឹង»។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មប្រាប់វីអូអេថា ការសម្រេចផ្អាក និងអនុញ្ញាតឲ្យមានការនាំចូលត្រីពីក្រៅប្រទេសនោះ គឺជាកិច្ចការបច្ចេកទេសរបស់ក្រសួងកសិកម្ម។ លោកថា ដោយឡែកក្រសួងពាណិជ្ជកម្មគាំទ្រការធ្វើពាណិជ្ជកម្មសេរី និងពហុភាគីនិយម ស្របតាមក្របខណ្ឌអាស៊ាននិងគោលការណ៍ពាណិជ្ជកម្មសេរីរបស់អង្គការពាណិជ្ជកម្មអន្តរជាតិផ្សេងទៀត។
លោក ប៉ែន សុវិជាតិ ថ្លែងថា៖ «ជារួមក្រសួងពាណិជ្ជកម្មមិនមានមតិអីជា Specific [ជាក់លាក់] ជាចំពោះទៅលើទំនិញដែលបានលើកឡើងហ្នឹងទេ។ ក៏ប៉ុន្តែជាបែបបទបច្ចេកទេសសម្រាប់បែបបទពាណិជ្ជកម្មអន្តរជាតិ យើងគាំទ្រជំហរដែលទាក់ទងនឹងការធ្វើពាណិជ្ជកម្មនៅក្នុងសហគមន៍អាស៊ាន ជំហរដែលគាំទ្រពាណិជ្ជកម្មនៅក្នុងសហគមន៍អន្តរជាតិ ដែលជាគេហៅថា Globalism ដូចMultilateral System ហ្នឹង។ យើងគាំទ្ររបៀបហ្នឹង»។
លោក សុវិជាតិ បន្ថែមថា ក្រសួងកសិកម្មជាអ្នកសម្រេចដោយឯកឯង ពេលបិទការនាំចូល ដ្បិតជាក្រសួងជំនាញ។
លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លើកឡើងពីការបារម្ភថា កម្ពុជា ដូចជាចាញ់ប្រៀបប្រទេសវៀតណាម ក្នុងការការពារផលប្រយោជន៍កសិករខ្លួន ដោយការព្រមបើកឲ្យវៀតណាមនៅបន្តមានលទ្ធភាពនាំត្រីចូលមកកម្ពុជា។
លោក សាម អ៊ីន ថ្លែងថា៖ «អ្វីដែលយើងបារម្ភនេះយើងឃើញ ធម្មតាវៀតណាមគេតែងគិតផលប្រយោជន៍ប្រទេសគេ សេដ្ឋកិច្ចគេប្រជាជនគេអាហ្នឹងជាកាតព្វកិច្ចរបស់រដ្ឋាភិបាលវៀតណាម ហើយកាតព្វកិច្ចរបស់រដ្ឋាភិបាលយើង ក៏យើងត្រូវគិតការពារផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ។ ការពារអ្នកចិញ្ចឹមត្រីនៅស្រុកខ្មែរដែរ។ អាហ្នឹងជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលរបស់យើង។»។
លោកបន្ថែមថា៖ «ប៉ុន្តែមានការប្រតិកម្មពីវៀតណាម ហាក់ដូចជាយើងហ្នឹងបានន័យថា យើងមិនហ៊ានតទល់ជាមួយនឹងវៀតណាម ដើម្បីការពារផលប្រយោជន៍កសិករអ្នកចញ្ចឹមត្រីក្នុងស្រុកយើងហ្នឹងអ៊ីចឹង យើងជារឿងមួយជាសញ្ញាមួយមិនល្អជារឿងមួយគួរតែយើងព្រួយបារម្ភ»។
កាលពីឆ្នាំ ២០២០ វិស័យវារីវប្បកម្មកម្ពុជាផលិតទិន្នផល ៤០ ម៉ឺនតោនដែលតួលេខនេះបង្ហាញពីការកើនឡើងក្នុងអត្រា ៣០% លើសឆ្នាំ ២០១៩ ដែលផលិតបាន ៣០ ម៉ឺនតោន៕