ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​សម រង្ស៊ី​រង​បណ្តឹង​ពី​លោក​ហេង សំរិន​ដោយ​សារ​ផ្សាយ​​បន្ត​បន្ទូល​អតីត​ព្រះ​មហាក្សត្រ​


នៅ​ក្នុង​រូប​ថត​ពី​អេក្រង់​ទូរទស្សន៍​នៅ​មន្ទីរ​ដ្ឋសភា​នេះ លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ជាតិ​​​ នៅ​ក្នុង​សម័យ​ប្រជុំ​អនុម័ត​ច្បាប់​អង្គការ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)

ប្រធាន​សភាជាតិ​កម្ពុជាគឺ​លោក ​ហេង សំរិន​ បាន​ប្តឹង​លោក​សម រង្ស៊ី អំពី​ការ​ជាប់​ទាក់​ទង​​នឹង​ការ​​បរិហាកេរ្តិ៍​​ទៅ​លើ​លោក​។

តុលាការរាជធានី​ភ្នំពេញបាន​ចេញ​ដី​កា​កោះ​ថ្មី​មួយ​ទៀត​បង្គាប់​ឲ្យ​លោក ​សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិចូល​ទៅកាន់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ដើម​ខែ​មករាខាង​មុខ​នេះ​ ទាក់​ទិន​នឹង​បណ្តឹង​បរិហាកេរ្តិ៍​ ដែល​ប្រធាន​សភាជាតិ​កម្ពុជាគឺ​លោក ​ហេង សំរិន​ អះអាង​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រូបលោក។​ នេះ​បើ​យោង​ទៅតាម​ដីកា​កោះ​ចេញ​ដោយ​ព្រះ​រាជអាជ្ញា​រង​មួយ​រូប​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​និង​អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​ប្រឆាំង។​

ការ​ចេញ​ដីកាកោះ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ លោក​ សត្យា សម្បត្តិ​ ឬ​សម្បត្តិ​ សត្យា​ អ្នក​កាត់​ត​វីដេអូ​ និង​ជា​ជំនួយការ​លោក ​ហុង​ សុខហួរ​ និង​លោក​ អុង ជុង​លាង​អ្នក​គ្រប់​គ្រង​ទំព័រ​ហ្វេសប៊ុក (Facebook) ​របស់​លោក​ សម រង្ស៊ី​ ពី​បទសមគំនិត​ក្នុង​អំពើ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ ប្រើ​ប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ និង​ញុះ​ញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម​ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ និង​១៣​ខែ​សីហា​ ឆ្នាំ​២០១៥។​

នៅ​ក្នុង​ដីកា​កោះ​ហៅ​លោក សម រង្សី​ ធ្វើ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី ថ្ងៃ​ទី​០១​ ខែ​ធ្នូ​ ឆ្នាំ​២០១៥​ និង​ចុះ​ហត្ថលេខា​ដោយ​ លោក ​វង្ស ប៊ុនវិសុទ្ធ​ ព្រះ​រាជអាជ្ញា​រង​ នៃ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កោះហៅ​សម រង្សី​ឲ្យ​ចូល​មក​កាន់​ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​០៤​ ខែ​មករា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​ ០៨​ និង​៣០​នាទី​ព្រឹកដើម្បី​សាកសួរ​ ពី​ដំណើរ​រឿង ​«បរិហាកេរ្តិ៍​ តាម​រយៈ​បណ្តាញ​សង្គម​ Facebook កាល​ពី​ថ្ងៃ​ទី​ ១៧​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៥​ តាម​ពាក្យ​បណ្តឹង​របស់​លោក​ គី​ តិច​ មេធាវី​តំណាង​មេធាវី​តំណាង​លោក​ហេង​ សំរិន»​។​

