ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃសុក្រនេះ បានអះអាងសារជាថ្មីម្តងទៀតឲ្យផ្អាកជាបណ្តោះអាសន្ននូវការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជន ដែលវិធានការនេះបានទទួលការស្វាគមន៍ពីមន្ត្រីគណបក្សប្រឆាំង និងមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនថា ជានយោបាយដ៏ត្រឹមត្រូវមួយដើម្បីកាត់បន្ថយនូវការចាប់យកដីធ្លីដោយក្រុមហ៊ុនឯកជន។
ការអះអាងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍នៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយលោកបាននិយាយថា ការផ្អាកនេះអាចនឹងបន្តរយៈពេលវែង និងអាចឈានដល់ពេលដែលលោកចូលនិវត្តន៍ពីឆាកនយោបាយទៀតផង។
សេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលទើបនឹងចេញផ្សាយនៅព្រលប់ថ្ងៃសុក្រនេះឲ្យដឹងថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចអាចនឹងរកដៃគូក្រុមហ៊ុនវិនិយោគបាន តែមិនអនុញ្ញាតឲ្យមានការផ្ទេរសិទ្ធិគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជនផ្សេងទៀតបានឡើយ។
ស្របពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាឲ្យផ្អាកជាបណ្តោះអាសន្ននូវការផ្តល់ដីសម្បទានសេដ្ឋកិច្ច លោកក៏បានធ្វើការកែតម្រូវថា ក្រុមហ៊ុនវិនិយោគណា ដែលបានទទួលដីសម្បទានសេដ្ឋកិច្ច ត្រូវបង់ពន្ធថ្ងៃឈ្នួលដីចំនួនប្រាំដុល្លារនៅក្នុងមួយហិចតា ចាប់ពីឆ្នាំទី៦ ជារៀងរាល់ឆ្នាំដោយមិនរើសអើងបែងចែកប្រភេទដី ដែលត្រូវធ្វើផលិតកម្មនៅក្នុងវិស័យកសិកម្មនោះឡើយ។
លោកយឹម សុវណ្ណ អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រឆាំង បានគាំទ្រសេចក្តីសម្រេចរបស់រដ្ឋាភិបាល។ លោកបានបញ្ជាក់ថា ប្រសិនណាបើចាំបាច់គួរតែបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ចតែម្តងទៅ ពីព្រោះប្រជាកសិករមិនមានដីគ្រប់គ្រាន់សម្រាប់ធ្វើស្រែចម្ការទេ។
«ពីព្រោះខ្មែរយើងខ្វះដីធ្វើស្រែ ប្រជាកសិកររាប់លាននាក់ដែលខ្វះដីធ្វើស្រែចម្ការ។ គ្រាន់តែដាំដំឡូងមី ដាំសណ្តែក ដាំអី មិនចាំបាច់ឲ្យក្រុមហ៊ុនបរទេសធ្វើទេ ទុកឲ្យប្រជាពលរដ្ឋខ្មែរ កសិករខ្មែរធ្វើទៅ»។
លោកអំ សំអាត មន្ត្រីអង្គការលីកាដូឃ្លាំមើលការរំលោភសិទ្ធិមនុស្ស បាននិយាយថា កន្លងមក ការរំលោភ ការចាប់យកដីធ្លីពាក់ព័ន្ធនឹងការផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះបានកើតមានឡើងច្រើនជាងគេ។ ប្រសិនណាបើរដ្ឋាភិបាលអាចផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ចនោះ វានឹងអាចកាត់បន្ថយជំលោះនេះបាន។ ក៏ប៉ុន្តែលោកបានអះអាងថា រដ្ឋាភិបាលគួរតែប្រកាសថា មានក្រុមហ៊ុនប៉ុន្មានទៀតដែលនៅសេសសល់ បន្ទាប់ពីបានទទួលគោលការណ៍ពីរដ្ឋាភិបាលរួចហើយដើម្បីបញ្ឈប់ការសង្ស័យអំពីការចេញអនុក្រិត្យឲ្យក្រុមហ៊ុនជាបន្តបន្ទាប់ទៀត។
«សុំឲ្យរាជរដ្ឋាភិបាលប្រកាសថា ក្រុមហ៊ុនមានប៉ុន្មានទៀតដែលត្រូវទទួលគោលការណ៍នឹងចេញអាជ្ញាបណ្ណជាបន្តទៀត»។
កាលពីដើមខែឧសភា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានដាក់បទបញ្ជាម្តងឲ្យផ្អាកការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជន។ ក៏ប៉ុន្តែបទបញ្ជានេះបានបើកផ្លូវសម្រាប់ឲ្យមានការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនមួយចំនួន ដែលបានព្រមព្រៀងជាមួយរដ្ឋាភិបាលរួចហើយ។
រហូតមកដល់ពេលនេះ មានក្រុមហ៊ុនឯកជនប្រមាណជាង២០០ ដែលរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចនៅលើទំហំផ្ទៃដីសរុបប្រមាណជាងពីរលានមួយសែនហិចតា។
ការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជនកន្លងមកនេះបានបង្កឲ្យមានការរិះគន់ថា បានប៉ះពាល់ដីស្រែចម្ការរបស់ប្រជាជន និងការរកផល អនុផលព្រៃឈើរបស់ជនជាតិភាគតិចនៅតាមបណ្តាខេត្តមួយចំនួន៕