លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាកាលពីយប់ថ្ងៃចន្ទ ឲ្យផ្អាកសកម្មភាពការងាររដ្ឋាភិបាលមួយផ្នែកធំ និងទទូចឲ្យព្រឹទ្ធសភាកម្ពុជា អនុម័តឲ្យបានឆាប់នូវច្បាប់គ្រប់គ្រងជំងឺកូវីដ១៩ ខណៈការឆ្លងនៅក្នុងសហគមន៍កើនឡើងជាបន្តបន្ទាប់។
នៅក្នុងសារបន្ទាន់ជាសំឡេងដែលផ្ញើទៅបណ្តាញសារព័ត៌មាននានា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តម្រូវឲ្យមន្ត្រីរាជការស៊ីវិលយ៉ាងហោចណាស់ ៩០% ធ្វើការងារពីផ្ទះ ចំនួនយ៉ាងតិចមួយសប្តាហ៍ ប៉ុន្តែលើកលែងកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រូពេទ្យ។
វិធានការរបស់រដ្ឋាភិបាលកម្ពុជាធ្វើឡើង ក្រោយពីក្រសួងសុខាភិបាលបានរាយការណ៍ថាបានរកឃើញអ្នកឆ្លងថ្មីនៃជំងឺកូវីដ១៩ យ៉ាងហោចណាស់ ៤៩ នាក់បន្ថែម ត្រឹមយប់ថ្ងៃចន្ទ ដែលជាចំនួនខ្ពស់បំផុតក្នុងការឆ្លងតែក្នុងពេល ១ ថ្ងៃ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា៖ «ក្នុងស្ថានភាពបែបនេះ ខ្ញុំសូមអំពាវនាវផងនិងចេញបទបញ្ជាផង។ ការចេញបទបញ្ជា គឺសូមឲ្យស្ថាប័ននីមួយៗ របស់ស្ថាប័នរាជរដ្ឋាភិបាល និងក៏សុំអំពាវនាវដល់ស្ថាប័ននីតីប្បញ្ញត្តិ សូមផ្អាកជាបណ្តោះអាសន្ននូវស្ថាប័ន ក៏ប៉ុន្តែយើងក៏ត្រូវមានមនុស្សប្រចាំការធ្វើការ ក៏យ៉ាងហោចណាស់ គឺត្រូវមានមនុស្សភាគច្រើនត្រូវធ្វើការតាមផ្ទះ ក្នុងរយៈពេលយ៉ាងតិច៧ថ្ងៃ»។
លោក ហ៊ុន សែន បានបន្ថែមថា វិធានការនេះត្រូវតែអនុវត្ត ខណៈប្រភពនៃការឆ្លងបន្តគ្នានៅមិនទាន់កំណត់ច្បាស់ បើទោះបីជារដ្ឋាភិបាលបានកំណត់ហៅការឆ្លងក្នុងសហគមន៍នេះថា ជាព្រឹត្តិការណ៍ថ្ងៃទី ២០ ខែកុម្ភៈ ដោយសារវាជាការរកឃើញករណីឆ្លងក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ ជាពិសេសក្នុងចំណោមជនជាតិចិន ដែលកំពុងធ្វើការនៅកម្ពុជា។
លោក ហ៊ុន សែន បានបន្ថែមទៀតថា៖ «ធ្វើយ៉ាងដូច្នេះ គឺយើងអាចបញ្ចៀសបាននូវហានិភ័យដែលយើងមិនទាន់ស្គាល់ នូវអ្នកដែលមានការពាក់ព័ន្ធ ព្រោះពិតជាច្របូកច្របល់ខ្លាំងណាស់ នៅពេលនេះ។ មានការឆ្លងនៅក្នុងក្របខណ្ឌនគរបាលមន្ត្រីរាជការ រហូតដល់សិល្បករសិល្បការិនីផងដែរ»។
រដ្ឋាភិបាលកម្ពុជាក៏ស្នើដល់គ្រឹះស្ថានឯកជនឲ្យកាត់បន្ថយបុគ្គលិកធ្វើការ ឬធ្វើការប្តូរវេនគ្នា ដើម្បីជៀសវាងការឆ្លង និងអំពាវនាវដល់ពលរដ្ឋឲ្យហាមឃាត់កូនមិនឲ្យចេញក្រៅផ្ទះ និងកាត់បន្ថយការធ្វើដំណើរចាកចេញពីលំនៅដ្ឋាន បើមិនចាំបាច់។ ប៉ុន្តែមិនទាន់បិទទីផ្សារ និងរោងចក្រនៅឡើយទេ ដោយគ្រាន់តែទទូចឲ្យអនុវត្តវិធានការបង្ការឲ្យបានតឹងរ៉ឹង។
ការឆ្លងថ្មីនេះត្រូវបានរកឃើញនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តព្រះវែង និងខេត្តកណ្តាល។ ក្នុងខេត្តព្រៃវែង គឺមានវេជ្ជបណ្ឌិតមួយរូបបានឆ្លងនិងចម្លងទៅមនុស្ស ១១ នាក់ផ្សេងទៀត។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ុន សែន។
លោក ហ៊ុន សែន ក៏ស្នើឲ្យរឹតបន្តឹងការធ្វើដំណើរចេញចូលក្នុងខេត្តព្រះសីហនុ ដែលនៅជាប់នឹងមាត់សមុទ្រផងដែរ៖ «សូមឲ្យខេត្តព្រះសីហនុ ធ្វើការរឹតត្បិតបន្ថែមទៀត ទៅលើការចេញចូលរបស់មនុស្ស ប៉ុន្តែក៏មិនត្រូវធ្វើឲ្យរាំងស្ទះដល់ការដឹកទំនិញចេញទំនិញចូលនោះទេ ព្រោះជាច្រកសេដ្ឋកិច្ចតែមួយគត់របស់យើង សម្រាប់ការនាំចេញតាមផ្លូវទឹក»។
កម្ពុជាមានអ្នកឆ្លងក្នុងសហគមន៍ជាថ្មីក្នុងរយៈពេលជាងពីរសប្តាហ៍កន្លងមកនេះចំនួនជាង ៥០០ នាក់។ រីឯការឆ្លងសរុបមានចំនួន ១.០១១ នាក់ និងសះស្បើយចំនួន ៥១៧ នាក់ បើគិតត្រឹមព្រឹកថ្ងៃចន្ទ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ស្នើឲ្យព្រឹទ្ធសភាកម្ពុជាអនុម័តឲ្យបានឆាប់នូវច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ដែលរដ្ឋសភាបានអនុម័តកាលពីសប្តាហ៍មុន បើទោះបីជាច្បាប់នេះត្រូវបានអង្គការការពារសិទ្ធិមនុស្សចាត់ទុកថា រឹតត្បិតសិទ្ធិនិងត្រូវធ្វើឡើងដោយប្រញាប់ ដោយមិនមានការពិគ្រោះយោបល់ជាមួយនឹងអង្គការសង្គមស៊ីវិលជាដើម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា៖ «ព្រោះច្បាប់នេះវាត្រូវការបន្ទាន់។ យើងមិនអាចប្រើច្បាប់ក្នុងគ្រាមានអាសន្នសម្រាប់សភាពការណ៍នេះទេ តែយើងត្រូវការច្បាប់ទាក់ទងគ្រប់គ្រងជំងឺកូវីដ១៩ និងជំងឺដ៏កាចសាហាវផ្សេងទៀត»។
អង្គការ Human Rights Watch យល់ថា ច្បាប់នេះមានមាត្រាខ្លះដែលអនុញ្ញាតឲ្យអាជ្ញាធររំលោភសិទ្ធិពលរដ្ឋដោយងាយ និងមិនបានផ្តល់យន្តការតាមដានណាដែលឯករាជ្យទេ។ បន្ថែមពីនោះ ច្បាប់នេះអនុញ្ញាតឲ្យដាក់ពន្ធនាគារអ្នកល្មើសរហូតដល់ ២០ ឆ្នាំ និងការពិន័យយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ Human Rights Watch ដែលបានចេញកាលពីចុងសប្តាហ៍មុន គឺនៅមុនពេលដែលរដ្ឋសភាបានអនុម័តដោយគ្មានសំឡេងជំទាស់៕