ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​ក្រហម​ផ្តាច់ទូត​ក្រោយពី​ចោទ​ថា​វៀតណាម​ឈ្លានពាន​កម្ពុជា


រូបភាពបញ្ចូលគ្នា​បង្ហាញ​អតីតមេដឹកនាំ​ខ្មែរក្រហម​នៅសាលាក្តី​ខ្មែរ​ក្រហមនៅជាយក្រុងភ្នំពេញ ថ្ងៃទី២៧ មិថុនា ២០១១។
រូបភាពបញ្ចូលគ្នា​បង្ហាញ​អតីតមេដឹកនាំ​ខ្មែរក្រហម​នៅសាលាក្តី​ខ្មែរ​ក្រហមនៅជាយក្រុងភ្នំពេញ ថ្ងៃទី២៧ មិថុនា ២០១១។

ខ្មែរក្រហម​បាន​សម្រេច​ផ្តាច់​ទំនាក់​ទំនង​ការទូត ​និង​បណ្ដេញ​មន្ដ្រី​ទូត​វៀតណាម​ទាំង​អស់​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ចុង​ឆ្នាំ​១៩៧៧ ​ដោយ​ចោទ​ប្រកា​ន់ថា​ប្រទេស​វៀតណាម​បាន​ឈ្លានពាន​ប្រទេស​កម្ពុជា។

នេះ​បើ​យោង​តាម​ឯកសារ​ភស្តុតាង​ដែល​សហ​ព្រះរាជ​អាជ្ញារង​កម្ពុជា ​លោក ​សេង ​ប៊ុនឃាង ​លើក​យក​មក​ពិភាក្សា​ក្នុង​ការ​កាត់ក្ដី​សំណុំរឿង​០០២ ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ។ ​ការ​កាត់ក្ដី​នេះ​ផ្តោត​លើ ​ការ​ជំទាស់​លើ​ឯកសារ​ភស្ដុតាង​លើក​ឡើង​ដោយ​ភាគី​ការពារ​ជន​ជាប់​ចោទ។

លោក​សហ​ព្រះរាជ​អាជ្ញារង ​សេង​ ប៊ុនឃាង ​បាន​អាន​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ខ្មែរក្រហម​ថា ​របប​កុម្មុយនិស្ដ​ម៉ៅនិយម​ខ្មែរក្រហម​កាល​ពី​ថ្ងៃ​ទី ​៣១ ​ខែ​ធ្នូ ​ឆ្នាំ​១៩៧៧ ​បាន​សម្រេច​ផ្តាច់​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​ប្រទេស​វៀតណាម​ជា​បណ្ដោះ​អាសន្ន​ដោយ​កំណត់​ពេល​ឲ្យ​មន្ដ្រីទូត​វៀតណាម​ទាំង​អស់​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៀត​ផង។
លោក សេង ប៊ុនឃាង​បាន​បញ្ជាក់​បន្ថែម​ថា៖

«ខ្ញុំ​សុំ​ដកស្រង់​តែ​ខ្លឹមសារ​ នៃ​សេចក្តី​សម្រច​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នេះ ​ដែល​មាន​ដូច​ត​ទៅ៖ ក្រសួង​ការបរទេស​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​សូម​ធ្វើ​សេចក្តី​ថ្លែងការណ៍​ដូច​ត​ទៅ​នេះ ​ទី​១​ រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​សម្រេច​កាត់​ផ្តាច់​ទំនាក់​ទំនង​ការ​ទូត​ទាំង​ស្រុង​ និង​ជា​បណ្តោះ​អាសន្ន​ជាមួយ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ចាប់​ពី​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ​ ឆ្នាំ​១៩៧៧​ រហូត​ដល់​កងទ័ព​ឈ្លានពាន​របស់​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ដក​ចេញ​ពី​ទឹកដី​ដ៏​ពិសិដ្ឋ​របស់​កម្ពុជា​ប្រជាធិបតេយ្យ​រហូត​ដល់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឋិត​នៅ​ក្នុង​បរិយាកាស​ដូច​ដើម​វិញ។​ ទី​២​ អ្នក​ការទូត​និង​បុគ្គលិក​របស់​ស្ថានទូត​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ ដែល​មាន​ការ​ទទួល​ស្គាល់​ពី​កម្ពុជា​ប្រជាធិបតេយ្យ ​ត្រូវ​តែ​ចាកចេញ​ពី​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​មុន​ថ្ងៃ​ទី​៧ ​ខែ​មករា​ ឆ្នាំ​១៩៧៨​ជា​កំហិត»។

របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរក្រហម​បាន​កាន់​កាប់​អំណាច​ចន្លោះ​ពី​ថ្ងៃ​ទី ​១៧​ ខែ​មេសា ​ឆ្នាំ ​១៩៧៥ ​ដល់​ថ្ងៃ​ទី​ ៦​ ខែ​មករា​ ឆ្នាំ​ ១៩៧៩។ ​ក្នុង​រយៈពេល​ជិត​បួន​ឆ្នាំ​នេះ ​ប្រជា​ពលរដ្ឋ​កម្ពុជា​យ៉ាង​តិច​ចំនួន​១,៧​លាន​នាក់​បាន​ស្លាប់​ដោយសារ​ការ​សម្លាប់​ ការ​បង្អត់​អាហារ ​ដោយ​ជំងឺ ​និង​ដោយសារ​ការ​បង្ខំ​ឲ្យ​ធ្វើ​ពលកម្ម​ធ្ងន់ធ្ងរ​ជាដើម។

យោង​តាម​សៀវភៅ​ «ប្រវត្តិសាស្ដ្រ​កម្ពុជា​ប្រជាធិបតេយ្យ» របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​បង្ហាញ​ថា​ ពួក​ខ្មែរក្រហម​មាន​ទំនាក់​ទំនង​ការទូត​ជាមួយ​ប្រទេស​កុម្មុយនិស្ដ​មួយ​ចំនួន​ដូច​ជា​ប្រទេស​ចិន​ វៀតណាម ​ឡាវ​ គុយបា​ រូម៉ានី ​យូហ្គោសា្លវី​ អាលបានី ​និង​ប្រទេស​អេហ្ស៊ីប​ជា​ដើម។ ​ក៏ប៉ុន្ដែ​ស្ថានទូត​ទាំង​នោះ​បាន​បិទ​ជា​បន្ដបន្ទាប់​ហើយ​មន្ដ្រីទូត​ទាំង​អស់​ត្រូវ​បង្ខាំង​ទុក​ក្នុង​ទូត ​លើក​លែង​តែ​មន្ដ្រី​ស្ថានទូត​ចិន​តែ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​អាច​ចេញ​ទៅ​មជ្ឈដ្ឋាន​ខាង​ក្រៅ​បាន។

សៀវភៅ​ដដែល​នេះ​បាន​បញ្ជាក់​ថា ​របប​ខ្មែរក្រហម​មាន​ទំនាក់ទំនង​ការ​ទូត​កាន់​តែ​អាក្រក់​ក្នុង​រយៈពេល​ចុង​ក្រោយ​ជាមួយ​ប្រទេស​វៀតណាម​ដោយសារ​តែ​ទំនាស់​ប្រដាប់​អាវុធ​កើត​មាន​នៅ​តាម​បណ្ដោយ​ព្រំដែន​ ហើយ​ដោយសារ​តែ​ទំនាស់​មនោគម​វិជ្ជា។

ការ​បង្ហាញ​ការ​ផ្ដាច់​ទំនាក់ទំនង​ការទូត​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ជាមួយ​ប្រទេស​វៀតណាម ​របស់​សហព្រះរាជអាជ្ញារង​កម្ពុជា ​លោក ​សេង​ ប៊ុនឃាង ​ក្នុង​ការ​កាត់ទោស​នៅ​ថ្ងៃ​នេះ​គឺ​ដើម្បី​សំអាង​ថា ​ឯកសារ​ដែល​ការិយាល័យ​សហ​ព្រះរាជ​អាជ្ញា​យក​មក​ប្រើ​មាន​ភាព​គួរ​ជឿទុក​ចិត្ត​បាន​ ខណៈដែល​ក្រុម​មេធាវី​ការពារក្ដី​របស់ ​អៀង ​សារី ​នួន​ ជា ​និង​មេធាវី​របស់​ខៀវ ​សំផន​ បាន​ជំទាស់​នឹង​ឯកសារ​ជា​ច្រើន​ដែល​ជា​ប្រភេទ​ឯកសារ​ដកស្រង់​ចេញ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស ​និង​ឯកសារ​ពី​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ជា​ដើម។

ក្រុម​មេធាវី​ការពារ​ជន​ជាប់​ចោទ​បាន​លើក​ឡើង​ដូចៗ​គ្នា​ថា ​ឯកសារ​តាម​សារព័ត៌មាន​ ឬ​សៀវភៅ​មិន​អាច​ជឿទុក​ចិត្ត​បាន​ ហើយ​បាន​ទាមទារ​ឲ្យ​តុលាការ​បង្ហាញ​ឯកសារ​ដើម។ ​ក៏ប៉ុន្ដែ​ក្រុម​សហព្រះរាជ​អាជ្ញា ​បាន​ជំទាស់​នឹង​ការ​ទាមទារ​នេះ ​ហើយ​បាន​ស្នើ​ឲ្យ​អង្គ​ជំនុំជម្រះ​ទាត់​ចោល​ការ​ទាមទារ​នេះ​ផង​ដែរ៕

XS
SM
MD
LG