រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជនជាបណ្ដោះអាសន្នបន្ទាប់ពីមានរបាយការណ៍ឯករាជ្យមួយបង្ហាញពីគ្រោះថ្នាក់នៃការផ្តល់ដីសម្បទានយ៉ាងរីករាលដាល និងខ្វះតម្លាភាព។
នៅក្នុងបទបញ្ជាមួយនៅថ្ងៃចន្ទនេះ លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានហៅសេចក្ដីសម្រេចនេះថា ដោយសារតែ «មានតម្រូវការចាំបាច់ និងជាបន្ទាន់» សម្រាប់ការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ដ្រីខ្មែរបានបញ្ជាឲ្យមានការត្រួតពិនិត្យ និងដកហូតដីសម្បទានពីក្រុមហ៊ុនឯកជនណាដែលប្រើប្រាស់អាជ្ញាបណ្ណរបស់ខ្លួនសម្រាប់ធ្វើការកាប់បំផ្លាញព្រៃឈើ បំពានដីរបស់ប្រជាពលរដ្ឋ និងដីរបស់សហគមន៍។ បន្ថែមពីនោះទៀតលោក ហ៊ុន សែន បានបង្គាប់ឲ្យធ្វើការត្រួតពិនិត្យពីការប៉ះពាល់ដល់ដីសហគមន៍ និងជីវភាពប្រជាពលរដ្ឋដោយសារក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច។
នៅក្នុងរបាយការណ៍ស្ដីពីសិទ្ធិដីធ្លី និងលំនៅដ្ឋានកាលពីខែមិនា អង្គការការពារសិទ្ធិមនុស្ស អាដហុកបានគូសបញ្ជាក់ថា រហូតមកដល់ឆ្នាំ២០១១ រដ្ឋាភិបាលកម្ពុជាបានពន្លឿនផ្តល់ដីសម្បទានសេដ្ឋកិច្ចរហូតដល់យ៉ាងតិចជិត ២,៣លានហិចតា ដល់ក្រុមហ៊ុនឯកជនចំនួន២២៥ សម្រាប់ធ្វើការវិនិយោគក្នុងវិស័យកសិឧស្សហកម្ម ជាពិសេសដំណាំកៅស៊ូ និងការរុករកធនធានរ៉ែ។ ដីសម្បទានទាំងនោះមានរយៈពេលពី៧០ ទៅ៩៩ឆ្នាំ។ អង្គការដដែលរកឃើញថា ក្នុងចំណោមអនុក្រិតសរុបចំនួន ១២៣ ដែលសម្រេចផ្ដល់សម្បទានដីនោះមានអនុក្រិតចំនួន៥៥ ពុំមានក្រុមហ៊ុនច្បាស់លាស់។
ម្យ៉ាងទៀតការផ្ដល់ដីសម្រាប់ការវិនិយោគលើវិស័យកសិឧស្សាហកម្មនោះបានធ្វើឲ្យប៉ះពាល់យ៉ាងច្រើនដល់ដីក្នុងតំបន់ការពារជម្រកសត្វព្រៃ និងឧទ្យានជាតិ ធ្វើឡើងដោយមិនមានការអនុវត្តត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងមានការដោះស្រាយដោយមានលក្ខណៈបំពានជាមួយប្រជាពលរដ្ឋដែលទទួលរងការប៉ះពាល់ដោយគម្រោងវិនិយោគ។
ការផ្ដល់ដីសម្បទានមាននៅក្នុងខេត្តចំនួនពី១៩ ភាគច្រើនក្នុងខេត្តភាគខាងជើង និងភាគឥ្ឍសានប្រទេសដូចជាកំពង់ឆ្នាំង កំពង់ធំ សៀមរាប រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តស្ទឹងត្រែងជាដើម។ នេះបើយោងតាមរបាយការណ៍របស់អង្គការអាដហុក។
លោក នី ចរិយា ប្រធានផ្នៃកស៊ើបអង្កេតនៃអង្គការអាដហុកចាត់ទុកថា នេះគឺជាការសម្រេចចិត្តជាវិជ្ជមានរបស់រដ្ឋាភិបាល ប៉ុន្ដែលោកមានការមន្ទិលពីប្រសិទ្ធិភាពយូរអង្វែងវិធានការនេះ។
«យើងឃើញការអនុវត្តបទបញ្ជាមិនសូវមានប្រសិទ្ធិភាព។ អ្វីដែលជាបទបញ្ជាថ្ងៃនេះ យើងគាំទ្រដែរ ប៉ុន្ដែសំខាន់សុំទី១ ឲ្យមានការអនុវត្តបទបញ្ជាជានិរន្តរភាព និងទី២ បើអាជ្ញាធរមូលដ្ឋានណាមិនអនុវត្តបទបញ្ជាឲ្យបានត្រឹមត្រូវទេ ត្រូវតែហ៊ានដាក់ពិន័យ នោះទើបមានប្រសិទ្ធិភាព»។
លោក កឹម សុខា ដែលជាប្រធានគណបក្សជំទាស់សិទ្ធមនុស្សមានបីអសនៈក្នុងរដ្ឋសភា មានប្រសាសន៍ថា លោកនៅតែមិនមានជំនឿលើបទបញ្ជាខាងលើនោះឡើយ។
«គាត់ធ្វើនេះគ្រាន់តែចំណេញនយោបាយជិតបោះឆ្នោតឃុំសង្កាត់ទេ។ ខ្ញុំគ្មានជំនឿថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនអាចធ្វើដូច្នេះបាននោះទេ។ ដូចជានាយករដ្ឋមន្ដ្រីធ្លាប់សន្យាពីរឿងបញ្ឈប់ការកាប់ព្រៃឈើ រហូតដល់គាត់ហ៊ានសន្យាកាត់ក្បាលគាត់បើគាត់បង្រ្កាបមិនបាន តែឈើនៅតែកាប់»។
លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន កាលពីថ្ងៃទី១១ ខែមេសា បានបញ្ជាឲ្យក្រសួងកសិកម្ម និងក្រសួងបរិដ្ឋាន ឲ្យពិចារណាឡើងវិញមុននឹងសម្រេចផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជន ដោយលោកសម្ដែងថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចមិនត្រឹមត្រូវនឹងនាំឲ្យមានការកាប់បំផ្លាញព្រៃឈើក្នុងប្រទេស។
លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ក៏បានបានដាក់បញ្ជាផងដែរឲ្យកំណត់រយៈពេលសម្បទានពី៧០ ឬ ៩៩ឆ្នាំ សម្រាប់អជ្ញាបណ្ណ័ក្រោយៗទៀតនៅត្រឹម ៥០ឆ្នាំវិញ៕