យុទ្ធនាការចុះបង្ក្រាបបទល្មើសនៅតំបន់ព្រៃឡង់ធ្វើឡើងដោយប្រជាពលរដ្ឋនៅសហគមន៍ព្រៃឈើបានបញ្ចប់ហើយនៅថ្ងៃពុធនេះដោយមានការចូលរួមឃ្លាំមើលពីមន្ត្រីអង្គការសិទ្ធិមនុស្សនិងប្រជាពលរដ្ឋប្រមាណជាង ២០០នាក់។
កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះប្រជាពលរដ្ឋបួនខេត្តមកពីខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងព្រះវិហារបានធ្វើដំណើរតាមម៉ូតូ ដោយមានការឃ្លាំមើលពីអង្គការសង្គមស៊ីវិលបានចុះយុទ្ធនាការរយៈពេលប្រាំថ្ងៃដើម្បីបង្ក្រាបបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់។
រយៈពេលប្រាំថ្ងៃ បន្ទាប់ពីបានចុះបង្ក្រាបបទល្មើសព្រៃឈើ ក្រុមប្រជាពលរដ្ឋបានដុតបំផ្លាញឈើខុសច្បាប់ប្រមាណជាង ៣០០ ម៉ែត្រគូបនិងបានចុះទៅដល់គោលដៅនៃរោងចក្រកែច្នៃឈើ របស់លោក សេង សារ៉ាវុធ។
លោក សេង សារ៉ាវុធ ដែលត្រូវបានគេសង្ស័យថា ជាមន្ត្រីជាន់ខ្ពស់មួយរូប នៅក្រសួងមហាផ្ទៃបានទទួលអាជ្ញាបណ្ណពីក្រសួងកសិកម្ម ក្នុងការបង្កើតរោងកច្រកែច្នៃឈើសម្រាប់ធ្វើគ្រឿងសង្ហារឹម នៅឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ រយៈពេលពីរឆ្នាំ ពីឆ្នាំ២០១០ រហូតដល់ឆ្នាំ ២០១១។
លោក ចាន់ សាវ៉េត មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្ស ដែលបានចូលរួមជាមួយនឹងប្រជាពលរដ្ឋនៅសហគមន៍ព្រៃឡង់ បាននិយាយថា លោកគ្មានបានឃើញគ្រឿងសង្ហារឹមណាមួយ ត្រូវបានកែច្នៃ នៅក្នុងរោងចក្រកែច្នៃឈើទេ។ ក៏ប៉ុន្តែផ្ទុយទៅវិញ ប្រជាពលរដ្ឋបានប្រទះឃើញឈើហុបធំៗជាច្រើនម៉ែត្រគូប និង ម៉ាស៊ីនអារឈើខ្នាតធំចំនួនបី ដែលទង្វើនេះ ខុសបច្ចេកទេសក្នុងការសុំអាជ្ញាបណ្ណបង្កើតរោងចក្រកែច្នៃសម្រាប់ធ្វើគ្រឿងសង្ហារឹម។
យុទ្ធនាការចុះបង្ក្រាបព្រៃឈើរបស់ប្រជាពលរដ្ឋ នៃសហគមន៍ព្រៃឡង់នេះ មិនមានកិច្ចសហការណ៍ណាមួយពីសមត្ថកិច្ចទេ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសិទ្ធិមនុស្ស។
លោក ចាន់ សាវ៉េត បានមានប្រសាសន៍ថា សមត្ថកិច្ចបានចូលរួមដែរ។ ក៏ប៉ុន្តែបានតាមឃ្លាំមើលសកម្មភាពនិងថតរូបប្រជាជននៅពេលដែលចុះបង្ក្រាបបទល្មើសព្រៃឈើទៅវិញ។
លោក ចាន់ សាវ៉េត បានសម្តែងការព្រួយបារម្ភថា ប្រជាពលរដ្ឋអាចប្រឈមមុខនឹងពាក្យបណ្តឹង តាមផ្លូវតុលាការនៅពេលដែលពួកគេបញ្ចប់យុទ្ធនាការទាំងនេះ។
«យើងឃើញសកម្មភាពរបស់អាជ្ញាធរ លោកហាក់បីដូចធ្វើការងារ ដូចជាមិនមែនធ្វើការងារ ដើម្បីទៅទប់ស្កាត់ ឬ ទៅបង្ក្រាបបទល្មើសព្រៃឈើទេ។ ពីព្រោះពួកគាត់បានដាក់កម្លាំងចុះទៅ ដើម្បីធ្វើការងារនោះ គឺទៅដើម្បីស្វែងរកអ្នកណា ជាមេដឹកនាំសហគមន៍អញ្ចឹង។ អ្នកណាជាអ្នកខ្លាំងពូកែ។ ហើយអ្នកណា ជាអ្នកដុតឈើ បំផ្លាញឈើ។ អ្នកណាដុតស្ពាន»។
លោក ខាំ ភឿន អភិបាលខេត្តក្រចេះ មិនហ៊ានធ្វើសេចក្តីសន្និដ្ឋានចំពោះសកម្មភាពប្រជាពលរដ្ឋបានទេ គឺអាស្រ័យទៅលើរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចនៅតាមមូលដ្ឋានតែប៉ុណ្ណោះ។
«ខ្ញុំឥតហ៊ានសន្និដ្ឋានបានទេពីព្រោះសមត្ថកិច្ចគេហៅទៅ មិនដឹងយ៉ាងម៉េចទេ។ ប៉ុន្តែជាធម្មតា គួរសួរយោបល់គ្នាទៅវិញទៅមកដែរ។ ឧបមាថាអញ្ចឹង ករណីហ្នឹង គួរធ្វើយ៉ាងម៉េច កាលណាហៅទៅ បើចូលរួម គួរតែសួរយោបល់ដែរ។ តើករណីហ្នឹង គួរតែធ្វើយ៉ាងម៉េច បើមានអញ្ចឹង? ឧបមាថា ឃើញឈើនៅគរអញ្ចឹង គួរតែធ្វើយ៉ាងម៉េច?»
ការចុះបង្ក្រាបបទល្មើសព្រៃឈើ របស់ប្រជាពលរដ្ឋនៃសហគមន៍ព្រៃឡង់បានធ្វើឡើងជាលើកទី៤ ហើយ។ កន្លងមកប្រជាពលរដ្ឋបានចុះបង្ក្រាបបទល្មើសព្រៃឈើ ដោយធ្វើដំណើរដោយថ្មើរជើង ហើយលើកនេះ ពួកគេធ្វើដំណើរតាមម៉ូតូវិញ។
ព្រៃឡង់ គឺជាព្រៃធម្មជាតិ ដ៏ធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានផ្ទៃក្រឡាប្រមាណជាង ៣៦ ម៉ឺនហិកតា។ ព្រៃឡង់គ្របដណ្តប់លើខេត្តបួន គឺខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង។
លោក ឆេង គឹមស៊ុន ប្រធានរដ្ឋបាលព្រៃឈើមិនអាចស្នើសុំទំនាក់ទំនង ដើម្បីធ្វើសេចក្តីអត្ថាធិប្បាយបានទេ នៅល្ងាចថ្ងៃពុធនេះ៕