ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​សម រង្ស៊ី៖ កម្ពុជា​វិល​ទៅ​រក​ការ​ដឹកនាំ​បែប​ឯកបក្ស​ដូច​សម័យ​សង្គ្រាម​ត្រជាក់

  • ម៉ែន គឹមសេង

រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ នៅថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ (ហ៊ាន សុជាតា/ VOA Khmer)

លោក​ សម រង្ស៊ី ​បាន​ហៅ​ចំណាត់​ការ​នា​ពេល​ថ្មីៗ​នេះ​របស់​រដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋ​សភា​ជាតិ​មក​លើ​រូប​លោក​ថា​ ជា​ការ​កាត់​ផ្តាច់​សំឡេង​បក្ស​ប្រឆាំង ​និង​នាំ​យក​ប្រទេស​កម្ពុជា​ឱ្យ​ស្ទើរតែ​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​ការ​ដឹកនាំ​បែប​ឯកបក្ស ដូច​នៅ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ឡើង​វិញ។

លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ហៅ​ចំណាត់​ការ​នា​ពេល​ថ្មីៗ​នេះ​របស់​រដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋ​សភា​ជាតិ​មក​លើ​រូប​លោក​ថា​ ជា​ការ​កាត់​ផ្តាច់​សំឡេង​បក្ស​ប្រឆាំង ​និង​នាំ​យក​ប្រទេស​កម្ពុជា​ឱ្យ​ស្ទើរតែ​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​ការ​ដឹកនាំ​បែប​ឯកបក្ស​ ដូច​នៅ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ឡើង​វិញ។​

នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​ជា​ភាសា​អង់គ្លេស​ដែល​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃ​សុក្រ​នេះ លោក ​សម រង្ស៊ី​ បាន​ផ្តល់​អំណះ​អំណាង​ពី​ភាព​ស្រប​ច្បាប់​នៃ​អភ័យ​ឯក​សិទ្ធិ​សភា​របស់​លោក​ដោយ​មាន​ការទទួល​ស្គាល់​តួនាទី​របស់​លោក​ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​ព្រះ​មហាក្សត្រ ​ស្ថាប័ន​រដ្ឋ​ធម្មនុញ្ញ ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ និង​សភា​ជាតិ​ជាដើម។

លោក​ សម រង្ស៊ី​ ត្រូវ​បាន​អ្នក​តំណាង​រាស្ត្រ​ដែល​មាន​តែ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បណ្តេញ​ចេញ​ពី​សភា​ជាតិ​កាលពី​ថ្ងៃ​ទី​១៦ ​ខែ​វិច្ឆិកា​ ដើម្បី​ឱ្យ​ប្រឈម​មុខ​នឹង​ទោស​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​ក្នុង​បណ្តឹង​បរិហារកេរ្តិ៍​ដោយ​លោក ​ហោ ណាំហុង​ និង​បណ្តឹង​ចំនួន​ពីរ​ផ្សេង​ទៀត រួមមាន​ការ​ផ្សាយ​ឯកសារ​ព្រំដែន​ក្លែង​ក្លាយ​ផង​ដែរ។

លោក​ សម រង្ស៊ី​ ចាត់​ទុក​ថា​ នេះ​ជា​ល្បិច​នយោបាយ​តែ​ប៉ុណ្ណោះ៖ «ដើម្បី​បង្ហាញ​ពី​ភាព​ស្រប​ច្បាប់​នៃ​ចំណាត់​ការ​មិន​តាម​លទ្ធិ​ប្រជាធិបតេយ្យ ​ក្រុម​អាជ្ញាធរ​កម្ពុជា​ប្រើ​ប្រាស់​ម៉ាស៊ីន​យុត្តិធម៌​ ដែល​លាប​ខ្លាញ់​បាន​យ៉ាង​ល្អ​យក​មក​បម្រើ​គោល​បំណង​នយោបាយ​របស់​ពួក​គេ‍»។​

លោក​ក៏​បាន​រៀបរាប់​ថា ​ក្នុង​ពេល​ដែល​សភា​ជាតិ​ទទួល​ស្គាល់​រូប​លោក​ជា​ផ្លូវការ​មិន​មាន​អ្នក​ណា​ម្នាក់​ ដែល​សូម្បី​លោក ហោ ណាំហុង ​ម្ចាស់​បណ្តឹង​ដើម​ចម​ឱ្យ​មាន​ការ​តាម​ចាប់​ខ្លួន​រូបលោក​ និង​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ឬ​ប្រធាន​សភា​ឬ​អ្នក​តំណាង​រាស្ត្រ​ណា ​ដែល​មាន​វត្តមាន​សម្តែង​ការ​ជំទាស់​ទេ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នេះ​លោក​ សម រង្ស៊ី​ បាន​ចាត់​ទុក​ថា​ លោក​រងគ្រោះ​ដោយ​សារ​តែ​ការងារ​របស់​លោក​ប៉ុណ្ណោះ៖

«វា​ហាក់​ដូច​ជា​ទស្សនៈ​របស់​ខ្ញុំ និង​ទង្វើ​របស់​ខ្ញុំ​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស​ និង​អភិបាល​កិច្ច​ល្អ​ក្នុង​ប្រទេស​កម្ពុជា​គឺ​បាន​ធ្វើ​ឱ្យ​អាម៉ាស់​មុខ​ដល់​ក្រុម​អាជ្ញាធរ​អញ្ចឹង​ហើយ​បាន​ជា​ញឹកញយ​ពួកគេ​ប្រើប្រាស់​របៀប​បណ្តេញ​ចេញ​តាម​ទំនើង​ចិត្ត​នូវ​សមាជិក​សភា​ ដែល​បាន​ជាប់​ឆ្នោត‍»។

​នេះ​ជា​លើក​ទីបួន​ហើយ​ដែល​លោក ​សម រង្ស៊ី​ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សភា​ជាតិ​គឺ​លើក​ទីមួយ​ក្នុង​ឆ្នាំ​១៩៩៥ បន្ទាប់​មក​ក្នុង​ឆ្នាំ​២០០៥ ​លើក​ទីបី​នៅឆ្នាំ​២០១១​និង​ឆ្នាំ​២០១៥​នេះ។ ​

​លោក​បាន​បន្ថែម​ទៀត​ថា៖ «ការ​បណ្តេញ​រូប​ខ្ញុំ​ពី​សភា​ជាតិ​ដោយ​អ្នក​តំណាង​រាស្ត្រ​ដូច​គ្នា ​ដែល​មក​ពី​គណបក្ស​កាន់​អំណាច​គឺ​ជា​ការ​រំលោភ​ទាំង​ស្រុង​នឹង​ច្បាប់​នានា​ ដែល​មាន​នៅ​ក្នុង​ប្រទេស​ក្នុង​នោះ រួម​មាន​រដ្ឋ​ធម្មនុញ្ញ​ផង​ដែរ‍»។

គណបក្ស​ប្រឆាំង​បាន​ទទួល​រង​ចំណាត់​ការ​ផ្លូវ​ច្បាប់​ជា​បន្តបន្ទាប់​ពី​រដ្ឋាភិបាល ​និង​សភា​ជាតិ​កម្ពុជា ​ព្រោះ​ក្រៅ​ពី​ការ​បណ្តេញ​លោក ​សម រង្ស៊ី​ ពី​សភា​ជាតិ​ មាន​ការ​ទម្លាក់​លោក​ កឹម សុខា ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពី​តំណែង​អនុប្រធាន​សភា​ជាតិ ​និង​មាន​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ចំនួន​ពីរ​នាក់​រង​ការ​វាយ​ដុំ​ច្រំធាក់​ពី​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។

ចាប់​តាំង​ពី​ព្រឹត្តិការណ៍​ទាំង​នោះ​មក ​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ពហិការ​កិច្ច​ប្រជុំ​សភា​ជា​បន្ត​បន្ទាប់ ​ដោយ​ក្នុង​នោះ​អាច​នឹង​មិន​ចូលរួម​កិច្ច​ប្រជុំ​អនុម័ត​ច្បាប់​សហជីព ​ដែល​រង​ការ​រិះគន់​ថា​ គាប​សង្កត់​លើ​សេរីភាព​សហជីព៕

XS
SM
MD
LG