ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី​ ពហិការ​សម័យ​ប្រជុំ


ទិដ្ឋភាព​ក្នុង​ព្រឹទ្ធសភា​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០០៤។
ទិដ្ឋភាព​ក្នុង​ព្រឹទ្ធសភា​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០០៤។

នេះ​មិន​មែន​ជាលើក​ទី​មួយ​ទេ​ ដែល​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សម រង្ស៊ី​បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​សម័យ​ប្រជុំព្រឹទ្ធសភា ​ដែល​គ្រប់​គ្រង​ភាគ​ច្រើន​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។​

នៅ​មុន​មួយ​ថ្ងៃ​ក្រោយ​ពី​ស្ថាប័ន​ព្រឹទ្ធសភា​គ្រោង​នឹង​បើក​សម័យ​ប្រជុំ​លើក​ទី​៥​នីតិកាល​ទី​៣ សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សម រង្ស៊ី​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ភ្លាមៗជា​បន្ទាន់​មួយ​ដោយ​បាន​សម្រេចថា​ មិន​ចូល​រួម​ប្រជុំ​ជាមួយ​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ​ដោយ​លើក​ហេតុផល​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​នៅ​ខ្វែង​គំនិត​គ្នា​នៅ​ឡើយ​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​ក្រោយពី​ការ​បោះ​ឆ្នោត។

លោក​គង់ គាំ​ ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី​មាន​ប្រសាសន៍​ថា ​យើង​ចង់​ឲ្យរដ្ឋ​សភា​ជា​រដ្ឋសភា​ពហុបក្ស​ស្រប​តាម​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ដែល​បាន​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ដើម្បី​ពិនិត្យ​និង​អនុម័ត​ច្បាប់​នានា ​ដែល​មាន​ផល​ប្រយោជន៍​ដល់​ប្រទេស​និង​ប្រជា​ពលរដ្ឋ។​

លោក​បាន​បញ្ជាក់​ថា​ ការ​ធ្វើ​ពហិការ​មិន​ចូល​រួម​សម័យ​ប្រជុំ​របស់​ព្រឹទ្ធសភា​គឺ​នឹង​បន្ត​ធ្វើ​រហូត​ទាល់​តែ​រដ្ឋ​សភា​មាន​ពហុបក្ស​ត្រឹម​ត្រូវ ​មិន​ត្រូវ​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ម្នាក់​ឯង​នោះ​ទេ។​

លោក​និយាយ​ថា៖​ «រហូត​ដល់​រដ្ឋសភា​មាន​ពហុបក្ស​ត្រឹម​ត្រូវ​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​គណបក្ស​ទាំង​ពីរ​ឈ្នះ​បាន​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា​បញ្ចប់​ការ​ខ្វែង​គំនិត​គ្នា​ឆាប់​រហ័ស​ដើម្បីចូល​សភា​ទាំង​អស់​គ្នា​បាទ»។​

បើ​ទោះ​បី​ជា​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សម រង្ស៊ី​ប្រកាស​មិន​ចូល​រួម​ប្រជុំ​ព្រឹទ្ធសភា​ក៏​ដោយ​ ក៏​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​បន្ត​ដំណើរ​ការ​កិច្ច​ប្រជុំ​របស់​ខ្លួន​ និង​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​ចំនួន​បី។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធសភា។​

សេចក្តី​ព្រាងច្បាប់​ទាំង​បី​នោះ​រួម​មាន៖ ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​យុត្តិធម៌​ក្នុង​វិស័យ​រដ្ឋប្បវេណី​រវាង​កម្ពុជា​ និង​វៀតណាម។ សេចក្តី​ព្រាងច្បាប់​ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​បត្យាប័ន​រវាង​កម្ពុជា​និង​វៀតណាម​ និង​ សេចក្តី​ព្រាងច្បាប់​ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​ផែន​ការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៤-២០១៨។​

លោក​អ៊ុំ សារិទ្ធ​ អគ្គលេខាធិការ​ព្រឹទ្ធសភា​មាន​ប្រសាសន៍​ថា ​ការ​មិន​ចូល​រួម​ប្រជុំ​របស់​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សម រង្ស៊ី​មិន​មែន​ធ្វើ​ឡើង​ជាលើក​ទី​មួយ​ទេ។ ​លោក​បញ្ជាក់​ថា​ ការ​ធ្វើ​ពហិការ​នេះ​មិន​បង្ក​ឲ្យរាំង​ស្ទះ​ដល់​ដំណើរ​ការ​នៃ​កិច្ច​ប្រជុំ​របស់​ព្រឹទ្ធសភា​ទេ។

លោក​និយាយ​ថា៖​ «សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ព្រឹទ្ធសភា​មាន​ច្រើន​ជាង​២​ភាគ​៣។​ ដូច្នេះ​បាន​ន័យ​ថា ​អវត្តមាន​របស់​គណបក្ស​សម​ រង្ស៊ី​មិន​មាន​ទម្ងន់​អ្វី​ដើម្បី​រំខាន​ដល់​ដំណើរ​ការ​របស់​ក្នុង​ការ​ប្រជុំ​ទេ»។​

សមាជិក​ព្រឹទ្ធសភា​សរុប​មាន​ចំនួន​៦១​រូប។​ ​ខាង​គណបក្ស​ប្រជាជន​មាន​ចំនួន​៤៦​រូប​ គណបក្ស​សម រង្ស៊ី​មាន​ចំនួន​១១​រូប​ តែង​តាំង​ពី​រដ្ឋសភា​មាន​ចំនួន​២រូប​ និង​២​រូប​តែង​តាំង​ពី​ព្រះ​មហាក្សត្រ។​

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​ឯក​រាជ្យ​មាន​ប្រសាសន៍​ថា​ ការ​បន្ត​ធ្វើ​ពហិការ​មិន​ចូល​រួម​ប្រជុំ​ព្រឹទ្ធសភា​ពី​គណបក្ស​សម រង្ស៊ី​នឹង​ធ្វើ​ឲ្យប៉ះ​ពាល់​កិត្តិយស​ដល់​ស្ថាប័ន​ព្រឹទ្ធសភា​ទាំង​មូល។

លោក​មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​ប្រទេស​កាន់​លិទ្ធិ​ប្រជា​ធិបតេយ្យ​ ប្រសិន​ណា​បើ​ភាគ​ណាមួយ​ជំទាស់​ នោះ​វា​ខ្វះ​ខាត​នូវ​អត្រានុកូលភាព៕

XS
SM
MD
LG