ជំនួសឲ្យភាពស្ងប់ស្ងាត់នៅក្នុងប្រទេស អ្នកនយោបាយនៃគណបក្សសង្គ្រោះជាតិ បានជ្រើសរើសយកផ្លូវមួយទៀត គឺការធ្វើនយោបាយការទូតជាមួយបណ្តាប្រទេសមួយចំនួននៃលោកខាងលិច។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានឲ្យដឹងកាលពីសប្តាហ៍មុនថា នយោបាយការទូត គឺដើម្បីស្វែងរកសម្ពាធពីអន្តរជាតិក្នុងគោលដៅបង្កើតគណបក្សសង្គ្រោះជាតិឡើងវិញ។ គណបក្សសង្គ្រោះជាតិត្រូវតុលាការកំពូលរបស់ប្រទេសកម្ពុជារំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោកស្រី មូរ សុខហួរ បានលើកឡើងក្រោយពីជំនួបជាមួយមន្ត្រីក្រសួងការបរទេសបារាំង ដែលលោកស្រីស្នើមិនបញ្ចេញឈ្មោះកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ក្រុមមេដឹកនាំនយោបាយនៃអតីតគណបក្សសង្គ្រោះជាតិ បានជួបជាបន្តបន្ទាប់តាមទូរស័ព្ទនិងជួបផ្ទាល់ក្នុងពេលកន្លងមក ជាមួយអគ្គនាយកក្រសួងការបរទេសបារាំង កាណាដា ទទួលបានសារពីរដ្ឋមន្ត្រីការបរទេសកាណាដា ជួបជាមួយមន្ត្រីការបរទេសនៃប្រទេសហ្វាំងឡង់ ជួបជាមួយក្រុមមន្ត្រីតំណាងសហភាពអឺរ៉ុប រួមទាំងមន្ត្រីការបរទេស និងសមាជិកសភា និងព្រឹទ្ធសភាអាមេរិកជាដើម។
បើតាមអតីតតំណាងរាស្ត្រគណបក្សប្រឆាំងរូបនេះ ក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា បានលើកពីកង្វល់នៃការនិវត្តនៃក្រុមតំណាងបក្សប្រឆាំង និងសម្ពាធលើសកម្មជនបក្សប្រឆាំងពីសំណាក់រដ្ឋាភិបាលកម្ពុជា រួមទាំងភាពជិតស្និទ្ធរបស់កម្ពុជាជាមួយប្រទេសចិន។
លោកស្រី មូរ សុខហួរ អះអាងថា ប្រទេសទាំងនោះ បានសន្យាបន្តតាមឃ្លាំមើលស្ថានការណ៍កម្ពុជាយ៉ាងដិតដល់។
«ក្នុងបីឆ្នាំនេះ យើងបានធ្វើកិច្ចការបរទេស និងការទូតដ៏សកម្មមែនទែន»។
នៅក្នុងខួបបីឆ្នាំនៃការរំលាយគណបក្សសង្គ្រោះជាតិថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក សម រង្ស៊ី ប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិ បានហៅការរំលាយគណបក្សរបស់ខ្លួនថា ជាផែនការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ស្ថិតក្នុងការនិរទេសដោយស្ម័គ្រចិត្តអស់រយៈប្រាំឆ្នាំមកហើយ លោក សម រង្ស៊ី បានផ្តោតជំនឿលើប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក គឺលោក Joe Biden អាចជួយឲ្យបក្សសង្គ្រោះជាតិរស់ឡើងវិញបាន។
ទោះជាយ៉ាងណា លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរដ្ឋាភិបាល វាយតម្លៃថា ការព្យាយាមពីក្រៅប្រទេស«មិនអាចបង្កើត»គណបក្សសង្គ្រោះជាតិឡើងវិញបានទេ។
ជាមួយគ្នានេះ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាគូសបញ្ជាក់បន្ថែម៖
«បក្សហ្នឹងងាប់អស់រយៈពេលជាងបីឆ្នាំហើយ។ ដូច្នេះគ្មានផ្លូវរស់ឡើងវិញទេ»។
គណបក្សសង្គ្រោះជាតិ គឺជាគូប្រជែងអំណាចដ៏គួរឲ្យព្រួយបារម្ភបំផុតសម្រាប់គណបក្សប្រជាជនកម្ពុជា ដែលក្តោបក្តាប់អំណាចជាង៤០ឆ្នាំមកហើយ។ មុននឹងត្រូវរំលាយ សន្ទុះប្រជាប្រិយ៍ភាពនិងការគាំទ្រពីអ្នកបោះឆ្នោតលើគណបក្សជំទាស់នេះ បានកើនឡើងជាបន្តបន្ទាប់នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១៧។
ប្រធានគណបក្ស គឺលោក កឹម សុខា ត្រូវចាប់ខ្លួនដាក់ពន្ធនាគារក្រោមបទចោទថាបានឃុបឃិតជាមួយសហរដ្ឋអាមេរិកដើម្បីផ្តួលរំលំរដ្ឋាភិបាល។ អ្នកនយោបាយរបស់គណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ ត្រូវបានដកហូតសិទ្ធិធ្វើនយោបាយចំនួនប្រាំឆ្នាំ ប៉ុន្តែក្រោយមកសិទ្ធិនេះ ត្រូវបានប្រគល់ជូនពួកគេវិញដោយភ្ជាប់ជាមួយលក្ខខណ្ឌ ដែលតម្រូវឲ្យពួកគេសុំសិទ្ធិជាបុគ្គលដើម្បីធ្វើនយោបាយ។
សហគមន៍អន្តរជាតិ បានថ្កោលទោសចំណាត់ការរបស់រដ្ឋាភិបាល ហើយបានដាស់តឿនឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ ផ្តល់សម្បទាដល់គណបក្សសង្គ្រោះជាតិឡើងវិញ និងបើកចំហឲ្យមានលទ្ធិប្រជាធិបតេយ្យ។
សហគមន៍អឺរ៉ុប កាលពីខែសីហា ឆ្នាំ២០២០ បានចាប់ផ្តើមដាក់គំនាបលើប្រទេសកម្ពុជាដោយដកការអនុគ្រោះពន្ធចំនួន២០% ពីប្រព័ន្ធអនុគ្រោះពន្ធនៃទំនិញនាំពីកម្ពុជាទៅកាន់អឺរ៉ុប ឬ EBA។ ប៉ុន្តែសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មបែបបុគ្គលលើឥស្សរជននៃគណបក្សកាន់អំណាច។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយមួយរូបក្នុងទីក្រុងភ្នំពេញ យល់ថា សម្ពាធអន្តរជាតិមកលើកម្ពុជាមិនទាន់ធ្ងន់ធ្ងរទេ ហើយរដ្ឋាភិបាលនឹងបន្តស៊ូទ្រាំតទៅទៀតបាន។
លោក សុវណ្ណារ៉ា បានបន្ថែមថា៖
«នៅក្នុងលក្ខខណ្ឌ(នេះ) ខ្ញុំគិតថា គណបក្សកាន់អំណាចអាចទ្រាំបាន ប្រសិនបើរដ្ឋាភិបាលត្រូវបានដាក់ទណ្ឌកម្មដោយអឺរ៉ុបដក EBA ឬក៏ GSP ខ្លះពីសហរដ្ឋអាមេរិកឬពីអង់គ្លេស ក៏រដ្ឋាភិបាលអាចពន្យារពេលដើម្បីធ្វើឲ្យគណបក្សប្រឆាំងកាន់តែខ្សោយ អាចឈានទៅរកការបែកបាក់ និងអាចផ្ទេរអំណាចនៅក្នុងជួរបក្សមាននិរន្តរភាពជាង»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយមួយរូបទៀត បានលើកឡើងថាគណបក្សសង្គ្រោះជាតិ«នៅមានឥទ្ធិពលនៅឡើយ»ដែលជាមូលហេតុនាំឲ្យគណបក្សកាន់អំណាច បន្តរឹតត្បិតលើក្រុមសកម្មជន និងថ្នាក់ដឹកនាំនយោបាយនៃបក្សប្រឆាំងនេះ។
«ក្នុងប្រវត្តិសាស្ត្រថ្មីៗនេះដែរ មេដឹកនាំចលនាអ្វីក៏ដោយដែលត្រូវបង្ខំភៀសខ្លួនទៅនៅបរទេស មានឥទ្ធិពល សូម្បីតែនៅក្នុងគុក ឬនៅក្រៅប្រទេសក៏ដោយ»។
លោក ឡៅ ម៉ុងហៃ បានលើកពីករណី អតីតមេដឹកនាំកុម្មុយនីស្តនៃអតីតសហភាពសូវៀត ឡេ នីន និងមេដឹកនាំអ៊ីរ៉ង់ Ayatollah Khomeini សុទ្ធតែនិរទេសខ្លួនទៅក្រៅប្រទេស មុននឹងអាចឡើងទៅដឹកនាំប្រទេសបាន។
ប៉ុន្តែទោះជាយ៉ាងណាលោកបណ្ឌិត ឡៅ ម៉ុងហៃ មិនបានប្រមើលមើលថា តើការតស៊ូការទូតនៅខាងក្រៅប្រទេសរបស់លោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ អនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ អាចធ្វើឲ្យគណបក្សនេះរស់ឡើងវិញបាន ឬយ៉ាងណា។
ការប៉ុនប៉ងធ្វើឲ្យព្រលឹងនៃគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ទំនងជាស្ថិតក្នុងផែនការរបស់មេដឹកនាំនៃគណបក្សនេះ។ ប៉ុន្តែអ្នកនយោបាយជាន់ខ្ពស់នៃគណបក្សនេះ ហាក់ដូចជាបែកខ្ញែកគ្នាអស់មួយចំនួនទៅហើយ។
ក្នុងចំណោមអ្នកនយោបាយដែលត្រូវដកហូតសិទ្ធិធ្វើនយោបាយ បានស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញក្នុងពេលថ្មីៗនេះ ប៉ុន្តែពួកគេត្រូវបើកគណបក្សនយោបាយផ្ទាល់ខ្លួន។ ដោយឡែកអ្នកនយោបាយប្រឆាំងមួយចំនួន ក៏បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
ការណ៍នេះដែលធ្វើឲ្យពួកគេប្រឈមនឹងការកសាងកម្លាំងនៅក្បាលម៉ាស៊ីនដឹកនាំ ប្រសិនបើគណបក្សនេះ មានឱកាសរស់ឡើងវិញ។
ប៉ុន្តែគណបក្សប្រជាជនកម្ពុជាហាក់ដូចជានៅសល់សន្លឹកបៀច្រើនទៀត សម្រាប់លេងដើម្បីខ្ទប់ដង្ហើម និងបន្សាបកម្លាំងបក្សគូប្រជែងរបស់ខ្លូន ជាពិសេសតាមរយៈការបំបែកកម្លាំងក្បាលម៉ាស៊ីនដឹកនាំនៃអ្នកនយោបាយទាំង១១៨រូប ដោយប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីកាត់ទោសសកម្មជននិងថ្នាក់ដឹកនាំជិត១៤០នាក់ និងពន្យារពេលវិលត្រឡប់មកកម្ពុជាវិញ របស់លោក សម រង្ស៊ី លោកស្រី មូរ សុខហួរ និងអ្នកនយោបាយមួយចំនួនទៀត។ ដំណាលគ្នានេះ គណបក្សកាន់អំណាច អាចនឹងមានពេលវេលាសម្រាប់រៀបចំខ្លួនដោះស្រាយសម្ពាធអន្តរជាតិជាយថាហេតុណាមួយក្នុងពេលខាងមុខ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា មើលឃើញថា គណបក្សប្រជាជនកម្ពុជា នឹងមិនបន្ធូរដៃរហូតដល់មានអន្តរាគមន៍ពីសហគមន៍អន្តរជាតិនោះទេ។ ប៉ុន្តែលោកគិតថា អន្តរាគមន៍ពីក្រៅប្រទេស ប្រហែលជាអាចលេចចេញជារូបរាងច្រើននៅក្នុងអំឡុងពីរឆ្នាំទៀត ពោល គឺរហូតដល់ឆ្នាំ២០២៣។
ទោះជាបែបនេះក្តី លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល អះអាងថា សហគមន៍អន្តរជាតិមិនសូវផ្តល់តម្លៃដល់ការទទូចរបស់អ្នកនយោបាយនៃបក្សសង្គ្រោះជាតិនៅក្រៅប្រទេសទេ។
«ក្រុមសមាជិកនៃអតីតគណបក្សសង្គ្រោះជាតិនៅខាងក្រៅវត្តមានរបស់ផងខ្លួនមកវិញ។ ឯការបរទេសរបស់គេមិនមែនជាផលប្រយោជន៍អ្នករត់ចោលស្រុកទេ»។
រហូតមកទល់ពេលនេះ សហគមន៍អន្តរជាតិ មិនទាន់បានបង្ហាញជំហរថ្មីបែបណាមួយទាក់ទងនឹងអនាគតគណបក្សសង្គ្រោះជាតិនៅឡើយ។
សម្រាប់លោកបណ្ឌិត ឡៅ ម៉ុងហៃ គណបក្សសង្គ្រោះជាតិ អាចរស់ឡើងវិញបាន ឬមិនបានមិនសំខាន់នោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺអ្នកនយោបាយប្រឆាំងអាចមានឱកាសធ្វើនយោបាយឡើងវិញ ហើយពួកគេអាចបង្កើតប្រជាប្រិយ៍ភាពឡើងវិញ បើទោះបីត្រូវបង្កើតគណបក្សនយោបាយថ្មីក៏ដោយ។ ហើយការគាំទ្ររបស់ពួកគេទំនងជាមិនបាត់បង់នោះទេ៕