ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​វិលចូល​ប្រជុំ​សភា​វិញ​​

  • នៅ វណ្ណារិន

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​គេ​​ឃើញ​នៅ​ក្នុង​កញ្ចក់​ទូរទស្សន៍​ ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​​​សភា​កាល​ពី​ថ្ងៃ​ទី ១៦ ខែ​ធ្នូ ឆ្នាំ​២០១៥។ (REUTERS/Channa)

ស្ថាន​ភាព​តានតឹង​រវាង​គណ​បក្ស​កាន់​អំណាច​របស់​លោក ​ហ៊ុន សែន​ និង​គណបក្ស​ជំទាស់​របស់​លោក ​សម រង្ស៊ី​ ដែល​កំពង់​រស់​នៅ​និរទេស​ខ្លួន​ ​ហាក់​ដូច​ជា​ត្រូវ​បាន​បន្ថូរ​បន្ថយ​ ក្រោយ​ពេល​ជំនួប​រវាង​លោក​ស ខេង​ និង​លោក​កឹម សុខា​ ​នា​ថ្ងៃ​ទី​១០​ធ្នូ​កន្លង​ទៅ​នេះ។​

ក្រោយ​ពេល​មាន​ភាពតាន​តឹង​នយោបាយនៅ​ក្នុង​ប្រទេស​កម្ពុជា​មួយ​រយៈ​មក​នោះ​ ​តំណាង​រាស្ត្រគណ​បក្ស​ជំទាស់​បាន​វិល​ចូល​ប្រជុំ​សភាវិញ​ហើយ​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ។ ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​៣៤​រូប​ដែរ​រួម​ទាំងលោក ​កឹម សុខា ​ផង​ដែរបាន​ចូល​ប្រជុំ​សភា​ជា​ធម្មតា​វិញ​ហើយនៅ​ថ្ងៃ​ពុធ​នេះ ​បន្ទាប់​ពី​ពហិការ​មិន​ចូល​រួម​កិច្ច​ប្រជុំ​របស់​រដ្ឋសភា​ជាតិ​ជាច្រើន​សប្តាហ៍ ​ក្រោយ​ពេល​មាន​ការ​វាយ​ដំ​ទៅ​លើ​តំណាងរាស្ត្រ​របស់​ខ្លួន​នោះ។​

ក្រុម​អ្នក​វិភាគ​ និង​អ្នក​នយោបាយ​យល់​ថា​ ការវិល​ចូល​សភា​វិញ​របស់​គណបក្ស​ជំទាស់​គឺ​អាច​ស្ថិត​ក្រោម​សម្ពាធ​របស់​គណបក្ស​កាន់​អំណាច​ ក៏​ប៉ុន្តែ​គេ​មិន​មើល​ឃើញ​ពី​ការ​បាត់បង់​ប្រជាប្រិយ​ភាព​របស់​គណបក្ស​ជំទាស់​នេះ​ទេ។​ ​

តាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រី​សភា ​និង​សមាជិក​រដ្ឋសភា​បាន​ឲ្យ​ដឹង​ថា ​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​៣៤​រូប​នៃសមាជិកសរុប​ចំនួន៥៥​រូប រួម​ទាំង​ប្រធាន​ស្តីទី​របស់​ខ្លួន​ គឺ​លោក​ ​កឹម​សុខា​ផងនោះ​ ​បាន​ ​ចូលរួម​កិច្ច​ប្រជុំ​ពេញ​អង្គ​ នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ​ខណៈ​ពេល​សភា​ធ្វើ​ការអនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចំនួន​បី​ផង​ដែរ។​

​បន្ទាប់​ពី​កិច្ច​ប្រជុំ​សភា​លោក ​យ៉ែម បុញ្ញាឫទ្ធិ​ ​សមាជិក​សភា​ និង​ជា​អ្នក​នាំពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់​ VOA​ ថា​ ​ការ​វិល​ចូល​សភា​របស់​តំណាងរាស្ត្រ​គណបក្ស​ជំទាស់​«ធ្វើ​ឡើង​ក្រោយ​ពី​ជំនួបរបស់លោក​កឹម សុខា​ និង​លោក​ស ខេង»​ កាល​ពី​សប្តាហ៍​កន្លង​ទៅ​ ដែល​មាន​ការ​ព្រម​ព្រៀង​ជំរុញ​កិច្ច​សន្ទនា​នៃ​គណបក្ស​ទំាង​ពីរ​ និង​ជួយ​ពង្រឹង​ការ​អនុវត្តលទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ដ៏​ក្រីក្រ​នេះ។

«អឺការ​ចូល​ទៅ​ប្រជុំ​សភា​របស់​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ក្រោយ​ពី​មាន​ជំនួប​នា​ថ្ងៃ​ទី​១០​ខែ​ធ្នូ​រវាង​ឯកឧត្តម​ កឹម សុខា ​និង​សម្តេច​ក្រហោម​ ស ខេង​ ហើយ​ដែល​មាន​សេចក្តី​ថ្លែង​ការណ៍​រួម​បួន​ចំណុចដែល​យើង​ត្រូវ​តែ​បំពេញ​ដើម្បី​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​ និង​ដំណើរការ​ជាវិជ្ជមាន​ទៅ​ខាង​មុខ​ទៀត។​ ​ នោះ​គឺ​ជា​កត្តាចម្បង។​ ​ហើយ​ក្រៅ​ពិនិត្យ​បញ្ហា​សភា​មួយ​ចំនួន ​យើង​កំពុង​ពិនិត្យ​មើល​លើ​ការងារ​ដែល​សេស​សល់»។

តំណាងរាស្ត្រ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​វិមាន​សភា​ជាតិ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ (REUTERS/Channa)
តំណាងរាស្ត្រ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​វិមាន​សភា​ជាតិ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ (REUTERS/Channa)

លោក​យ៉ែម បុញ្ញាឫទ្ធិបាន​បញ្ជាក់​ថា៖​

«ជា​បំណង​សំខាន់​គឺ​យើង​ចង់​រៀបចំ​ឲ្យ​មាន​ការ​អនុវត្ត​បានពេញ​លេញ​រវាង​សំឡេង​ភាគតិច ​និង​សំឡេង​ភាគ​ច្រើន​ ​ក្នុង​ការ​ពិគ្រោះ​យោបល់​ក្នុង​ការ​ពិនិត្យ​លើ​បញ្ហា​ប្រទេស​ជាតិ​ធំៗ។​ នេះ​ជា​ចំណុចមួយ​ដ៏​សំខាន់។​ ​ចំណុចទី​ពីរ​ហៅ​ថា​ ការ​ពិគ្រោះ​យោបល់​ ឬ​ការ​ពិនិត្យ​លើ​សេចក្តី​ព្រាង​ច្បាប់​ ឬ​សេចក្តី​ស្នើ​ច្បាប់​ជា​រួម​ ​ដែលមាន​ភាព​ប្រទាំង​ប្រទើស​ ឬ​មិន​ទាន់​មាន​ភាព​យល់​ស្រប​គ្នា​រវាង​មតិភាគ​តិច​និង​មតិភាគ​ច្រើន»។​

​កាល​ពី​ចុង​ខែ​តុលា​កន្លង​ទៅ​ តំណាង​រាស្ត្រ​ពីររូប​របស់គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​ញ៉យ ចំរើន​ និង​លោកគង់ សភា​ត្រូវ​បាន​ជន​មួយ​ក្រុម​ចោម​រោម​វាយ​តប់​ ​ខណៈ​ពេល​ដែល​ពួក​លោក​ចេញពី​កិច្ច​ប្រជុំ​រដ្ឋ​សភា​ជាតិ​នោះ។ ​គេ​ជឿថា ​ជន​មួយ​ក្រុមជា​អ្នក​ដែល​សេស​សល់​ពី​បាតុកម្ម​ប្រឆាំង​និង​លោក​កឹម​សុខា នា​ព្រឹក​ដដែល​នេះ។​ ​ ​ក្រោយ​ពេលមាន​ការ​វាយ​ប្រហារ​លើ​តំណាង​រាស្ត្រ​មានអភ័យ​ឯកសិទ្ធិ​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ធ្វើ​ពហិការ​មិន​វិល​ទៅ​ប្រជុំ​សភា​ដែល​មិន​ធានា​សុវត្ថិ​ភាព​ឲ្យ​ខ្លួន​នោះ។​

ក៏​ប៉ុន្តែ​ ​មិន​បានប៉ុន្មាន​ថ្ងៃ​ក្រោយ​ការ​វាយ​ប្រហារលើ​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​នោះ​ ​សភាជាតិ​ដែល​កាន់​កាប់​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដក​លោក​កឹម សុខា​ពីតំណែង​អនុប្រធាន​ទីមួយរបស់​រដ្ឋសភា​ ហើយ​មិន​បាន​ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក​ ​ក៏​មាន​ការ​ដក​សភា​ជិកភាព​រដ្ឋ​សភា​របស់លោក​សម រង្ស៊ី​ផងដែរ​ ​ដើម្បី​បើក​ផ្លូវ​ឲ្យ​អាជ្ញាធរ​ចាប់​ខ្លួន​លោកចំពោះ​ទោស​ដែល​តុលាការ​កម្ពុជា​សម្រេចកំបាំង​មុខ​នា​ឆ្នាំ​២០១១​នោះ។​

ស្ថាន​ភាព​តានតឹង​រវាង​គណ​បក្ស​កាន់​អំណាច​របស់​លោក ​ហ៊ុន សែន​ និង​គណបក្ស​ជំទាស់​របស់​លោក ​សម រង្ស៊ី​ ដែល​កំពង់​រស់​នៅ​និរទេស​ខ្លួន​ ​ហាក់​ដូច​ជា​ត្រូវ​បាន​បន្ថូរ​បន្ថយ​ ក្រោយ​ពេល​ជំនួប​រវាង​លោក​ស ខេង​ និង​លោក​កឹម សុខា​ ​នា​ថ្ងៃ​ទី​១០​ធ្នូ​កន្លង​ទៅ​នេះ។​ ក្នុង​នោះ​តំណាង​គណបក្ស​ធំៗ​ទាំង​ពីរ​បាន​យល់​ព្រម​គ្នា​បង្កើត​ក្រុម​ការងារ​មួយ​ ​ដែល​មាន​ការ​ចូលរួម​ដោយ​គណបក្ស​ទាំង​ពីរ​ ​ដើម្បី​«សិក្សា​ស្រាវជ្រាវ​ពិនិត្យ​លទ្ធភាព​ដំឡើង​កម្រិត​នៃ​វប្បធម៌​សន្ទនា»​ និង​ប្តេជ្ញា​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​មាន​ឡើង​ ជាពិសេស​ជម្លោះ​នយោ​បាយ​របស់​ផង​ខ្លួន។​

យ៉ាងណាមិញ ​លោក យ៉ែម បុញ្ញាឫទ្ធិ​ បាន​ការពារ​ចំណាត់​ការ​របស់​គណបក្ស​ខ្លួន​ថា ​ការ​វិល​ចូល​រដ្ឋសភា​គឺ​នឹង​បើក​ឱកាស​ឲ្យ​ខ្លួន​បន្ត​ការងារនិង​ពង្រឹង​កេរ្តិ៍​ឈ្មោះ​របស់​រដ្ឋ​សភាជាតិ​ ជាពិសេស​គណ​បក្ស​សង្គ្រោះ​ជាតិ​និង​បន្ត​កោះ​ហៅ​តំណាង​រដ្ឋាភិ​បាល​មក​បកស្រាយ​បញ្ហា​មួយ​ចំនួន​ទៀត។

​លោក​សុខ ឦសាន្ត​ តំណាង​រាស្ត្រ​ និង​ជា​អ្នក​នាំពាក្ស​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ចូលរួម​កិច្ច​ប្រ​ជុំ​សភា​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ​បាន​សាទរការ​វិល​ត្រឡប់​របស់​តំណាង​រាស្ត្រ​គណបក្ស​ជំ​ទាស់។​ ​លោក​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ​ការ​វិល​ត្រឡប់​នេះ​ក៏​មាន​ការ​ស្វាគមន៍​ពី​លោក​ ហ៊ុន សែន ​ដែល​មាន​វត្តមាន​នៅ​ទី​នោះ​ផង​ដែរ។​

«អាហ្នឹង​គឺ​ជា​សិទ្ធិ​ស្វ័យ​សម្រេច​របស់​គាត់​នោះ​ទេ។​ ​ហើយ​ដោយ​ឡែក​សម្រាប់គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ស្វាគមន៍​ជានិច្ច​ចំពោះ​ការ​ចូលរួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​គ្រាន់​ថា​ ​គាត់​សម្រេច​សន្យា​ប្តេជ្ញា​ថា ​ចូល ​ឬ​មិន​ចូល​គឺ​ជា​សិទ្ធិ​របស់​គាត់​នោះ​ទេ ​តែ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ជំហរ​មួយ​គឺ​ចង់​ឲ្យ​គាត់​ចូល​ វា​ល្អ​ជាង​មិន​ចូល។​ ​ ​ក៏​ប៉ុន្តែ​យើង​មិន​អាច​ចាប់​បង្ខំ​គាត់​បាន​ទេ។​ ត្រង់​ចូល ​ឬ​មិន​ចូល​គឺ​ជា​រឿង​របស់​គាត់​ ហើយ​ដំណើរ​ការ​សភា​នៅ​តែ​បន្ត។​ វា​គ្មាន​អី​មក​រាំង​ស្ទះ​នោះ​ទេ»។​

​លោក​សុខ ឦសាន​បាន​បន្ត​ថា​ ​ការ​វិល​ចូល​រដ្ឋ​សភា​របស់​គណបក្ស​សង្គ្រោះជាតិ​គឺ​បង្ហាញ​ពី​ផល​វិជ្ជមាន​ និង​ភាព​ធូរស្រាល​ផ្នែក​នយោបាយ បន្ទាប់​ពី​គណបក្ស​ធំៗ​ទាំង​ពីរ​នេះ​មាន​ភាព​រកាំ​រកូស​នឹង​គ្នា​នោះ។​

ស្រប​គ្នា​នោះ​ដែរ​ ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​កាន់​អំណាច​ជាង​៣​ទសវត្សរ៍​ បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន​នាថ្ងៃ​ពុធ​នេះ​ ដោយសាទរ​ចំពោះ​កា​រវិល​វិញ​របស់​គណបក្ស​ដៃ​គូ។​ លោក​លើក​ឡើង​ក្នុង​សំណេរ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

«វា​ស​បញ្ជាក់​ឲ្យឃើញ​ពី​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​តំណាង​រាស្ត្រ​មកពី​គណបក្ស​កាន់​អំណាច ​និង​គណ​បក្ស​ជំទាស់​បាន​ធ្វើការ​រួមគ្នា​ដើម្បីពិនិត្យ​ សម្រេច​ អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​សារៈ​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ​ទាំង​មូល»។​

យ៉ាង​ណា​ក៏​ដោយ​ ការ​ចូល​សភា​របស់​គណបក្ស​ជំទាស់​គឺ​មិន​មាន​អី​គួរ​ឲ្យ​ភា្ញក់​ផ្អើល​សម្រាប់លោក​អ៊ូ វីរៈ​ ​អ្នកវិភាគ ​និង​ជា​ប្រធាន​វេទិកា​អនាគត ​ទេ​ ដោយ​សារ​មាន​សម្ពាធ​ពី​ខាង​គណបក្ស​កាន់អំណាច។​ ​ លើសពីនោះ​ទៀត​ ​លោក​ថា​ ការ​សម្រេច​គណ​បក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​ធ្វើ​ពហិការ​គឺជា​សេចក្តី​សម្រេចលឿន​ហួស​ហេតុ​ ដោយ​មិន​បាន​ពិចារណា។​

«ខ្ញុំ​ទាយ​រួច​ហើយ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ និង​ដាក់​សម្ពាធ​ ហើយ​សម្ពាធ​មួយ​ដែល​ពួក​គាត់​ដាក់​គឺ​ទាក់​ទង​រឿង​ប្រាក់​ខែ​ និង​ផល​ប្រយោជន៍​មួយ​ចំនួន​ ដូច​ជា​ឡាន​ និង​គណៈ​កម្មការ​អី​អញ្ចឹង​ទៅ។​ ​ដោយ​សារ​តែ​អញ្ចឹង​បានខ្ញុំ​ថា ​គណបក្ស​ប្រឆាំង​ហ្នឹង​មាន​សម្ពាធ។​ ហើយ​ដោយ​សារ​តែ​ការ​បោះ​ឆ្នោត​ពីរ​បី​ឆ្នាំ​ទៀត ​ពួក​គាត់​នឹង​ដាច់​ប្រាក់​ ​ក៏​អត់​មាន​លុយ​ធ្វើ​ការងារ ​ឬ​គោល​នយោបាយ​ ឬ​ឃោសនា​ដែរ។​ អញ្ចឹង​ខ្ញុំ​ទាយ​ពី​ជំហ៊ាន​ហ្នឹង​ ​ខ្ញុំ​ទាយ​ថា​ នឹង​មាន​ការ​ប្តូរ​ចិត្ត។​ ហើយ​សម្រេច​ធ្វើ​ពហិការ​ ខ្ញុំ​មិន​ច្បាស់​លាស់​ដែរ​ ដោយ​សារតែ​ការ​សម្រេច​ហ្នឹង​វា​លឿន​ពេក​ មិន​មាន​ការ​គិត​ឲ្យ​គ្រប់ជ្រុង​ជ្រោយ។​ ក៏​ប៉ុន្តែ​បន្ទាប់​ពី​មាន​សម្ពាធ​ហ្នឹងក៏​នាំ​គ្នា​សម្រេច​ចូល»។​

លោក ​អ៊ូ វីរៈ ​បាន​បញ្ជាក់​ថា​ ការ​វិល​ចូល​សភា​វិញ​គឺ​មិន​មាន​ផល​អវិជ្ជមាន​អ្វី​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​ ​ព្រោះ​គណ​បក្ស​សង្គ្រោះ​ជាតិគឺ​«ជា​អ្នក​កំដរ​គណបក្ស​កាន់​អំណាច​របស់​លោក​ហ៊ុន សែន​ ដោយ​សារ​តែ​គោល​ជំហរ​មិន​ច្បាស់​លាស់​របស់ខ្លួន​នោះ។​

«ពហិការ​ក៏មិន​ជួយ​ប៉ុន្មាន​ ​ហើយ​ការ​ចូល​សភា​ក៏​មិន​ប៉ះ​ពាល់​អី​ដែរ។​ ជា​ទូទៅ​ ពួក​គាត់គ្រាន់​តែ​ជា​តួអង្គ​កំដរ​ ​នា​ពេល​បច្ចុប្បន្ន​ ដោយ​សារ​តែ​គណបក្ស​កាន់​អំណាច​មាន​សមាជិក​សភា​គ្រប់​គ្រាន់​ ហើយ​គណ​បក្ស​ប្រឆាំង​គ្រាន់តែ​ជា​តួអង្គ​កំដរ​ទេ។​ ​ប៉ុន្តែ​ក្នុង​ករណី​ដែល​ពួក​គាត់​មាន​គោល​នយោបាយ​ច្បាស់​លាស់​ ​ហើយ​គាត់​អាច​បង្ហាញ​ជា​សាធារណៈ​ ​ទោះ​ក្នុង​សភា​ក្តី​ ​ក្រៅ​សភា​ក្តី ជាសា​ធារ​ណៈ​ក្តី​ អាហ្នឹង​គាត់​អាច​ដើរ​តួនាទី​ជា​តួអង្គ​ប្រកួត​ប្រជែង»។

សូម​បញ្ជាក់​ថា​ មិន​ទាន់​មាន​ដំណោះ​ស្រាយ​សម្រាប់​សកម្ម​ជន​ និង​សមាជិក​ព្រឹទ្ធ​សភា​របស់​គណ​បក្ស​ជំទាស់​ជាង​១០​រូប​ ដែល​ត្រូវ​បាន​ ​តុលាការ​កម្ពុជា​ចាប់​ឃុំ​ខ្លួន​កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​ ទាក់ទង​នឹងបញ្ហា​ព្រំដែន​ និង​បាតុកម្ម​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​នោះ​ទេ។​ ​តំណាង​គណបក្ស​ធំៗ​ទាំង​ពីរ​អះ​អាង​ប្រាប់​ VOA​ ថា​ ខ្លួន​នឹង​ធ្វើការ​ជួប​ប្រជុំ​បន្ថែម​ទៀត​ដើម្បី​ពង្រឹង​កិច្ច​សន្ទនា​រវាង​គ្នា​នឹង​គ្នា ​ក៏ប៉ុន្តែ​មិន​ទាន់​មាន​ការ​កំណត់​ពេល​ជួប​គ្នា​នៅ​ឡើយ​នោះ​ទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG