សៀមរាប៖ កម្ពុជានៅថ្ងៃពុធនេះបានដកកងទ័ពចំនួន៤៨៥នាក់ចេញពីតំបន់គ្មានកងទ័ពបណ្តោះអាសន្ន (PDZ) នៃតំបន់ប្រាសាទព្រះវិហារតាមដីការបង្គាប់របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយជំនួសមកវិញដោយកងកម្លាំងនគរបាលជាតិ២២៥នាក់ និងកងសន្តិសុខអភិរក្សនៃអាជ្ញាធរជាតិព្រះវិហារ១០០នាក់ដើម្បីបន្តកិច្ចការពារនៅក្នុងតំបន់នោះ។
តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឲ្យប្រទេសទាំងពីរធ្វើការដកកងទ័ពចេញពីតំបន់នោះកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ ដែលការដកនេះគឺធ្វើឡើងក្រោយរយៈពេលមួយឆ្នាំនិង ក្រោយពីមានជំនួបមួយ កាលថ្ងៃទី១៣ ខែកក្កដានេះ នៅក្នុងខេត្តសៀមរាប រវាងនាយករដ្ឋមន្ត្រីខ្មែរ លោកហ៊ុនសែន និងនាយករដ្ឋមន្ត្រីថៃលោកស្រីយីងឡាក់។
«ចង់ឲ្យមានស្ថិរភាពរហូត យើងអាចនៅក្រៅប្រកបមុខរបរបន្ថែមចិញ្ចឹមក្រុមគ្រួសារដូចជាធ្វើការងារស្រែចំាការកំប៉ិកកំប៉ុក»។ទាហានម្នាក់ឈ្មោះ ខា
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាដែលធ្វើជាអធិបតីក្នុងពិធីនេះ បានមានប្រសាសន៍ថា ការដកនេះគឺធ្វើឡើងគោរពទៅតាមការសម្រេចរបស់តុលាការយុត្តិធម៌ផង និងជាឆន្ទៈរបស់កម្ពុជាផងដើម្បីជាការរួមចំណែកក្នុងការងារការពារសម្បត្តិបេតិកភណ្ឌពិភពលោកផង៖
«ពេលនេះបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថាប្រទេសកម្ពុជាគោរពករណីកិច្ចជារដ្ឋភាគីសមាជិកអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ជាពិសេសគោរពបាននូវសិទ្ធជាម្ចាស់ផ្ទះដែលមានកាតព្វកិច្ចការពារសម្បត្តិបេតិកភណ្ឌមនុស្សជាតិ ហើយបានចាប់ផ្តើមអនុវត្តដីការបង្គាប់តុលាការយុត្តិធម៌ អន្តរជាតិលេខ១៥១ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ ដាក់ជំនួសវិញដោយកងកម្លាំងនគរបាល និងភ្នាក់ងារដែលមានតួនាទីបំពេញភារកិច្ចនៅទីនោះតាមទំហំនៃការងារដែលតម្រូវឲ្យមាន»។
កងទ័ពទាំងនោះត្រូវបានដកចេញពីតំបន់ចំនួនបួននៅជុំវិញប្រាសាទព្រះវិហារគឺបរិវេណជណ្តើរនាគ ជណ្តើរបុរាណភាគខាងកើត ជណ្តើរបុរាណភាគខាងជើង និងវត្តកែវសិក្ខាគីរីស្វារៈ ដោយមានការចូលរួមធ្វើជាសក្សីពីសំណាក់អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាចំនួន១១ប្រទេស។ អនុព័ន្ធយោធាទាំងនោះបានបដិសេធមិនធ្វើអត្ថាធិប្បាយណាមួយទេជុំវិញការដកកងទ័ពរបស់កម្ពុជានៅថ្ងៃពុធនេះ។ រីឯប្រទេសថៃគេនៅមិនទាន់ដឹងច្បាស់ថានឹងមានការដកកងទ័ពនៅពេលណានោះទេ។
ទាហានម្នាក់ឈ្មោះ ខា នៅកងពលធំអន្តរាគមន៍លេខ៣ដែលកំពុងស្ថិតនៅលើរថយន្តដើម្បីចាក ចេញពីតំបន់ព្រះវិហារបានសម្ដែងការសប្បាយរីករាយដោយបានចាកចេញពីសមរភូមិដែលគាត់នៅប្រចាំអស់រយៈពេលជិតបួនឆ្នាំមកហើយនោះ តែលោកបាននិយាយថា លោកនឹងត្រឡប់មកវិញដើម្បីការពារទឹកដីនៅពេលណាដែលមានបទបញ្ជារពីមេបញ្ជាការរបស់គាត់៖
«ចង់ឲ្យមានស្ថិរភាពរហូត យើងអាចនៅក្រៅប្រកបមុខរបរបន្ថែមចិញ្ចឹមក្រុមគ្រួសារដូចជាធ្វើការងារស្រែចំាការកំប៉ិកកំប៉ុក»។
«ចង់ឲ្យមានស្ថិរភាពរហូត យើងអាចនៅក្រៅប្រកបមុខរបរបន្ថែមចិញ្ចឹមក្រុមគ្រួសារដូចជាធ្វើការងារស្រែចំាការកំប៉ិកកំប៉ុក»។
កម្ពុជា និងថៃបានមានជម្លោះនឹងគ្នាច្រើនឆ្នាំមកហើយបណ្តាលមកពីការដណ្តើមកាន់កាប់ប្រាសាទព្រះវិហាររហូតដល់មានការប្រយុទ្ធគ្នាជាច្រើនលើក បណ្តាលឲ្យទាហានទាំងសងខាងស្លាប់និងរួស៕