ខេត្តពោធិ៍សាត់ កម្ពុជា៖ ខណៈដែលមជ្ឈដ្ឋានទូទៅគាំទ្រនិងសាទរចំពោះការហាមឃាត់ឧបករណ៍នេសាទធំៗនៅលើបឹងទន្លេសាប ប្រជាសហគមន៍នេសាទក្រីក្រមួយចំនួននៅទីនោះ អះអាងថា ការកំណត់ប្រភេទឧបករណ៍នេសាទខ្លះបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេទៅវិញ។
នាង ចាន់ រីធ្លាប់រកត្រីបានពី៤០ទៅ៥០គីឡូក្រាមក្នុងមួយថ្ងៃ ដោយប្រើឧបករណ៍នេសាទធំៗមួយចំនួនដូចជាបរ ឬអួន ដែលមានប្រវែងរាប់រយម៉ែត្រជាដើម។ ប៉ុន្តែឥឡូវ អ្នកនេសាទវ័យ២៣ឆ្នាំ នៅក្នុងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់នេះរកត្រីបានតែពីរបីគីឡូក្រាមប៉ុណ្ណោះជាមួយនឹងមងប្រវែងមិនលើសពី៥០ម៉ែត្ររបស់នាង។
«មានអារម្មណ៍ថា ពិបាករកណាស់ ហើយរកអីអត់បាន»។
មងប្រវែងត្រឹម៥០ម៉ែត្រនេះគឺជាប្រភេទឧបករណ៍នេសាទលក្ខណៈគ្រួសារដែលរដ្ឋាភិបាលកំណត់ឲ្យប្រជានេសាទប្រើប្រាស់នៅក្នុងរដូវបិទនេសាទនេះ។
ប៉ុន្តែ អ្នកនេសាទនៅទីនេះនិយាយថា ការកំណត់នេះបានធ្វើឲ្យពួកគេមិនអាចចាប់ត្រីបានច្រើនគ្រប់គ្រាន់ ដើម្បីផ្តត់ផ្គង់ជីវភាពគ្រួសារបានឡើយ។
នាងចាន់ រីប្រាប់ឲ្យដឹងថា ជួនកាលនាងត្រូវបង្ខំចិត្តប្រើមងដែលមានប្រវែង វែងជាងនេះ។
«មកពីគ្រួសារអត់ ចេះតែរកទៅ។ ដល់ពេលគេហាមពេលណា ឈប់ពេលហ្នឹងទៅ»។
ប្រជាជននៅទីនេះ ទាំងជនជាតិខ្មែរ ទាំងជនជាតិវៀតណាម ភាគច្រើនពឹងអាស្រ័យទៅលើការនេសាទដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។
ពួកគេនិយាយថា ក្រៅតែពីរបរនេសាទ ពួកគេស្ទើរតែមិនអាចរករបរអ្វីផ្សេងធ្វើបានទេនៅទីនេះ។
អ្នកស្រីថាត់ យែមគឺជាភរិយារបស់មេឃុំរាំងទិល។ អ្នកស្រីក៏ពឹងតែលើរបរនេសាទនេះដែរដើម្បីទ្រទ្រង់ជីវភាព។
អ្នកស្រីនិយាយថា អ្នកស្រីរីករាយនិងគាំទ្រចំពោះការហាមឃាត់ការប្រើប្រាស់ឧបករណ៍នេសាទខ្នាតធំ ដែលអាចបង្កឲ្យអន្តរាយដល់ធនធានត្រីនៅក្នុងបឹងទន្លេសាបនេះ។
ប៉ុន្តែអ្នកស្រីចង់ឲ្យមានការកំណត់ឧបករណ៍នេសាទជាលក្ខណៈគ្រួសារឲ្យបានសមស្របទៅនឹងស្ថានភាពរស់នៅជាក់ស្តែង ដើម្បីឲ្យប្រជានេសាទក្រីក្រនៅទីនេះ អាចរកត្រីបានគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ជីវភាពគ្រួសាររបស់ខ្លួន។
«របរតូចបានរកតែអាតូចៗ ដល់អាធំចាប់ត្រីអស់។ អាហ្នឹងនិយាយពីអាអួនធំៗដែលគេវាយកណ្តាលទន្លេ។ អញ្ចឹងអារបរតូចអញ្ចិះបានអី? បានតែចិញ្ចឹមពោះហ្នឹង»។
លោកឡុង សូចែត ដែលជាប្រធានសម្ព័ន្ធប្រជានេសាទកម្ពុជា និយាយថា អាជ្ញាធរពាក់ព័ន្ធគួរតែពិនិត្យមើលឡើងវិញនូវការកំណត់ឧបករណ៍នេសាទជាលក្ខណៈគ្រួសារនេះ។
លោកនិយាយថា ការកំណត់ឲ្យប្រើមងប្រវែងត្រឹម៥០ម៉ែត្រនេះ មិនអាចផ្តល់លទ្ធភាពឲ្យប្រជានេសាទ រកត្រីគ្រប់គ្រាន់សម្រាប់ចិញ្ចឹមគ្រួសារបានទេ។
«អញ្ចឹងហើយធ្វើឲ្យប្រជាពលរដ្ឋនេសាទដែលជាលក្ខណៈគ្រួសារ (ដែលប្រើមងប្រវែង) ត្រឹម៥០ម៉ែត្រនោះ គាត់មិនអាចយកមកប្រកបរបរចិញ្ចឹមគ្រួសារបានទេ។ គាត់បង្កើនទៅគឺជាផ្នែកមួយធ្វើឲ្យពួកគាត់ចូលរួមការនេសាទខុសច្បាប់ផងដែរ»។
មន្ត្រីរដ្ឋបាលជលផលមូលដ្ឋានទទួលស្គាល់ថា នៅក្នុងស្ថានភាពជាក់ស្តែង អ្នកនេសាទនៅទីនេះត្រូវការប្រើប្រាស់មងប្រវែងយ៉ាងតិច២០០ម៉ែត្ររហូតដល់៥០០ម៉ែត្រ ដើម្បីចាប់ត្រីបានច្រើន ល្មមអាចផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃបាន។
លោកពុត ស៊ុនលីគឺជានាយរងផ្នែករដ្ឋបាលជលផលខេត្តពោធិ៍សាត់។
«ក្រោយពីយើងចុះសិក្សាហើយវាយតម្លៃឃើញថា បើ[ការកំណត់ឧបករណ៍នេសាទ] មិនសមស្របទេ មិនតុល្យភាពទេ អាហ្នឹងយើងនឹងស្នើសុំធ្វើការកែប្រែនៅថ្ងៃក្រោយ។ ប៉ុន្តែប្រកាសរបស់ក្រសួងដែលមានចំណារពីនាយករដ្ឋមន្ត្រីមកហើយ យើងត្រូវតែអនុវត្តសិន»។
យ៉ាងណាក៏ដោយ ប្រជានេសាទទទូចឲ្យរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គួរតែកំណត់ឧបករណ៍នេសាទឲ្យបានសមស្របទៅតាមស្ថានភាពរស់នៅជាក់ស្តែង ដើម្បីឲ្យសហគមន៍នេសាទនៅទីនេះ អាចចិញ្ចឹមជីវិតរបស់ពួកគេបាន៕