ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន បញ្ជា​ឲ្យ​ដូរ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​នៅ​ព្រែក​ព្នៅ ក្រោយ​មាន​មនុស្ស​ម្នាក់​ស្លាប់


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូហ្វាមរបស់ប្រទេសចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២១។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូហ្វាមរបស់ប្រទេសចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២១។

ក្រោយ​មាន​ករណី​បុរស​ជន​ជាតិ​ចិន​ម្នាក់​ស្លាប់​ នៅ​មណ្ឌលព្យាបាល​ជំងឺ​កូវីដ​១៩​ នៅ​ព្រែក​ព្នៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បញ្ជា​ជា​បន្ទាន់​មួយ ដោយ​ឲ្យ​យក​អ្នក​សម្រាក​ព្យាបាលនៅ​ទី​នោះ មក​សណ្ឋាគារ​ Great Duke ដែល​ជា​អតីត​សណ្ឋាគារ​អាំង​ទែរ​កុង​ទីណង់តាល់​វិញ។

បទ​បញ្ជារបស់​នាយក​រដ្ឋមន្ត្រី ធ្វើ​ឡើង​បន្ទាប់​ពីមាន​ករណីស្លាប់​ជនជាតិ​ចិន​ម្នាក់ ​អាយុ​ ៣៤ ​ឆ្នាំ ដែល​មាន​ជំងឺ​កូវីដ​១៩ កាល​ពីថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន នៅ​ពេល​កំពុង​សម្រាក​ព្យាបាល។

ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា ​ជន​ជាតិ​ចិន​នោះ គឺ​ជា​អ្នក​ញៀន​ថ្នាំ​ម្នាក់ ហើយ​សារធាតុ​ញៀន​បាន​រើ​ឡើង​បណ្តាល​ឲ្យ​គាំង​បេះ​ដូង​ស្លាប់។ ក្រសួង​បញ្ជាក់​ថា​ បុរស​ម្នាក់​នោះ​ស្លាប់​ដោយ​សារ​ថ្នាំ​ញៀន មិន​មែន​ដោយ​សារ​ជំងឺ​កូវីដ​១៩។

នេះ​ជា​ករណី​ដំបូង ដែល​អ្នក​មាន​ជំងឺ​កូវីដ​១៩ស្លាប់ ពេល​កំពុង​សម្រាក​ព្យាបាលជំងឺ​ក្នុង​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​ជំងឺ​នេះ​នៅ​កម្ពុជា ​កាល​ពី​ឆ្នាំ​មុន​មក។

ក្រោយ​មាន​ករណី​ស្លាប់​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពីយប់​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​បាន​បង្ហោះ​សារ​ជា​សំឡេង​ថា លោក​ «ស្លុត​ចិត្ត» ដែល​ដឹង​ថា​យក​មណ្ឌល​មួយ​នៅព្រែក​ព្នៅ​មក​ធ្វើ​ជា​កន្លែង​ព្យាបាល​ជំងឺ​កូវីដ​១៩។ លោក​បាន​បន្ទោស​យ៉ាង​ខ្លាំង​ដល់​មន្ត្រី​របស់​លោក។

លោក ហ៊ុន សែន ​បញ្ជាក់​ថា៖ «ទៅ​យក​អា​កន្លែង​មួយ​ដែល​មិន​ស័ក្តិសម​ជា​មន្ទីរ​ពេទ្យ​ យក​មក​ធ្វើ​ការ​របៀប​នេះ។ អញ្ចឹង​ខ្ញុំ​ទទួល​យក​អត់​បាន​ទេ អា​កិច្ច​ការ​ដឹក​នាំ​បែប​នេះ»។

ក្នុង​នោះ​ផង​ដែរ លោក ហ៊ុន សែន ក៏​បាន​ចេញ​បញ្ជា​ «ដាច់​ណាត់» ឲ្យ​ផ្លាស់​ប្តូរ​មណ្ឌល​ព្យាបាល​នេះ មក​សណ្ឋាគារ ​Great Duke ​វិញ។ អ្នក​ដឹក​នាំ​ក្រុម​ការងារ​ទទួល​បទ​បញ្ជា​នេះ គឺ​ជា​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត។

កាល​ពី​ថ្ងៃ​ទី ​៧ ខែ​មីនា ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​មួយ ដោយ​បញ្ជាក់​ថា​ សណ្ឋា​គារ​ Great Duke ​ជា​មន្ទីរ​ពេទ្យ​ពិនិត្យ ថែ​ទាំ​និង​ព្យាបាល​ជំងឺ​កូវីដ​១៩ កម្រិត​ស្រាល។ ក្រសួង​បញ្ជាក់​ថា​ ការ​ដាក់​ឲ្យ​ដំណើរ​ការ​ទីតាំង​សណ្ឋាគារ​នេះ​ជា​មន្ទីរពេទ្យ​សម្រាប់​អ្នក​ជំងឺ​កូវីដ​១៩ កម្រិត​ស្រាល ដើម្បី​ផ្តល់​លទ្ធភាព​ដល់​ក្រសួង​សុខាភិបាល​ក្នុង​ការ​ប្រមូល​ផ្តុំ​ធន​ធាន​មនុស្ស​សម្ភារៈ​បរិក្ខារ និង​បច្ចេកទេស​ចាំ​បាច់​មួយ​ចំនួន ជួយ​សង្គ្រោះ​ដល់​អាយុ​ជីវិត​មនុស្ស​ឲ្យ​បាន​ទាន់​ពេល​វេលា ​និង​ធានា​ទប់​ស្កាត់​ការ​រីក​រាល​ដាល​កាន់​តែ​ធ្ងន់​ធ្ងរ​នៃ​ជំងឺ​នេះ​នៅ​ក្នុង​សហគមន៍។

លោក ហ៊ុន ម៉ាណែត បាន​បង្ហោះ​សារ​នៅ​លើហ្វេស​ប៊ុក​របស់​លោក​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​ក្នុង​ «រយៈពេល​តែ​ ៣៣ ​ម៉ោង​ប៉ុណ្ណោះ» ក្រុម​ការងារ​បាន​សម្រេច​ការ​កែ​ប្រែ​សណ្ឋាគារ​ Great Duke ដែល​បាន​បិទ​ទ្វារ​មិន​ដំណើរ​ការ​អាជីវកម្ម​រយៈ​ពេល​ប្រមាណ​ ២ ​ឆ្នាំ​មក​ហើយ ឲ្យ​ក្លាយជា​មន្ទីរ​ពេទ្យ​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩ ​កម្រិត​ស្រាល ដែល​អាច​ព្យាបាល​អ្នក​ជំងឺ​ប្រមាណ ៥០០ ​នាក់។

លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ជំរុញ​ឲ្យ​មាន​ការ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​កន្លែង​ព្យាបាល និង​ត្រួត​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ថា តើ​មូល​ហេតុ​អ្វី​បាន​មាន​ករណី​ប្រើប្រាស់​គ្រឿង​ញៀន​ក្នុង​មណ្ឌល​ព្យាបាល ក្រោយ​មាន​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​ថា ​អ្នក​ជំងឺ​ម្នាក់​ស្លាប់​ដោយសារ​សារធាតុ​ញៀន។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ជឿ​ថា​ នេះ​ជា​បទ​ពិសោធន៍​មួយ ​ដែល​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ហើយ​និង​កែ​ប្រែ​ទៅ​លើ​បញ្ហា​ទាំង​អស់​ហ្នឹង ធ្វើ​ម៉េច​ដើម្បី​ឲ្យ​កន្លែង​ចត្តាឡីស័ក ​ឬ​ក៏​មណ្ឌល​ព្យាបាល​ហ្នឹង ជា​កន្លែង​មួយដ៏​ល្អ​សម្រាប់​ការ​ធ្វើ​ចត្តាឡីស័ក ក៏​ដូច​ជា​ការ​ព្យាបាល»។

គួរ​បញ្ជាក់​ថា ​ក្នុង​ពេល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​ក្នុង​សហគមន៍ ចាប់​តាំង​ពី​ថ្ងៃទី​ ២០ ខែ​កុម្ភៈ ដែល​មាន​មនុស្ស​ជាង ៥០០​ នាក់​ឆ្លង ហើយ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មណ្ឌល​ព្យាបាល​នានាទូទាំង​ប្រទេស។ ពួកគេ​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន ដែល​ឆ្លង​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ព្រះសីហនុ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG