ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​ប្រឆាំង​សុំ​ឱ្យ​គណបក្ស​កាន់​អំណាច​បន្ត​ការ​ចរចា​លើ​ការ​បង្កើត​គ.ជ.ប

  • ហេង រស្មី

មន្ត្រី​គ.ជ.ប.​ប្រជុំ​ជាមួយ​ក្រុម​សង្គម​ស៊ីវិល។ (រូបថត​ ឯកសារ)

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទូច​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​បន្ត​ចូល​រួម​ប្រជុំ​ចរចា​ដើម្បី​ស្វះស្វែង​រករូបមន្ត​កណ្តាល​មួយ​ដើម្បី​ទម្លុះ​ទម្លាយ​ការ​ជាប់​គាំង​នយោបាយ​ក្រោយ​ពី​ការ​បោះឆ្នោត​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៣។​

ការ​ស្នើ​ឡើង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​ត្រួតត្រា​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជិត​៣០​ឆ្នាំបាន​ប្រកាស​ដាច់​ណាត់​ថា​គណបក្សប្រជាជនកម្ពុជា​នឹង​មិន​ចូល​រួម​ចរចាជាមួយ​នឹង​គណបក្ស​សង្គ្រោះជាតិ​ទៀត​ទេ​ប្រសិន​ណា​បើ​គណបក្ស​នេះ​នៅ​តែ​ទទូច​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដោយ​សំឡេង​២ភាគ​៣ ​នៃ​សមាជិក​សភា​ទាំង​មូល។​

លោក​ហ៊ុន សែន​ បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​(គជប) ​តាម​រូបមន្ត​២ភាគ​៣​នឹង​បង្ក​ឲ្យ​មាន​ការជាប់​គាំង​នយោបាយ។​

លោក​ កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ពី​ស្តី​បន្ទោស​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ថា​ គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​បាន​ផ្តល់​ជម្រើស​ថ្មី​មួយ​ទៀត​សម្រាប់​ជា​ផ្លូវ​កណ្តាល​ដែល​គណបក្ស​ទាំង​ពីរ​នឹង​ត្រូវ​ដោះ​ស្រាយ។​

លោក​ កឹម សុខា​ មាន​ប្រសាសន៍​ថា ​ផ្លូវ​កណ្តាល​ដែល​លោក​បាន​ស្នើ​ឡើង​នោះ​ទាល់​តែ​គណបក្ស​ទាំង​ពីរ​ចូល​រួម​អង្គុយ​តុ​ចរចារ​ដើម្បី​ស្វែង​រក​គន្លឹះ​ថា​ តើ​នឹង​ត្រូវ​ដោះ​ស្រាយ​ភាព​ជាប់​គាំង​នយោបាយ​តាម​របៀបណា។​

លោក​និយាយ​ថា៖​ «គណបក្ស​ប្រជាជន​ចង់​បាន​៥០​ភាគរយ​បូក​១​ គណបក្ស​សង្គ្រោះជាតិ​ចង់​បាន​២ភាគ​៣​ ​មក​អង្គុយ​ជជែក​គ្នា​សិន ​បាន​ដឹង​ថា​កន្លែង​ណា​មួយ​ដែល​យើង​អាច​ថា​មិន​ផ្អៀង​ទៅ​ខាង​ណាៗ។ ​តែ​គ.ជ.ប​មាន​លក្ខណៈ​ឯករាជ្យ​ដែល​មិន​ស្ថិត​នៅ​ក្នុង​គណបក្ស​នយោ​បាយ​ណា​មួយ​ដែល​ត្រួតត្រា​បាន»។​

នៅ​សល់​តែជាងបី​សប្តាហ៍​ទៀត​តែ​ប៉ុណ្ណោះ​ ប្រទេស​កម្ពុជា​បាន​ជាប់​គាំង​នយោបាយ​អស់​រយៈ​ពេល​មួយ​ឆ្នាំ​គត់ មូល​ហេតុ​ដែល​នាំ​ឲ្យ​ជាប់​គាំង​ក្នុង​ពេល​នេះ​គឺការ​ខ្វែង​គំនិត​គ្នា​លើ​ការ​អនុម័ត​បង្កើត​សមាស​ភាព​គ.ជ.ប​ដែល​គណបក្ស​សង្គ្រោះជាតិ​បាន​ធ្វើ​ដំណើរ​យ៉ាង​ប្រុង​ប្រយ័ត្ន​បំផុត ​ដោយ​សារ​តែ​មាន​បទ​ពិសោធន៍​ពី​គណបក្ស​ហ៊្វុនស៊ីនប៉ិច។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​ឲ្យ​ដាក់​គ.ជ.ប ​ជា​ស្ថាប័ន​ធម្មនុញ្ញ​ឬ​មាន​ន័យ​ថា​ត្រូវ​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ហើយ​ការ​ជ្រើសតាំង​សមាសភាព​នៃ​គ.ជ.ប​នេះ​ត្រូវ​មាន​ការ​យល់​ព្រម​ពី​សមាជិក​សភា​ចំនួន​២ភាគ៣។ ចំណែក​ឯ​គណបក្ស​កាន់​អំណាច​ទាមទារ​ឲ្យ​ការ​បោះឆ្នោត​ជ្រើសតាំង​សមាសភាព​ គ.ជ.ប ​នេះ​ដោយ​សំឡេង​៥០​បូក១​នៃ​សមាជិក​សភា​សរុប​វិញ។​

លោក​ ឈាង វ៉ុន​ សមាជិក​ក្រុម​ចរចា​ខាង​គណបក្ស​ប្រជាជន​មិន​ជំទាស់​ទៅ​នឹង​ការ​ស្នើ​ឡើង​របស់​លោក​កឹម សុខា​ដែល​ទាម​ទារ​រក​រូបមន្ត​ផ្លូវ​កណ្តាល​មួយ​ដើម្បី​ដោះ​ស្រាយ​ភាព​ជាប់​គាំងទេ។ ​ក៏​ប៉ុន្តែ​គណបក្ស​ប្រជាជន​នៅ​តែ​ប្រកាន់​ជំហរ​ឱ្យ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាសភាព​គ.ជ.ប​ដោយ​សំឡេង​៥០​ភាគ​រយ​បូក​មួយ​ដដែល ​បើទោះ​បី​ជាស្ថិត​នៅ​ក្នុង​រូបមន្ត​ណាក៏​ដោយ។​

លោក​បញ្ជាក់​ថា៖​ «ការ​ស្នើ​របស់​លោក​ កឹម សុខា​នេះ​ ​ចំពោះ​ខ្លួន​ខ្ញុំ​ទេ​ ខ្ញុំ​គិត​ថា​ជា​គំនិត​ល្អ​មួយ​ដែល​យើង​អាច​ធ្វើ​ដំណើរ​ការ។ ​ប៉ុន្តែ​ការ​សម្រុះ​សម្រួល​គ្នា​ក្នុង​ការ​បែង​ចែក​អាសនៈ​របស់​គ.ជ.ប​នេះ​គឺ​គេ​មិន​បាច់​និយាយ​ថា​ត្រូវ​បោះឆ្នោត​២ភាគ​៣​ដើម្បី​ចង​គ្នា​ទៅ​វិញ​ ទៅ​មក​នោះ​ទេ​ អាហ្នឹង​ធ្វើ​ឱ្យ​ស្ថាប័ន​រដ្ឋ​គាំង»។​

លោក​ បណ្ឌិត ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​ឯករាជ្យ​បាន​ផ្តល់​យោបល់​ឱ្យ​គណបក្ស​ទាំង​ពីរ​គួរ​តែ​ផ្លាស់​ប្តូរ​ជំហរទាមទារ​ដែល​មិន​អាច​រក​ច្រក​ចេញ​បាន​នេះ។​

លោក​បាន​ឱ្យ​រូប​មន្ត​ចំនួន​ពីរ​សម្រាប់​គណបក្ស​ទាំង​ពីរ​ត្រូវ​ជ្រើសរើស​ហើយ​ប្រសិន​បើ​២ភាគ​បី​មិន​អាច​ទៅ​រួច​ទេ​គេ​គួរ​តែ​យក​រូប​មន្ត​៦៩​ បូក​មួយ​ បូក​២​និង​បូក​៣​ ដែល​រូបមន្ត​បូក​នេះ​តុលាការ​ខ្មែរ​ក្រហម​បាន​អនុវត្ត​រួច​មក​ហើយ​និង​ជម្រើស​ទី២​ដើម្បី​កុំ​ឱ្យ​ខាត​បង់​ថវិកា​ជាតិ​និង​សមាសភាព​ច្រើន​មិន​បាន​ការ។ ​សមាសភាព​ថ្នាក់​ដឹកនាំ​គ.ជ.ប​លើក​ក្រោយ​នេះ​គួរ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ ​ហើយ​ត្រូវ​ជា​មនុស្ស​ឯករាជ្យ៕

XS
SM
MD
LG