ភ្នំពេញ —
គណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាទើបតែបានព្រមព្រៀងគ្នាលើសមាសភាពគណៈកម្មការកែទម្រង់ការបោះឆ្នោតដើម្បីឆ្ពោះទៅបញ្ចប់អរិយភាពនយោបាយរវាងគ្នា។
លោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិនិងជាសមាជិកម្នាក់ក្នុងគណៈកម្មការនេះបានឲ្យដឹងនៅថ្ងៃច័ន្ទនេះថាគណៈកម្មការនេះមានសមាសភាព១២រូបគឺប្រាំមួយរូបមកពីគណបក្សនិមួយៗ។
ក្នុងនោះខាងគណបក្សជំទាស់មានលោកយ៉ែម បុញ្ញឬទ្ធិ លោក សុន ឆ័យ លោក យឹម សុវណ្ណ លោក គួយ ប៊ុនរឿន លោក អេង ឆៃអ៊ាង និងលោក ម៉ៅ មុន្នីវណ្ណ។ រីឯគណបក្សប្រជាជនកម្ពុជាវិញមានអ្នកស្រី គ្រួច សំអានលោក ជាម យៀប លោក ឈាង វុន លោក ប៉ែន បញ្ញា លោក ស៊ិក ប៊ុនហុក និងលោក ប៊ិន ឈិន។
លោកយ៉ែម បុញ្ញឬទ្ធិ បញ្ជាក់ថាគណៈកម្មការនេះនឹងត្រូវកំណត់ពេលជួបគ្នាជាក់លាក់បន្ទាប់ពីគណបក្សសង្គ្រោះជាតិស្នើឲ្យមានជំនួបនៅថ្ងៃព្រហស្បតិ៍ទី២៧ខែកុម្ភៈសប្តាហ៍នេះ។
លោកបញ្ជាក់បន្ថែមថា៖ «ចំនួនសមាសភាពយើងបានឯកភាពគ្នាហើយគឺខាងគណបក្សប្រជាជនចំនួនប្រាំមួយរូបនិងខាងគណបក្សសង្គ្រោះជាតិប្រាំមួយរូបក្នុងគណៈកម្មការចម្រុះដើម្បីកំណែទម្រង់។ នៅតែថាតើគណៈកម្មការចម្រុះនោះនឹងត្រូវជួបគ្នានៅពេលណាដើម្បីពិនិត្យលើកំណែទម្រង់កិច្ចបោះឆ្នោតនោះ»។
មន្ត្រីអ្នកនាំពាក្យនិងជាតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិដដែលនេះបញ្ជាក់ថាជំនួបនៅថ្ងៃខាងមុខនេះនាំឲ្យមានសុទិដ្ឋិនិយមសម្រាប់ដំណោះស្រាយវិបត្តិនយោបាយក្រោយពីការបោះឆ្នោត។
លោកយ៉ែម បុញ្ញឬទ្ធិ បញ្ជាក់ថា ការចរចានឹងផ្តោតលើការរៀបចំឲ្យប្រសើរឡើងវិញនូវរចនាសម្ព័ន្ធនិងភាពគួរឲ្យទុកចិត្តបាននៃការបោះឆ្នោត។
«ប្រធានបទដែលជជែកនោះគឺកំណែទម្រង់កិច្ចការបោះឆ្នោតរួមមានបញ្ជីឈ្មោះបោះឆ្នោត សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានការជជែកអំពីប្រព័ន្ធផ្សព្វផ្សាយនិងកាលបរិច្ឆេទនៃការបោះឆ្នោតជាដើម»។
ទាំងលោកព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារកម្រិតបច្ចេកទេសរបស់គណបក្សប្រជាជនកម្ពុជា ទាំងលោកជាម យៀប តំណាងរាស្ដ្រនិងជាមន្ត្រីជាន់ខ្ពស់គណបក្សនេះមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។
លោកបណ្ឌិតហង្ស ពុទ្ធា នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យនិងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជាហៅថានិកហ្វិកចាត់ទុកថាកិច្ចព្រមព្រៀងគ្នារវាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាគឺជាសញ្ញាវិជ្ជមាន។
«នេះគឺជាដំណើរឆ្ពោះទៅរកការដោះស្រាយវិបត្តិនយោបាយដែលគណបក្សនយោបាយទាំងពីរសុទ្ធតែមានផលវិបាករៀងខ្លួន»។
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានស្ថិតនៅក្នុងជម្លោះនយោបាយអស់រយៈពេលប្រាំពីរខែមកហើយក្រោយពីការបោះឆ្នោតខែកក្កដាឆ្នាំមុន។
គណបក្សសង្គ្រោះជាតិដែលទទួលបាន៥៥អាសនៈទល់នឹង៦៨អាសនៈសម្រាប់គណបក្សប្រជាជនកម្ពុជានៅក្នុងរដ្ឋសភាប៉ុន្តែគណបក្សជំទាស់មិនទទួលយកលទ្ធផលបោះឆ្នោតនេះដោយសំអាងថាមានការលួចបន្លំសន្លឹកឆ្នោតជាច្រើន។
គណបក្សនេះបានទាមទារឲ្យមានការបោះឆ្នោតឡើងវិញនៅក្នុងពេលនេះ។ផ្ទុយទៅវិញលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បានប្រកាសរួចទៅហើយថាសំណើនេះមិនអាចធ្វើទៅបាននោះទេ។
កាលពីសប្តាហ៍មុនក្រុមការងារគណបក្សទាំងពីរបានជួបចរចាគ្នាហើយពីរថ្ងៃបន្ទាប់មកគណបក្សសង្គ្រោះជាតិបានគំរាមផ្អាកការចរចាក្រោយពីខ្លួនកត់សម្គាល់ឃើញថាមាន«ការគំរាមកំហែង»ផ្នែកស្មារតីដោយកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលក្នុងអំឡុងពេលកិច្ចប្រជុំរបស់ខ្លួនក្នុងខេត្តព្រៃវែង៕