លោក​ សម រង្សី​ដែល​កំពុង​និរទេស​នៅ​ក្រៅ​ប្រទេស​ បាន​ទទួល​ដីកា​ចាប់​ខ្លួន​និង​ដីកា​កោះ​នេះ​ ជា​លើក​ទីបីហើយ​នៅ​ចុង​ឆ្នាំ​២០១៥​នេះ។​ ​លោកត្រូវ​បាន​រដ្ឋ​សភា​ដែល​មាន​តែ​អ្នក​តំណាងរាស្រ្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​លុបចោល​អភ័យ​ឯកសិទ្ធិ​ជា​អ្នក​តំណាងរាស្រ្ត​កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​ដើម្បី​ឱ្យ​ប្រឈមមុខ​នឹង​ទោស​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរ​ឆ្នាំ​ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍​ដែល​លោក​បាន​ថ្លែង​ថា​លោក ​ហោ ណាំហុង​ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​បាន​ឃុបឃិត​ជាមួយ​នឹង​ក្រុម​ខ្មែរ​ក្រហម​ពេល​ដែល​លោក​នៅ​ជាប់​ក្នុង​ពន្ធនាគារ​បឹងត្របែក។​ មេ​បក្ស​ប្រឆាំង​រូប​នេះ​ ក៏​កំពុង​ត្រូវ​តុលាការ​កោះហៅ​ឱ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ​ខាង​មុខ​នេះ​ផង​ដែរទាក់​ទិនសំណុំរឿង​ផ្សាយ​ឯកសារ​ព្រំដែន​ក្លែងក្លាយ​ដែល​លោក​ ហុង សុខហួរ​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី​ ​បាន​ផ្សាយ​តាម​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក។​

លោក ហុង សុខហួរ​ កំពុង​ជាប់​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស។ កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លងទៅ​នេះ​ តុលាការ​សាលា​ឧទ្ធរណ៍​បាន​ច្រាន​ចោល​បណ្តឹង​របស់​លោក​ ជូង ជូងី​ មេធាវី​ការ​ពារ​ក្តី​ឲ្យ​លោក​ ហុង សុខហួរ​ ដែល​ស្នើ​សុំ​មិន​ផ្តល់​ម៉ាស៊ីន​កំព្យូទ័រ​ដែល​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រឆាំង​រូប​នេះ​ បាន​ប្រើ​សម្រាប់​ទាញ​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​១៩៧៩។

លោក យ៉ែម បុញ្ញឬទ្ធិ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​ថា​ ខុទ្ទកាល័យ​របស់​លោក​ សម រង្សី​ បាន​ទទួល​ដី​កា​កោះ​នេះ​។​ លោក​ថា ការ​ចេញ​ដី​កា​នេះ​ ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​រឿងនយោបាយ​។​

«គណបក្ស​សង្គ្រោះ​ជាតិ​យល់​ឃើញ​ថា​ ការណ៍​នេះ​ជា​រឿង​នយោបាយ​ច្រើន​ជាង​ រឿង​តុលាការ​ ពី​ព្រោះ​ការ​ចេញ​ដី​កា​ជាបន្តបន្ទាប់​ នាំ​ឲ្យ​មាន​លក្ខណៈ​ខុស​ មិន​ប្រក្រតី​មួយ​ចំនួន​ ដូច្នេះ​ យើង​យល់​ថា​ជា​រឿង​នយោបាយ​ច្រើន​ជាង»។​

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់ ​VOA​ ថា​តើ​លោក​ សម រង្សី​ នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​ករណី​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក​ ហុង សុខហួរ ​នៅ​ថ្ងៃ​ទី​០៤​ ធ្នូ ខាងមុខ​នេះ​ ​លោក​ថ្លែង​ថា៖​

«ឯកឧត្តម​សម រង្សី​ គាត់​មិន​ទាន់​ចូល​មក​វិញ​ទេ​ ពីព្រោះ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ យើង​យល់​ថា​ ចង់​ឲ្យ​មាន​ស្ថិរភាព​នយោបាយ​ ភាព​ស្ងប់​ស្ងាត់​ ដូច្នេះ​យើង​ពុំទាន់​បាន​ សម្រេច​ថា​ គាត់​ចូល​មកវិញ​ទេ»។​

​VOA ​មិន​អាច​ទាក់​ទង​លោក​ វង្ស ប៊ុនវិសុទ្ធ​ ព្រះ​រាជអាជ្ញា​រង​នៃ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​សុំ​ការ​អធិប្បាយ​លើ​បណ្តឹង​បរិហាកេរ្តិ៍​ ប្តឹង​ដោយ​មេធាវី​ការ​ពារ​ក្តី​ឲ្យ​លោក​ ហេង សំរិន ​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ​។​

យ៉ាង​ណាក៏ដោយ​ លោក​ គី​ តិច​ មេធាវី​តំណាង​លោក​ ហេង សំរិន​ ដែល​ជា​មេដឹកនាំ​ជាន់​ខ្ពស់​មួយ​ក្នុង​របប​សាធារណៈ​រដ្ឋ​ប្រជាមានិត​កម្ពុជា​ ថ្លែង​ថា​ បណ្តឹង​របស់​លោក​ មិន​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នយោ​បាយ​នោះ​ទេ​ ហើយ​ថា​ វីដេអូ​ឃ្លីប​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ របស់​លោក សម រង្សី​ កាលពី​ថ្ងៃ​ ទី​១៧​ វិច្ឆិកា​ មាន​ចេតនា​បង្ខូច​កេរ្តិ៍​ឈ្មោះ​ លោក​ ហេង សំរិន។​

«ឃ្លីប​វីដេអូ​ហ្នឹង​ ខ្ញុំ​ចង់​បញ្ជាក់​ថា​ អាហ្នឹង​គឺ​ជា​ចេតនា​ ចេតនា​បំភ័ន្ត​មតិ​ជាតិ​ និង​អន្តរជាតិ​ ដោយសារ​នៅ​ក្នុង​ឃ្លីប​ហ្នឹង​ សម្តេច​ព្រះ​ នរោត្តម ​សីហនុ​ ព្រះ​អង្គ​មាន​បន្ទូល​ពាក់​ព័ន្ធ​ការ​ទិតៀន​ ទៅលើ​ជន​ជាតិ​វៀតណាម​ ទ័ព​វៀតណាម​ដែល​មក​បង្កប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ អញ្ចឹង​សម្តេច​ព្រះ​នរោត្តម​សីហនុ​គាត់​ចោទ​ប្រកាន់​ គាត់​មាន​បន្ទូល​ពាក់​ព័ន្ធ​បញ្ហា​ហ្នឹង​»។​

លោក​ថ្លែង​បន្ត​ថា​ ការណ៍​នេះ​ អាច​ធ្វើ​ឲ្យ​សាធារណៈ​ជន​ និង​សហគមន៍​អន្តរជាតិ​មាន​ការ​យល់​ខុស​ទៅ​លើ​ការ​ថ្លែង​របស់​អតីត​ព្រះ​មហា​ក្សត្រ​ខ្មែរ។​ ​

«អញ្ចឹង​ហើយ​ឯកឧត្តម​ សម រង្ស៊ី​ គាត់​ដាក់​អាហ្នឹង​មក​ដើម្បី​ ប្រជាពលរដ្ឋ​យើង​ក៏​ដូច​ជា​ មតិ​អន្តរជាតិ​ហ្នឹង​មើល​មក​ដោយ​សារ​ សម្តេច​ទិតៀន​ ទៅលើ​ជំនាន់​ដឹកនាំ​របស់​សម្តេច​ហេង​ សំរិន​អញ្ចឹង​ហើយ​ បាន​សម្តេច​ហ្នឹង​ បង្គាប់​ឲ្យ​តុលាការ​កាត់​ទោស។​ អាហ្នឹង​គឺ​ជា​ការ​រៀប​ចំ​បំភាន់​ ចេតនា​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ ​តែ​ធាតុ​ពិត​ គឺ​អត់​មាន​ទេ​ អត់មាន​ការ​កាត់​ទោស​ទៅលើ​សម្តេច​សីហនុ​ទេ​ ក្នុង​ជំនាន់​ដឹកនាំ​របស់​សម្តេច ​ហេង​ សំរិន»។​

នៅ​ក្នុង​ផ្នែក​ខាង​ដើម​នៃវីដេអូ​ឃ្លីប​ ដែល​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ របស់​ លោក​ សម រង្សី​នៅ​ថ្ងៃ​ទី​១៧​ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​ សម្តេច​ព្រះ​បរមរតនកោដ្ឋព្រះបាទ​នរោត្តម ​សីហនុ​ មាន​ព្រះ​បន្ទូល​ថា៖​

«យួន​វា​បញ្ចូល​យួន​ទៅ​ក្នុង​កងទ័ព ​ហេង សំរិន​ ហេតុ​ហ្នឹង​បាន​ជា​យួន​ វា​និយាយ​ប្រាប់​គេ​ឯង​ ក្នុង​ពិភពលោក​ថា​ វា​អាច​នឹង​ នឹង​ចេញ​ពី​ប្រទេស​ខ្មែរ​បាន​ ក្នុង​៦ឆ្នាំ​ទៀត​ យ៉ាង​យូរ​១០​ឆ្នាំ​។​ ហេតុអ្វី​ក៏​អា​យួន​ វា​និយាយ​អញ្ចឹង​ បាន​វា​និយាយ​អញ្ចឹង​ពី​ព្រោះ​ វា​យក​ពេល​វេលា​ ៦ឆ្នាំ​ ៧​ ៨​ ៩​ ១០​ឆ្នាំ​ ហ្នឹង​ដើម្បី​ បញ្ចូល​យួន​ ដែល​ចេះ​វាយ​តប់​អី​ វា​បញ្ចូល​ទៅ​ឲ្យ ​ហេង សំរិន​ កាន់​តែ​ច្រើន​ឡើង​ ក្នុង​ឋានៈ​ជា​ខ្មែរ​។​ យួន​ប៉ុន្តែ​កាន់​កាត​ខ្មែរ​»។​

គណបក្ស​ប្រឆាំង​បាន​រង​ការ​វាយ​ប្រហារ​ជា​បន្តបន្ទាប់ ​នៅ​ក្រោយ​ពេល​ដែល​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​នេះ​ផ្តើម​ការ​រិះគន់​រដ្ឋាភិបាល​លើ​ការ​ប្រើ​ប្រាស់​ផែន​ទី​សម្រាប់​កំណត់​ខណ្ឌ​សីមា​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម។ ជាង​នេះ​ទៅទៀត​ ការ​និយាយ​រិះគន់​ចុងក្រោយ​របស់​លោក​ សម រង្ស៊ី ​ទៅលើ​ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ ​ដែល​មិន​ទាន់​ឯករាជ្យ​ ការ​បែង​ចែង​ដីធ្លី​ និង​គុណភាព​អប់រំ​ក្នុង​កម្រិត​ឧត្តម​សិក្សា​នោះ​ បាន​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ មិន​សប្បាយ​ចិត្ត​ ហើយ​លោក​បាន​លោក​ប្រកាស​ថា​ កម្ពុជា​នឹង​ជួប​សង្គ្រាម ​បើ​គណបក្ស​ប្រជាជន​កម្ពុជា​លែង​កាន់​អំណាច។​

ការ​ចេញ​ដីកា​កោះ​ជា​សាធារណៈ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​បាន​កើតឡើង​ចំ​ពេល​ដែល​គណបក្ស​គ្រប់​គ្រង​ប្រទេស​ កំពុង​ប្រារព្ធ​ថ្ងៃ​កំណើត​រណសិរ្ស​ ២​ធ្នូ​ ឆ្នាំ១៩៧៨ និង​ជ័យ​ជម្នះ​ ៧មករា​ ឆ្នាំ​១៩៧៩។​ លោក ​ហេង សំរិន​ គឺជា​ស្ថាបនិក​ម្នាក់​នៃ​រណសិរ្ស​ ២​ធ្នូ​ និង​ជា​អ្នកតស៊ូ​ជាមួយលោក​ ប៉ែន​ សុវណ្ណ​ ជា​ស្ថាបនិក​ម្នាក់​ទៀត​នៃ​រណសិរ្ស​នេះ​។ លោក ​ប៉ែន​ សុវណ្ណ​ ក៏​ជា​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​ ដែល​ពេល​នេះ​កំពុង​ឈឺ​ធ្ងន់៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG