ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បក្ស​កាន់​អំណាច​និងគណបក្ស​​ប្រឆាំង​ជួប​គ្នា​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង​នយោបាយ

  • ម៉ែន គឹមសេង

លោក​ ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​លោក​ កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ជួប​ពិភាក្សា​គ្នាដើម្បី​ដោះស្រាយ​ជម្លោះ​នយោបាយ​រវាង​គណបក្ស​ទាំងពីរនៅ​រដ្ឋសភា​ជាតិ កាល​ពី​ថ្ងៃព្រហស្បតិ៍ ទី១០ ខែ​ធ្នូ ឆ្នាំ២០១៥។ (Courtesy photo from Kem Sokha's Facebook page)

មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​ប្រជុំ​គ្នា​នៅថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ ដើម្បី​ស្វែងរក​វិធី​ដោះស្រាយ​ជម្លោះ​នយោបាយ​រវាង​គណបក្ស​ទាំងពីរ ដែល​បាន​ឡើង​កម្តៅ​ជា​ខ្លាំង​ក្នុង​រយៈពេល​ជិត​ពីរ​ខែ​ចុងក្រោយ​នេះ។​

នេះ​ជា​ជំនួប​លើក​ទីមួយ​ចាប់​តាំង​ពីមាន​ការ​ដក​តំណែង​អនុ​ប្រធាន​សភា​ពី​លោក​ កឹម សុខា និង​ការ​បណ្តេញ​លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​ប្រឆាំង​ ចេញ​ពី​សភា​ជាតិ។​

បន្ទាប់​ពី​ការ​ជួប​ប្រជុំ​រយៈពេល​ខ្លី​ ដែល​ដឹកនាំ​ដោយ​លោក​ ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​និង​លោក​ កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គូ​ប្រជែង​នយោបាយ​ទាំង​ពីរ​បក្ស ​បាន​យល់​ព្រម​គ្នា​បង្កើត​ក្រុម​ការងារ​មួយ​ ដែល​មាន​ការ​ចូលរួម​ដោយ​គណបក្ស​ទាំងពីរ​ ដើម្បី​«សិក្សា​ស្រាវជ្រាវ​ពិនិត្យ​លទ្ធភាព​ដំឡើង​កម្រិត​នៃ​វប្បធម៌​សន្ទនា‍»​ និង​ប្តេជ្ញា​ដោះស្រាយ​បញ្ហា ​ដែល​កើត​មាន​ឡើង​ជាពិសេស​ជម្លោះ​នយោបាយ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​ ដែល​បាន​ចែក​ផ្សាយ​ដល់​អ្នក​សារព័ត៌មាន។

លោក​ យឹម សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ប្រាប់​ VOA ​ថា៖

«យើង​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ប្រក្រតី​ឡើង​វិញ​នៅ​ស្ថាន​ការណ៍។ ដូច្នេះ​អ្វី​ដែល​ជា​បញ្ហា​អាច​នាំ​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ​យើង​ត្រូវ​តែ​រួមគ្នា​ដោះស្រាយ‍»។

គណបក្ស​ប្រឆាំង​ទទួល​រង​ការ​វាយ​ប្រហារ​ជា​បន្តបន្ទាប់​ក្នុង​នោះ​មាន​ការ​បណ្តេញ​លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​ចេញ​ពី​សភាជាតិ​ ដើម្បី​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរឆ្នាំ​ និង​ការ​ប្តឹង​ផ្តល់​ជា​បន្ត​បន្ទាប់​ពាក់​ព័ន្ធ​នឹង​បណ្តឹង​បរិហាកេរ្តិ៍​របស់​លោក​ ហេង សំរិន ​ប្រធាន​រដ្ឋ​សភា​ និង​ការ​ផ្សាយ​ឯកសារ​ព្រំដែន​ក្លែងក្លាយ។ ទន្ទឹម​នឹង​នេះ​ក៏​មាន​អ្នក​តំណាង​រាស្ត្រ​ចំនួន​ពីរ​របស់​ខ្លួន​ត្រូវ​ក្រុម​បាតុករ​ ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​វាយ​ដំទាត់​ធាក់​យ៉ាង​ខ្លាំង។

គណបក្ស​ទាំងពីរ​ក៏​ព្រមព្រៀង​គ្នា​ពង្រឹង​របៀប​របប​ការងារ​នៅ​ក្នុង​សភា​ជាតិ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ និង​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច ​ដែល​មាន​ការ​ចូលរួម​ដោយ​គណបក្ស​ទាំងពីរ​ដើម្បី​ពិនិត្យ​ និង​ផ្តល់​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សហជីព​ផងដែរ។

លោក ​យឹម សុវណ្ណ​ បាន​បន្ថែម​ថា៖​

«សេចក្តី​ព្រាងច្បាប់​នេះ​មាន​សារៈសំខាន់​ពី​ព្រោះ​វា​ប៉ះពាល់​ដល់​កម្មករ​ កម្មការិនី​រាប់​សែន​នាក់​ ដូច្នេះ​យើង​ត្រូវ​ជជែក​គ្នា​ដើម្បី​ពិនិត្យ ​ហើយ​នឹង​ផ្តល់​យោបល់​ហើយ​សិក្សា​បន្ថែម​នូវ​អនុសាសន៍​ពី​ខាង​សហជីព‍»៕

XS
SM
MD
LG