ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បញ្ហា​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ​ពិបាក​ញែក​ឲ្យ​ដាច់​ពី​នយោបាយ

  • ពិន ស៊ីសុវណ្ណ

លោក យ័ប គឹមទឹង ប្រធាន​សមាគម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ CAHRAD កំពុង​ថត​សកម្មភាព​វាគ្មិន​ក្នុង​កិច្ច​ប្រជុំ​អំពី​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ​​នៅ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃព្រហស្បតិ៍ ទី​១០ ខែ​ធ្នូ ឆ្នាំ ២០១៥ នៅ​បណ្ណាល័យ​​ Woodrow Wilson ​ក្នុង​ទីក្រុង ​Falls Church​ រដ្ឋ ​Virginia។ (ពិន ស៊ីសុវណ្ណ/VOA)

នៅ​ទិវា​រំឭក​ខួប​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី៦៧​នៅ​ឆ្នាំ​នេះ អង្គការ​សមាគមន៍​ខ្មែរ​នៅ​ស.រ.អា.​ចំនួន​បួន​​បាន​​ពិភាក្សា​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ​​នៅ​ប្រទេស​កម្ពុជា។

នៅ​ទិវា​រំឭក​ខួប​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី៦៧​នៅ​ឆ្នាំ​នេះ អង្គការ​សមាគមន៍​ខ្មែរ​នៅ​ស.រ.អា.​ចំនួន​បួនបានពិភាក្សា​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យនៅ​ប្រទេស​កម្ពុជា។​ ដោយ​បញ្ហា​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​មាន​ជាប់​ទាក់ទង​នឹង​បញ្ហា​នយោបាយ​ នោះ មាន​អ្នក​ចូល​រួម​តិច​តួច​បារម្ភ​ថា ​ការ​បញ្ចូល​បញ្ហា​នយោបាយ​ក្នុង​ការ​ពិភាក្សាសិទ្ធិ​មនុស្សអាច​នឹង​ធ្វើ​ឲ្យ​កិច្ច​ប្រឹងប្រែង​នេះ​ទទួល​បរាជ័យ។

ការ​ពង្រឹង​សិទ្ធិ​មនុស្សនិង​ប្រជា​ធិបតេយ្យ​គឺ​អាច​ជា​កិច្ចការ​ពិបាក​ញែក​ឲ្យ​ដាច់​ដោយ​ឡែក​ពី​បញ្ហា​នយោបាយ។ ​តែ​បើ​បុគ្គល​មនុស្ស​តូចតាច ​និង​អ្នក​គ្មាន​អំណាច​ជា​អ្នក​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិ​មនុស្សឬ​បំពាន​លទ្ធិប្រជា​ធិបតេយ្យសកម្មជន​សិទ្ធិ​មនុស្សនិង​ប្រជា​ធិបតេយ្យមិន​ប្រឈម​ការ​លំបាក​ទេ ​ ហើយ​វិបត្តិ​នេះ​ជាទូទៅ​មិន​ជាប់ទាក់ទង​នយោបាយ​ទេ។ ​ផ្ទុយ​ទៅ​វិញ ក្នុង​ករណី​ការ​រំលោភ​សិទ្ធិ​មនុស្ស​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ អង្គការ​ឬ​ក្រុម​នយោបាយ​ណាមួយ កិច្ចប្រឹង​ប្រែង​ខាង​សិទ្ធិ​មនុស្ស និង​ប្រជា​ធិបតេយ្យ​នឹង​ជួប​ឧបសគ្គជា​ច្រើន។​

ព្រះ​តេជ​ព្រះគុណ​ប៊ុត ប៊ុនទិញ​ ប្រធាន​បណ្តាញ​ព្រះសង្ឃឯករាជ្យដើម្បី​យុត្តិធម៌សង្គម​ និមន្ត​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​របស់​សមាគម​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក នៅFalls Church, Virginiaកាល​ ពីថ្ងៃព្រស្បតិ៍​ ទី​១០ ខែ​ធ្នូ ឆ្នាំ ២០១៥ ។ (ពិន ស៊ីសុវណ្ណ/VOA)
ព្រះ​តេជ​ព្រះគុណ​ប៊ុត ប៊ុនទិញ​ ប្រធាន​បណ្តាញ​ព្រះសង្ឃឯករាជ្យដើម្បី​យុត្តិធម៌សង្គម​ និមន្ត​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​របស់​សមាគម​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក នៅFalls Church, Virginiaកាល​ ពីថ្ងៃព្រស្បតិ៍​ ទី​១០ ខែ​ធ្នូ ឆ្នាំ ២០១៥ ។ (ពិន ស៊ីសុវណ្ណ/VOA)

ព្រះ​តេជ​ព្រះគុណ​ប៊ុត ប៊ុនទិញ​ដែលនិមន្ត​មក​ពី​ប្រទេស​កម្ពុជា​មាន​សង្ឃ​ដីការ​ប្រាប់​អ្នក​ចូល​រួម​ថា ​ព្រះ​អង្គ​ត្រូវ​លះ​បាត់​បង់ការងារ​នៅ​សាកល​វិទ្យាល័យព្រះ​សីហនុរាជ្យ​ និង​នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​ ហើយ​គ្មាន​វត្តគង់ ​ដោយសារ​ឥទ្ធិពល​នយោបាយ​ដែល​ចោទ​ប្រកាន់​ថា ​ព្រះអង្គ​ធ្វើ​សកម្ម​ភាពបម្រើ​គណបក្ស​នយោបាយ​ ពេលព្រះអង្គ​ប្រឹងប្រែង​ប្រមូល​សកម្ម​ជន​ផ្សេង​ទៀត​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស​ ប្រជា​ធិបតេយ្យ​និង​បរិស្ថាន ​ដូចជា​ជួយ​ជន​រង​គ្រោះ​នៃ​ការ​រំលោភ​យក​ដីធ្លី ​ទាមទារ​ឲ្យ​ដោះលែង​សកម្ម​ជន​សិទ្ធិ​មនុស្ស​ និង​សកម្ម​ជន​នយោបាយ​ ពី​ពន្ធនាគារ​ ប្រឆាំង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ។​

«អ្នកខ្លះទិតៀន ​អាត្មា​ថា ​សប្បាយ​ចិត្ត​ព្រោះ​មាន​វត្ត​ធ្វើ​ឲ្យ​អាត្មា​ជាប់​ជំពាក់។​ អត់​វត្ត​ហ្នឹង​ហើយ​បាន​ជា​អាត្មា​ដើរ​ធ្វើ​បាតុកម្ម​ដោយ​សេរី។​ នេះ​ជា​ចម្លើយ​ដោះសារ​ ​ធាតុ​ពិត​យើង​មិន​អាច​រក​វត្ត​នៅ​បាន​ទេ។ ​តែ​សួរ​ថា ​យើង​អាច​រស់​ទេ? ​អាច!​ អាច​ធ្វើ​ការ​កើត​ទេ? ​អាច!​ អ្នក​ខ្លះ​មិន​អាច ​ដោយ​សារ​ជាប់​ជំពាក់​នឹង​វត្ត​ធំ ​ធ្វើ​ចៅ​អធិការ។​ ជាតិ​ក្រោយ​កើត​ជា​ជីងចក់​នៅ​ក្បែរ​ជញ្ជាំង»។​

ក្នុង​បទ​បង្ហាញ​រយៈ​ពេល​៥០​នាទី​ ​ព្រះ​តេជ​ព្រះគុណមាន​សង្ឃ​ដីការ​ថា ដើម្បី​ឲ្យ​ការ​ទាមទារ​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ទទួល​បាន​ជោគជ័យ​ ត្រូវ​មាន​ការ​ចូល​រួម​ទាំងអស់​គ្នា ​ជា​ពិសេស​អ្នក​រង​គ្រោះ​ផ្ទាល់។​

«កាល​ណា​អ្នក​មូលដ្ឋាន​គេ​ធ្វើ ​គេ​ជា​ម្ចាស់ ព្រៃ​ហ្នឹង​សល់។ ​បន្តែ​អ្នក​មូលដ្ឋាន​គេ​អត់​មាន​អារម្មណ៍ា​ថា​ គេ​ជា​ម្ចាស់​ បណ្តោយ​ឲ្យ​ខ្មោច​ចូល​តាម​ចិត្ត​ បណ្តោយ​ឲ្យជន​ទុច្ចរិត​ចូល​តាមចិត្ត។​ បន្តែ​ផ្ទុយ​ទៅ​វិញ​ បើអ្នក​មូលដ្ឋាន​មាន​អារម្មណ៍​ថា ​គេ​ជា​ម្ចាស់ ​គេ​នឹង​ការពារ»។

ព្រះ​អង្គ​បន្ត​ថា ​វិបត្តិ​នៅ​ប្រទេស​កម្ពុជា​គឺ​ជា​ឆាក​ល្ខោន​ដែល​រៀបចំ​ដោយ​នយោបាយ​របស់​បរទេស ​ធ្វើ​ឲ្យ​ខ្មែរ​បែកបាក់។​

«យើង​មាន​សិទ្ធិ​ដូច​គ្នា​ ដូច​អាត្មា​ថា​ អញ្ចឹង ច្បាប់ធម្មជាតិ​ក៏បាន​ផ្តល់​ឲ្យ​ ច្បាប់​ធម្មនុញ្ញ​ក៏​បាន​ផ្តល់​ឲ្យ សេចក្តី​ប្រកាស​ក៏បាន​ផ្តល់​ឲ្យ ព្រះពុទ្ធ​ក៏បាន​ផ្តល់​ឲ្យមនុស្សគ្រប់គ្មាន​មានសិទ្ធិ។ តែ​យើងទង់​អាច​ប្រើប្រាស់​បាន​ដោយសារ​អ្នកដឹក​នាំ​យើង​ទទួល​ច្រៀង​បទ​ភ្លេង​ដែល​ជន​បរទេស​តែង​ឲ្យ​ច្រៀង។ ​គេ​ព្រម​រាំ ​គេព្រម​សម្តែង​លើ​ឆាក ​ទោះ​ការ​សម្តែង​ហ្នឹង​ខ្មែរ​មិន​ចង់​មើល​ក៏​គេ​នៅតែ​សម្តែង​ត​ទៅ​ទៀត​ដែរ»។​

លោក​សូ សុខុម​មក​ពី​រដ្ឋ ​Virginia​ បារម្ភ​ថា ​ការ​បញ្ចូល​សារ​នយោបាយ​ក្នុង​វេទិកា​សិទ្ធិ​មនុស្ស និង​ប្រជា​ធិបតេយ្យនេះ​អាច​ជា​ឧបសគ្គ​ដល់​ការ​ប្រឹងប្រែង​លើក​ស្ទួយ​សិទ្ធិ​មនុស្ស និង​ប្រជា​ធិបតេយ្យ។ ​ មុន​ដើរ​ចេញ​ពី​កិច្ច​ពិភាក្សា​ លោក​បាន​សុំ​បញ្ចេញ​មតិ ​ដោយ​ក្រោកឈរ​ ហើយ​ថ្លែង​ថា ​វេទិកា​នេះ​ពិភាក្សា​ចាក​ប្រធាន​បទ​ ដោយ​មាន​ការ​បញ្ចូល​គំនិត​នយោបាយ។​

នៅ​ក្រៅ​វេទិកា​ពិភាក្សា​ លោក​បាន​ប្រាប់​ VOA​ថា៖​

«ខ្ញុំ​មិន​ចង់​ឲ្យ​យក​គណបក្ស​នយោបាយមក​និយាយ​រឿង​សិទ្ធិ​មនុស្ស​ទេ។​ ថ្ងៃ​នេះ​ជា​ថ្ងៃ​សិទ្ធិ​មនុស្ស​ពិភពលោក។ ​វា​ស្ទះ​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជា​ធិបតេយ្យ​ដែល​យើង​លើក​ស្ទួយ​នៅ​ស្រុក​ខ្មែរ​នោះ ​ដែល​យើង​ខំ​ធ្វើ​នោះ»។​

វា​គ្មឹន​ដែល​លោក​សូ សុខុម​យល់​ថា ថ្លែងសារ​នយោបាយ​ដែល​នាំ​ឲ្យ​លោក​ព្រួយ​បារម្ភ​នោះ​គឺ​លោក​នាថបណ្ឌិត ​តាកែវ​ឫទ្ធិពល​ ដែល​និយាយ​ថា​ ​ប្រទេស​កម្ពុជា​ធ្លាក់​ចុះដុន​ដាប​ដោយសារ​នយោបាយ​ឈ្លាន​ពាន​របស់​បរទេស​ និង​ក្រុម​អ្នក​នយោបាយដឹកនាំ​ប្រទេស​ដើម្បី​ផល​ប្រយោជន៍​ខ្លួន​ បក្ស​ពួក​ខ្លួន។​

ដោយ​ដកស្រង់​តាម​សៀវភៅ ​Why A Nation Fails ​គឺហេតុ​ដែល​ប្រទេស​មួយ​បរាជ័យ ​ ​លោក​និយាយ​ថា ​ដើម្បី​ឲ្យ​មាន​សមធម៌​សង្គម ​ឲ្យ​ប្រទេស​រីកចម្រើន​ និងបាន​ទទួល​ជោគជ័យ​ទាំង​ខាង​សិទ្ធិ​មនុស្ស​ ប្រជា​ធិបតេយ្យ​និង​ សេដ្ឋ​កិច្ចនោះ​អ្នក​នយោបាយ​ដែល​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ ​តំណាង​ឲ្យ​ម្ចាស់​ឆ្នោត​ ត្រូវកាន់​កាប់តែ​តំណែង​នីតិបញ្ញត្តិ​ដែល​ជាអ្នក​សម្រេច​តែងតាំង​ឬ​ដក​តំណែង​នៅ​ក្នុង​អង្គ​នីតិប្រតិបត្តិ​ និង​តុលាការ​ ​ដែល​ត្រូវមាន​អ្នក​បច្ចេកទេស ​អ្នក​ជំនាញ ​អ្នកចេះ​ដឹង​ជា​អ្នក​ប្រតិបត្តិ។​ មាន​តែ​ការ​បង្កើត​រដ្ឋ​បែប​នេះ​ទេ​ ទើប​អាច​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​អង្គ​នីតិ​បញ្ញត្តិ ​ នីតិ​ប្រតិបត្តិ​និង​តុលាការ ​ហើយ​អាច​លុប​បំបាត់​ការ​ទាញយក​ផល​ប្រយោជន៍​ដោយគណបក្ស​នយោបាយ​ និង​បក្ស​ពួក​ដែល​មាន​តួនាទី​ក្នុង​អំណាច​ទាំង​៣។​

«អស់​លោក​តំណាង​រាស្ត្រ​ហ្នឹង​ ​ធ្វើ​ជា​នីតិ​បញ្ញត្តិ​បាន​ហើយ។ ​យើង​គោរព​សូម​ឲ្យ​នៅ​ទី​ហ្នឹង​ហើយ។ ​ទុក​ឲ្យ​នីតិ​ប្រតិបត្តិហ្នឹង​ជ្រើសរើស​ពី​បញ្ជី​ដាក់​អ្នកមាន​សញ្ញា​ប័ត្រ ​ចំណេះ​ដឹង​ជំនាញ ​ដែល​មហា​ជន​ខ្មែរ​មាន​សមត្ថភាព​គ្រប់គ្រាន់​ហ្នឹង​ កាន់​ការ​ប្រតិបត្តិ​ហ្នឹង​ទៅ​ ដូចជា​នាយក​រដ្ឋមន្ត្រី​ គណៈ​រដ្ឋមន្រ្តី​ហ្នឹង​ទៅ។​ហើយ​តុលាការ​ក៏​អញ្ចឹង»។​

លោក​រឿន វាសនា ​អ្នក​ចូល​រួម​ម្នាក់​ និយាយ​ថា ​កិច្ចការ​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ​មិន​អាច​ញែក​ដាច់​ពី​នយោបាយបាន​ទេ ​ពេល​រដ្ឋាភិបាល​មិន​គោរព​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ។​

«ពេល​យើង​និយាយ​អំពី​សិទ្ធិ​មនុស្ស​ យើង​ពិនិត្យ​មើល​កត្តា​ពាក់​ព័ន្ធ។ ហើយ​នោះ​គឺ​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា»។​

លោក​យ័ប គឹមទឹង ​ប្រធាន​សមាគន៍​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្សនិង​លទ្ធិ​ប្រជា​ធិបតេយ្យ​ CAHRAD​ដែល​ជា​សមាគមន៍​មួយ​នៃ​អង្គការ​ សមាគន៍​ទាំងបួន​ដែល​រៀបចំ​កិច្ច​ពិភាក្សា​ទិវា​រំឭក​ខួប​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​បណ្ណាល័យ Woodrow Wilson ​នៅ​ទីក្រុង ​Falls Church​ រដ្ឋ ​Virginia និយាយ​ថា ​អ្នក​ចូល​រួម​អាច​លើក​គ្រប់​បញ្ហា​ទាំង​អស់​ទាក់ទង​នឹង​សិទ្ធិ​មនុស្សនិង​ប្រជា​ធិបតេយ្យ។​

«សមាគមន៍​យើង​ទាំង​ប៉ុន្មាន​ហ្នឹង​មិនមែន​ថា ​គាំទ្រ​គណបក្ស​មួយ​ណា​ទេគឺ​គ្រាន់​តែ​ចង់​បាន​យុត្តិធម៌​នៅ​ស្រុក​ខ្មែរ​យើង។ ​ យើង​អត់​មាន​ចូល​គណ​បក្ស​មួយ​ណា​ទេ។ ​តែ​គណបក្ស​ខ្លះ​ធ្វើ​កិច្ចការ​ស្រដៀង​កិច្ចការ​របស់​យើង​ច្រើន​ជាង​គណបក្ស​ផ្សេង​ទៀត»។​

លោក​គឹមទឹង​បន្ថែម​ថា ​លោក​ពេញ​ចិត្ត​នឹង​មតិ​វាគ្មិន​ទាំងអស់ ​តែ​លោក​ដឹង​ថា​ មាន​ចំណុច​ដែល​អ្នក​ចូល​រួម​ខ្លះ​មិន​ពេញ​ចិត្ត​ ព្រោះ​គេ​មិន​អាច​បំពេញ​បំណង​គ្រប់ៗ​គ្នា​បាន​ទេ៕

XS
SM
MD
LG