លោកស្រីរដ្ឋមន្ត្រីការបរទេសអាមេរិកហ៊ីឡារី គ្លីនតុន (Hillary Clinton) និងរដ្ឋមន្ត្រីការបរទេសចិន យ៉ាង ជៀជី (Yang Jiechi) បានជួបគ្នានៅកម្ពុជា ដើម្បីពិភាក្សារកមធ្យោបាយដ៏ប្រសើរក្នុងការដោះស្រាយជម្លោះដែនសមុទ្រចិនខាងត្បូង អំពីជម្លោះនៅប្រទេសស៊ីរី និងការបារម្ភអន្តរជាតិស្តីពីកម្មវិធីនុយក្លេអ៊ែរនៅអ៊ីរ៉ង់ និងកូរ៉េខាងជើង។
ប្រទេសចិន វៀតណាម ប្រ៊ុយណេ ម៉ាឡេស៊ី និងហ្វីលីពីន មានជម្លោះដណ្តើមដែនទឹកទាំងនោះ។ រដ្ឋមន្រ្តីការបរទេសអាស៊ានកំពុងរៀបចំក្រមប្រតិបតិ្តដើម្បីគ្រប់គ្រងស្ថានភាពជម្លោះនោះ។
មន្ត្រីសហរដ្ឋអាមេរិកឲ្យដឹងថា លោកយ៉ាង រដ្ឋមន្ត្រីការបរទេសចិន បានផ្តល់សញ្ញាដល់លោកស្រីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកគ្លីនតុន ថា រដ្ឋាភិបាលក្រុងប៉េកាំង មានបំណងចូលរួមចរចាស្តីអំពីក្រមប្រតិបត្តិនៅពេលអនាគត គឺប្រហែលជាអាចនៅខែកញ្ញា មុនពេលកិច្ចប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកា។
នៅពេលចាប់ផ្តើមជំនួបរបស់លោកទាំងពីរ លោកស្រីរដ្ឋមន្ត្រីការបរទេសគ្លីនតុន សង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសហរដ្ឋអាមេរិក ចិន និងប្រទេសជាសមាជិកអាស៊ាន។
«វាជាសញ្ញាដ៏សំខាន់មួយដែលសហរដ្ឋអាមេរិក និងចិនមិនគ្រាន់តែអាច ប៉ុន្តែនឹងធ្វើកិច្ចការជាមួយគ្នានៅក្នុងទ្វីបអាស៊ី»។
លោក យ៉ាង រដ្ឋមន្រ្តីការបរទេសចិនមានប្រសាសន៍ថា ប្រទេសទាំងពីរកំពុងកសាងភាពជាដៃគូសហប្រតិបតិ្តការដោយឈរលើការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍ទាំងសងខាង។
លោកយ៉ាងមានប្រសាសន៍ថា ភាពជាដៃគូកំណត់មធ្យោបាយឆ្ពោះទៅរកចំណងទាក់ទងរវាងសហរដ្ឋអាមេរិក និងចិនសម្រាប់ទាំងពេលបច្ចុប្បន្ន និងអនាគត ខណៈដែលរដ្ឋាភិបាលក្រុងប៉េងកាំង និងក្រុងវ៉ាស៊ីនតោន បន្តពង្រីកជហររួម ការគោរពគ្នា និងដោះស្រាយបញ្ហាខុសគ្នា និងបញ្ហារសើបឲ្យបានត្រឹមត្រូវ។
នៅក្នុងសេចក្តីថ្លែងរបស់លោកស្រីទៅកាន់រដ្ឋមន្ត្រីការបរទេសអាស៊ាន លោកស្រីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកគ្លីនតុន មានប្រសាសន៍ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនកាន់ជើងខាងណាទេក្នុងជម្លោះព្រំប្រទល់សមុទ្រនៅក្នុងសមុទ្រចិនខាងត្បូងនេះ។ ប៉ុន្តែលោកស្រីមានប្រសាសន៍ថា រដ្ឋាបាលលោកអូបាម៉ា មានចំណាប់អារម្មណ៍លើសេរីភាពនាវាចរណ៍ ការរក្សាសន្តិភាព និងស្ថិរភាព ការគោរពច្បាប់អន្តរជាតិ និងពាណិជ្ជកម្មសម្របច្បាប់ដោយគ្មានការពិនិត្យតឹងរ៉ឹង។
ចិនថាអាស៊ានមិនមែនជាកន្លែងដោះស្រាយជម្លោះទាំងនេះទេ ពីព្រោះវាមិនមែនជាវេទិការតំបន់ទេ វាជាបញ្ហារវាងចិន និងប្រទេសសមាជិកអាស៊ាន។
លោករដ្ឋមន្ត្រីការបរទេសគ្លីនតុនយល់ស្របថា យ៉ាងណាក៏ដោយ បញ្ហាដែនដីគួរត្រូវបានដោះស្រាយរវាងប្រទេសមានជម្លោះ។ ប៉ុន្តែបញ្ហាទូលំទូលាយអំពីក្រមប្រតិបត្តិក្នុងតំបន់ជម្លោះ និងអំពីមធ្យោបាយដែលអាចទទួលយកបានសម្រាប់ដោះស្រាយជម្លោះគួរត្រូវបានលើកឡើងនៅទីកន្លែងរូមដូចជាអាស៊ាននេះឯង ពីព្រោះការដោះស្រាយជម្លោះដោយឧបតោភាគីអាចនាំឲ្យមានការយល់ច្រឡំ និងប្រឈមមុខដាក់គ្នា។
នៅក្នុងសេចក្តីប្រកាសជាលាយលក្ខអក្សរ សហរដ្ឋអាមេរិក និងចិន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរអាកាសធាតុ ការប្រព្រមាន និងការឆ្លើយតបនឹងភាពអាសន្ន គោលនយោបាយថាមពល និងការគ្រប់គ្រងត្រី និងព្រៃឈើ ការតាមដាន និងគ្រប់គ្រងជំងឺ និងការការពារ និងអភិរក្សសត្វព្រៃ។
ប្រែសម្រួលដោយ អ៊ឹម សុធារិទ្ធ