ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​កម្ពុជា​ជាថ្មី​ម្តង​ទៀត​ទាមទារ​ឲ្យ​ឡាវ​ផ្អាក​គម្រោង​​ទំនប់​វារី​អគ្គិសនី​ដន​សាហុង


ផែនទី​​ទី​តាំង​ទំនប់​​ដន​សាហុង (Don Sahong) នៅ​ក្បែរ​ព្រំដែន​ឡាវ-កម្ពុជា។
មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ​ បាន​ប្រកាស​ជំហរ​ជាថ្មី​ម្តង​ទៀត​ទាមទារ​ឲ្យ​ប្រទេស​ឡាវ​ផ្អាក​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ដនសាហុង (Don Sahong) ​ដ៏​ចម្រូងចម្រាស​ និង​ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​អំពី​ផលប៉ះពាល់​នៃ​ទំនប់​មួយ​នេះ​ជាមុន​សិន។​ ជំហរ​បែបនេះ​ធ្វើ​ឡើង​ដូចគ្នា​ទៅ​នឹង​ជំហររបស់​អង្គការ​សង្គម​ស៊ីវិល​ និង​សហគមន៍​ក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​ការព្រួយ​បារម្ភ​ចំពោះ​គម្រោង​ទំនប់​វារី​អគ្គិសនី​ដនសាហុង។​

កាល​ពី​សប្តាហ៍​មុន​រដ្ឋាភិបាល​នៃ​ប្រទេស​ឡាវ​បាន​អញ្ជើញ​តំណាង​រដ្ឋាភិបាល ​និង​អង្គការ​សង្គម​ស៊ីវិល​នៃ​ប្រទេស​កម្ពុជា ​វៀតណាម ​និង​ថៃ​ដើម្បី​ធ្វើការ​បកស្រាយ​អំពី​ការ​ស្រាវជ្រាវ​ និង​របៀប​បញ្ជៀស​ផល​ប៉ះពាល់​បង្ក​ឡើង​ដោយ​ទំនប់​ដនសាហុង។​ ក៏​ប៉ុន្តែ​លោក​តែ ណាវុធ​ ​អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ ថ្លែង​ថា​ ប្រៀបធៀប​ជាមួយ​ប្រទេស​ដទៃ​ ​កម្ពុជា​ជា​ប្រទេស​ដែល​អាច​នឹង​រងគ្រោះ​ច្រើន​ជាង​គេ​ ​ដោយ​ហេតុថា​ ទំនប់​ដនសាហុង​ស្ថិត​នៅ​ចម្ងាយ​ត្រឹមតែ​២គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ព្រំដែន​កម្ពុជា។ ​ម្យ៉ាង​ទៀត​ ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​ដែល​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ​ពឹង​ផ្នែក​លើ​មុខ​របរ​នេសាទ​ត្រី។​

«វិធាន​ការ​ដែល​ច្រក​ពីរ​សម្រាប់​ឲ្យ​ត្រី​ធ្វើ​ការ​ចល័ត​ទី​ហ្នឹង ​ដូចជា​មិន​ទុកចិត្ត​សោះ។ ​ទាំង​ឯកសារ​សិក្សា​ ទាំង​ពី​សកម្មភាព​ជាក់ស្តែង ​មិនមាន​ទិន្នន័យ​ពី​ត្រី​ច្បាស់លាស់​សោះ​ ស្មានៗ ​មិន​ដឹង​ថា ​ច្រក​មួយ​ណា​ឲ្យ​ត្រី​ទៅ​ផង»។​

សិក្ខាសាលា​ថ្នាក់ជាតិ​នេះ​មាន​ការចូលរួម​ដោយ​មន្ត្រី​ក្រសួង​បរិស្ថាន​ គណៈកម្មាធិការជាតិ​ទន្លេ​មេគង្គ ​អង្គការ​សង្គម​ស៊ីវិល ​និង​សហគមន៍​ធំៗ​ ដែល​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ​ ដើម្បី​ធ្វើការ​ប្រមែប្រមូល​មតិ ​យោបល់​ចុងក្រោយ​សម្រាប់​ដាក់​ទៅ​រដ្ឋាភិបាល​ទាំង​៤​នៃ​គណៈ​កម្មាធិការ​ទន្លេ​មេគង្គ។​

លោក ​តឹក វណ្ណារ៉ា ​នាយក​ប្រតិបត្តិ​នៃ​វេទិកា​នៃ​សម្ព័ន្ធ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ (NGO Forum)​ ថ្លែង​ថា​ ជំហរ​របស់​អង្គការ​សង្គម​ស៊ីវិល​នៅតែ​ទទូចចង់​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ឡាវ​ធ្វើ​ការ​ផ្អាក​គម្រោង​សាងសង់ទំនប់​វារី​អគ្គិសនី​ដនសាហុង។

«ប្រមុខ​រដ្ឋាភិបាល​៤​ប្រទេស​ មាន​កម្ពុជា ​វៀតណាម ​ថៃ ​និង​ឡាវនឹង​ធ្វើការ​ប្រជុំ​សម្រេច​លើ​គម្រោង​នៃ​ទំនប់​វារី​អគ្គិសនី​ដនសាហុងនៅ​ដើម​ខែ​មេសា​នៅ​ប្រទេស​វៀតណាម​ ដែល​ជា​លទ្ធផល​ចុង​ក្រោយ​នៃ​ការ​ប្រមូល​មតិ ​ហើយ​ដាក់ជូន​ដល់​រដ្ឋាភិបាល​ទាំង​នោះ»។

អ្នកស្រី​បួរ ខាំតង ​តំណាង​សហគមន៍​ភូមិ​កោះ​ស្នែង​មកពី​ខេត្ត​ស្ទឹង​ត្រែង​ ថ្លែង​ថា​ ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​របស់​អ្នកស្រី​ ដែល​ស្ថិត​នៅ​ចម្ងាយ​ជាង​២០​គីឡូម៉ែត្រ​ពី​ទីតាំង​ ដែល​នឹង​ត្រូវ​សាងសង់​ទំនប់​ដនសាហុង​ មានការ​ព្រួយបារម្ភ​ថា​ ទំនប់​ដនសាហុង​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​របស់​ប្រជា​សហគមន៍។​

«ទាំង​ការ​នេសាទ​ត្រី​ ទាំង​ការប្រើប្រាស់​ទឹក​ហ្នឹង​ យើង​មិន​ដឹង​ថា ​អ្នក​អនុវត្ត​គម្រោង​គេ​ធ្វើ​យ៉ាង​ណា​ទេ»។​

រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​ គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ដនសាហុង​របស់​ប្រទេស​ឡាវ​នៅ​មិន​ទាន់​ចាប់ផ្តើម​សាងសង់​នៅឡើយ​ ខណៈ​ពេល​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ​វៀតណាម ​និង​ថៃ​ទាមទារ​ឲ្យ​ប្រទេស​ឡាវ​ផ្អាក​គម្រោង​សាងសង់​ទំនប់​ដែល​មាន​តម្លៃ​៣.៨០០​លាន​ដុល្លារ​នេះ​ជា​បណ្តោះ​អាសន្ន​សិន។​

ទំនប់​វារី​អគ្គិសនី​កម្រិត​២៦០​មេហ្គាវ៉ាត់​នេះ​ស្ថិត​នៅ​ចម្ងាយ​ជាង​មួយ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ព្រំដែន​ប្រទេស​កម្ពុជា។ ​វា​គឺជា​ទំនប់​វារី​អគ្គិសនី​ដែល​កៀក​នឹង​ប្រទេស​កម្ពុជា​បំផុត។​ ហើយ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ដោយក្រុម​អង្គការ​សង្គម​ស៊ីវិល​កន្លង​ទៅ​បាន​ឲ្យ​ដឹង​ថា ​ទំនប់​មួយ​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង​៦​លាន​នាក់​ដែល​រស់​នៅ​ជុំវិញ​អាង​ទន្លេ​មេគង្គ ​និង​ទន្លេសាប។ ​បន្ថែម​ពី​នោះ​ដែរ ​ទំនប់​វារី​អគ្គិសនី​ដនសាហុង ​(Don Sahong)​

ក៏​នឹង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ធនធាន​ត្រី​ និង​បង្ក​វិនាសកម្ម​ដល់​ជីវចម្រុះ​ និង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ជីវិត​រស់​នៅ​របស់​សត្វ​ផ្សោត​ដ៏​កម្រ​នៅ​កម្ពុជា​ផង​ដែរ។​

លោក​ទា ជុប​ អនុរដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន ថ្លែង​ក្រៅ​សិក្ខា​សាល​ថា​ ក្រសួង​បរិស្ថាន​ស្វាគមន៍លទ្ធផល ​ហើយ​ក្រសួងបរិស្ថាន​និង​ពិនិត្យ​ពិចារណា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG