ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​តុលាការ​ភ្នំពេញ៖ សវនាការ​លោកឹម សុខា មិន​មែន​អាទិភាព ដោយ​សារ​លោក​នៅ​ក្រៅ​ឃុំ


រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំ​បក្សជំទាស់ បាន​ផ្ដល់បទ​សម្ភាសខ្លីដល់VOA នៅព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ មុនពេល​លោក​ធ្វើដំណើរ​ទៅសាលា​ដំបូង​រាជធានី​ភ្នំពេញកាល​ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំ​បក្សជំទាស់ បាន​ផ្ដល់បទ​សម្ភាសខ្លីដល់VOA នៅព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ មុនពេល​លោក​ធ្វើដំណើរ​ទៅសាលា​ដំបូង​រាជធានី​ភ្នំពេញកាល​ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

ប្រធាន​តុលាការ​រាជធានី​ភ្នំពេញ លោក តាំង ស៊ុនឡាយ ថ្លែង​ប្រាប់ ​VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ សវនាការ​ជំនុំ​ជម្រះ​ក្នុង​សំណុំ​រឿង​របស់​លោក កឹម សុខា មិន​មាន​ជា​អាទិភាព​នោះ​ទេ ដោយសារ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នោះ កំពុង​ស្ថិតនៅ​ក្រៅ​ឃុំ​រហូត​មក​ដល់​ពេល​នេះ។

នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើសុំ​ពន្លឿន​របស់ក្រុម​មេធាវី​លោក កឹម សុខា ដែល​បាន​ទាមទារ​ឲ្យ​តុលាការ​ពន្លឿន​បន្ត​សវនាការ​របស់​លោក កឹម សុខា ដែល​បាន​ពន្យារ​ពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ តាំង​ពី​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩។

លោក តាំង ស៊ុនឡាយ មាន​ប្រសាសន៍នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ តុលាការ​ផ្តល់​អាទិភាព​ដល់​សវនាការ​លើ​អ្នក​ដែល​កំពុង​ជាប់​ឃុំ​ជាង​អ្នក​ដែល​នៅ​ក្រៅ​ឃុំ។

លោក​មាន​ប្រសាសន៍​ថា៖ «មនុស្ស​នៅ​ក្រៅ​ឃុំ បាន​ន័យ​ថា​អាទិភាព​របស់​គាត់ រៀង​ក្រោយ​បន្តិច ដោយ​សារ​គេ​ធ្វើ​រឿង​ក្នុង​ឃុំ​សិន»។

ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​រូប​នោះ ឲ្យ​ដឹង​ទៀត​ថា ​តុលាការ​មាន​ការ​ប្រុង​ប្រយ័ត្ន​នឹង​ជំងឺ​កូវីដ​១៩ ប៉ុន្តែ​ត្រូវ​តែ​បន្ត​សវនាការ។

លោក​បន្ថែម​ថា៖ «កូវីដ​មួយ សវនាការ​មួយ។ ហើយ​គម្លាត​ក្រសួង​សុខាភិបាល​ក៏ដាក់​មក​ដែរ។ សួរ​ថា​បើ​យើង​អត់​សវនាការ គេ​ក្នុង​ឃុំ​ហ្នឹង គិត​ធ្វើ​ម៉េច​ឥឡូវ​នេះ។ ឲ្យ​គេ​ជាប់​ឃុំ អត់​ជម្រះ​អត់​អី?​ យ៉ាង​ម៉េច?»។

នៅ​ពេល​សួរ​ថា​ តើ​ពេល​ណា​អាចបន្ត​សវនាការ​ជំនុំ​ជម្រះ​លើ​លោក កឹម សុខា ដែល​កំពុង​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ លោក​ តាំង ស៊ុនឡាយ មាន​ប្រសាសន៍​ថា​ លោក​មិន​ដឹង​នោះ​ទេ ​ហើយ​រុញ​ឲ្យ​សួរ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ គឺ​លោក កូយ សៅ វិញ។

VOA ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក កូយ សៅ ​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។​

កាល​ពី​កន្លង​ទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ បាន​លើក​ឡើង​ថា​សំណុំ​រឿង​លោក​ កឹម សុខា​ អាច​ពន្យារ​ពេល​ដល់ឆ្នាំ​២០២៤ ពោល​គឺ​ក្រោយ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ឆ្នាំ​២០២៣។

មេធាវី​របស់​លោក កឹម សុខា គឺ លោក ផេង ហេង មាន​ប្រសាសន៍​ថា ​កូន​ក្តី​របស់​លោកបាន​ស្នើ​ឲ្យ​តុលា​ការ​ពន្លឿន​ការ​កាត់​ទោស ដើម្បី​លោកអាច​ធ្វើ​សកម្មភាព​នយោ​បាយ​ឡើង​វិញ។

លោក​បន្ត​ថា ​រហូត​មក​ដល់​ពេល​នេះ លោក​មិន​ទាន់បាន​ទទួល​ការ​ឆ្លើយ​តប​ជា​ផ្លូវ​ការ​ពី​តុលាការ ក៏​ដូច​ជា​ក្រសួង​យុត្តិធម៌​ចំពោះ​សំណើ​ឲ្យ​ពន្លឿន​សវនាការ​កាត់​ទោស​លើ​លោក កឹម សុខា​ នៅ​ឡើយ​ទេ។

លោក​ប្រាប់​ VOA​ ថា៖ «យើង​ចង់​ឃើញ​ការ​កាត់​ក្តី​ហ្នឹង​ឲ្យ​បាន​លឿន។ ហើយ​បើ​សិន​ជា​អ្នក​នយោបាយ​ខ្មែរហ្នឹង គាត់​ចង់​ផ្សះផ្សា​ជាតិ​បង្រួបបង្រួម​ជាតិ បាន​ឃើញ​ជា​រូបរាង អាហ្នឹង​លទ្ធផល​ដែល​តុលាការ​គាត់​សម្រេច​ក្តី​ វា​នឹង​ជួយទៅ​ដល់​ការ​ផ្សះ​ផ្សា​ជាតិហ្នឹង»។​

លោក​មេធាវីបន្ត​ថា ​ករណី​របស់​លោក កឹម សុខា បាន​អូស​បន្លាយ​ជាង ​៣ ​ឆ្នាំ​មក​ហើយ ដោយ​ចាត់​ទុក​ករណី​នេះ​ជា​រឿង​នយោបាយ។

រូបឯកសារ៖ ប៉ូលិសយោធាឈរយាមកាមនៅមុខសាលាដំបូងរាជធានីភ្នំពេញ មុនសវនាការជំនុំជម្រះទោសលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែល​ត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ ប៉ូលិសយោធាឈរយាមកាមនៅមុខសាលាដំបូងរាជធានីភ្នំពេញ មុនសវនាការជំនុំជម្រះទោសលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែល​ត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ មាន​ប្រសាសន៍​ថា ​ក្រសួង​នឹង​ឆ្លើយ​តប​នឹង​សំណើ​របស់​ក្រុម​មេធាវី​របស់​លោក កឹម សុខា។ ប៉ុន្តែ​លោក​ថា​ នេះ​ជា​កិច្ចការ​របស់​តុលាការ ដែល​លោក​ថា​ក្រសួង​មិន​អាចជំរុញ​ពន្លឿន​បាន​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «ក៏​ប៉ុន្តែ​ជា​គោល​ការណ៍​ច្បាប់ ក្រសួង​មិន​មាន​អំណាច​ណា​ទៅ​ចាប់​បង្ខំឲ្យ​តុលាការ​ត្រូវ​យក​រឿង​ក្តី​នេះ រឿង​ក្តី​នោះ​មក​ដោះអី​នោះ​ទេ។ អាហ្នឹង​គឺ​ជា​អំណាច​ឆន្ទា​នុសិទ្ធិរបស់​ចៅ​ក្រម»។

កាល​ពីខែ​មិថុនា​ឆ្នាំ​មុន មេធាវី​ការពារ​ក្តី​លោក កឹម សុខា​ បាន​ដាក់​ពាក្យ​ស្នើ​សុំ​បន្ត​សវនាការ​លើ​សំណុំ​រឿង​នេះ​ ដោយ​សារ​មើល​ឃើញ​ថា​ស្ថានភាព​ជំងឺ​កូវីដ១៩​ ហាក់​បាន​ធូរស្រាល​ឡើង​វិញ។ ប៉ុន្តែ​ចៅ​ក្រម​ លោក ​កូយ​ សៅ ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​លើក​ឡើង​ថា ​គប្បី​បន្ត​ផ្អាក​តទៅ​ទៀត​ដោយ​សារ​ស្ថានភាព​កូវីដ​១៩។

លោក ឯម សុវណ្ណារ៉ា​ អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​មាន​ប្រសាសន៍​ថា ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ស្មើ​គ្នា ហើយ​មិន​ត្រូវ​កំណត់​ថា​ករណី​របស់​បុគ្គល​នេះ​អាទិភាព ឬ​មិន​អាទិភាព​នោះ​ទេ។

លោក​បន្ត​ថា​ករណី​លោក កឹម សុខា ត្រូវ​បាន​សហគមន៍​អន្តរ​ជាតិ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង ដោយ​សារ​មាន​ការ​ចោទ​ប្រកាន់​រឿង​សម​គំនិត​ជាមួយ​សហរដ្ឋអាមេរិក។

លោក​មាន​ប្រសាសន៍​ថា៖ «កិច្ច​ការ​នេះ​មិន​មែន​រឿង​តូច​ទេ មិន​មែនរឿងមិន​មាន​អាទិភាព​ទេ។ វា​ជា​រឿង​សំខាន់​សម្រាប់​ជាតិ​ទៀត។ វា​ពាក់ព័ន្ធ​ទៅ​នឹងទំនាក់​ទំនង​កម្ពុជា​និង​អាមេរិក។ ​ប្រសិន​បើ​យើង​ខូចកិច្ចការ​ទំនាក់​ទំនង​កម្ពុជា​ ហើយ​និង​សហរដ្ឋ​អាមេរិក យើង​អាច​ខូច​ខាត​នូវ​ប្រយោជន៍​នយោ​បាយការ​ទូត ហើយ​និង​ខូច​ខាត​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទៀត»។

អ្នក​វិភាគ​រូប​នេះ​យល់​ថា​ប្រសិន​បើ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប «រុញ​ខ្លាំង» នោះ​កម្ពុជា​នឹង​ជំរុញ​សំណុំ​រឿង​របស់​លោក កឹម សុខា កាន់​តែ​លឿន។

លោក​បន្ថែម​ថា៖ «ប្រសិន​បើ​ប៉ូល​នយោបាយ​ពីរ ដូច​ខ្ញុំ​លើក​ឡើង​មិញ​ថា​មាន​សហរដ្ឋអាមេរិក ហើយ​និង​សហគមន៍​អឺរ៉ុប មិន​ជំរុញ មិន​យក​ចិត្ត​ទុកដាក់ មិន​ទាមទារ​ខ្លាំង​ឲ្យរដ្ឋាភិបាល​កម្ពុជា​ងាក​មក​បើក​លម្ហ​សេរី​ភាព​ដូច​មុន​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ ទេ ខ្ញុំ​គិត​ថា ​សំណុំ​រឿង​លោក កឹម សុខា ហ្នឹង កាន់​តែ​អូស​បន្លាយ​កាន់​តែ​យូរ ក្រោយ​បោះ​ឆ្នោត​ទៅ​ទៀត»។

អ្នក​វិភាគ​រូប​នោះ​លើក​ឡើង​ទៀតថា ​យន្ត​ការ​របស់គណ​បក្ស​កាន់​អំណាច« ​ត្រូវ​ការ​ពេលវេលា​ច្រើន» ដោយ​មិន​ចង់​ឲ្យមាន​បក្ស​ប្រឆាំង ​ឬ​អ្នក​នយោបាយ​ដែល​មាន​ឥទ្ធិពលនៅ​ក្នុង​ស្រទាប់​មហាជន។

កូនស្រី​របស់​លោក កឹម សុខា គឺ​កញ្ញា កឹម មនោ​វិទ្យា បាន​បង្ហោះ​សារ​នៅ​លើ​ប្រព័ន្ធ​ Twitter ​របស់​កញ្ញា​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​អ្វី​ដែល​ច្បាស់​នោះ គឺ​លោក កឹម សុខា នឹង​មិន​ទៅ​ទី​ណា​នោះ​ទេ​ ហើយ​លោក​បំណង​យ៉ាង​ពេញ​ទំហឹង ដើម្បី​ដឹក​នាំ​បក្ស​ប្រឆាំងប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​ឆ្នាំ២០២២ និង​ការ​បោះ​ឆ្នោតថ្នាក់​ជាតិ​ ក្នុង​ឆ្នាំ​២០២៣។

លោក​ កឹម សុខា ដែល​ត្រូវ​បាន​កាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ ចាប់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ពេលតុលាការ​កំពូល​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​ចាប់​ខ្លួន នា​ពេល​យប់​ថ្ងៃ​ទី​២ ឈាន​ចូល​ថ្ងៃ​ទី៣ ​ខែ​កញ្ញា​ឆ្នាំ​២០១៧។

សវនាការ​លើ​សំណុំ​រឿង​លោក ​កឹម សុខា​ បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៥ ​ខែ​មករា ​ឆ្នាំ​២០២០ ប៉ុន្តែ​ត្រូវ​បាន​ពន្យារ​ពេល​ចាប់​តាំង​ពី​ចុង​ខែ​មីនា ​ដោយ​ក្រុម​មន្ត្រី​លើក​ឡើង​ថា​ជា​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩។

លោក ​កឹម សុខា​ ដែល​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ក្រៅ​មន្ទីរ​ឃុំ​ឃាំង​និង​លើក​លែង​ការ​ឃុំ​នៅ​ផ្ទះ​បាន​ចេញ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​តាមបណ្តា​ខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា ទោះបី​លោក​ត្រូវ​តុលាការ​ដាស់​តឿន​ក្រើន​រំឭក​ពី​លក្ខខណ្ឌ​តម្រូវ​នៃ​នីតិវិធី​ឃ្លាំ​មើល​របស់​តុលាការ​យ៉ាង​ណា​ក្តី៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG