រោងចក្រ Y & W Garment ស្ថិតក្នុងភូមិព្រែកជ្រៃសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មានអគារសម្រាប់កម្មករធ្វើការជាពីរទីតាំង។ ទីតាំងដែលមានខ្លោងទ្វារធំជាប់នឹងផ្លូវឆ្ពោះទៅរង្វង់មូលគួរស្រូវ មិនមានបញ្ហាពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ទេ។
ប៉ុន្តែ ទីតាំងផ្សេងដែលកម្មករត្រូវឆ្លងថ្នល់ពីទីតាំងដែលមានខ្លោងទ្វារធំនោះមានអគារមួយត្រូវបានផ្អាកមិនឲ្យកម្មករប្រមាណ ៧០០ នាក់ ធ្វើការ ព្រោះមានកម្មករជាស្ត្រី វ័យ ៤៨ ឆ្នាំម្នាក់ ត្រូវបានរកឃើញថា មានផ្ទុកវីរុសកូរ៉ូណាដែលបង្កជំងឺកូវីដ១៩។
ក្តីបារម្ភពាក់ព័ន្ធការឆ្លងជំងឺកូវីដ១៩ បានកើតឡើងក្នុងចំណោមកម្មកររបស់រោងចក្រដែលបានដំណើរការជាយូរឆ្នាំមកហើយ នៅក្នុងប្រទេសកម្ពុជា។ ក្រុមកម្មករក៏បង្ហាញអារម្មណ៍ច្របូកចប្រល់ជាមួយនឹងការចាក់វ៉ាក់សាំងបង្ការជំងឺនេះ។
លោក សេក ណាត អាយុ ៣៩ ឆ្នាំ ជាកម្មករដែលស្ថិតនៅទីតាំងដែលមានអគារ ដែលស្ត្រីម្នាក់ត្រូវរកឃើញថា មានជំងឺកូវីដ១៩ នោះបាននិយាយថា កម្មករបង្កើនការប្រុងប្រយ័ត្ន ជាងពេលមុនទាក់ទិនការពាក់ម៉ាស់និងលាងសម្អាត ដោយទឹកអាល់កុល ដើម្បីការពារខ្លួនមិនឲ្យឆ្លងជំងឺកូវីដ១៩ និងការរក្សាគម្លាតពីគ្នានៅពេលដើរចូលកន្លែងធ្វើការ។
យ៉ាងណាក៏ដោយ កម្មករដែលមានកូនពីរនាក់ក្នុងបន្ទុករូបនេះថា បើបានវ៉ាក់សាំងមកចាក់ឲ្យកម្មករនោះ ស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ របស់កម្មករនឹងមិនផុយស្រួចខ្លាំងទេ។
«បាទ ខ្ញុំគួរតែគិតដែរបងព្រោះយើងឥឡូវវាថាមានអ្នកផ្ទុកមេរោគហ្នឹងច្រើន អ៊ីចឹងយើងគួររដ្ឋគាត់ចាក់វ៉ាក់សាំងឲ្យយើងឆាប់ៗហ្នឹងល្អជាង ព្រោះកម្មករមិនមែននៅរោងចក្រហ្នឹង ២៤ ម៉ោង យើងទៅផ្ទះរៀងៗខ្លួនល្ងាចឡើងទៅផ្ទះដឹង អ្នកណាដើរលេងដឹងអ្នកណាអត់»។
កម្មករម្នាក់ទៀតដែលឲ្យឈ្មោះត្រឹមថា ឌី ព្រោះខ្លាចគេស្គាល់អត្តសញ្ញាណនិយាយថា ការចាក់វ៉ាក់សាំងឲ្យកម្មករជាការត្រឹមត្រូវនៅក្នុងការបង្ការការចម្លងជំងឺកូវីដ១៩ ក៏ប៉ុន្តែមានតែរដ្ឋាភិបាលទេ ដែលអាចសម្រេចថា នឹងធ្វើកិច្ចការនេះជាបន្ទាន់ឬយ៉ាងណានោះ។
ដោយមានពាក់ម៉ាស់ជាប់នឹងមុខកម្មកររូបនោះ និយាយថា៖ «ខ្ញុំអត់ដឹងដែរអាហ្នឹងសម្រេចលើរាជរដ្ឋាភិបាលយើងទេបង។ បើរាជរដ្ឋាភិបាលយើងគេគិតគូរឲ្យបានឆាប់ៗរឹតតែល្អសម្រាប់កម្មករហើយអាហ្នឹង»។
សម្រាប់លោក ភិន សូផា អាយុ ២០ ឆ្នាំ ដែលជាកម្មករម្នាក់ទៀត មិនចង់ចាក់វ៉ាក់សាំងទេក្រោមហេតុផលថា វាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនបើអ្នកទទួលចាក់វ៉ាក់សាំងមានសុខភាពមិនរឹងមាំ។
«ប្រហែលអត់ចាក់ដែរព្រោះឮតែគេថា វាចាក់ទៅក្តៅខ្លួនហើយ បើយើងនៅកម្លាំងខ្សោយអាច អាចស្លាប់បានទៀត»។
កម្មករវ័យក្មេងរូបនេះនិយាយថាកម្មករផ្សេងទៀតក៏មិនចង់ទទួលវ៉ាក់សាំងដែរ ព្រោះពួកគេត្រូវបានប្រាប់ថា អ្នកដែលមានសុខភាពមាំទាំ ទើបអាចចាក់វ៉ាក់សាំងបាន។
«ខាងគាត់ដូចអត់មាននរណាចង់បានផង ព្រោះដោយសារឮគេថាចាក់ទៅវាក្តៅខ្លួន ៣០ ម៉ោងអ៊ីចឹងទៅដល់ពេលអ៊ីចឹង ហើយណាមួយពួកគាត់ធ្វើការនៅហ្នឹង វាអត់សូវមានកម្លាំងពេញ។ គេថាទាល់តែកម្លាំងពេញ ១០០% បានគេឲ្យចាក់»។
បើតាមការសម្ភាសកម្មករមួយចំនួននៅរោងចក្រ Y & W Garment ស្ត្រីវ័យ ៤៨ ឆ្នាំ ដែលធ្វើការនៅផ្នែកបោកគក់ត្រូវបានគេរកឃើញថា មានផ្ទុកជំងឺកូវីដ១៩ កាលពីថ្ងៃច័ន្ទសប្តាហ៍មុន។
មេប៉ុស្តិ៍នគរបាលសង្កាត់ស្ពានថ្ម លោក ឈឹម រ៉ា ប្រាប់វីអូអេកាលថ្ងៃពុធសប្តាហ៍មុនថា ស្ត្រីរូបនោះត្រូវបានយកទៅព្យាបាល ហើយស្វាមីរបស់គាត់ក៏ត្រូវគេយកទៅធ្វើចត្តាឡីស័ក។
កម្មករនិយាយថា ថៅកែរោងចក្របានសម្រេចបិទអគារដែលស្ត្រីមានផ្ទុកជំងឺកូវីដ១៩ ធ្វើការជាមួយកម្មករ ប្រមាណ ៧០០ នាក់ផ្សេងទៀត។ ពួកគេថា អគារដែលបិទចោលមួយរយៈ ដើម្បីទទួលការសម្អាតមេរោគពីបុគ្គលិកសុខាភិបាលនោះ នឹងត្រូវដាក់ឲ្យដំណើរការឡើងវិញ នៅថ្ងៃអង្គារ ទី៩ ខែមីនា។
លោក សេក ណាត បង្ហាញពីបំណងចង់សម្រាកពីរោងចក្រដែរ នៅពេលទីតាំងដែលលោកធ្វើការនោះមានអគារដែលត្រូវគេរកឃើញថា មានបញ្ហាជាមួយនឹងជំងឺកូវីដ១៩ កាលពីពេលថ្មីៗនេះ។
លោកបន្ថែមថា ការផ្អាកដំណើរការរោងចក្រទាំងស្រុងច្រើនជាងមួយសប្តាហ៍បន្ថែមទៀត ក៏ជាការប្រសើរដើម្បីឲ្យប្រាកដថា មិនមានមេរោគបង្កជំងឺកូវីដ១៩ នៅក្នុងរោងចក្រ។
«ខាងក្រុមហ៊ុនឲ្យកម្មករផ្អាកទៅ យើងស្រួល យើងនៅផ្ទះរៀងខ្លួន វាមិនអីទេ តែអានេះបើយើងគាត់អត់ឲ្យផ្អាកអ៊ីចឹង យើងហ៊ានផ្អាកខ្លួនយើង យើងដាច់លុយហើយ»។
រោងចក្រ Y & W Garment មានកម្មករសរុបទាំងអស់ ជាង ៥ ពាន់នាក់ កំពុងធ្វើការក្នុងសង្វាក់ផលិតកម្មសម្លៀកបំពាក់ក្មេងៗ។
នៅពេលអ្នកយកព័ត៌មានរបស់សំឡេងសហរដ្ឋអាមេរិកទៅជួបសម្ភាសកម្មករនៅក្រៅរោងចក្រនោះកម្មករភាគច្រើននៅត្រូវបានគេមើលឃើញថា ហូបអាហារជុំៗគ្នានិងដើរកៀកៗគ្នានៅឡើយ។ នៅមុខច្រកចូលទីតាំង ដែលមានអគារមួយ ត្រូវបានបិទនោះកម្មករត្រូវក្រុមសន្តិសុខតម្រូវឲ្យពាក់ម៉ាស់ មុនពេលដើរចូលទៅក្នុងកន្លែងធ្វើការ។
លោក ភិន សូផា កំពុងជក់បារីនៅមុនពេលលោកចូលធ្វើការ នៅទីតាំងដែលមានអគារត្រូវបានបិទដោយសារជំងឺកូវីដ១៩ នោះ។ លោកប្រាប់វីអូអេថា លោកនឹងមកធ្វើការជាធម្មតានៅថ្ងៃអង្គារស្អែកនេះ ទោះបីអគារដែលត្រូវបានបិទនោះត្រូវបើកឲ្យដំណើរការឡើងវិញក៏ដោយ ព្រោះលោកជឿថា កម្មករដែលធ្វើការក្នុងអគារនោះត្រូវបានគេពិនិត្យសុខភាពរួចរាល់ហើយ។
«និយាយរួមទៅ គេឲ្យចូលវិញ ព្រោះគេចាប់គាត់ហ្នឹងទៅ ឃុំគេយកខាងក្រសួងគេហ្នឹង គេពិនិត្យអស់ហើយ បានគេឲ្យចូលវិញហើយដែល ពួកដែលគាត់គេចាប់ទៅឃុំ [ធ្វើចត្តាឡីស័ក] ហ្នឹងគេអត់ឲ្យចូលផ្ទះផង គេឲ្យនៅកន្លែងគាត់ឃុំ[ធ្វើចត្តាឡីស័ក]ហ្នឹង អ៊ីចឹងគេពិនិត្យជាក់លាក់ហើយ»។
អ្នកស្រី ហូ ចាន់ណា អាយុ ៣២ ឆ្នាំ ជាស្ត្រីម្តាយកូនពីរនាក់ ត្រូវប្រាស្រ័យទាក់ទងជាមួយកម្មកររោងចក្រ Y & W Garment រាល់ថ្ងៃ ខណៈអ្នកស្រីជាអ្នកលក់ដូរគ្រឿងភេសជ្ជៈនៅក្បែររោងចក្រនោះ។ អ្នកស្រីនិយាយថា អ្នកស្រីមិនអាចផ្អាករបរលក់ដូរនេះបានទេ គ្រាដែលតំបន់អ្នកស្រីរស់នៅនេះ មានការឆ្លងជំងឺកូវីដ១៩ លើកម្មករម្នាក់។
ដៃកំពុងដំទឹកកកអាជីវកររូបនោះ និយាយថា៖ «យើងអ្នកលក់វាប្រឈមមុខច្រើន តែមិនដឹងធ្វើម៉េចតែគ្រាន់ថា បើយើងមិនលក់វាមិនដឹងធ្វើម៉េច»។
អ្នកស្រី ចាន់ណា យល់ថា ការចាក់វ៉ាក់សាំងឲ្យកម្មករជាកិច្ចការចាំបាច់មួយ ដែលរដ្ឋាភិបាលគួរធ្វើដែរ ដើម្បីការពារសុវត្ថិភាព ទាំងអ្នកស្រីផង និងកម្មករផង។
ចំណែកកញ្ញា សៅ ចាន់ណារ៉ា ដែលមានតូបលក់ដូរអាហារតាមចិញ្ចើមថ្នល់ ស្ថិតនៅចម្ងាយប្រមាណកន្លះគីឡូម៉ែត្រពីរោងចក្រ Y & W Garment និយាយថា ករណីឆ្លងលើកម្មករមួយករណីនោះ មិនទាន់ជារឿងធំដុំដែលត្រូវបង្ខំឲ្យកញ្ញាផ្អាកការរកស៊ីទេ។
«ទីមួយ ការរកស៊ី វាពិបាក ខ្លាចពេលយើងឈប់ទៅ វាដាច់ម៉ូយ ទីមួយ។ ទីពីរ វាខាតប្រយោជន៍ផ្ទាល់ខ្លួនរបស់យើង ហើយណាមួយអត់ទេ បើសិនជារីករាលដាលធំ ក៏យើងអាចហ្នឹងគិតថា ឈប់ដែរ តែអានេះ ដោយសារតែវាស្ងប់ស្ងាត់ទៅវិញអីចឹង ទៅអាហ្នឹងអត់អីទេ ដោយសារតែអាការផ្អើលឈូឆរហ្នឹងតែវាតែមួយថ្ងៃទេ»។
កញ្ញា ចាន់ណារ៉ា អាយុ ២១ ឆ្នាំ បន្ថែមថា រដ្ឋាភិបាលក៏គួរបង្កើនការចាក់វ៉ាក់សាំង ក្នុងចំណោមកម្មករផងដែរ ដើម្បីកាត់បន្ថយហានិភ័យខ្ពស់នៃការរីកសាយភាយការឆ្លងជំងឺកូវីដ១៩ នៅតាមរោងចក្រ។
«ការចាក់វ៉ាក់សាំងសម្រាប់កម្មករ ហើយនិងប្រជាជនទូទៅអីចឹង យើងចង់អីចឹង ព្រោះដោយសារតែប្រជាជនភាគច្រើនគាត់ បើនៅខាងក្រៅវិញ គឺច្រើនជាងនៅក្នុងផ្ទះ ដោយសារតែជីវភាពម្នាក់ៗ គឺចេញមកដើម្បីជីវភាពដូចៗគ្នា។ អ៊ីចឹងចង់ឲ្យគាត់ពន្លឿននៃការចាក់វ៉ាក់សាំងចែកជូនប្រជាជនឲ្យលឿន»។
នៅក្រោយពេលរកឃើញករណីឆ្លងជំងឺកូវីដ ក្រុមសហជីពបានអំពាវនាវឲ្យម្ចាស់រោងចក្រ Y & W Garment ផ្អាកប្រតិបត្តិការរបស់ខ្លួនទាំងស្រុង ដើម្បីធ្វើការពិនិត្យកម្មករទាំងអស់ ដែលបម្រើការនៅទីនោះ។ ក៏ប៉ុន្តែ រោងចក្របានសម្រេចផ្អាក តែអគារមានការឆ្លង ហើយអគារជាច្រើនទៀតនៅដំណើរការដូចធម្មតា។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបញ្ជាក់វីអូអេកាលពីសប្តាហ៍មុនថា ក្រសួងសុខាភិបាលជាស្ថាប័នជំនាញនៅក្នុងការគ្រប់គ្រងទប់ស្កាត់មិនឲ្យមានការឆ្លងបន្ថែមនៃជំងឺកូវីដ១៩ នៅក្នុងរោងចក្រ Y & W Garment។
លោកសរសេរតាមប្រព័ន្ធ WhatsApp ថា៖ «ដោយសារជាករណីជំងឺកូវីដ១៩ ស្ថាប័នបច្ចេកទេសនិងជំនាញគឺក្រសួងសុខាភិបាល។ ក្រសួងក៏ដូចជារោងចក្រនិងបុគ្គល ពាក់ព័ន្ធមានកាតព្វកិច្ចមួយ គឺសហការឲ្យបានពេញលេញជាមួយមន្ត្រីសុខាភិបាល»។
កម្មករប្រមាណ ៧០០ នាក់ នៅក្នុងអគារដែលមានស្ត្រីម្នាក់ត្រូវបានរកឃើញថាមានជំងឺកូវដី១៩ នោះនឹងត្រូវចូលធ្វើការតាមធម្មតាវិញ នៅថ្ងៃអង្គារ ទី៩ ខែមីនា។ នេះបើតាមការបញ្ជាក់ពីសន្តិសុខមួយរូប ដែលឈរយាមនៅមុខច្រកចូលអគារ ដែលមានជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ នោះ។
កម្មករលោក សេក ណាត មានប្រសាសន៍ថា លោកនឹងចូលធ្វើការវិញ។ លោកនិយាយថា បើទោះបីមានការសម្អាតអគារដែលមានពាក់ព័ន្ធនឹងជំងឺកូវីដ១៩ នោះរួចហើយ ក៏ដោយក៏កម្មករមិនត្រូវធ្វេសប្រហែសទេ ពោលគឺត្រូវបង្កើនការប្រុងប្រយ័ត្នជានិច្ច នៅពេលមិនទាន់បានទទួលវ៉ាក់សាំង។
«បើថាមានវ៉ាក់សាំងចាក់ការពារខ្លួនយើងហើយ ចាំយើងធ្វើម៉េចធ្វើទៅ ប៉ុន្តែអានេះយើងអត់ទាន់មានគួរតែយើងប្រុងប្រយ័ត្នរហូតទៅ»៕