ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកហ៊ុន សែន​ប្រកាស​លុបឡូត៍​នេសាទ​បឹង​ទន្លេ​សាប​មុន​ពេល​បោះ​ឆ្នោត​ឃុំ-​សង្កាត់


អ្នក​នេសាទ​បង់សំណាញ់​នៅតាម​ដងទន្លេសាប​ក្នុង​ទីក្រុងភ្នំពេញ ថ្ងៃទី១៥ សីហា ២០១១។

នាយក​រដ្ឋមន្ដ្រី​កម្ពុជា ​លោក ​ហ៊ុន ​សែន ​នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​ដាក់​បញ្ជា​ដាច់ណាត់​ដោយ​ផ្ទាល់​មាត់​ ឲ្យ​លុបបំបាត់​រាល់​ឡូត៍​នេសាទ​ទាំងឡាយ​ក្នុង​បឹង​ទន្លេសាប ​ដែល​លោក​ចាត់ទុក​ថា​ជា​ប្រភព​នៃ​រឿង​ហេតុ​ដ៏​ចម្រូង​ចម្រាស់​ក្នុង​សង្គម។ ​ក៏ប៉ុន្ដែ​ក្រុម​មន្ដ្រី​គណបក្ស​ជំទាស់ ​និង​មន្ដ្រី​សង្គម​ស៊ីវិល​បាន​ហៅ​បទ​បញ្ជា​នោះ​ថា ​គឺ​ជា​ទង្វើ​ប្រជាភិថុត​នៅ​ពេល​ដែល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជិត​មក​ដល់។
ប្រទេស​កម្ពុជា ​គ្រោង​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្ងៃ​ទី​ ៣​ ខែ​មិថុនា ​ឆ្នាំ ​២០១២​នេះ។ ​នេះ​គឺ​ជា​ការ​បោះឆ្នោត​ដ៏​មាន​សារៈ​សំខាន់​បំផុត​សម្រាប់​ជ្រើសតាំង​រដ្ឋអំណាច​មូលដ្ឋាន​ហើយ​ក៏​ជា​ការបោះឆ្នោត​ដែល​នឹង​បង្ហាញ​ពី​កម្រិត​ឥទ្ធិពល​ប្រជាប្រិយ៍ភាព​ និង​កម្លាំង​នយោបាយ​របស់​គណ​បក្សនយោបាយ​នីមួយៗ។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​មួយ​ក្នុង​ក្រុង​ភ្នំពេញ ​លោក​នាយក​រដ្ឋមន្រ្ដី​បាន​ប្រកាស​ថា ​លោក​បាន​សម្រេច​ចិត្ត​រំលាយ​ចោល​ឈប់​ឲ្យ​មាន​តទៅ​ទៀត ​នូវ​ការ​ធ្វើ​ឡូត៍​នេសាទ​ជា​លក្ខណៈ​ពាណិជ្ជកម្មនៅ​ក្នុង​បឹង​ទន្លេសាប។

«ខ្ញុំ​សូម​ប្រកាស​ជូន​ប្រជា​ពល​រដ្ឋ​ថា ​នៅ​ក្នុង​ទន្លេសាប​ទាំង​មូល​នឹង​ពុំ​មាន​ឡូត៍​នេសាទ​ទៀត​ទេ​ គឺ​ត្រូវ​រំលាយ​ចោល​នូវ​ឡូត៍​នេសាទ​ទាំង​អស់»។

លោក​ ហ៊ុន ​សែន ​បាន​ពន្យល់​ពី​ការ​សម្រេច​ចិត្ត​នេះ​ថា ​ដោយសារ​តែ​ការ​ធ្វើ​អាជីវកម្ម​ខាង​លើ​នេះ​នាំឲ្យ​មាន​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ ​និង​រារាំង​ពួកគេ​ពី​ការរក​ផលត្រី​សម្រាប់​ចិញ្ចឹម​ជីវិត​ជា​លក្ខណៈ​គ្រួសារ។

លោក​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​បាន​បញ្ជាក់​បន្ថែម​ថា ​រដ្ឋាភិបាល​នឹង​កំណត់​តំបន់​អភិរក្ស​ពូជត្រី​នៅ​ក្នុង​បឹងទឹកសាប​ដ៏​ធំ​នេះ។

លោក ​ហ៊ុន ​សែន ​ក៏​បាន​ឆ្លៀត​និយាយ​ភ្ជាប់​លក្ខខណ្ឌ​នៃ​ការ​សម្រេចចិត្ត​លុប​បំបាត់​ឡូត៍​នេសាទ​ឯកជន​នេះ​ ទៅ​នឹង​ការ​បោះឆ្នោត​ផងដែរ។

លោក ​សុន ឆ័យ ​តំណាងរាស្ដ្រ​មណ្ឌល​ក្រុងភ្នំពេញ​របស់​គណបក្ស​សម ​រង្ស៊ី ​បាន​លើកឡើង​ដូច​លោក​ហ៊ុន ​សែន​ ដែរ​ថា ​ការ​បង្កើត​ឲ្យ​មាន​ឡូត៍​នេសាទ​ដ៏ច្រើន​នៅ​ក្នុង​បឹង​ទន្លេសាប​នោះ​ គឺ​ជា​ការ​បង្កើត​ការ​ឈឺចាប់​របស់​ប្រជារាស្ដ្រ​ ហើយ​នោះ​គឺ​ជា​កំហុស​ក្នុង​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល។

លោក ​សុន ​ឆ័យ ​ព្រួយបារម្ភ​ថា ​ការ​ដាក់​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ដ្រី​នៅ​ក្នុង​ពេល​នេះ​អាច​នឹង​មិន​មាន​ប្រសិទ្ធភាព​ក្រោយ​ពេល​បោះឆ្នោត​កន្លង​ផុត​ទៅ។

«អ្វី​ដែល​កើត​មាន​ វា​គ្រាន់​តែ​ជា​ការ​កែតម្រូវ​ ដែល​ជា​អំពើ​ខុស​ឆ្គង​ ដែល​មន្ត្រី​រាជរដ្ឋាភិបាល​បាន​ធ្វើ​កន្លង​ទៅ​ទេ។ ​ក៏ប៉ុន្តែ​ប្រសិទ្ធភាព​យ៉ាង​ណា ​យើង​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ ឬ​មួយ​ក៏គ្រាន់​តែ​ជា​ការ​ប្រកាស ​ដោយសារ​តែ​ពេល​ខាង​មុខ​នេះ ​យើង​មាន​ការ​បោះឆ្នោត។​ ហើយ​លោក​នាយក​រដ្ឋមន្ត្រី​ គាត់​ចង់​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ត្រេក​ត្រអាល​មួយ​រយៈ​ខ្លី»។
មាន​ឡូត៍​នេសាទ​ឯកជន​ចំនួន ​៣៥ ​ក្នុង​បឹង​ទន្លេសាប ​ដែល​ជាប់​ព្រំប្រទល់​ជាមួយ​ខេត្ត​សៀមរាប ​បាត់ដំបង ​ពោធិ៍សាត់ ​កំពង់ឆ្នាំង​ និង​កំពង់ធំ។

កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​សីហា ​លោក ​ហ៊ុន ​សែន ​ធ្លាប់​បាន​ប្រកាស​នៅ​ចំពោះ​មុខ​អង្គទូត​នានា​ឲ្យ​មាន​ការ​ព្យួរ​អាជ្ញាប័ណ្ណ​ឡូត៍​នេសាទ​ទាំង​៣៥​នេះ​ រហូត​ដល់​ឆ្នាំ​២០១៤។ ​មូលហេតុ​ដោយសារ​ឡូត៍​នេសាទ​ទាំង​នោះ​ បាន​រំលោភ ​និង​បំផ្លាញ​ធនធាន​ត្រី​ក្នុង​បឹង​ទន្លេសាប។ ​ក៏ប៉ុន្ដែ​ក្នុង​ពេល​នេះ ​លោក ​ហ៊ុន ​សែន​ បញ្ជាក់​ថា​ នឹង​មិន​មាន​ការ​បើក​អាជ្ញាប័ណ្ណ​ណាមួយ​ សម្រាប់​ការ​ធ្វើ​អាជីវកម្ម​ឡូត៍​នេសាទ​ក្នុង​បឹង​ទន្លេសាប​នៅ​ពីរ​ឆ្នាំ​ខាង​មុខ​នេះ​ទេ។

យោងតាម​តួលេខ​ពី​នាយកដ្ឋាន​ជលផល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ បឹង​ទន្លេសាប​ ផ្ដល់​ផលត្រី​ជា​មធ្យម​ប្រចាំ​ឆ្នាំ​ចំនួន ​២៣០.០០០​តោន ​និង​អាច​ចិញ្ចឹម​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​ជុំវិញ​ជាង​បី​លាន​នាក់។ ​ក៏ប៉ុន្ដែ​ប្រជា​សហគមន៍​នេសាទ​ បាន​ត្អូញត្អែរ​ពី​ការ​ហិនហោច​ពូជត្រី​នៅ​ក្នុង​បឹង​ដោយសារ​ការ​នេសាទ​ខុស​ច្បាប់ ​និង​វិធានការ​ទប់ស្កាត់​ទន់ខ្សោយ។

លោក ​ទាវ ​ឡូវ ​តំណាង​សហគមន៍​កសិកម្ម​អភិវឌ្ឍន៍​ធិបតីអង្គរ​ក្នុង​ខេត្ត​សៀមរាប ​ដែល​មួយ​ផ្នែក​ផ្តោត​លើ​ការ​នេសាទ​ជឿ​ថា ​ផលត្រី​ក្នុង​បឹង​ទន្លេសាប​ អាច​នឹង​កើនឡើង​វិញ​ប្រសិន​បើ​វិធានការ​របស់​លោក​នាយក​រដ្ឋមន្ដ្រី​នៅ​ពេល​នេះ​មាន​ប្រសិទ្ធភាព។

«ខ្ញុំ​មាន​ពួកម៉ាក​នៅ​ទន្លេសាប​ដែរ ​គាត់​ថា​ដូច​ជា​បាត់បង់​ពូជ​ត្រី​ច្រើន ​ដូច​ជា​ប្រភេទ​ត្រីប្រា ​ត្រីឆ្តោរ​ និង​ត្រីឆ្ពិន ​ត្រីរៀល ​ត្រី​លេញ​ហ្នឹង ​ដូច​ជា​ឥតមាន​ទៀត​ទេ។​ បើ​សិន​ជា​គោលការណ៍​ហ្នឹង​ ពិត​ប្រាកដ​មែន​ហ្នឹង​ ជា​ប្រការ​មួយ​ដែល​បាន​កំណើន​ទិន្នផល​ច្រើន ​រក្សា​ពូជត្រី​ឲ្យ​បាន​ច្រើន»។
នៅ​ក្នុង​ពេល​បច្ចុប្បន្នខណៈ​ដែល​មាន​ការ​អះអាង​ពី​ការ​បាត់បង់​ពូជត្រី​ក្នុង​ស្រុក ​ឈ្មួញ​កម្ពុជា​បាន​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​ នូវ​ផលត្រី​ប្រភេទ​ខ្លះ​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ប្រទេស៕

XS
SM
MD
LG