ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​ទើប​វិល​ត្រឡប់​ក្រោយ​ពី​ជាប់​គាំង​នៅ​ម៉ាឡេស៊ី​បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមានជំងឺ​កូវីដ១៩


រូបឯកសារ៖ បុរសម្នាក់ពាក់ម៉ាសដើរចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ បុរសម្នាក់ពាក់ម៉ាសដើរចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០។

ពលរដ្ឋ​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​ជាង ​២០០​នាក់ ​ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ម៉ាឡេស៊ី​វិញ ​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ផ្ទុក​វីរុស​កូរ៉ូណា ​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​នេះ​សរុប​ក្នុង​ប្រទេស​កើន​ដល់​ ១២៩​នាក់​ គិត​មក​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ​នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ​លោកស្រី ឱ វណ្ណឌីន ​ដែល​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ នៅ​ថ្ងៃ​ទី​១៨​ ខែ​មិថុនា​នេះ។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ ​បាន​ឲ្យ​ដឹង​ថា ​អ្នក​ឆ្លង​កូវីដ១៩​ ចុងក្រោយ​បំផុត​នេះ ​គឺ​ជា​បុរស​ជនជាតិ​ខ្មែរ​ អាយុ​២១​ឆ្នាំ ​មាន​ទី​លំនៅ​នៅ​ភូមិ​ស្រែ​អំបិល​ ឃុំ​ស្រែអំបិល​ ខេត្ត​កោះកុង។​

ការ​ពិនិត្យ​ឃើញ​លទ្ធផល​វិជ្ជមាន​កូវីដ១៩ ​ថ្មី​ចុង​ក្រោយ​នេះ​ កើត​ឡើង​ នៅ​ពេល​ដែល​បុរស​រូប​នេះ​បាន​វិល​ត្រឡប់​ពី​ប្រទេស​ម៉ាឡេស៊ី​ មក​ដល់​ប្រទេស​កម្ពុជា​វិញ​ នៅ​ថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ឆ្នាំ​២០២០។​នេះ​បើ​យោង​តាម​ក្រសួង​សុខាភិបាល​កម្ពុជា។​

កាល​ពី​ថ្ងៃ​អង្គារ​ ពលរដ្ឋ​ខ្មែរ​ចំនួន​ ២០៤​នាក់​ បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ ​ដោយ​មាន​ការ​ជួយ​ពី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី​ក្រោយ​ពី​ពលរដ្ឋ​ទាំង​នេះ ​បាន​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​នោះ​ចាប់​តាំង​ពី​ខែ​មេសា​មក។​

នៅ​ពេល​នោះ ​ពួកគេ​ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ឡើង​យន្តហោះ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​កូឡាឡាំពួរ​ មក​កាន់​ប្រទេស​កម្ពុជា​ទេ​ ពី​ព្រោះ​រដ្ឋាភិបាល​កម្ពុជា​បាន​ហាម​ឃាត់​មិន​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​ចូល​ប្រទេស​វិញ​នៅ​គ្រា​នោះ ​ដោយ​សារ​ការ​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩៕

XS
SM
MD
LG