ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ប្រឆាំង​បន្ត​សុំ​អាមេរិក​ជួយ​ជំរុញ​ឱ្យ​មាន​ការស៊ើប​អង្កេត​ការបោះឆ្នោត


លោក​ សម រង្ស៊ី (ស្តាំ) ​មាន​ប្រសាសន៍​ថា​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​ព្យួរ​ហើយ​សិទ្ធិ​សេរីភាព​ត្រូវ​បាន​គេ​ជាន់​ឈ្លី។
លោក​ សម រង្ស៊ី (ស្តាំ) ​មាន​ប្រសាសន៍​ថា​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​ព្យួរ​ហើយ​សិទ្ធិ​សេរីភាព​ត្រូវ​បាន​គេ​ជាន់​ឈ្លី។
គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ស្វះស្វែង​រក​ការ​គាំទ្រ​បន្ថែម​ទៀត​ពី​សហរដ្ឋ​អាមេរិក​ ដើម្បី​ជំរុញ​ឱ្យបើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​ភាព​មិន​ប្រក្រតី​ ក្រោយ​ពីការ​បោះ​ឆ្នោត​ដែល​បាន​កើត​មាន​ឡើង​កាល​ពី​ថ្ងៃទី​២៨​ ខែ​កក្កដា ​ឆ្នាំ​២០១៣ ​កន្លង​ទៅ​នេះ។​

នៅ​ក្នុង​ជំនួប​គ្នាមួយ​រវាង​មន្ត្រី​គណបក្ស​ប្រឆាំង​ជាមួយ​នឹង​ប្រតិភូ​មួយ​ក្រុម​ដែល​ដឹក​នាំ​ដោយ​លោក​ ផូល ហ្កូ្រវ​ ( Paul Grove)​ បុគ្គលិក​នៃ​អនុគណៈ​កម្មការ​កិច្ច​សហប្រតិបត្តិ​បរទេស​និង​រដ្ឋ​របស់​គណៈកម្មការហិរញ្ញ​វត្ថុ​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ ​លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស ​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា ​លោក​បាន​ប្រាប់​លោក​ ផូល ហ្ក្រូវ ​ឱ្យគាំទ្រ​ឱ្យបើក​ការ​ស៊ើប​អង្កេត ​តែ ​បើ​មិន​មាន​ការ​ស៊ើប​អង្កេត​ទេ​ត្រូវ​តែ​បោះ​ឆ្នោត​ឡើង​វិញ។​

លោក​ សម រង្ស៊ី​មាន​ប្រសាសន៍​ថា​ ប្រទេស​កម្ពុជា​បច្ចុប្បន្ន ​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​ព្យួរ​ហើយ​សិទ្ធិ​សេរីភាព​ត្រូវ​បាន​គេ​ជាន់​ឈ្លី។ ​ហេតុដូច្នេះ​ហើយ ​លោក​ឱ្យសហរដ្ឋ​អាមេរិក​និង​សហគមន៍​អន្តរជាតិ​ត្រូវ​តែ​ផ្តល់​សិទ្ធិ​សេរីភាព​ជូន​ប្រជារាស្ត្រ​វិញ។​

លោក​និយាយ​ថា​៖​

«​រំឭក​ផង​ដែរ​ថា​ឥឡូវ​ស្រុក​ខ្មែរ​ស្ថិត​ក្នុង​ភាព​អាសន្ន​ ដូច​ជា​គេ​មិន​ហៅ​ភាព​អាសន្ន​ តែ​ដូច​ជាភាព​អាសន្ន​អញ្ចឹង​ពី​ព្រោះ​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​ព្យួរ​ហើយ​សិទ្ធិ​សេរីភាព​ ប្រជាពលរដ្ឋ​ដែល​មាន​ចែង​ ហើយ​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​គឺ​ត្រូវ​គេ​ ជាន់​ឈ្លី»។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ទាមទារ​ឱ្យបង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ដោយ​ឯក​រាជ្យ​មួយ​ដើម្បី​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ក្រោយ​ការ​បោះ​ឆ្នោត។​ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​ជំទាស់​នោះ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទាមទារ​ឱ្យបោះ​ឆ្នោត​ឡើង​វិញ។​

លោក ផូល ហ្ក្រូវ មិន​បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​អ្នកកាសែត​ទេ​នៅ​ពេល​ដែល​លោក​ បញ្ចប់​ការ​ជួប​សន្ទនា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។​

គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ព្រម​ព្រៀង​គ្នា​កាល​ពី​ដើម​សប្តាហ៍​នេះថា​ នឹង​បង្កើត​គណៈកម្មការ​ចម្រុះមួយ​ ដោយ​មាន​សមាស​ភាព​ស្មើគ្នា​មក​ពី​គណបក្ស​ដែល​មាន​អាសនៈ​ ក្នុង​រដ្ឋ​សភា​ ដើម្បី​សិក្សា ​និង​រៀប​ចំក្រប​ខណ្ឌ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ នាពេល​ខាង​មុខ។​

គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ​គ្រោង​នឹង​ផ្ញើ​បញ្ជី​ឈ្មោះ​ទៅ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​សមាសភាព​ចំនួន​៧​រូប​ដើម្បី​បង្កើត​គណៈកម្មការ​ចម្រុះ​សម្រាប់​កែទម្រង់​ការបោះឆ្នោត។​

លោក​ កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​៖​

«យើង​នឹង​បញ្ជូន​ឈ្មោះ​ហ្នឹង​ទៅ​ឱ្យគណបក្ស​ប្រជាជន​ ពីព្រោះ​ក្រុម​ការ​ងារ​ពេល​ជួប​គ្នា​ហ្នឹង​គេ​បាន​ស្នើ​ថា​ឱ្យមាន​ម្ខាង​៧​នាក់​។ ​តែ​ថ្ងៃ​នេះ​គណបក្ស​សង្គ្រោះជាតិ​ផ្ញើ​ទៅ»។​

លោក​ ព្រំ សុខា​ ប្រធាន​ក្រុម​ការងារ​បច្ចេកទេស​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា​ ចំនួន​សមាសភាព​មិន​ទាន់​បាន​កំណត់​នៅ​ឡើយទេ។​ លោក​បាន​ឱ្យដឹង​ថា​គណបក្ស​ប្រជាជន​បាន​បញ្ជូន​សមាសភាព​តែ​៥​រូប​ប៉ុណ្ណោះ​ទៅ​ជូន​គណបក្ស​សង្គ្រោះជាតិ។​ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះជាតិ​បញ្ជូន​សមាសភាព​រហូត​ដល់​៧​រូបលោក​មិន​ទាន់​សម្រេច​បាន​ទេ​អាស្រ័យ​ទៅ​លើ​ថ្នាក់​ដឹក​នាំ​កំពូល​ជាអ្នក​សម្រេចតែ​ប៉ុណ្ណោះ៕
XS
SM
MD
LG