ប្រទេសកម្ពុជា បានរកឃើញករណីឆ្លងជំងឺកូវីដ១៩លើពលរដ្ឋខ្មែរមានសញ្ជាតិអាមេរិកាំង ដែលបានមកដល់ព្រលានយន្តហោះក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី២១ ខែមិថុនា។ ករណីនេះ ធ្វើឲ្យចំនួនឆ្លងកើនឡើងដល់១៣០ករណីនៅទូទាំងប្រទេស។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៣ ខែមិថុនា ក្រសួងសុខាភិបាលឲ្យដឹងថា បុរសខ្មែរមានសញ្ជាតិអាមេរិកាំង អាយុ៦៦ឆ្នាំរូបនោះ បានធ្វើដំណើរពីសហរដ្ឋអាមេរិកមកដល់ប្រទេសកម្ពុជាតាមជើងយន្តហោះ ដែលមានអ្នកដំណើរសរុបចំនួន១១២នាក់ ក្នុងនោះមានស្ត្រីចំនួន៤១នាក់ និងបុរសចំនួន៧១នាក់។ ក្នុងចំណោមអ្នកដំណើរទាំងនោះ មានជនជាតិខ្មែរចំនួន៨៩នាក់ ដែលក្នុងនោះមានស្រី្ត៣៥នាក់និងជនបរទេស២៣នាក់ ដែលក្នុងនោះមានស្រី្ត៦នាក់។
ក្រសួងសុខាភិបាលបញ្ជាក់បន្ថែមថា បុរសខ្មែរមានសញ្ជាតិអាមេរិកាំងដែលត្រូវបានរកឃើញថា មានជំងឺកូវីដ១៩នោះ «បច្ចុប្បន្នត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរួចហើយ»។
ដោយឡែកអ្នកដែលបានរួមដំណើរជាមួយបុរសរូបនេះ តែធ្វើតេស្តមិនមានជំងឺកូវីដ១៩ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ នៅសណ្ឋាគារដែលរៀបចំដោយក្រសួងសុខាភិបាល ចំពោះអ្នកដែលមានលទ្ធភាពបង់ប្រាក់។ ចំពោះអ្នកដែលមិនមានលទ្ធភាពបង់ថ្លៃសណ្ឋាគារដើម្បីតាមដានសុខភាពបន្តទៀត ត្រូវដាក់ឲ្យនៅដាច់ដោយឡែកនៅមណ្ឌលជម្ពូវ័ន១។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានទេ នៅថ្ងៃអង្គារនេះ។ វីអូអេ ក៏មិនអាចសុំការអត្ថាធិប្បាយពីលោកស្រី ឱ វណ្ណឌីន និងលោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលបានដែរ។
បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន១២៧នាក់។ ករណីឆ្លងក្នុងរយៈពេលចុងក្រោយនេះ ជាករណីនាំចូល គឺមានពលរដ្ឋខ្មែរ៣នាក់ ម្នាក់ឆ្លងចុងក្រោយជាជនជាតិខ្មែរអាមេរិកាំង និង២នាក់ផ្សេងទៀត ដែលម្នាក់បានវិលត្រឡប់ពីប្រទេសឥណ្ឌូណេស៊ីនិងម្នាក់ទៀតវិលត្រឡប់ពីប្រទេសម៉ាឡេស៊ី។
លោក សៅ វឌ្ឍនា នាយកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បដិសេធមិនផ្តល់ការអត្ថាធិប្បាយ ដោយលោកថា ជាប់ប្រជុំ។
ចំណែកលោក ខែក នរិន្ទដា នាយកផ្នែកទំនាក់ទំនងសាធារណៈនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សុំមិនផ្តល់ការអត្ថាធិប្បាយ ដោយបានបង្វែរសំណួរទៅក្រសួងសុខាភិបាលវិញ។ លោកនិយាយថា៖
«ព្រោះអីខាងហ្នឹង គេគ្រប់គ្រងទាំងអស់។ គេមានក្រុមគេនៅព្រលានយន្តហោះ។ អ៊ីចឹងត្រូវតែទាក់ទងជាមួយក្រសួង»។
ជើងយន្តហោះចូលមកប្រទេសកម្ពុជាមានតិចតួចណាស់ក្នុងមួយថ្ងៃ។ ក្រសួងសុខាភិបាល បានថ្លែងកាលពីសប្តាហ៍មុនថា ពលរដ្ឋខ្មែរចំនួន២០៤ នាក់ បានវិលត្រឡប់ពីប្រទេសម៉ាឡេស៊ីមកកម្ពុជាវិញ ដោយមានការជួយពីស្ថានទូតខ្មែរប្រចាំនៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីពលរដ្ឋទាំងនេះ បានជាប់គាំងនៅក្នុងប្រទេសនោះ ចាប់តាំងពីខែមេសាមក។ ក្នុងចំណោមពលរដ្ឋខ្មែរទាំងនោះ មានបុរសជនជាតិខ្មែរ អាយុ២១ឆ្នាំម្នាក់ ត្រូវបានធ្វើតេស្តរកឃើញថា មានជំងឺកូវីដ១៩។
តាមគោលការណ៍ទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ អ្នកដំណើរទាំងអស់ត្រូវយកសំណាកទៅពិនិត្យជំងឺកូវីដ ហើយប្រសិនបើនៅលើយន្តហោះ មាននរណាម្នាក់មានវីរុសកូរ៉ូណា អ្នកដំណើរទាំងអស់ត្រូវស្នាក់នៅកន្លែងដែលរដ្ឋាភិបាលរៀបចំឲ្យរយៈពេល១៤ថ្ងៃ ហើយការធ្វើតេស្តយកសំណាក អាចមានយ៉ាងតិច៣ដងទៀត។
ជាផ្នែកមួយនៃការកាត់បន្ថយបន្ទុករបស់រដ្ឋាភិបាលក្នុងការមើលថែទាំអ្នកមកដល់ប្រទេសកម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានតម្រូវឲ្យអ្នកដំណើរបរទេសតម្កល់ប្រាក់៣ពាន់ដុល្លារ ដើម្បីទុកក្នុងករណីមានជំងឺកូវីដ១៩។ អ្នកដំណើរបរទេសក៏ត្រូវចំណាយលើសេវាជាច្រើនទៀត សម្រាប់ការធ្វើតេស្តរកជំងឺកូវីដ១៩ និងការស្នាក់នៅ។អ្នកដំណើរបរទេសត្រូវចំណាយ១០០ដុល្លារសម្រាប់ការធ្វើតេស្តសំណាក។ ពួកគេ ក៏ត្រូវចំណាយលើថ្លៃកន្លែងស្នាក់នៅមានតម្លៃ៣០ដុល្លារក្នុងមួយថ្ងៃ និងអាហារបីពេល ៣០ដុល្លារ។ បន្ថែមពីនេះ ថ្លៃដឹកជញ្ជូនពីព្រលានយន្តហោះទៅមណ្ឌលសំចតរង់ចាំធ្វើតេស្តសំណាក មានតម្លៃ៥ដុល្លារក្នុងមួយជើង៕