ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​បន្ដ​កើនឡើង​នៅ​ទូទាំង​ពិភពលោក


អ្នក​ដំណើរ​ម្នាក់​បើក​ឡាន​ចូល​ទៅ​ធ្វើ​តេស្ត​នៅ​កន្លែង​ធ្វើ​តេស្ត​មួយ​កន្លែង​ក្នុង​ក្រុង Leesburg រដ្ឋ Virginia សហរដ្ឋអាមេរិក ដើម្បី​រក​ជំងឺ​កូវីដ១៩ កាល​ពី​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២០។
អ្នក​ដំណើរ​ម្នាក់​បើក​ឡាន​ចូល​ទៅ​ធ្វើ​តេស្ត​នៅ​កន្លែង​ធ្វើ​តេស្ត​មួយ​កន្លែង​ក្នុង​ក្រុង Leesburg រដ្ឋ Virginia សហរដ្ឋអាមេរិក ដើម្បី​រក​ជំងឺ​កូវីដ១៩ កាល​ពី​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២០។

ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​បន្ដ​កើនឡើង​នៅ​ទូទាំង​ពិភពលោក។ មាន​ករណី​ឆ្លង​ជាង ៨ លាន ៧ សែន ករណី នៅ​ទូទាំង​ពិភពលោក។

សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​ជាង ២ លាន ២ សែន ករណី ដែល​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក។

ប្រទេស​ប្រេស៊ីល និង​ប្រទេស​រុស្ស៊ី ស្ថិត​នៅ​លំដាប់​បន្ដបន្ទាប់ ដែល​ប្រេស៊ីល​មាន​ករណី​ឆ្លង​ជាង ១ លាន​ករណី ហើយ​រុស្ស៊ី​មាន​ករណី​ឆ្លង​ជាង ៥៧៦.០០០ ករណី។

សហរដ្ឋអាមេរិក​ក៏​នាំ​មុខ​គេ​លើ​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ នេះ​ដែរ ដែល​មាន​ចំនួន​ជិត ១ សែន ២ ម៉ឺន ករណី។ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​សាកលវិទ្យាល័យ Johns Hopkins ក្នុង​សហរដ្ឋអាមេរិក។

សមាជិក​នៃ​ក្រុម​ការងារ​រៀបចំ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នាំ​មុខ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ចំនួន ៦ នាក់ បាន​ឆ្លង​ជំងឺ​កូវីដ១៩ នេះ។ ការ​ប្រកាស​អំពី​ករណី​ឆ្លង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍ នៅ​រយៈពេល​ពេល​ប៉ុន្មាន​ម៉ោង​មុន​ពេល​ដែល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើ​ការ​ប្រមូល​ផ្ដុំ​អ្នក​គាំទ្រ​នៅ​ក្រុង Tulsa រដ្ឋ Oklahoma។ ការ​ប្រមូល​ផ្ដុំ​អ្នក​គាំទ្រ​នេះ​គឺ​ជា​លើក​ទី​មួយ​របស់​លោក ចាប់​តាំង​ពី​សហរដ្ឋអាមេរិក​បាន​បិទ​សកម្មភាព​សង្គម​ដោយសារ​តែ​ជំងឺ​កូវីដ១៩​មក។

នៅ​ក្នុង​ការ​ជួបជុំ​អ្នក​គាំទ្រ​នេះ លោក​ប្រធានាធិបតី ត្រាំ បាន​និយាយ​លេង​សើច​ថា ករណី​ឆ្លង​នៅ​សហរដ្ឋអាមេរិក​ខ្ពស់ ដោយសារ​តែ​មាន​ការ​ធ្វើ​តេស្ត​ច្រើន។ លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «នៅ​ពេល​ដែល​អ្នក​ធ្វើ​តេស្ត​យ៉ាង​ច្រើន​បែបនេះ អ្នក​នឹង​រកឃើញ​ករណី​ឆ្លង​កាន់​តែ​ច្រើន។ ដូច្នេះ​ខ្ញុំ​បាន​និយាយ​ទៅ​កាន់​មន្ត្រី​របស់​ខ្ញុំ​ថា កុំ​ធ្វើ​តេស្ត​ច្រើន​ពេក ប៉ុន្តែ​ពួកគេ​នៅ​តែ​បន្ត​ធ្វើ​តេស្ត​ហើយ​ធ្វើ​តេស្ត​ទៀត»។ សេតវិមាន​ក្រោយ​មក​បាន​ចេញ​សេចក្ដីបកស្រាយ​មួយ​អំពី​សុន្ទរកថា​របស់​លោក​ ត្រាំ ដោយ​ទទូច​ថា លោក​គ្រាន់​តែ​និយាយ​លេង​សើច​ប៉ុណ្ណោះ។

កូរ៉េខាងត្បូង​បាន​រាយការណ៍​អំពី​ករណី​ឆ្លង​ថ្មី​ចំនួន ៤៨ ករណី នៅ​ថ្ងៃ​អាទិត្យ​នេះ ដែល​ពាក់កណ្ដាល​នៃ​ចំនួន​ករណី​ឆ្លង​ថ្មី​នេះ​កើតឡើង​នៅ​ក្នុង​រដ្ឋធានី​សេអ៊ូល។ ប្រទេស​ចិន​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ២៥ ករណី ហើយ​ដូច​កូរ៉េខាងត្បូង​ដែរ ករណី​ឆ្លង​ថ្មី​ភាគច្រើន​នៅ​ចិន កើតឡើង​ក្នុង​រដ្ឋធានី​ប៉េកាំង។ ប្រទេស​ទាំង​ពីរ​នេះ​បាន​អនុវត្ត​វិធានការ​តឹងរ៉ឹង​ដើម្បី​គ្រប់គ្រង​ករណី​ឆ្លង​ជំងឺកូវីដ១៩​នេះ ប៉ុន្តែ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​កើតឡើង​ជា​ថ្មី​ទៀត បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​នេះ​បន្ធូរបន្ថយ​ការ​ហាមឃាត់​នានា។ ​

អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក WHO លោក Tedros Adhanom Ghebreyesus បាន​ព្រមាន​កាល​ពី​សប្ដាហ៍​មុន​ថា ជំងឺ​រាតត្បាត​ជាសាកល​កូវីដ១៩ នេះ​កំពុងតែ​ផ្ទុះ​រាលដាល​កាន់​តែ​លឿន។ លោក​បាន​ថ្លែង​ថា៖ «យើង​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ថ្មី​និង​ប្រកប​ដោយ​គ្រោះថ្នាក់​មួយ»។ លោក​បាន​ព្រមាន​ថា វិធានការ​បិទ​សកម្មភាព​សង្គម​នៅ​តែ​ចាំបាច់ ដើម្បី​ផ្អាក​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG